ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ដែល​បដិសេធ​ទទួល​យក​សំណង​តាម​គោលនយោបាយ​ផ្ទះល្វែង​ទំហំ​ ២០ ​ម៉ែត្រការ៉េ និង​ថវិកា​ ២០០០ ​ដុល្លារ​ពី​សាលា​រាជធានី​ភ្នំពេញ​កន្លងមក​នេះ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលាខណ្ឌ​ ៧ ​មករា កាលពី​ព្រឹក​ម្សិលមិញ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​សមរម្យ​ និង​សុំ​ឲ្យ​អាជ្ញាធរ​ឈប់​ប្រើ​ហិង្សា​មកលើ​ពួកគាត់ ក្រោយពី​ឃើញ​សាលា​រាជធានី​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​ដោយ​ដាក់​ឱសានវាទ​ឲ្យ​ចាកចេញ​។

អ្នកស្រី តូច ចន្ថា អាយុ​ ៥៦ ​ឆ្នាំ​ដែល​រស់នៅ​ផ្ទះ​ប្រក់​សង្ក​សី​ភាគ​ខាង​ជើង​អគារ​បុរី​កីឡា​ចាស់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការតវ៉ា​នេះ​គឺ​ដោយសារ​កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​បាន​​បិទ​ផ្សាយ​លិខិត​ជូនដំណឹង​ស្ដី​ពីថ្ងៃ​ឱសានវាទ​ចុងក្រោយ​សម្រាប់​ឲ្យ​ពួកគាត់​ចាកចេញ​ពី​អគារ​ចាស់ និង​ផ្ទះ​ខៀវ​ក្នុង​តំបន់​បុរីកីឡា​ឲ្យ​អស់​ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​គិត​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​ដែល​ចេញ​កាលពី​ថ្ងៃ​ទៅ​ ១៥ ខែសីហា តទៅ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ក្នុង​លិខិត​ជូនដំណឹង​នោះ អាជ្ញាធរ​បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​រុះរើ និង​ឈូសឆាយ​អគារ​ចាស់ និង​សំណង់ផ្ទះ​ខៀវ​នោះ​​ក្រោយពេល​ផុត​ឱសានវាទ​ ១ ​ថ្ងៃ​ និង​​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ ឬ​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​ពួកយើងខ្ញុំ​»​។

ចំណែក​អ្នកស្រី អួន កងវិសាគរ ដែល​ធ្លាប់បាន​បដិសេធ​ទទួល​សំណង​​ពី​សាលា​រាជធានី​ភ្នំពេញ​ដែល​តម្រូវ​ឲ្យ​​គាត់​ចាក​ចេញ​ពី​បុរី​កីឡា​ទៅ​រស់នៅ​ភូមិ​​អណ្ដូង​ជាមួយនឹង​ទឹកប្រាក់​ ២៥០០ ​ដុល្លារ​ និង​ផ្ទះមួយ​ខ្នង​ទំហំ​ ៤ ​ម​x៥ ​ម កាលពី​អំឡុង​ឆ្នាំ​ ២០១៦-២០១៧ ​នោះ​បាន​ចាត់ទុក​សេចក្ដី​ជូន​ដំណឹង​នេះ​ថា ជាការ​ដាក់​សម្ពាធ​ថ្មី​មួយទៀត ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​ប្រញាប់​ទទួល​យក​សំណង​ដែល​ពួកគាត់​ធ្លាប់​បដិសេធ​រួចមកហើយ​នោះ ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។

អ្នកស្រី​ថ្លែង​ថា​៖ «​យើង​មក​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាខណ្ឌ​៧​មករា​នាពេល​នេះ​គឺ​ដើម្បី​សំណូមពរ​ឲ្យ​មន្ត្រី​អាជ្ញាធរ​បញ្ឈប់​ការគំរាមកំហែង​បំភិតបំភ័យ និង​ប្រើ​ហិង្សា​មកលើ​យើង​ខ្ញុំ​តទៅទៀត ខណៈ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​បាន​កំណត់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​តេជោ​ ហ៊ុន សែន​»​។

ជាមួយ​គ្នា​នេះ​អ្នកស្រី តាំង គីមស្រ៊ូយ អតីត​ប្រធាន​សហគមន៍​រង្វង់មូល និង​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សាងសង់​អគារ​ផ្ទះល្វែង​​បុរី​កីឡា​មួយរូប​ដែរនោះ​បាន​ថ្លែងថា​នៅក្នុង​កិច្ចព្រមព្រៀង​គឺ​ក្រុមហ៊ុន​​របស់​អ្នកស្រី ស៊ុយ សុផាន បាន​ឯកភាព​ថា​នឹង​សង់​អគារ​ផ្ទះល្វែង​ចំនួន​ ១០ ​អគារ​មិនមែន​​ ៨ ​អគារ​នោះទេ​។

អ្នកស្រី​បាន​បន្តថា​ការសាងសង់​អគារ​មិន​គ្រប់​តាម​គម្រោង​ផែនការ​​ដែល​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា​ជាច្រើន​រយ​គ្រួសារ​បាន​ចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​​រដ្ឋាភិបាល​គួរតែ​ជំរុញ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០០៣ និង​ផ្ដល់​សំណង​​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំងនេះ​»​។

បើតាម​អ្នកស្រី គីមស្រ៊ូយ អាជ្ញាធរ​​ចង់​ឈូសឆាយ​អគារ​បុរីកីឡា​ចាស់ៗ​​ទាំងនោះ​ចោល​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​របស់​ចិន​មួយ​ឈ្មោះ CEO KT Pacific ដែល​វិនិយោគ​ទៅលើ​សំណង់​​អគារ​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​ដែលមាន​កម្ពស់​ ៣៣ ​ជាន់​។

ជុំវិញ​ករណី​នេះ​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា និង លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ប្រធាន​គណៈកម្មការ​​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​តំបន់​បុរីកីឡា​ព្រមទាំង លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បាន​ទេ​កាលពី​ម្សិលមិញ​៕