
មន្ត្រីតំណាង UN ត្រូវបាននាំខ្លួនចេញពីក្រុមអ្នកតវ៉ាដីធ្លីនៅទីលានប្រជាធិបតេយ្យ។ ផា លីណា
ភ្នំពេញ: អាជ្ញាធរខណ្ឌឫស្សីកែវកាលពីម្សិលមិញបានរារាំងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងមន្ត្រីរបស់អង្គការសហប្រជាជាតិមិនឲ្យចូលជួបប្រជាពលរដ្ឋដែលត្រូវបានគេបង្ខំឲ្យមកប្រមូលផ្ដុំគ្នានៅក្នុងទីលានប្រជាធិបតេយ្យថ្មីដើម្បីសុំឲ្យមន្ត្រីរាជរដ្ឋាភិបាលជួយរកដំណោះស្រាយដីធ្លីរបស់ពួកគេដែលមានជម្លោះរ៉ាំរ៉ៃជាមួយម្ចាស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីម្សិលមិញដោយអះអាងថាការហាមមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានពីក្រុមពលរដ្ឋមានជម្លោះដីធ្លីនេះ ដោយសារមិនចង់ឲ្យមានការរំខានដល់ការធ្វើការងាររបស់អាជ្ញាធរ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់ថា ហាមមិនឲ្យចូលទេ តែឥឡូវចាំឲ្យពួកខ្ញុំធ្វើការងារហ្នឹងសិន។ ចាំខ្ញុំធ្វើកិច្ចការងារហ្នឹងចប់សព្វគ្រប់ ចាំខ្ញុំផ្តល់កិច្ចសម្ភាសន៍ជូន ព្រោះអីរដ្ឋបាលរាជធានីភ្នំពេញមានអ្នកនាំពាក្យ។ អ៊ីចឹងពេលយើងធ្វើការចប់ យើងនឹងសង្ខេបព្រឹត្តិការណ៍ទាំងអស់ទៅឲ្យអ្នកនាំពាក្យ»។
នៅថ្ងៃទី ៦ វិច្ឆិកានេះពលរដ្ឋរងគ្រោះដីធ្លីប្រហែលជាង ៧០០ នាក់មកពីតាមសហគមន៍នានានៃខេត្តព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ ព្រះវិហារ កណ្ដាល និងរាជធានីភ្នំពេញបានប្រមូលគ្នាមកធ្វើការដាក់ពាក្យបណ្ដឹង និងដាក់ញត្តិ ដើម្បីស្វែងរកដំណោះស្រាយបញ្ហារបស់ពួកគេនៅតាមស្ថាប័នជាតិសំខាន់ៗដូចជា ក្រសួងយុត្តិធម៌ រដ្ឋសភាជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងគណៈកម្មការទទួលពាក្យបណ្ដឹងនៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក យូរ វាសនា តំណាងសហគមន៍ទំនាស់ដីធ្លីមកពីខេត្តព្រះសីហនុបានអះអាងថា បញ្ហាទំនាស់ដីធ្លីមានស្ទើរតែពេញប្រទេសកម្ពុជា និងអូសបន្លាយពេលវេលាច្រើនឆ្នាំដោយមិនបានជួយដោះស្រាយបញ្ចប់ ព្រោះអាជ្ញាធរមិនមានឆន្ទៈពិតប្រាកដ និងខ្លាចអំណាចម្ចាស់ក្រុមហ៊ុនដែលមានសែស្រឡាយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬមានលុយច្រើន។
លោក វាសនា ថ្លែងថា៖ «ខ្ញុំគិតថាអំណាចក្រុមហ៊ុន និងអំណាចទឹកលុយធ្វើឲ្យមានការអូសបន្លាយដោះស្រាយទំនាស់ដីធ្លីរបស់ពួកខ្ញុំ ព្រមទាំងបណ្ដាលឲ្យជីវភាពពលរដ្ឋធ្លាក់ចុះខ្លាំង ព្រោះរវល់តែមកតវ៉ាយកដីធ្លីរបស់ខ្លួនឯងមកវិញ ដោយគ្មានពេលប្រកបមុខរបរចិញ្ចឹមជីវិត»។
លោក វាសនា ថ្លែងបន្តថា៖ «ឯកឧត្តម ជា សុផារ៉ា មានឆន្ទៈពិតប្រាកដ ប៉ុន្ដែមន្ត្រីផ្សេងៗទៀតគឺគ្មានឆន្ទៈជួយដោះស្រាយបញ្ហាពលរដ្ឋទេ ម្នាក់ៗគិតតែលើកដាក់គ្នា តិចថាឲ្យទៅរកអ្នកនេះ តិចថាឲ្យទៅរកអ្នកនោះជួយដោះស្រាយ ប៉ុន្ដែលទ្ធផលចុងក្រោយគ្មានបានអ្វីទាំងអស់ ខ្ញុំពិតជាមានការសោកស្ដាយចំពោះមន្ត្រីទាំងនេះណាស់»។
អ្នកស្រី លឹម សុភី តំណាងពលរដ្ឋសហគមន៍ទំនាស់ដីធ្លីមកពីខេត្តកោះកុងបានថ្លែងថា ការប្រមូលផ្ដុំគ្នាតវ៉ា និងដាក់ពាក្យបណ្ដឹងដាក់ញត្តិនេះដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់រហ័សនៅតាមស្ថាប័នជាតិសំខាន់ៗ។
ស្ថាប័នរដ្ឋាភិបាលដែលមានក្រសួងពាក់ព័ន្ធគួរចុះដោះស្រាយជម្លោះដីធ្លីពលរដ្ឋជាមួយអ្នកមានអំណាច ក្រុមហ៊ុនឯកជន និងការឃុបឃិតពីសំណាក់អាជ្ញាធរមួយចំនួនបានរឹបអូសដីធ្លី។ ក្រៅពីនេះពលរដ្ឋស្នើឲ្យអាជ្ញាធរអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋ ឬសកម្មជនដីធ្លីដែលកំពុងជាប់ពន្ធនាគារឲ្យមានសេរីភាព និងបញ្ឈប់ការគំរាមកំហែងតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការប្ដឹងលើប្រជាពលរដ្ឋដែលធ្វើការតវ៉ា ឬស្វែងរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាដីធ្លី។
អ្នកស្រី លឹម សុភី បានថ្លែងថា៖ «បើពួកគាត់មិនសូវមានឆន្ទៈដោះស្រាយទេ ព្រោះពួកគាត់តែងតែលើកឲ្យគ្នាទៅវិញទៅមក។ ហើយបញ្ហាដែលពួកគាត់ឆ្លើយថា កំពុងសិក្សាៗនេះគឺខ្ញុំបានឮពាក្យនេះអស់រយៈពេលជិត ១០ ឆ្នាំហើយនៅតែមិនទាន់សិក្សាចេញជាលទ្ធផលទៀត»។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) បានថ្លែងថាចំពោះម្ចាស់ក្រុមហ៊ុនមានអំណាច និងក្រុមហ៊ុនមានលុយច្រើនដែលអភិវឌ្ឍបង្កឲ្យប៉ះពាល់ដីធ្លី និងផ្ទះសំបែងរបស់ពលរដ្ឋធ្វើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិពិបាកដោះស្រាយ និងរកយុត្តិធម៌ជូនពលរដ្ឋ។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនមានអំណាច ឬមានអ្នកឈរកាងពីក្រោយ គឺអាចជាការព្រួយបារម្ភខ្លាំង និងពិបាកសម្រាប់ពលរដ្ឋគ្មានអំណាចក្នុងការស្វែងរកយុត្តិធម៌ និងដំណោះស្រាយព្រោះកន្លងមកយើងឃើញថា ក្រុមហ៊ុនទាំងនោះជួលមន្ត្រីឲ្យធ្វើបាបពលរដ្ឋ ប៉ុន្ដែបើនិយាយពីច្បាប់ហាក់មិនសូវមានប្រសិទ្ធភាពទេ»។
លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមដឹកនាំមន្ត្រីចម្រុះដោះស្រាយបណ្ដឹងនៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានថ្លែងថា លោកបានទទួលព័ត៌មានទាក់ទងនឹងពលរដ្ឋនាំគ្នាមកតវ៉ានេះរួចហើយ ដោយលោកបានចាត់តាំងមន្ត្រីជំនាញពិនិត្យញត្តិ និងពាក្យបណ្ដឹងទាំងអស់របស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានទទួលសំណុំរឿងទាំងអស់ហ្នឹងហើយ ហើយមន្ត្រីយើងកំពុងធ្វើការតាមជំនាញរៀងៗខ្លួន។ ឥឡូវនេះពួកគាត់បាននាំគ្នាទៅផ្ទះវិញអស់ហើយ អត់អីទេ យើងនឹងដោះស្រាយជូនគាត់»៕