ភ្នំពេញៈ ​មន្ទីរ​បរិ​ស្ថាន​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​នឹង​ដាក់​វិធាន​ការ​ពិន័យ​ដល់​ពលរដ្ឋ​ណា​ ដែល​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹម​ត្រូវ​ទៅ​​តាម​ម៉ោង​ដែល​បាន​ការកំ​ណត់​ដោយ​ច្បាប់​ ក្រោយ​ពី​យុទ្ធ​នា​កា​រផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ត្រូវ​បាន​បញ្ចប់។​

​ទោះ​បីជា​យ៉ា​ណា​ក៏ដោយ​ លោក​ ​គាត​ រង្សី​ ប្រ​ធាន​មន្ទីរ​បរិស្ថាន​រាជ​ធានី​ភ្នំ​ពេញ​មិន​បាន​បញ្ចាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​រយៈ​ពេល​វេលា​ និង​ឱសាន​វាទ​នៃ​ការ​ចាប់​ផ្ដើម​ផាក​ពិន័យ​នោះ​ទេ​ ដោយ​ទុក​ពេល​ឲ្យ​ក្រុម​ការ​ងារ​បន្ត​ផ្សព្វ​ផ្សាយ​អប់​រំ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ច្បាប់ ​និង​ការ​ទុក ដាក់​សំ​រាម​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​បញ្ចេញ​មក​ទុក​នៅ​លើទី​សាធារណៈ។​

លោក​ គាត​ រង្សី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​៖ ​«​ក្រុម​ការងារ​យើង​កំ​ពុង​បន្ត​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ទូទាំង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចុះ​ណែ​នាំ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ចុះ​អប់រំ​តាម​តំបន់​ទី​ប្រជុំ​ជន​ និង​ផ្សារ​មួយ​ចំនួន​ រួម​ទាំង​បិទ​សញ្ញា​ណែ​នាំ​នានា​ ជុំវិញ​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ រហូត​មក​ដល់​ពេល​នេះ​អាជ្ញា​ធរ​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ផាក​ពិន័យ​ឲ្យ​បាន​តឹង​រឹុង​នោះ​ទេ​ ដោយ​ទុក​ពេល​ឲ្យ​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​ច្បាប់​សិន​»​។​ «​កន្លង​ទៅ ​យើង​មិន​ទាន់​មាន​ការ​ផាកពិន័យ​ទេ​ ដោយ​យើង​គ្រាន់​តែ​បាន​ហៅ​ពួក​គាត់​ ដែល​ល្មើស​ហ្នឹង​ មក​ធ្វើ​កិច្ច​សន្យា ​អប់រំ បើ​ពួក​គាត់​ នៅ​បន្ត​ល្មើស​ ទើប​យើង​មាន​វិធាន​ការ​ពិន័យ​ តែ​ពួក​គាត់​អត់​ទេ ​ក្រោយ​ធ្វើ​កិច្ច​សន្យា ពួក​គាត់​បាន​កែប្រែ។ ​យើង​នឹង​មាន​វិធាន​ពិន័យតាម​ច្បាប់​របស់​យើង​ នៅ​ពេល​ដល់​ពេល​មួយ​ ដែល​ពល​រដ្ឋ​យល់​ដឹង​អស់ ហើយ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ទូលំ​ទូលាយ​ជាង​នេះ»។​

​លោក​ គាត ​រង្សី ​បាន​និយាយ​ថា ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រជា​ពល​រដ្ឋ​នៅ​តាម​ផ្ទះ ​ហាក់មាន​ការ​យល់​ដឹង​បាន​ច្រើន​ជា​មួយ​នឹង​ការ​ទុក​ដាក់​សំរាម​ បាន​ត្រឹម​ត្រូវ​តាម​ពេល​វេលា​កំណត់​ ប៉ុន្តែ​នៅ​តែ​មា​ន​ព​ល​រដ្ឋ​​មួយ​ចំនួន​តូច​ នៅ​តែ​បន្ត​បោះ​សំរាម​ចោល​ពាស​វាល​ពាសកាល ​និង​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ។​

​យោង​តាម​លោក​ នេត្រ​ ភក្ត្រា ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ឲ្យ​ដឹ​ង​ថា សំណល់​រឹង​ និង​សំរាម​ប្រមាណ ​២ ៧០០​ តោន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​ថ្ងៃៗ​នៅ​រាជ​ធានី​ភ្នំពេញ ​ស្រប​ពេល​ការ​ប្រើ​ប្រា​ស់​ ការវេច​ខ្ចប់​ទំនិញ​ និង​ការ​កែ​ច្នៃ​សំរាម​នៅ​កម្ពុជា ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

​អ្នក​ស្រី​ ​ម៉េន​ ​គួន​ ​ពល​រដ្ឋ​ម្នាក់​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង​ នៅ​ចំណុ​ច​​គី​ឡូ​ម៉ែ​ត្រ​លេខ ​៦​ ឲ្យ​ដឹង​ថា​ ការ​ផាកពិន័យ​គឺ​ជា​ការ​មិន​សម​រម្យ​ទេ​ នៅ​ពេល​ដែល​ពល​រដ្ឋ​ម្នាក់ៗ​គាត់​មិន​បាន​យល់​អំពីច្បាប់​ទាក់​ទង​នឹង​ការ​ចូល​រួម​ថែ​រក្សា​បរិស្ថាន​និង​ច្បាប់​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ការ​ទុក​ដាក់​សំរាម។

អ្នក​ស្រី​ ថ្លែង​ថា​៖​ ​«​ខ្ញុំ​គិត​ថា​រាល់​ថ្ងៃ​ពល​រដ្ឋ​មួយ​ចំ​នួន​អត់​ទាន់​យល់​អី​ទាំង​អស់ ​សំរាម​ និង​សុខ​ភាព​ម៉េច​ផង។​ អ៊ី​ចឹង​បើ​មាន​ការ​ផា​ក​ពិន័យ​ភ្លាម​ សួរ​ថា​ ទឹក​ចិត្ត​របស់​យើង​ គិត​ម៉េច​ លុះ​ត្រា​តែ​បង្រៀន​យើង​ឲ្យ​យល់​ច្បាស់​មែន​ទែន»។​

​លោក​ សឿង ​សារ៉ន​ នាយ​កប្រតិ​បត្តិ​នៃ​អង្គការ​សមា​គម​ធាង​ត្នោត​ ដែល​ធ្លាប់​ធ្វើ​ការស្រាវ​ជ្រាវ​ស្តីពី​អភិ​បាល​កិច្ច​ទី​ក្រុង​ ការ​គ្រប់​គ្រង​កាក​សំណល់​​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​​ពី​ម្សិល​មិញ​ថា ទំនាក់ទំនង​រវាង​អាជ្ញា​ធរ ​និង​ពល​រដ្ឋ​មូល​ដ្ឋាន​នៅ​មាន​គម្លាត​គ្នា​ឆ្ងាយ​ ដែល​ហាក់​មិន​សូវ​ទទួល​បាន​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ​ ជុំ​វិញ​បញ្ហា​សំរាម។ ​

លោក​អះ​អាង​បន្ត​ថា ​ច្បាប់​មាន​យូរ​ហើយ ​អាជ្ញា​ធរ គួរ​តែ​មាន​ពេល​វេលា​កំណត់​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ មិន​គួរ​ណា ពន្យារ​ពេល​យូរ​ ហើយ​ចំណេះ​ដឹ​ង​របស់​ប្រជា​ពល​រដ្ឋ​ នៅ​មិន​យល់​ពី​បញ្ហា​​នេះ​នោះ​ទេ​ ហើយ​នៅ​ពេល​មាន​ការ​ផាក​ពិន័យ​ វា​នឹង​មាន​ការ​ពិបាក​។

​លោក​ថ្លែង​ថា​៖​ ​«​វិធាន​ការ​ផាក​ពិន័យ​ ​គឺ​ជា​វិធាន​មាន​ប្រសិទ្ធ​ភាព​មួយ ដើ​ម្បី​ទប់​ស្កាត់​ ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​ តែ​មុន​នឹង​អនុវត្ត​ គឺ​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​ចុះ​អប់រំ​ដល់​ពល​រដ្ឋ​ ឲ្យ​បាន​យល់​ពី​ច្បាប់​នេះ​ឲ្យ​បាន​ច្បាស់។ ​ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា ​ត្រូវតែ​ពន្យារពេល​យូរ និង​មិន​មាន​ការ​កំណត់​ច្បាស់​លាស់​នោះ​ទេ»។

យោង​តាម​អនុ​ក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង​ទី​ប្រជុំ​ជន​ មាត្រា​ ៤០​ បាន​ចែង​ថា​ បុគ្គល​ដែល​នាំយក​កញ្ចប់ ឬ​ធុង​ផ្ទុក​សំរាម​ សំណល់​រឹង​ទី​ប្រ​ជុំ​ជន ​ទៅ​ដាក់​នៅ​តាម​ដង​ផ្លូវ​ ឬ​ទី​សា​ធារ​ណៈ​ខុស​ពេល​ម៉ោង​អនុ​ញ្ញា​តឲ្យ​ធ្វើ​កា​រ​បញ្ចេញ ​ដែល​កំណត់​ដោយ​រដ្ឋ​បាល​រាជ​ធា​នី​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​ទទួល​ពិន័យ​អន្តរការជា​ប្រាក់​ចាប់​ពី​ ២​ ម៉ឺន​រៀល​ ទៅ​ ៤ សែន​រៀល៕​