ភ្នំពេញៈ សាលាឧទ្ធរណ៍ប្រកាសសាលដីកាពីម្សិលមិញបានសម្រេចតម្កល់ទោសម្នាក់ៗពី ២០ ទៅ ៣០ ឆ្នាំចំពោះជនជាប់ចោទ ៤ នាក់ដែលជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀនជាង ១ ពាន់ក្រាម ដែលសាលាដំបូងបានកាត់ទោសកាលពីឆ្នាំ ២០១៣។
លោកចៅក្រម យន់ ណារ៉ុង បានអានសាលដីកាកំបាំងមុខក្រុមជនជាប់ចោទពីម្សិលមិញក្នុងបន្ទប់សវនាការដោយមិនបញ្ជាក់ពីមូលហេតុថា៖ «សំណុំរឿងជួញដូរគ្រឿងញៀនដែលមានជនជាប់ចោទ ៤ នាក់គឺឧទ្ធរណ៍តម្កល់ទោសនៅដដែល»។
តាមកំណត់ហេតុតុលាការមានជនជាប់ចោទទី ១- ឈ្មោះ ឈៀង ជុំណូល អាយុ ៤៤ ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ូ អ៊ីវភេង ហៅលីស៊ីអាយុ ៤០ ឆ្នាំជាជនជាតិថៃជាថៅកែភោជនីយដ្ឋានឈ្មោះម្លិះអង្គរនៅខេត្តសៀមរាប។ ទី ៣- ឈ្មោះ ផេង ផល ហៅ តឿ ភេទប្រុស អាយុ ៤៥ ឆ្នាំ និងឈ្មោះ អែល វណ្ណរ៉ានី ប្រុស អាយុ ៣៧ ឆ្នាំត្រូវចាប់ខ្លួននៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមនកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ។ តាមកំណត់ហេតុដដែលបង្ហាញថាកាលពីថ្ងៃទី ២៧ កុម្ភៈ ២០១២ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ក្រាបជនជួញដូរគ្រឿងញៀនទាំងនេះនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ក្នុងការបង្ក្រាបនោះសមត្ថកិច្ចចាប់បានមនុស្សចំនួន ៤ នាក់ និងឆែកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៣៧៣,២ ក្រាម និងមេតំហ្វេតាមីនចំនួន ២៩៦,៤ ក្រាមរួមថ្នាំញៀនប្រភេទ WY ចំនួន ១១១៣,២ ក្រាមជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣ គ្រឿងរថយន្តកាមរី ១ គ្រឿង និងរថយន្តឡិចស៊ីស ៣៣០ ចំនួន ១ គ្រឿង។
សំណុំរឿងនេះត្រូវសាលាដំបូងបើកសវនាការនៅថ្ងៃទី ៨ មករា ឆ្នាំ ២០១៣ និងប្រកាសសាលក្រមនៅថ្ងៃទី ២៥ មករា ឆ្នាំ ២០១៣ ឲ្យឈ្មោះ ឈៀង ជុំណូលជាប់គុក ៣០ ឆ្នាំ និងពិន័យ ៦០ លានរៀល និងប្រពន្ធឈ្មោះ ប៊ូ អ៊ីវភេងហៅ លីស៊ី ដាក់គុក ២០ ឆ្នាំ និងពិន័យ ៤០ លានរៀល។ ឈ្មោះ ផេង ផល ហៅតឿ និងឈ្មោះ អែល វណ្ណរ៉ានី ដាក់គុកម្នាក់ៗ ២០ ឆ្នាំ និងពិន័យ ៤០ លានរៀលចោទពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀនតាមមាត្រា ៣២- ៤០ និង ៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
កាលពីថ្ងៃជំនុំជម្រះនៅឧទ្ធរណ៍ជនជាប់ចោទឈ្មោះ ផេង ផល បាននិយាយក្នុងសវនាការថាគាត់ជាជាងជួសជុលរថយន្ត និងបានស្នាក់នៅជាមួយឈ្មោះ ឈៀង ជុំណូល ជាឪពុកមារបស់គាត់ហើយមុនសមត្ថកិច្ចឃាត់ខ្លួនគាត់គឺបុរសឈ្មោះបារាំងបានទូរស័ព្ទឲ្យគាត់បើករថយន្តទៅឲ្យគេមើល។ ពេលនោះជនជាប់ចោទបានហុចសោរថយន្តទៅឲ្យឈ្មោះបារាំងហើយ ជននោះបានប្រគល់សោរថយន្តមកវិញ និងបានប្រគល់កញ្ចប់លុយចំនួន ២ ម៉ឺនដុល្លារឲ្យទៅជនជាប់ចោទឈ្មោះ ផេង ផល។
ផេង ផល បាននិយាយថា៖ «ពេលប៉ូលិសចាប់ខ្ញុំឆែក មិនឃើញមានអ្វីទេតែពេលចាប់ខ្ញុំទៅក្រសួងមហាផ្ទៃបាន ២ ថ្ងៃទើបបង្ហាញកញ្ចប់ ១ ដល់ខ្ញុំហើយប្រាប់ខ្ញុំថាជាកញ្ចប់គ្រឿងញៀន។ ក្រោយមកប៉ូលិសឲ្យខ្ញុំផ្តិតមេដៃលើក្រដាសសហើយប្រាប់ខ្ញុំថា ផ្តិតទៅគេឲ្យទៅផ្ទះវិញ ហើយខ្ញុំក៏ផ្តិតតាមទៅ»។
ដោយឡែកជនជាប់ចោទទាំង ៣ នាក់ផ្សេងទៀតកាលពីថ្ងៃទី ៦ សីហាបានឆ្លើយប្រាប់ចៅក្រមសាលាឧទ្ធរណ៍ដូចៗគ្នាថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់នគរបាល និងតុលាការទេ ព្រោះពេលចាប់សមត្ថកិច្ចឆែកខ្លួនពួកគេមិនឃើញមានអ្វីទេ និងបានស្នើឲ្យតុលាការដោះលែងពួកគេវិញ។
កាលពីថ្ងៃជំនុំជម្រះនេះដែរលោកព្រះរាជអាជ្ញា អ៊ឹម សុផាន ជាតំណាងមហាអយ្យការសន្និដ្ឋានថា រឿងនេះខាងតុលាការបានកោះអញ្ជើញនគរបាលដែលចុះបង្ក្រាបឲ្យមកឆ្លើយតែគាត់មិនមកតុលាការទេព្រោះតុលាការចង់ឲ្យគាត់មកបកស្រាយហើយគាត់ក៏មិនបានធ្វើកំណត់ហេតុនៅកន្លែងឃាត់ខ្លួន និងឲ្យជនជាប់ចោទផ្តិតមេដៃលើក្រដាសសដូចការអះអាងរបស់ជនជាប់ចោទដែរឬអត់។ ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិនិត្យឡើងវិញ។
លោក ហេង ចាន់វុធ មេធាវីការពារសិទ្ធិក្រុមជនជាប់ចោទក៏សន្និដ្ឋានដែរថារឿងនេះមានវិមតិ សង្ស័យច្រើនដូចកូនក្តីរបស់លោកប្រាប់តុលាការអ៊ីចឹងព្រោះពេលចាប់ខ្លួនឆែកមិនឃើញមានគ្រឿងញៀនហើយសមត្ថកិច្ចឲ្យពួកគាត់ផ្តិតមេដៃហើយប្រាប់ថាឲ្យទៅផ្ទះវិញ។ ដូច្នេះសូមតុលាការពិចារណា៕