ឧត្តរមានជ័យៈ អាជ្ញាធរ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​បាន​ស្នើឱ្យ​ពលរដ្ឋ​ដែល​បាន​សាងសង់ ខ្ទម ផ្ទះ តូប និង​កំពុង​រស់នៅ​ខុស​ច្បាប់​លើ​ដី​ក្នុង​តំបន់​ទេសចរណ៍​ធម្មជាតិ​រលួស​ធំ ត្រូវ​ប្រញាប់​រុះរើ​ជា​បន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​ប្រសិន​បើ​មិន​ធ្វើតាម​ការកំណត់​ទេ​នោះ​។

នៅក្នុង​លិខិត​ចេញ​ដោយ​​អភិបាលក្រុង​សំរោង​ចុះ​ថ្ងៃ​ទី​ ២២ ខែ​ឧសភា​ឆ្នាំ​នេះ​បាន​ចាត់ទុក​ការសង់​កូន​ផ្ទះ ខ្ទម និង​តូប ខុស​ច្បាប់​នៅក្នុង​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ​ថា​អាច​បង្ក​ការប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ទស្សនា​តំបន់​នោះ​។

លិខិត​នេះ​ក៏​បាន​ស្នើឱ្យ​ពលរដ្ឋ​រុះរើ​ខ្លួនឯង​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​ចាប់​ពីថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ​ និង​បាន​តម្រូវ​ឱ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ផង​ដែរ​។

បើ​ហួស​ពី​ការកំណត់​នេះ​អាជ្ញាធរ​នឹង​ជួល​គ្រឿងចក្រ​រុះរើ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត និង​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ឡើយ​។

ឆ្លើយតប​ទៅ​នឹង​លិខិត​បង្គាប់​ឲ្យ​រុះរើ​របស់​អាជ្ញាធរ​ក្រុង​សំរោង​នេះ​លោកស្រី ណារ៉េន អ្នក​សម្របសម្រួល​របស់​អង្គការ​​អាដហុក​ខេត្តឧត្តរមានជ័យ​បាន​យល់ស្រប​ទៅ​នឹង​ការអនុវត្ត​របស់​អាជ្ញាធរ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​ខុស​ច្បាប់​នេះ ប៉ុន្តែ​លោក​ស្នើ​ដល់​អាជ្ញាធរ​គួរ​​គិតគូរ​ផ្តល់​ដី​នៅ​តំបន់​ផ្សេង​ដែល​ជា​ដីសម្បទាន​សង្គមកិច្ច​ឱ្យ​ពួកគាត់​ដើម្បី​រក​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​បាន​លើក​ឡើង​ថា​៖ «​ប្រជាពលរដ្ឋ​គាត់​ក្រីក្រ និង​មាន​ជីវភាព​ខ្វះខាត ហេតុ​នេះ​គាត់​ចូល​មក​រស់នៅ​ និង​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដូច្នេះ​រដ្ឋាភិបាល​គួរ​គិតគូរ​ជួយ​ផ្តល់​ដី​សង្គមកិច្ច​ដល់​ពួកគាត់​ក្នុង​ការ​អាស្រ័យ​​ផល​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​។ រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា មិន​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ​ទេ ហើយ​យើង​បាន​ដឹង​ថា​នៅ​មាន​ដី​ទីតាំង​​ផ្សេង​ទៀត​ក្នុង​ក្រុង​សំរោង​ដែល​អាច​ផ្តល់​ឱ្យ​ពលរដ្ឋ​ជំនួស​ជា​ដីសម្បទាន​សង្គមកិច្ច​បាន​»​។

អភិបាលក្រុង សំរោង លោក អ៊ុន សុភ័ក្រ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ដែល​ទៅ​រស់នៅ​លើ​ដី​តំបន់​នោះ​មាន​ប្រមាណ​ ១១ ​គ្រួសារ​ដែល​ពួកគេ​ភាគច្រើន​ជា​ពលរដ្ឋ​រស់នៅ​តំបន់​ក្បែរៗ​នោះ ក្នុង​នោះ​ក៏​មាន​គ្រួសារ​ទាហាន​ផង​ដែរ​។ ប៉ុន្តែ​លោក​ថា​ពួកគេ​មាន​បំណង​ចង់​​យក​ដី​នៅ​ទី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​​ផ្ទាល់ខ្លួន និង​បាន​ដាំដុះ​ដំណាំ​ផ្សេង​នៅ​ទីនោះ​។

យ៉ាង​ណា​ក្ដី​លោក សុភ័ក្រ ក៏​បាន​ថ្លែង​ដែរ​ថា​នឹង​ពិនិត្យ​ពី​ស្ថានភាព​គ្រួសារ​នីមួយៗ​ជាក់ស្ដែង​ថា តើ​ពួកគាត់​ពិត​ជា​គ្មាន​​ដី​មែន​ ឬ​មួយ​យ៉ាង​ណា​?

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​ត្រួតពិនិត្យ​មើល​ថា ពលរដ្ឋ​ទាំងនោះ​ពិតជា​អត់​មាន​ដី​បង្កបង្កើនផល​ឬ​យ៉ាង​ណា បើ​ពួកគាត់​អត់​មែន អាជ្ញាធរ​នឹង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​សុំ​ដីសម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់ តែ​បើ​ពួកគាត់​មាន​ដី​ហើយ​នៅ​តែ​​ចង់​ទន្ទ្រាន​ដី​រដ្ឋ​យក​ទៀត​គឺ​យើង​​មិន​អាច​ផ្តល់​ឱ្យ​បាន​ទេ​»៕