សៀមរាប: អ្នកជំនាញ​ក្នុង​វិស័យ​សកម្មភាព​មីន​កាលពី​ម្សិលមិញ​បាន​ជំរុញ​លើក​ទឹកចិត្ត​ស្ដ្រី (​យេនឌ័រ​) ​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​កម្ចាត់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ទីតាំង​មាន​មីន​នៅ​កម្ពុជា​ និង​តំបន់​អាស៊ាន​។

ការលើក​ឡើង​ពី​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​ស្តីពី​ «​ការពង្រឹង​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន​ និង​លើកកម្ពស់​ឲ្យ​មាន​ការ​រៀបចំ​វេទិកា​សម្រាប់​ការចែករំលែក​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន​បន្ថែម​ទៀត​នាពេល​អនាគត​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​» ​ដែល​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​មាជិក​អាស៊ាន​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ផ្នែក​សកម្មភាព​មីន​នានា​សរុប​ប្រមាណ​ ១០០ នាក់​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ១២ ដល់ ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា​នៅ​ខេត្ត​សៀមរាប​។

លោក លី បញ្ញារិទ្ធិ៍ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ (ARMAC) បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នោះ​ថា តាម​តម្រូវការ​នៅក្នុង​សកម្មភាព​មីន​នាពេល​បច្ចុប្បន្ន គេ​ត្រូវការ​ស្ត្រី​ចូលរួម​ជាមួយ​ការងារ​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ាន​។

លោក​បន្ត​ថា​ក្នុង​នោះ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​សកម្មភាព​មីន​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ដោយ​ផ្តោត​លើ​ផលប៉ះពាល់​ខុស​គ្នា​នៃ​គ្រោះថ្នាក់​ដោយសារ​មីន​លើ​បុរស និង​ស្ត្រី​ដូចជា​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ និង​ការបំពេញ​ការងារ​ជាដើម​។ ក្រៅពី​នេះ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​មន្ត្រី​ជំនាញ​កំពុង​ពង្រឹង​គុណភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​សុនខ និង​កណ្តុរ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​។

លោក លី បញ្ញារិទ្ធិ៍ បាន​បញ្ជាក់​ថា​៖ «​សិក្ខាសាលា​ថ្នាក់​តំបន់​ដែល​មាន​រយៈពេល​ ៣ ​ថ្ងៃ​នេះ​មាន​វគ្គ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​មួយ​ចំនួន​ដូចជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​នូវ​ជំនួយ​ដល់​ជនពិការ​ដោយសារ​មីន និង​វិធីសាស្ត្រ​ក្នុង​ការអប់រំ​យល់ដឹង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​ជាពិសេស​លើក​ទឹកចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​ដែរ​»​។

ចំណែក​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​ហៅ​កាត់​ស៊ីម៉ាក់ (CMAC) ​បាន​ឱ្យ​ដឹង​ថា​លោក​គាំទ្រ​ចំពោះ​ការលើក​ទឹកចិត្ត​នេះ​ព្រោះ​ក្នុង​ចំណោម​បុគ្គលិក​ស៊ីម៉ាក់​ដែល​កំពុង​បំពេញ​ការងារ​ចំនួន ១៥០០ ​នាក់​ក្នុង​នោះ​មាន​បុគ្គលិក​ជា​ស្ដ្រី​ជាង​ ១៦០ ​នាក់​។ លោក​បន្ត​ថា​បុគ្គលិក​ជា​ស្ដ្រី​ទាំង​នោះ​ភាគច្រើន​ពួកគាត់​ជា​អតីត​គ្រូបង្រៀន ហើយ​បច្ចុប្បន្ន​ពួកគាត់​ក៏​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​លើ​គ្រប់​ផ្នែក​ទាំងអស់​។

លោក​បញ្ជាក់​ថា​៖ «​លទ្ធភាព​ការងារ​ដែល​ស្ដ្រី​កំពុង​តែ​ធ្វើ​នៅក្នុង​ស្ថាប័ន​មួយ​នេះ​គឺ​មិន​ចាញ់​បុគ្គលិក​បុរស​នោះ​ទេ​។ ទោះបី​ជា​ការងារ​ទាំងនោះ​មាន​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ចំនួន​ក៏ដោយ​ក៏​ស្ដ្រី​ដែល​ធ្វើការ​នៅក្នុង​ផ្នែក​នេះ​មិន​រួញរា​ដែរ​»៕