សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កាលពី​សប្ដាហ៍​មុន​បាន​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង និង​ព្រមាន​អនុវត្ដ​វិធានការ​ច្បាប់ ក្រោយពី​ម្ចាស់​គ្រឿងចក្រ​ត្រូវ​បាន​ជនខិលខូច​មួយ​ក្រុម​ជួល​ឱ្យ​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​មាត់​ប្រឡាយ​ព្រៃ​ក្បាលទឹក​ជប់​ក្នុង​ភូមិ​ហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ដើម្បី​បង្កើត​ជា​ផ្លូវ​ចូល​ទៅ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​នោះ​។

លោក​ ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញថា លោក​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​ហាមឃាត់​សកម្មភាព​ខុសច្បាប់​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយ​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា មាន​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ក្រុម​បាន​លួច​ឈូសឆាយ​តំបន់​ព្រៃ​ក្បាលទឹក​ជប់ និង​កាយ​ប្រឡាយ​ធ្វើ​ជា​ផ្លូវ​ឯកជន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ព្រៃ​លិច​ទឹក​ផ្តាច់​ចរន្តទឹក​ហូរ​ចូល​ទៅក្នុង​ប្រឡាយ​ចាស់ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បណ្តា ពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ដែល​ពឹងផ្អែក​អាស្រ័យ​ផល​ពី​ទឹក​ប្រឡាយ​នៅ​តំបន់​នោះ​»​។

លោក​ ហ្វីណង់ បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ធ្វើការ​ណែនាំ​ដោយផ្ទាល់​ដល់​មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ និង​ថ្នាក់ឃុំ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ និង​ធានា​ឱ្យ​បាន​ថា​ភាពអនាធិបតេយ្យ​បែបនេះ​នឹង​មិន​កើតឡើង​ជាថ្មី​ម្តងទៀត​។ បើ​ពុំនោះ​សោត ទាំង​មន្ត្រី ទាំង​ប្រជាពលរដ្ឋ​នឹង​ប្រឈម​ការទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។

លោក​ ហ្វីណង់ និយាយ​ថា​ការទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក៏ដូចជា​ការកាប់ឆ្ការ​ព្រៃលិចទឹក ដើម​ស្មាច់ និង​ដើមកោងកាង​ទឹកសាប​ក្នុង​តំបន់ ដែល​មាន​ទឹក​ជប់​យក​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើឱ្យ​ក្បាល​ជប់​ទឹក​មួយ​ចំនួន​រីងស្ងួត​លែង​មាន​ទឹក​ចេញ​។ នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រភព​ទឹក​ដែល​ហូរ​យក​ទឹក​ទៅ​ផ្គត់ផ្គង់​ដល់​ស្ទឹង​សៀមរាប​។

លោក​ថា​៖ «​ប្រសិនបើ​មិន​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​នោះទេ អនាគត​ស្ទឹង​សៀមរាប​របស់​យើង​នឹងរង​ផលលំបាក​ពី​ការខ្វះខាត​ទឹក​ហូរ​ឆ្លងកាត់​»​។

លោក​បន្ថែមថា រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​ កត្ដា​ព្រួយបារម្ភ​ធំ​នៅ​ស្រុក​បន្ទាយស្រី​នោះ​គឺ​ដីព្រៃ​អភិរក្ស និង​ដី​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នៅ​តំបន់​ជើងភ្នំ​គូលែន​កំពុង​រង​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដីព្រៃ​ធម្មជាតិ និង​កេរដំណែល សម្បត្ដិ​វប្បធម៌​ធម្មជាតិ​របស់​រដ្ឋ​នៅ​តំបន់​នោះ​។

បើតាម​លោក​ សួស ណារិន មន្ដ្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​សៀមរាប​គឺ​ដីព្រៃ​អភិរក្ស និង​ដី​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នៅ​តំបន់​ជើងភ្នំ​គូលែន ពិតជា​មាន​ការចូល​កាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​មែន​។

លោក​ថ្លែងថា​៖ «​ប៉ុន្ដែ​អ្វី​ដែល​ពួកគាត់​ទៅធ្វើ​នោះ​គឺ​ដោយសារ​ការដោះស្រាយ​របស់​អាជ្ញាធរ​មិនទាន់​បាន​រលូន ដូច្នេះ​ចេះ​តែ​មាន​ការចូល​ទៅ​កាប់​ទន្ទ្រាន​ថែម​ទៀត​។ ប៉ុន្ដែ​ក្រោយពី​អាជ្ញាធរ​គេ​បាន​ហាមឃាត់ ទប់ស្កាត់ សកម្មភាព​កាប់ទន្ទ្រាន​ក៏បាន​ផ្អាក​ដែរ​»​។

លោក​ ណារិន បន្តថា សភាពការណ៍​នៃ​ការកាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ពី​សំណាក់​ជនខិលខូច​ក្នុង​ខេត្ដ​សៀមរាប មិនមែន​មាន​តែ​ក្នុង​ស្រុក​បន្ទាយស្រី​មួយ​នោះទេ តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​ក៏​មាន​ករណី​បែប​នេះ​កើតឡើង​ផងដែរ​។

រដ្ឋបាល​ស្រុក​បន្ទាយស្រី​ឲ្យ​ដឹងថា ការទន្ទ្រាន​ដី​រដ្ឋ​នៅ​តំបន់​ក្បែរ​ជើងភ្នំ​គូលែន​កើតឡើង​ជាយូរ​មកហើយ​។ ប៉ុន្តែ​អំឡុងពេល​ ២-៣ ​ខែ​ចុងក្រោយ​នេះ​ពលរដ្ឋ​បាននាំគ្នា​ទន្ទ្រាន​ថែម​ដោយ​នាំគ្នា​ទៅ​ធ្វើ​រោង​ដូច​រោង​អ្នកតា​រាប់រយ​រោង​ជា​ប្រភេទ​រោង​មនុស្ស​មិន​អាច​រស់នៅ​បាន​ដែល​ជា​ទម្រង់​នៃ​ការទន្ទ្រាន​យក​ដី​រដ្ឋ​តែម្ដង​។

រហូតដល់​ខែវិច្ឆិកា​កន្លង​ទៅ​ អាជ្ញាធរ​បាន​រុះរើ​សំណង់​រោង​អនាធិបតេយ្យ​ចំនួន​ ៤៩ ​ខ្នង​ ក្នុង​ចំណោម​សំណង់​រោង​ជិត​ ១ ០០០ ​ខ្នង​ ដែល​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​នៅ​តំបន់​គម្រប​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ផងដែរ​។ រោង​ដែល​មិន​ទាន់​រុះរើ​នោះ ដោយសារ​អាជ្ញាធរ​កំពុង​សិក្សា​លើ​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​ចូលមក​កាន់កាប់​ជាក់ស្តែង​។

លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ឲ្យ​ដែរ​ថា ក្រោយ​មាន​ការទន្ទ្រាន​ដី​របស់​រដ្ឋ​ថ្មីៗ​នេះ អាជ្ញាធរ​ចុះ​ទៅ​រុះរើ​សំណង់​ខុសច្បាប់​បន្ដបន្ទាប់​ផងដែរ​។

លោក​ថា​៖ «​សកម្មភាព​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ពី​សំណាក់​ជនខិលខូច​នេះ​បាន​កើតមានឡើង​យូរ​មកហើយ​។ ប៉ុន្ដែ​ក្នុងពេល​ថ្មីៗ​នេះ​នៅ​មាន​ក្រុម​ចលនា​ដែល​ខុសច្បាប់​បាន​កែនពល​រដ្ឋ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មក​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​នៅ​តាម​តំបន់​ផ្សេងៗ​មិនមែន​តែ​ក្នុង​ខេត្ដ​សៀមរាប​នោះទេ​»៕