​កោះកុងៈ ​អាជ្ញាធរ​ស្រុក​បទុម​សាគរ​​កំពុង​ចុះ​ស្រង់​ស្ថិតិ​ពី​សំណង​ដែល​ពលរដ្ឋ​ទទួល​បាន​ពី​ផល​ប៉ះ​ពាល់​ពី​ក្រុម​ហ៊ុន​ចិន​ UDG ក្រោយ​ពី​ពល​រដ្ឋ​៩៣​គ្រួ​សារ​បាន​ប្តឹង​អភិ​បាលរង​ខេត្ត​ម្នាក់ និង​ មន្ត្រី​ជា​ច្រើន​ទៀត​ទៅ​ខុ​ទ្ទកា​ល័យ​លោក​នាយក​រដ្ឋមន្ត្រី​ពី​​រឿង​បាត់​ដី និង​ប្រាក់​សំណង​រាប់​ម៉ឺន​ដុល្លារ​។

ការ​ប្តឹង​សុំ​អន្តរា​គមន៍​នេះ​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​៥ ខែមករា​ ឆ្នាំ​នេះ​។ ក្នុង​នោះ​ពលរដ្ឋ​ទាំង​ ៩៣ ​គ្រួសារ​រស់​នៅ​ឃុំ​ តា​នូ​ន ស្រុក​បទុម​សាគ​បាន​ប្តឹង​លោក​ អន ភារៈ​ អភិ​បាលរ​ង​ខេត្ត និង​ជា​អតីត​អភិបាលស្រុក​បទុម​សាគ​រ, លោក ​វាំង វីរៈ ​មេឃុំ​តា​នូ​ន និង​មន្ត្រី​សុរិ​យោដី​ស្រុក​លោក​ ពៅ ​ចាន់ថន​ ដោយ​ចោទ​ថា ​បាន​ឃុប​ឃិត​គ្នា​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​របស់​ព​ល​រដ្ឋក្នុង​គោល​នយោ​បាយ​ដោះដូរ​ដី​ស្រែ​ចម្ការ ផ្ទះ​ជា​មួយ​ក្រុម​ហ៊ុន ​ចិន​ Union Development Group (UDG) ​។ នេះ​បើ​តាម​ពាក្យ​បណ្តឹង​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ព្រឹក​​មិញ​។

ពាក្យ​បណ្តឹង​និង​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា តាម​គោល​នយោ​បាយ​សំណង គឺ​ក្រុម​ហ៊ុន និង​អាជ្ញា​ធរ​បាន​សន្យា​ផ្ដល់​ឲ្យ​​ ៨​ ពាន់​ដុល្លារ​អា​មេរិក ​ក្នុង​ ១​ ហិក​តា​ កាល​ពី​ឆ្នាំ​ ២០០៩​។ ប៉ុន្តែ​ជាក់​ស្តែង​ពួក​គាត់​ខ្លះ​បាន​តែ​ ៣០០ ​ដុល្លា​រ​ក្នុង​ ១ ​ហិក​តា​ ខណៈ​ខ្លះ​បាន​ច្រើន ​និង ​តិច​ជាង​នេះ​​។​

ពាក្យ​បណ្តឹង​បានសរសេរ​បន្តថា​៖ «​តែ​អ្នក​ណា​តវ៉ា​គឺ​អត់​បាន​ប្រាក់​ទាំង​អស់ នេះ​មិន​ខុសពី​អំពើ​ប្លន់​យក​ដី​ផ្ទះ​ស្រែ​ចម្ការ​របស់​ពួក​ខ្ញុំ​ទេ​»​។

ពលរដ្ឋ​បាន​សំណូម​ពរ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ជួយ​រក​យុត្តិ​ធម៌​ដោះស្រាយ​ជា​ប្រាក់ឬ​ដី​កសិកម្ម​តាម​គោលន​យោ​បាយ​ក្នុង​១​ហិក​តា​ដោះ​ដូរ​ស្មើ​នឹង​៨​ពាន់​ដុល្លារ​ ព្រោះថា​ «​លោក ​អន ​ភារៈ​ និង​បក្ខ​ពួក​មិន​គោរ​ព​តាម​ថ្នាក់​លើ​ក្នុង​ការ​ដោះ​ស្រាយ​ឲ្យ​សម​ស្រប​តាម​លិ​ខិត​ដោះ​ដូរ​ក្នុង​១​ហិក​តា​៨​ពាន់​ដុល្លារ​ទេ​»​។

ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ លោក ​ហូ សិទ្ធី​ នាយក​ខុ​ទ្ទកាល័​យ​បាន​ចេញ​ដីកា​បញ្ជូន​មួយ​ចុះ​ថ្ងៃទី​ ១៥ ខែ​មករា ជូន​លោក​ជំទាវ​អភិ​បាល​ខេត្ត​កោះ​កុង ដើម្បី​ពិនិត្យ​សំណើ​របស់​ពល​រដ្ឋ​នេះ​។

ក្នុង​លិខិត​ដាក់​ទៅ​ខុទ្ទ​កា​ល័យ ក៏​មាន​ភ្ជាប់​ស្នាម​មេ​ដៃ ចំនួន​ផ្ទៃដី​ដែល​ប៉ះពា​ល់​និង​ទឹក​ប្រាក់​ដែល​បាន​ទទួ​ល​ផង​ដែរ​។​

អ្នក​ស្រី​ គុណ ​សៅ​ អាយុ​ ៥៧ ​ឆ្នាំ​ ជា​ពលរ​ដ្ឋ​ម្នាក់​ក្នុង​ចំណោម ​៩៣ ​គ្រួ​សារ​បាន​អះ​អាង​បន្ថែម​ថា ​គ្រួ​សារ​អ្នក​ស្រី​ បាន​បាត់​បង់​ដី​ស្រែ​និង​ចម្ការ​មាន​ទាំង​ដំណាំ​សរុប​ ៩ ​ហិកតា​​កន្លះ​។ ប៉ុន្តែ​ អ្ន​កស្រី​ទទួល​បាន​ប្រាក់​សំណង​​ជាង​ ១ ៧៥០​ ដុល្លា​រប៉ុ​ណ្ណោះ​ពី​ លោក​ អន ភារៈ និង​ មន្ត្រី​ពាក់​ព័ន្ធ​ ​។

អ្នក​ស្រី​ថា​៖ ​«​ដី​ ១​ ហិក​តា ​៨ ​ពាន់​ដុល្លា​រ ហ្នឹង​ លក់​ដី​ឲ្យ​ក្រុម​ហ៊ុន​។ លក់​ ឬ​ មិន​លក់​ក៏​គេ​យក​ដែរ​...​ ពលរដ្ឋ​ឲ្យ​វាស់​ដី​ហើយ​ដល់​ទៅ​ផ្តិត​មេដៃ​ហើយ​ទៅ​ទទួល​លុយ​បាន​តែ​ជាង​១​៧៥០​ដុល្លារ​។ខ្ញុំ​ម៉េច​បាន​ប៉ុណ្ណឹង​? [​អតីត​]​ មេ​ឃុំ​ឈ្មោះ ​អ៊ុន សុ​ភាព​ ប្រាប់​ថា បើ​មិន​យក​មាន​តែ​អត់​។ អ្នក​ណា​ខ្លះ​យក​ទទេ​»​។

លោក​ស្រី ​មិថុនា ភូ​ថង​ អភិ​បាល​ខេត្ត​កោះ​កុង​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ កាល​ពី​ព្រឹក​មិញ​ ដោយ​សុំ​ឲ្យ​សួរ​ទៅ​លោក ​អ៊ូច ទូច​ នា​យក​រដ្ឋ​បាល​សា​លា​ខេត្ត​វិញ​។

លោក​ អ៊ូច ទូច​ បាន​ថ្លែង​ថា​ លោក​មិន​បាន​ចាំ​ពី​ករណី​នេះ​ទេ ដោយ​សារ​ឯក​សារ​ច្រើន​ពេក​។ ទោះ​យ៉ាង​ណា​លោក​ប្រាប់​ថា លោក​ធ្លាប់​បាន​ឃើញ​ឯក​សារ​ពី​ទំនាស់​នេះ តែ​លោក​មិន​ចាំ​ព័ត៌​មាន​ច្បាស់​ទេ ហើយ​សុំ​ពេល​មើល​ឯក​សារ​នោះ​ឡើង​វិញ​សិន មុន​នឹង​ធ្វើ​អត្ថា​ធិប្បាយ​។

​លោក​ គា តេ ​មេភូមិ​តា​បាក់​រនាស់ ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ការ​ណែនាំ​ពី​អាជ្ញាធរ​ថ្នាក់​លើ​ឲ្យ​ចុះ​ស្រង់​ស្ថិតិ​ពី​សំណង​ដែល​ពល​រដ្ឋ​ទទួល​បាន ហើយ​ចាប់​តាំង​ពី​ដើម​ខែ​មេសា​នេះ​រហូត​មក​ទល់​​ពេល​នេះ លោក​ស្រង់​បាន​ជាង​ ២០ ​គ្រួសារ ហើយ​ពេល​ស្រង់​ចប់​លោក​នឹង​ធ្វើ​របា​យ​ការណ៍​ជូន​ថ្នាក់​លើ​​។

លោក​ថា​៖ «​យើង​ស្រង់​ព្រោះ​ចង់​ដឹង​ថា ផ្ទៃដី​ដែល​ពល​ដ្ឋ​ទទួល​បាន​ហ្នឹង​បាន​ប៉ុន្មាន ​ទៅ​តាម​ស្រុក​។ ទើប​តែ​ស្រង់​បាន​ប៉ុន្មាន​ភាគ​រយ​ហ្នឹង ព្រោះ​ពលរ​ដ្ឋ​ខ្លះ​បាន​លក់​ផ្ទេរ​សិទ្ធិ​ខ្លះ​»​។

លោក​បាន​អះអាង​​ថា លោក​មិន​បាន​ដឹង​ពី​រឿង​ពី​ទំនាស់​អតីត​កាល​​ទេ ព្រោះ​លោក​ទើបតែ​ធ្វើជា​មេភូមិ​បាន​ជិត ១​ ឆ្នាំ​ប៉ុណ្ណោះ​។​

លោក ​វាំង វីរៈ​ មេឃុំ​តា​នូ​ន​ បាន​ឲ្យ​ដឹងថា ការ​ស្រង់​នេះ​គឺ​ដើម្បី​ចង់​ដឹង​ពី​ទិន្នន័​យ​សំណង​ដែល​ពលរដ្ឋ​ទទួល​បាន ដើម្បី​ផ្ទៀង​ផ្ទាត់​ជា​មួយ​​ឯក​សារ​ដែល​តម្កល់​ទុក ព្រោះ​ថា ពល​រដ្ឋ​ខ្លះ​បាន​ទទួល​សំណង​រួចហើយ ​តែ​គាត់​ថា​មិន​ទាន់​បាន​ទទួល​។

លោក​ មេឃុំ​ បាន​សុំ​មិន​ធ្វើ​អត្ថា​ធិប្បា​យ​បន្ត​នៅ​ពេល​សួរ​នាំ​រឿង​ការ​ចោទ​ប្រ​កាន់​ផ្តល់​សំណង​មិន​គ្រប់​ដោយ​លោក​ថា កាលនោះ​លោក​មិន​ទាន់បាន​ធ្វើ​ជា​មេឃុំ​ទេ​​។​

លោក​​ អន ​ភារៈ​ អភិ​បាលរង​ខេត្ត​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បានទេ​នៅ​ថ្ងៃ​នេះ​​។

​លោក ​ញៀប ​សំអឿន​ អ្នក​សម្រប​សម្រួល​អង្គកា​រ​អាដហុក​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា កា​រសន្យា​របស់​អាជ្ញា​ធ​រថា​ផ្តល់​សំណង​៨​ពាន់​ដុល្លា​រក្នុង ​១​ ហិកតា​នោះបាន​ធ្វើ​ឡើង​តែ​ពី​ដំបូង​ឲ្យ​គ្រួសារ​ប្រ​ហែល​៨​គ្រួសារ​ប៉ុណ្ណោះ ដើម្បី​បញ្ចុះ​ប​ញ្ចូល​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ព្រម​ចាក​ចេញ​។ ប៉ុន្តែ​ពលរដ្ឋ​ក្រោយៗ​ទៀត ​មិន​ទទួលបាន​ដូច​ការសន្យា​ទេ ដែល​នេះ​លោក​ចាត់​ទុក​ថា វា​ជា​ការ​ «​និយាយ​កុហក​» ហើយ​ពលរដ្ឋ​បាន​ចាញ់​បោក​អា​ជ្ញាធរ​ខ្លះ​ ព្រោះ​ពលរដ្ឋ​មិន​ទទួល​បាន​ព័ត៌​មាន​ច្បាស់​លាស់​៕