សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​បម្រាម​មិន​ឲ្យ​សាធារណជន​យក​សត្វ​គ្រប់​ប្រភេទ​ទៅ​លែង​ចូល​ក្នុង​កសិន្ធុ​ប្រាសាទ​នានា​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​​ជា​អ្វី​ដែល​ក្រសួងទេសចរណ៍​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​មគ្គុទ្ទេសក៍ថា គួរ​ហាម​លែង​តែ​សត្វ​សាហាវ​បាន​ហើយ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ក្នុង​ន័យ​សាសនា កសិន្ធុ​ទឹក​ប្រាសាទ​ត្រូវ​បាន​កសាងឡើង​ប្រដូច​ជា មហាសមុទ្រ​ព័ទ្ធជុំវិញ​ភ្នំ​ព្រះសុមេរុ​ដែល​មាន​ប្រាសាទ​នានា​នៅ​កណ្តាល​ជា​តំណាង​។ ម្យ៉ាង​​ទៀត កសិន្ធុ​ ប្រាសាទ​ដែល​បាន​ស្តារ​រួច​ត្រូវ​បាន​បញ្ចូល​ទឹក​ជាប្រចាំ​ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​រដូវ​ប្រាំង​ក្នុង​គោលបំណង​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ទាំងមូល​ឲ្យ​បាន​រឹងមាំ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​៖ «​ទន្ទឹម​គ្នា​នេះ​ប្រាសាទ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍ ហើយ​ក្រុម​ការងារ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​មក​បំពេញ​ការងារ​សម្អាត​វារី​ជាតិ​ជាប្រចាំ​។ ក្នុង​ន័យ​នេះ​សូម​សាធារណជន​ទាំងអស់​មេត្តា​​កុំ​យក​សត្វ​គ្រប់​ប្រភេទ​ទៅ​លែង​ចូល​ក្នុង​កសិន្ធុ​ប្រាសាទ​ជាដាច់ខាត​»​។

លោក ឡុង កុសល អ្នក​នាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តំបន់​ទីតាំង​នោះ​ជា​ទីសក្ការបូជា ហើយ​អ្នកទេសចរ​ភាគច្រើន​តែងតែ​ទៅ​សំពះ​គោរពបូជា​តាម​ជំនឿ​សាសនា​ ឬ​បួងសួង​សុំ​សេចក្ដីសុខ​។ ​ក្នុង​នោះ​ក៏​​មាន​អ្នក​លួច​លែង​សត្វ​ជាច្រើន​ប្រភេទ​ផងដែរ​ដូចជា ត្រី អណ្ដើក និង​សត្វ​មួយ​ចំនួន​ទៀត ប៉ុន្ដែ​សកម្មភាព​នេះ​អាជ្ញាធរ​ជាតិ​អប្សរា មិន​គាំទ្រ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​​ហាម​នេះ ដើម្បី​រក្សា​ទីតាំង​ដែល​​ជា​កន្លែង​គោរពបូជា​នោះ​សម្រាប់​ភ្ញៀវទេសចរ និង​ពលរដ្ឋ​ទៅ​ទស្សនា​ដោយ​គ្មាន​ការភ័យខ្លាច ឬ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​អ្នកកម្សាន្ដ​នៅ​តំបន់​នោះ​។ ម្យ៉ាង​ទៀត គឺ​យើង​ចង់​រក្សា​នូវ​អត្ថន័យ​ដើម ហើយ​កន្លែង​នោះ​មាន​សត្វ​អណ្ដើក សត្វ​ត្រី​ជាច្រើន​ប្រភេទ​រួច​មក​ហើយ យើង​មិនចាំបាច់​យក​សត្វ​ទៅ​លែង​បន្ថែមទៀត​ទេ​»​។

លោក តុប សុភ័គ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បញ្ហា​នេះ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​រួចហើយ​ដើម្បី​ទប់ស្កាត់​ការលែង​សត្វ​គ្រប់​ប្រភេទ​ចូល​ក្នុង​កសិន្ធុ​ទឹក​ប្រាសាទ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​។

លោក​បន្តថា​៖ «​ដូច​កន្លងមក​គឺ​យើង​មាន​ព័ត៌មាន​ថា មាន​គេ​លែង​ក្រពើ​ ឬ​សត្វ​ផ្សេងៗ​ទៀត​អ៊ីចឹង​។ ដោយសារ​មាន​ករណី​នេះ​កើតឡើង អ៊ីចឹង​ខាង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ទប់ស្កាត់​ក៏​ដូចជា ស្នើ​ពលរដ្ឋ​កុំ​យក​សត្វ​ផ្សេងៗ​ទៅ​ដោះលែង​នៅ​ទីនោះ​ទៀត ព្រោះ​កន្លែង​នេះ​សម្រាប់​គោរពបូជា សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ​ថតរូប​អនុស្សាវរីយ៍ ក៏​ដូច​ចង់​រក្សា​តំបន់​នោះ​ជា​កន្លែង​វប្បធម៌​បុរាណ​ដដែល​»​។

លោក​បន្ថែម​ថា ប្រសិន​បើ​​ពលរដ្ឋ​ចង់​ដោះលែង​សត្វ​តាម​ជំនឿ​សាសនា​នោះ គឺ​គួរ​ទៅ​រក​កន្លែង​ ឬ​ទីតាំង​ដែល​ត្រូវបាន​អនុញ្ញាត កន្លែង​គោលដៅ​ទេសចរណ៍​ដែល​គេ​កំពុង​អភិរក្ស​សត្វ និង​ស្រះ​ទឹក​នៅ​វត្ត​អារាម​ដែល​គេ​អនុញ្ញាត​។ ​ក្រសួង​ទេសចរណ៍​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ព្រោះ​ចង់​ចូលរួម​ថែរក្សា​តំបន់​នោះ​ដូចគ្នា​ដែរ​។ ប្រសិនបើ​​លែង​សត្វ​កាច​សាហាវ​ចូល​ទៅ​កសិន្ធុ​ទឹក​ប្រាសាទ​នោះ វា​អាច​មាន​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ដែល​ទៅ​កម្សាន្ដ​។

ទោះយ៉ាងណា​លោក ខៀវ ធី មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្នែក​ភាសា​អង់គ្លេស និង​ជា​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិន​គួរ​ដាក់​កំហិត​ការលែង​សត្វ​គ្រប់​ប្រភេទ​ចូល​​ក្នុង​កសិន្ធុ​ទឹក​ប្រាសាទ​នោះទេ គួរ​ដាក់​កំហិត​ត្រឹមតែ​សត្វ​មាន​ពិស​ ឬ​សត្វ​សាហាវ​បាន​ហើយ​ប៉ុន្ដែ​ចំពោះ​សត្វ​ត្រី​ ឬ​អណ្ដើក មិន​គួរ​ហាម​ទេ ព្រោះ​វា​ជា​សត្វ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហើយ​វា​ថែម​ទាំង​ជួយ​លម្អ​តំបន់​នោះ​ដែរ​។

លោក​បន្តថា កន្លងមក​នៅ​តំបន់​កសិន្ធុ​ទឹក​ប្រាសាទ​នេះ​តែង​ត្រូវបាន​មន្ត្រីរាជការ និង​ពលរដ្ឋ​យក​សត្វ​ត្រី សត្វ​អណ្ដើក និង​សត្វ​អន្ទង់​ទៅ​លែង​នៅ​ទីនោះ​ដោយ​ពួកគាត់​មាន​ជំនឿ​​តៗ​គ្នា​ថា ជា​ការរំដោះគ្រោះ និង​បួងសួង​សុំ​សេចក្ដីសុខ​។

លោក​បញ្ជាក់ថា​៖ «​ទីតាំង​កន្លែង​នោះ​ជា​កន្លែង​គោរពបូជា​តាំងពី​យូរយារ​ណាស់​មក​ហើយ អ៊ីចឹង​ក៏មាន​អ្នកខ្លះ គាត់​លែង​ត្រី លែង​អណ្ដើក ប៉ុន្ដែ​លែង​ក្រពើ លែង​សត្វ​ពស់ ឬ​សត្វ​មាន​ពិស​ដែល​កាច​សាហាវ​នានា អាហ្នឹង​គួរតែ​ហាម ព្រោះ​យើង​ខ្លាច​វា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​មែន​»៕