ក្រចេះ: សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​ផ្ទះ​ឈ្មួញ​ឈើ​មួយ​កន្លែ​ង នៅ​សង្កាត់​អូរ​ឫស្សី ក្រុង ក្រចេះ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ មិថុនា ដោ​យ​បាន​រឹប​អូស​រថ​យន្ត​សាំយ៉ុង​​ដឹក​​ឈើ​ពេញ​ៗចំនួន ៨ គ្រឿង​ ខណៈ​​រថយន្ត​ទាំង​នេះ​ បម្រុង​ដឹក​ឈើ​​ចេញ​ទៅ​វៀតណាម។

លោក ជា សុភ័ក្រ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូ​ង​​ខេត្ត​ក្រចេះ បាន​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ រឹប​អូស​បាន​រថយន្ត​ដឹក​ឈើប្រ​ណីត​​ចំនួន ​៨​ គ្រឿង​ ហើយ​លោក​គ្រាន់​តែ​ជា​តំណា​ង​​ឱ្យអយ្យការ​ដែល​ជា​អ្នក​សម្រប​សម្រួល​នីតិវិធី​លើ​ករណី​នេះ​ប៉ុណ្ណោះ​។ លោក ជា សុភ័ក្រ មិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​នោះ​ទេ។

លោក​បាន​ប្រាប់​ថា៖ «កាល​ណា​មាន​បទ​ល្មើស គេ​បង្រ្កាប​ហើយ»។

លោក បួយ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ មិន​អាច​ទាក់​ទង​​ដើម្បី​សុំការ​បញ្ជាក់​បាន​ទេ កាល​ពី​ម្សិលមិញ។

យោង​តាម​ការ​ចុះផ្សាយ​រប​ស់ Fresh News បាន​ឱ្យ​ដឹង​ថា ​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​ក្រចេះនា​ថ្ងៃទី ១៧ ខែ​ មិថុនា បាន​ចុះ​ឡោ​ម​ព័ទ្ធ​លំនៅ​ឋាន​ស្តុក​ឈើរបស់​ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ នៅ​ចំណុច​ភូមិ​កាប៉ូក្នុង​សង្កា​ត់​​អូរ​ឫស្សី ក្រុង​ក្រចេះ​។ សមត្ថ​​កិច្ច​បាន​រឹប​អូស​រថយន្ដ​សាំយុ​ង​ដឹក​ឈើ ៨​ គ្រឿង ដែល​លាក់​​ទុក​ក្នុង​ផ្ទះ​បម្រុង​ដឹក​ទៅ​កាន់​ប្រទេស​ វៀតណាម។

លោក ឡុង យឹង មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​ថ្លែង​ថា កម្លាំង​អាវុធ​​ហត្ថបាន​ចុះឡោម​ព័ទ្ធ​លំនៅ​​ឋាន​ឈ្មួញ​ឈើ និង​បាន​ឃាត់​រថយន្ត​ចំនួន ៨ គ្រឿង ដែល​លា​ក់​ទុក និង​​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ឈើតាត្រាវ​ពេញ​ក្នុង​រថ​យន្ត និង​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ យក​ទៅ​រក្សា​ទុក​នៅ​ស្ថានី​យបណ្តុះ​កូន​ឈើ​ខ្សារ។

លោក ឡុង យឹង បាន​បញ្ជា​ក់​​​ថា នៅ​ក្នុង​​ប្រតិ​បត្តិ​ការ​បង្ក្រា​ប​នេះ ម្ចាស់​ឈ្មួញ​ឈើ មិន​បាន​នៅ​ផ្ទះ​នោះ​ទេ ហើយ​ជនសង្ស័​យ​​រូប​នេះ ត្រូវ​បាន​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្ត​ស្រាវ​ជ្រាវ​ឃើញ​មាន​ពាក់​​ព័ន្ធ​ក្នុង​មុខ​ជំនួញ​ឈើ​ប្រណីត​ឆ្លងដែន។

លោក ម៉ី វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ថ្ម​គ្រែ បាន​ថ្លែង​ថា ឈើទាំង​នេះ​ជា​ប្រភេទ​ឈើ​ប្រណីត​តាត្រាវ និង​ឈើ​លេខ​ ១ ដែល​មាន​មុខ​កាត់​ធំៗ និង​មាន​ប្រវែង​ចាប់​ពី ២ ម៉ែត្រ ដល់ ៣ ​ម៉ែត្រ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​មិញ​សមត្ថ​​កិច្ច មិន​ទាន់​ធ្វើការ​វាស់​វែង​នៅ​ឡើយ​ទេ។

ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ដែរ យោ​ង​​តាម​គេហ​ទំព័រ​កង​រាជ​អាវុធ​ហ​ត្ថ​​លើ​ផ្ទៃ​ប្រទេស​បានឱ្យ​​ដឹង​ថា កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី កាល​​ពី​ថ្ងៃ​អាទិត្យបាន​ចុះ​បង្ក្រាប​ឈើ ដែល​​​ជន​ល្មើស​បាន​យក​មក​គរ និង​រក្សា​ទុក​នៅ​ក្នុង​ចម្ការ​ស្វាយ​ចន្ទីស្ថិត​ក្នុង​​ភូមិ​ចាយ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដោយ​​មិន​ទាន់​ធ្វើ​ការ​វាស់​វែង។ បច្ចុប្បន្ន វត្ថុតាង​ត្រូវ​បាន​សមត្ថកិ​ច្ចដឹក​ជញ្ជូន​យក​មក​រក្សា​ទុក នៅ​ស្នាក់​ការ​សន្តិ​សុខ ៧៨៧ ក្នុង​ស្រុក​អណ្តូងមាស៕