ភ្នំពេញ: សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​១៣​ ខែ សីហា ​ករណី​បង្កើត ​Facebook ប្រើ​រូបថត​លោក ​ចៅ ប៊ុនហួន ជា​មេធាវី​ស្ម័គ្រ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​បោកប្រាស់​អ្នក​ដទៃ ​តែ​ត្រូវ​បាន​សាមី​ខ្លួន​ប្ដឹង​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា បុរស​ម្នាក់​ឈ្មោះ នួន វ៉ា អាយុ ​៣២ ​ឆ្នាំ ដែល​បាន​បង្កើត Facebook ​ប្រើ​រូប​លោក ចៅ ប៊ុនហួន ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃទី ១៥ ​ខែ សីហា​​ ក្រោយ​ពី​ឃាត់​ខ្លួន​នៅ​ភ្នំពេញ​។

លោក​បន្ត​ថា កន្លង​មក​នេះ ជន​សង្ស័យ​បាន​លួច​រូបថត​លោក​មេធាវី ចៅ ប៊ុនហួន យក​ទៅ​បង្កើត​គណនី​ Facebook ក្លែងក្លាយ​ដើម្បី​បោកប្រាស់​អ្នក​ដទៃ​ជា​ច្រើន​ករណី ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ករណី​ទាំង​នោះ​ទេ។ ចំពោះ​ករណី​ចុង​ក្រោយ​នេះ ជន​សង្ស័យ​បាន​ឆបោក​ម្ចាស់​ Facebook ឈ្មោះ Chumteav KolsokhomTevi ដោយ​បាន​បង្ហោះ​រូប​លោក​មេធាវី​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «យើង​ដឹង​ចំនួន​ករណី​គាត់​ឆបោក​គេ ប៉ុន្ដែ​ឯកសារ​ទាំង​អស់ យើង​ត្រូវ​បញ្ជាក់​វា​ឡើង​វិញ ព្រោះ​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដើម​បណ្ដឹង បើ​យើង​រាប់​អ៊ីចឹង​វា​ខុស​ ព្រោះ​អ្នក​ខ្លះ ​គាត់​អត់​បាន​មក​ប្ដឹង​ អ៊ីចឹង​វា​ប៉ះពាល់​សិទ្ធិ​បុគ្គល ​បើ​​ខ្ញុំ​និយាយ​ទៅ គេ​អាច​ប្ដឹង​បក​មក​នាយកដ្ឋាន​ខ្ញុំ​វិញ»។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខណៈ​នេះ​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ​ប៉ុន្ដែ​មិន​ទាន់​ដល់​ដៃ​ចៅក្រម​ដើម្បី​សាកសួរ​បន្ត​ទៀត​​ទេ​។​

លោក​បាន​ថ្លែង​ថា៖ «ចាំ​មើល​តំណាង​អយ្យការ​រូប​ណា​ដែល​ជា​អ្នក​ចាត់​ការ​រឿង​ហ្នឹង ​ឬ​សម្រេច​យ៉ាង​ណា​នោះ​គឺ​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​ទៀត​»​។

លោក ចៅ ប៊ុនហួន មេធាវី​ស្ម័គ្រ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី ​៧ សីហា​ ថ្មីៗ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​ជន​សង្ស័យ​បាន​បង្កើត​គណនី​ Facebook ក្លែងក្លាយ​ដែល​ដាក់​ឈ្មោះ ​និង​រូបថត​របស់​លោក​រួច​យក​ទៅ​ឆបោក ​និង​ចោទ​ប្រកាន់​អ្នក​ដទៃ​ជា​ច្រើន​នាក់​។

លោក​បន្ត​ថា ករណី​ដែល​ធ្វើ​ឲ្យ​លោក​មិន​សប្បាយ​ចិត្ត​នោះ​គឺ​ជនសង្ស័យ​បាន​សរសេរ​ពាក្យ​ពេចន៍​ចោទ​ប្រកាន់​ទៅ​លើ​លោកស្រី កុល សុខុមទេវី ជា​ម្ចាស់​គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi ដោយ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក​មេធាវី​ផ្ទាល់​មាន​បំណង​ឆបោក​ប្រាក់​របស់​គាត់​ទៅ​វិញ ហើយ​បានធ្វើ​ឲ្យ​លោកស្រី​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។

លោក​បាន​បញ្ជាក់​ថា៖ «លោក​ជំទាវ​ខឹង​ខ្ញុំ​ខ្លាំង​ណាស់ គាត់​គិត​ថា ខ្ញុំ​ហ្នឹង​ឆបោក និង​គំរាម​កំហែង​គាត់​យក​ប្រាក់ ហើយ​គាត់​បាន​វាយ​ប្រហារ​ខ្ញុំ​តាម Facebook រហូត ហើយ​ខ្ញុំ​ក៏​បាន​បក​ស្រាយ​ប្រាប់​មូលហេតុ​ពិត​ប្រាប់​គាត់​ដែរ ប៉ុន្ដែ​គាត់​នៅ​តែ​មិន​ស្ដាប់​ហេតុផល​នេះ ទើប​ខ្ញុំ​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​ជន​បង្ក​ហ្នឹង»​។

លោក​សង្ឃឹម​ថា​ សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​ស្វែងរក​ជន​បង្ក និង​អ្នក​បង្ក​ទៅ​លើ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ព្រោះ​ល្បិច​ឆបោក​​នេះ គេ​អាច​ចាត់​ទុក​ជា​ករណី​ថ្មី​មួយ​នៅ​កម្ពុជា។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ជួប​ប្រទះ​បញ្ហា​ដូច​លោក​ដែរ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​ការ​ចាញ់​បោក​ជន​ខិលខូច​​ទាំង​នេះ។

លោកស្រី កុល សុខុមទេវី ជា​ម្ចាស់​គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi កាល​ពី​ម្សិលមិញ មិន​ទាន់​អាច​ស្វែងរក​ប្រភព​ដើម្បី​​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

ប៉ុន្ដែ​លោកស្រី​ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​ ឈ្មោះ Chumteav Kolsokhom Tevi កាល​ពី​ថ្ងៃទី ​៨ ​សីហា​ ​ថា​៖ «សុំ​លោក​មេធាវី ចៅ ប៊ុនហួន សុំ​កុំ​បង្ក​ការ​លំបាក​ដល់​នាង​ខ្ញុំ​ទៀត​បាន​ទេ ខ្ញុំ​ជា​ជន​រងគ្រោះ ហេតុអ្វី​លោក​មក​បង្ខំ​ឲ្យ​ខ្ញុំ​ប្តឹង និង​ខ្ញុំ​កំពុង​ខ្លាច​មុខ​លោក​ឯង ព្រោះ​មុខ​ចោរ ​និង​មុខ​លោក​ដូច​គ្នា ព្រោះ​ចោរ​វា​ពាក់​មុខ​លោក លោក​ដឹង​ទេ រឿង​អី​លោក​អាង​អំណាច ​ឬ​បាន​មក​បង្ខំ​ស្ត្រី​ភេទ​ទន់​ខ្សោយ​...​»។

លោកស្រី​បន្ដ​ថា៖ «លោក​អ្នក​ច្បាប់​ ខ្ញុំ​ដឹង​ថា ចោរ​លួច​មុខ​លោក​ទៅ​បោក​គេ​ លោក​ក៏​មាន​កំហុស​ដែរ ​លោក​ដឹង​ចោរ​លួច​ហើយ ហេតុអី​លោក​មិន​បិទ​ហ្វេស​ប៊ុក​ខ្លួន​ឯង​ចោល​ទៅ​គេ​លួច​មិន​បាន​ហើយ​ លោក​អ្នក​ច្បាប់​ទៅ​ប្តឹង​ប៉ូលិស​ទៅ​ក៏​គេ​បោក​​ខ្ញុំ​មិន​បាន​ដែរ ឬ​ដូរ​រូប​ថត​ទៅ​ក៏​ខុស​គ្នា​ដែរ ឬ​ស្តាយ​រូបថត​ក្មេង​ហ្នឹង...»៕