ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​បញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុង​ស្រុក​ព្រៃនប់។

សេចក្ដីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញ​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា ហើយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា កន្លង​មក​តំបន់​មួយ​ចំនួន ក្នុង​តំបន់​គ្រប់គ្រង​ជលផល​ព្រែក​កំពង់​ស្មាច់ ស្រុក​ព្រៃនប់ មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទើប​អាជ្ញាធរ​ដាក់​ចេញ​វិធានការ​ការពារ។

សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់ថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នា​ពេល​កន្លង​មក រួម​មាន​ការ​កាន់​កាប់ ការ​ផ្ទេរ ការ​ទិញ​លក់​ដី​ដោយ​ខុស​ច្បាប់ ជាពិសេស​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោង​កាង និង​ព្រៃ​លិច​ទឹក ព្រម​ទាំង​ធនធាន​ជីវ​ចម្រុះ​ដទៃ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ខូច​បរិស្ថាន និង​ប្រព័ន្ធ​អេកូ​ឡូស៊ី​ឆ្នេរ។

ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ខាង​លើ​នេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​រួម​មាន រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បដិសេធ​រាល់​ឯកសារ​ពាក់ព័ន្ធ និង​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ដូចជា ការ​កាប់​ទន្ទ្រាន ការ​កាន់​កាប់ ការ​ផ្ទេរ​និង​ទិញ​លក់​ដី​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់។

វិធាន​ការដែល​ចេញ​ដោយ លោក យន្ដ មីន បាន​បញ្ជាក់ថា អ្នក​ដែល​បាន​និង​កំពុង​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ត្រូវ​បញ្ឈប់​សកម្មភាព​ទាំង​អស់ (ការ​ឈូស​ឆាយ និង​ការ​សាង​សង់​សំណង់​នានា) ជា​បន្ទាន់ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួន​ឯង និង​ប្រគល់​ទីតាំង​ដី​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ​មក​រដ្ឋបាល​ខេត្ត និង​អង្គភាពជំនាញ​គ្រប់គ្រង​វិញ។

វិធានការ​នេះ បាន​ប្រាប់ទៀតថា រដ្ឋបាល​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ការ​បញ្ជាក់​លើ​លិខិត​ទិញ​លក់​ដី​រដ្ឋ ផ្ទេរ​សិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ក្នុង​តំបន់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​ព្រែក​កំពង់​ស្មាច់។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា ការកាប់​គាស់ រុករាន ដីព្រៃ ឆ្ការ ដុត ឈូស​ឆាយ​ដី​ព្រៃ​កោង​កាង ព្រៃ​លិច​ទឹក ព្រម​ទាំង​ការ​សង់​ផ្ទះ សង់​តូប រោង ដើម្បី​យក​ដី​ធ្វើជា​កម្ម​សិទ្ធិ​នៅ​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់ ជា​អំពើ​ល្មើស​ច្បាប់ និង​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់។

លោក​ ឱ សារឿន អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ដី​ព្រៃ​កោងកាង និង​ដីព្រៃ​លិច​ទឹក​ទាំង​អស់ កន្លង​មក​តែង​តែ​មាន​បញ្ហា ដោយ​មាន​អ្នក​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​នៅក្នុ​ង​តំបន់​ដី​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ហើយ​បញ្ហា​ទាំង​នេះ​កើត​ឡើង​ព្រោះ​តែ​សម្ទុះ​ដី​ឡើង​ថ្លៃ។

លោក​បន្ថែមថា៖ «វិធានការ​ដំបូង​យើង​នឹង​ទប់​ទល់នឹង​សកម្មភាព​ដែល​ជន​ខិល​ខូច​បាន​រំលោភ​កាន់​កាប់ ដែល​តែង​តែ​មាន​ជារឿយៗ​កន្លង​មក។ មួយ​ទៀត​ដោយ​សង្កេត​ឃើញ​ថា កំណើន​ទីផ្សារ​ដី​ឡើង​ថ្លៃ​នេះ ទើប​យើង​មាន​វិធានការ​ទប់​ស្កាត់​ជាមុន ចៀស​វាង​កាន់​តែ​មាន​ការ​រាល​ដាល​ធំ​ឡើង»។

លោក​ ស៊ុន សុផាត តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បានចាត់​ទុក​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រដ្ឋបាល​ខេត្ដ​នេះ គឺជា​វិធាន​ការ​ល្អ ប៉ុន្ដែ​ថា កន្លង​មក​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ មិន​សូវ​អនុវត្ដ​វិធានការ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។

លោក​បន្ដថា៖ «គឺ​ល្អ​ហើយ តែ​ខ្លាច​តែ​ធ្វើ​មិនបាន។ ភាគច្រើន មានតែ​អ្នកមាន​លុយ​មាន​អំណាច​ទេ ដែល​អាច​ទៅ​កាប់​ទន្ទ្រាន​តំបន់​ព្រៃ​លិច​ទឹក និង​ដី​អភិរក្ស​របស់​រដ្ឋ​បាន ចំណែក​ប្រជាពលរដ្ឋ​ធម្មតា​មិន​អាច​ទៅ​កាប់​ទន្ទ្រាន​បាន​ទេ។ ជាទូទៅ​ការ​អនុវត្ដ​វិធានការ​នេះ របស់​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ នៅ​មិន​ទាន់​មាន​តម្លាភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ឡើយ​ទេ»។

អ្នកស្រី​ ហង្ស ចិន្ដា រស់នៅ​ភូមិ១ សង្កាត់៣ ក្រុង​ព្រះសីហនុ ថ្លែងថា វិធានការ​របស់​អាជ្ញាធរ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ​កាល​ពី​ពេល​កន្លង​មក។ អ្នក​ស្រី្ត​ថ្លែង​ថា​៖ «ដោយសារ​អ្នក​ដែល​រំលោភ​យក​ដី​របស់​រដ្ឋ​នោះ សុទ្ធ​តែ​មាន​ឋានៈ​ផ្កាយ​មាន​ស័ក្តិយ​សធំ»៕