ភ្នំពេញៈ ចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២០ អាកាសធាតុត្រជាក់នឹងកើតមានជាថ្មីម្ដងទៀតនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ខណៈតំបន់វាលទំនាបភាគខាងក្រោមអាងទន្លេមេគង្គ និងតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «ការត្រឡប់ជាថ្មីនៃអាកាសធាតុត្រជាក់នេះគឺដោយសារតែកម្ពុជារងនូវឥទ្ធិពលនៃសម្ពាធទាបខ្សោយលើផ្ទៃដីនិង សម្ពាធខ្ពស់ពីប្រទេសចិនភាគខាងត្បូង»។ តាមរយៈឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបខ្សោយលើផ្ទៃដីនឹងធ្វើឲ្យខេត្តមួយចំនួនក្នុងតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានរួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរីមានសីតុណ្ហភាពអប្បបរមាស្ថិតក្នុងចន្លោះពី ១៨-២១ អង្សាសេ ខណៈខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាចន្លោះពី ២២ ដល់ ២៥ អង្សាសេ និង មានភ្លៀងធ្លាក់ដោយកន្លែងក្នុងកម្រិតខ្សោយ។ ចំណែកបណ្ដាខេត្តក្នុងតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាចន្លោះពី ២៤ ដល់ ២៦ អង្សាសេ និង មានភ្លៀងធ្លាក់ដោយកន្លែងក្នុងកម្រិតពីខ្សោយទៅមធ្យម។
បន្ថែមលើសេចក្ដីជូនដំណឹងនេះលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា ក្នុងអំឡុងពេលនៃអាកាសធាតុចុះត្រជាក់នេះដែរ តំបន់មួយចំនួនដែលស្ថិតនៅជុំវិញបឹងទន្លេសាប និងវាលទំនាបតាមដងទន្លេមេគង្គ ព្រមទាំងជួរភ្នំនិងខ្ពង់រាបនឹងមានចុះអ័ព្ទនៅពេលព្រឹក ឬនឹងមានភ្លៀងកក់ខែកើតឡើង។
យ៉ាងណាក្តីលោកថ្លែងថា៖ «អាកាសធាតុត្រជាក់នេះ វាមិនត្រជាក់ខ្លាំង និងមិនគ្របដណ្ដប់លើផ្ទៃប្រទេសដូចកាលពីចុងខែធ្នូឆ្នាំ ២០១៩ និងដើមខែមករាឆ្នាំ ២០២០ នោះទេ គឺវាគ្របដណ្ដប់តែលើផ្នែកខ្លះនៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានប៉ុណ្ណោះ»។
ជាមួយគ្នានេះលោក យុត្ថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះភាពអាប់អួនៃបរិយាកាសក្នុងអំឡុងពេលនៃអាកាសធាតុចុះត្រជាក់នេះផងដែរ ដោយលោកបានពន្យល់ថា ជាទូទៅខ្យល់អាកាសក្នុងអំឡុងពេលនេះមានភាពកខ្វក់ជាងក្នុងរដូវវស្សា និងរដូវប្រាំង ដោយសារធូលីដី និងផ្សែងដែលបានរសាត់ទៅក្នុងបរិយាកាសបានប៉ះជាមួយនឹងម៉ាស់ខ្យល់បង្កឲ្យមានសំណើម និងកំណកក្នុងបរិយាកាសធ្វើឲ្យខ្យល់មានទម្ងន់ និងមានភាពមិនស្អាត។
យ៉ាងណាក្តីកាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានប្រកាសថា ខ្យល់អាកាសក្នុងប្រទេសកម្ពុជាបានវិលត្រឡប់មករកភាពប្រសើរឡើងវិញហើយ បន្ទាប់ពីរងផលប៉ះពាល់ដោយសារបញ្ហាភ្លើងឆេះព្រៃ និងការបំភាយនូវឧស្ម័នចេញពីរោងចក្រ ឧស្សាហកម្ម និងយានយន្ត និងការដុតកាកសំណល់ផ្សេងៗដោយគ្មានបទដ្ឋានបច្ចេកទេស៕