ភ្នំពេញៈ អាជ្ញាធរ​មីន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ថា គ្រាប់​ចាស់​ ឬ​គ្រាប់​ថ្មី​នោះ​ទេ គឺ​នៅ​មាន​សុពលភាព​ដែល​អាច​ធ្វើឲ្យ​ផ្ទុះ​បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​គ្រប់​ពេលវេលា គឺ​មិន​ដូច​ទៅ​នឹង​ការលើកឡើង​ថ្មីៗ​នេះ ដែល​ថា​គ្រាប់មីន​នៅ​កម្ពុជា​បាន​ស្អុយ​អស់​នោះ​ឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៩ ខែ​ឧសភា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ឱកាស​បិទ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០២៥ កាលពី​ថ្ងៃទី ១៧ ខែ​ឧសភា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ទាមទារ​ឱ្យ​មាន​ការពន្យល់​ឲ្យ​បាន​ច្បាស់ ចំពោះ​ការលើក​ឡើង​ដែល​ថា​គ្រាប់មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្អុយ​អស់​ហើយ​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​បាន​គូសបញ្ជាក់​ថា​ចំពោះ​ព័ត៌មាន​ដែល​លើក​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ «​គ្រាប់មីន​ទាំងអស់​នៅ​កម្ពុជា​បាន​ស្អុយ និង​ខូចគុណភាព​ទាំងអស់​នោះ​» ​អាជ្ញាធរ​មីន​បាន​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់​ដោយ​ហ្មត់ចត់​ហើយ​បាន​រកឃើញ​ថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ដែល​អង្គ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន​ (១៦-១៧ ឧសភា ២០១៨) នៅ​វិមាន​សន្តិភាព​ពុំមាន​វាគ្មិន និង​អង្គការ​ជាតិ អន្តរជាតិ​ណា​លើក​ឡើង​ថា «​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ទាំងអស់ ស្អុយ និង​ខូចគុណភាព​» ឡើយ​។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា​៖ «​ផ្ទុយ​ទៅ​វិញ​វាគ្មិន​ទាំងអស់​បាន​ប្រើប្រាស់​ចំណេះ​ជំនាញ​ដោយ​សា្មរតី​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​បង្ហាញ​ជូន​អង្គសន្និបាត​នូវ​បទពិសោធ និង​បច្ចេកទេស​ល្អៗ​លើ​កិច្ចការងារ​បោសសម្អាត​មីន​រយៈពេល ២៥ ​ឆ្នាំ​កន្លង​មក និង​រួម​គ្នា​ខិតខំ​រិះរក​គ្រប់​យុទ្ធសាស្ត្រ វិធីសាស្ត្រ និង​មធ្យោបាយ​ដើម្បី​អនុវត្ត​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​មីន ឆ្នាំ ២០២៥...»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្ត​ថា​ជាថ្មី​ម្តង​ទៀត​អាជ្ញាធរ​មីន​ដែល​ជា​សេនាធិការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​សម្រប​សម្រួល និង​គ្រប់គ្រង​ការងារ​វិស័យ​សកម្មភាព​មីន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើសុំ​ប្រតិបត្តិករ អង្គការ​ជាតិ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ដ៏ជិតស្និទ្ធ​គឺ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មីន មុន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ធ្វើឲ្យ​ប៉ះពាល់ និង​បណ្តាល​ឲ្យ​មាន​ការ​យល់ច្រឡំ​ដល់​ប្រជាពលរដ្ឋ​។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​គូសបញ្ជាក់​ថា​៖ «​ក្នុង​នាម​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរមីន យើង​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ជូន​ចំពោះ​ប្រតិបត្តិករ​ជាតិ-អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ចូលរួម​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​»​។

នៅក្នុង​ការបិទ​បញ្ចប់​សន្និបាត​មីន​កាលពី​ថ្ងៃទី​ ១៧ ​ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ដែល​មាន​ទាំង​ភ្ញៀវ​អន្តរជាតិ​ក្នុង​នោះ​មាន​ដូចជា​អគ្គរាជទូត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នានា​ដែល​ធ្វើការ​ក្នុង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដោះមីន និង​ជំនួយ​ហិរញ្ញវត្ថុ​ថា​លោក​បាន​មើល​សារព័ត៌មាន​ថា មាន​ប្រតិកម្ម​ពី​អគ្គនាយក​អង្គការ​ស៊ីម៉ាក់​ជាមួយ​ការលើកឡើង​ដែល​ថា «​គ្រាប់មីន​នៅ​កម្ពុជា​វា​ស្អុយ​អស់​ហើយ​»​។

លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ថា​សព្វ​ថ្ងៃ​នេះ​​មាន​ការ​បង្ការ​ខ្លាំងណាស់ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា កុមារ​កម្ពុជា សូម្បីតែ​រើស​គ្រាប់​ដែល​មាន​ការសង្ស័យ​ក៏​មិន​ឲ្យ​ប៉ះពាល់​ផង ហើយ​នៅ​តំបន់​ដែល​មាន​មីន​គឺ​ត្រូវ​បាន​ដោត​សញ្ញា​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចូលទៅ​កាន់​ទី​នោះ​ទេ​។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «​បើ​នៅ​តែ​មាន​ការបកស្រាយ​បែប​នេះ​ខ្ញុំ​ក៏​សូម​អញ្ជើញ​អ្នក​បកស្រាយ​ទាំងនោះ​រួម​គ្នា​ជាមួយ​អ្នក​ដែល​គាំទ្រ​ការបកស្រាយ​ដែល​ថា​គ្រាប់មីន​ស្អុយ សូម​ធ្វើ​ដំណើរ​ចូល​ទៅ​កន្លែង​មីន​សាកល្បង​ខ្លួនឯង​ទៅ ការ​បកស្រាយ​បែប​នេះ​នឹង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​បាត់បង់​ការប្រុងប្រយ័ត្ន ក្នុងពេល​ដែល​យើង​កំពុង​ឃោសនា​ដាក់​នូវ​វិធានការ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​បម្រាម​ដាក់​ជា​រូប ដាក់​ជា​សញ្ញា​បញ្ជាក់​ថា​តំបន់​សង្ស័យ​ថា​មាន​មីន​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ស៊ីម៉ាក់ មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ ​កាលពី​ថ្ងៃទី​ ១៦ ខែ​ឧសភា​ថា លោក​តែងតែ​ឮ​មេដឹកនាំ NGO ដោះមីន​បរទេស​ខ្លះ​នៅ​កម្ពុជា និយាយ​រិះគន់ វាយប្រហារ​យន្តការ​រៀបចំ​ផែនការ​ដោះមីន​របស់​រាជរដ្ឋាភិបាល​ដែល​មិន​សម​តាម​ចិត្ត​របស់​ពួកគេ និង​បាន​បញ្ជាក់​ថា​ «​គ្រាប់មីន​នៅ​ស្រុក​ខែ្មរ​ស្អុយ ខូច​គុណភាព​អស់​ហើយ​! តែ​ឃើញ​មុខ​ពួក​នេះ​ដដែលៗ​នៅ​តែ​មក​ធ្វើការ​នៅ​ស្រុក​ខែ្មរ​!»​។

លោក​ រតនា បាន​សរសេរ​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​អង្គការ​ទាំង​នោះ​ថា​៖ «​ការវាយប្រហារ​នេះ​មាន​ចរិត​ជា​យុទ្ធសាស្ត្រ និង​ច្រើន​លើក​មក​ហើយ ជាពិសេស​នៅ​វេទិកា​អន្តរជាតិ​! បើ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​វា​ស្អុយ​អស់​ហើយ ពួកវា​ចាំបាច់​បើក NGO នោះ​ធ្វើ​ស្អី​? តើ​ហេតុ​ស្អី​ឈាម​ប្រជាជន​ខែ្មរ​នៅ​តែ​ហូរ​ដោយ​គ្រាប់មីន និង​គ្រាប់​ទាំង​នោះ​! បើ​វា​ស្អុយ​ហេតុ​អី​ក្នុង​ឆ្នាំ ២០១៧ កន្លង​មក​មាន​គ្រាប់មីន​ផ្ទុះ​របួស​ស្លាប់​អ្នក​ដោះមីន​ជា​កូន​ខែ្មរ ក្នុង​អង្គការ​របស់​វា​នោះ​អស់ ៤-៥ នាក់ ក្នុង ២-៣ ករណី​ផ្សេង​គ្នា​មិន​ទាន់​ស៊ើបអង្កេត​ និង​ដោះស្រាយ​ឱ្យ​បាន​សមស្រប​ផង​»​។

លោក​ រតនា បាន​សរសេរ​ទៀត​ថា លោក​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការយកចិត្ត​ទុកដាក់ និង​ចាត់​វិធានការ​សមស្រប​ចំពោះ​បុគ្គល​បរទេស​បែប​នេះ​។ «​ព្រោះ​វា​នាំ​ដល់​ការបំផ្លាញ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​សារ​បែប​នេះ​បង្ក​ការយល់​ច្រឡំ​អំពី​កម្រិត​ហានិភ័យ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដោះមីន​ផង​ដល់​ប្រជាពលរដ្ឋ​ខែ្មរ និង​បំពុល​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​។ តើ​ពួកគេ​អាច​ដឹកនាំ​អង្គការ​ដោះមីន​នោះ​បាន​ឬ​ទេ បើ​គេ​យល់​ថា​គ្រាប់មីន និង​គ្រាប់​ទាំង​នោះ​វា​ស្អុយ​អស់​ទៅ​ហើយ​នោះ ឬ​ក៏​មាន​បំណង​ផ្សេង​ទៀត​?»៕