សៀមរាបៈ ​សហរដ្ឋអាមេរិក​បានផ្តល់​ជំនួយ​ប្រមាណ​ ៤២ ​ម៉ឺន​ដុល្លារ សម្រាប់​អភិរក្ស និង​ជួសជុល​ប្រាសាទ​ចំនួន​ ២ គឺ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ភ្នំបាខែង ដើម្បី​រួមចំណែក​ក្នុង​ការជួយ​អភិរក្ស​ប្រាសាទ​របស់​កម្ពុជា​ដែល​ទីតាំង​នេះ​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​នៅ​ទូទាំង​ពិភពលោក​។

ថ្លែង​នៅក្រោយ​ពិធី​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៅលើ​ភ្នំ​បាខែង ខេត្ត​​សៀមរាប​កាល​ថ្ងៃទី​ ១៦ មករា លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា ជំនួយ​ទឹកប្រាក់​ប្រមាណ​ ៤២ ​ម៉ឺន​ដុល្លារ​នេះ បែងចែក​ជា​ ២​។ ​ក្នុងនោះ ទី​ ១ ទឹកប្រាក់​ ១២ ​ម៉ឺន​ដុល្លារ​សម្រាប់​ជូន​ដល់​អាជ្ញាធរជាតិ​ព្រះវិហារ​ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង​ប្រាសាទ​ព្រះវិហារ និង​សម្រាប់​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​សម័យបុរាណ​នៅ​សងខាង​នៃ​ជណ្តើរ​នោះ​។

ទី​ ២ ​គឺ​ទឹកប្រាក់​ ៣០ ​ម៉ឺន​ដុល្លារ​​ ផ្តល់ជូន​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF) សម្រាប់​បន្តការងារ​អភិរក្ស​ប្រាសាទភ្នំ​បាខែង​ក្នុង​ដំណាក់កាល​ទី​ ៥ សម្រាប់​រយៈពេល​ ២៤ ​ខែ​រហូតដល់​ឆ្នាំ​ ២០២២​។ ​គម្រោង​នេះ​នឹង​ដំណើរការ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​រយៈពេល​យូរ​របស់​អង្គការ​ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក Patrick ថ្លែងថា​៖ «​ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ក្នុង​ការប្រកាស​ជំនួយ​ជា​ថវិកា​ថ្ងៃ​​នេះ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ដោយ​ថវិកា​នេះ​នឹង​ជួយ​អភិរក្ស​ប្រាសាទ​ទាំងនេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​»​។

បើ​តាម​លោក Patrick ទីតាំង​ប្រវត្តិសាស្ត្រ​ទាំង​ ២ ​នេះ​គឺជា​ចំណែក​ដែល​នៅ​ស្ថិតស្ថេរ​យូរអង្វែង​នៃ​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ពិសេស​របស់​កម្ពុជា​ដែល​ត្រូវបាន​ទទួល​ស្គាល់ និង​ផ្តល់​តម្លៃ​នៅ​ទូទាំង​ពិភពលោក​។

លោក​រំឭកថា រយៈពេល​ ២ ​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជំនួយ​ប្រមាណ​ជាង​ ៥ ​លាន​ដុល្លា​សម្រាប់​ការជួយ​ដល់​ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា​។ ​ក្រៅពី​ជំនួយ​អភិរក្ស​វប្បធម៌ សហរដ្ឋអាមេរិក​បាន​ជួយ​ដល់​វិស័យ​ជាច្រើន​ទៀត ដូចជា វិស័យ​សុខភាព​សាធារណៈ កសិកម្ម ការជួញដូរ​កុមារ វិស័យ​បរិស្ថាន និង​ការអនុវត្ត​ច្បាប់​ជាដើម​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែងថា ជំនួយ​របស់​អាមេរិក​ពេលនេះ​គឺ​តំណាង​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ក្នុង​វិស័យ​វប្បធម៌ ហើយ​នេះ​ក៏​បញ្ជាក់​ពី​ការគាំទ្រ​យូរអង្វែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ការពារ​អភិរក្ស​ និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​។

លោកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​ឈរ​លើ​គុណ​តម្លៃ​រួម​រវាង​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​នឹង​បន្ត​រឹងមាំ​បន្ថែមទៀត​។

បើ​តាម​លោកស្រី ភឿង សកុណា តាំងពី​ឆ្នាំ​ ២០០១ ​មក អាមេរិក​បាន​ផ្តល់​នូវ​មូលនិធិ​ជាច្រើន​ក្នុង​ការជួសជុល​ប្រាសាទ​នៅ​កម្ពុជា​ក៏ដូចជា ការទប់ស្កាត់​នូវ​ការជួញដូរ​វត្ថុ​បុរាណ​ខុសច្បាប់​។ ជាច្រើន​ឆ្នាំ​មកនេះ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ដៃគូ​បរទេស ហេតុនេះ​ប្រាសាទខ្មែរ​បុរាណ​គឺ​កំពុង​ត្រូវបាន​ជួសជុល​ភាគច្រើន​ដោយ​អ្នកជំនាញ​ខ្មែរ ដោយ​ទទួលបាន​ថវិកា​បន្ត​បន្ទាប់ពី​​រដ្ឋាភិបាល និង​ដៃគូ​សហការ​​ផ្សេងៗ​ទៀត​។

លោកស្រី​ថ្លែងថា​៖ «​ចំពោះ​ថវិកា​យើង​ទទួលបាន​ថវិកា​ក្នុង​មូលនិធិ​អង្គរ​ដែល​ផ្តល់ឱ្យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ថវិកាជាតិ​។ ក្រៅពីនោះ​យើង​ទទួល​បាន​ថវិកា​ពី​មិត្តភក្តិ​ជាច្រើន​ទៀត​មានដូចជា បារាំង ឥណ្ឌា ចិន និង​ជប៉ុន​ជាដើម​»​។

លោកស្រី Bénédicte de Montlaur ​ជា​ប្រធាន និង​នាយិកា​ប្រតិបត្តិ WMF បាន​សម្តែង​ការរីករាយ និង​អរគុណ​ដល់​ស្ថាន​ទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ដែល​បានផ្តល់​ការគាំទ្រ​ក្នុង​​ការអភិរក្ស​ប្រាសាទ​ភ្នំបាខែង​ដែល​យក​ជា​ប្រាសាទ​ស្នូល​ក្នុង​ការអភិវឌ្ឍ​នូវ​សិល្បៈ និង​ការផ្សព្វផ្សាយ​នូវ​ទស្សនៈ​របស់​ខ្មែរ​។

លោកស្រី​ថា​៖ «​យើង​មានចិត្ត​រំភើប​រីករាយ​ក្នុង​ការបន្ត​ការងារ​ក្នុង​ការគ្រប់គ្រង និង​ថែរក្សា​តំបន់​ឧទ្យាន​បុរាណ​អង្គរ​ដើម្បី​ធ្វើ​ការងារ​អភិរក្ស​ប្រាសាទ​ទាំងនេះ​បន្ត​អប់រំ និង​ធ្វើឱ្យ​ពិភពលោក​បានដឹង​ឱ្យ​ទូលំទូលាយ​»​។

លោក ប៉ិច ពិសី ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែងថា ទាំង​ជំនួយ​ទ្វេភាគី ក៏ដូចជា​ជំនួយ​ពហុភាគី​ជាទូទៅ​មាន​យន្តការ​គណនេយ្យ និង​តម្លាភាព​ខ្ពស់​ព្រោះ​មាន​ភាគី​ទី​ ៣ តាមដាន​ការអនុវត្ត​កិច្ចព្រមព្រៀង​។

លោក​ ពិសី បាន​ថ្លែងថា​៖ «​ជំនួយ​ទ្វេភាគី​ក៏ដោយ ពហុភាគី​ក៏ដោយ​ដែល​ផ្តល់​តាមរយៈ​ដៃគូ​អភិវឌ្ឍន៍ ខ្ញុំ​គិត​ថា ជាទូទៅ​គេ​មាន​យន្តការ​គណនេយ្យ និង​តម្លាភាព​ខ្ពស់​ណាស់​ដោយសារ​គេ​មាន​តួអង្គ​ទី​ ៣ ​ទី ៤ នៅក្នុង​ការត្រួតពិនិត្យ​តាមដាន​ការធ្វើ​កិច្ចព្រមព្រៀង ហើយ​ការអនុវត្ត​កិច្ចព្រមព្រៀង និង​វាយតម្លៃ​ទៅលើ​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​នោះ​ទៅទៀត​»៕