ព្រះសីហនុៈ ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នកម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​នៅ​វេលា​ម៉ោង​ជាង​ ១២ ថ្ងៃ​ទី​ ១៧ ខែ​មិថុនា​ម្សិលមិញ​គឺ​ប្រមាណ​ជា​ ៣ ​ម៉ោង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នៅ​ស្រុក​ព្រៃនប់ ខណៈ​ដែល​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មនុស្ស ៦ ​នាក់​ផ្សេង​ទៀត​ដែល​រងរបួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។

លោក កេត សុភ័ក្រ អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​តាម​ព័ត៌មាន​ដែល​លោក​បាន​ទទួល​អ្នកម្នាង អ៊ុក ផល្លា អាយុ ៣៩ ​ឆ្នាំ​បាន​ស្លាប់​ហើយ បន្ទាប់ពី​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ប្រហែល​ជា​ម៉ោង ជិត ៩ ព្រឹក​នៅ​ពេល​ដែល​ក្បួន​រថយន្ត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ ៤ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឡាន​តាក់ស៊ី​ ១ ​គ្រឿង​បាន​បើក​ចូល​ទៅ​បុក​ឡាន​របស់​ព្រះអង្គ​នៅ​ខាង​ស្តាំ​ដៃ​ពេញ​ទំហឹង​។

លោក​អភិបាលខេត្ត​ថ្លែង​ថា​លោក​ឃើញ​មាន​ការបុក​ខ្លាំង​នៅ​ខាង​មុខ​ហើយ​ឃើញ​ម៉ាស៊ីន​រថយន្ត​របូត​ចេញ​ហើយ​ខ្ទេច​ខ្លាំង​នៅ​ចំហៀង​ខាង​មុខ​។

បើ​តាម​លោក យន្ត មីន ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែង​កើតហេតុ​ឡាន​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ គឺ​បើក​ប្រកាន់​ស្តាំ​បាន​ត្រឹមត្រូវ ហើយ​ឡាន​អ្នក​បើក​តាក់ស៊ី highlander បាន​បើក​ចូល​ទៅ​បុក​ឡាន​របស់​ព្រះអង្គ​។

លោក យន្ត មីន ដែល​ក៏​បាន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ដែរ​នោះ​ថ្លែង​ថា​៖ «​បើ​តាម​អ្នក​បច្ចេកទេស​ពេទ្យ អ្នកម្នាង​ ផល្លា បាន​ស្លាប់​ហើយ​តាំងពី​ម៉ោង​ជាង ១២ បន្តិច​។ ពេល​ដែល​ខ្ញុំ​ទៅ​មើល​គាត់ គាត់​អត់​ដឹង​ខ្លួន​ទេ ហើយ​ពេទ្យ​បាន​ប្រាប់​ថា​គាត់​មិន​ដកដង្ហើម​ខ្លួនឯង​ទេ​គឺ​ដក​ដោយ​ម៉ាស៊ីន​...​។ សម្តេចក្រុមព្រះ​ត្រូវ​យន្តហោះ​ដឹក​យក​ទៅ​ភ្នំពេញ​នៅ​ម៉ោង ១ ​និង​ ១៥ ​នាទី​។ សម្តេច​ក្រុមព្រះ​ក៏​ប្រើ​អុកស៊ីហ្ស៊ែន​ដែរ ហើយ​គាត់​ត្រូវ​គួរសម​ដែរ​»​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​ឡាន highlander ដែល​មាន​គ្នា​ពី ៤ ទៅ ៥ នាក់​ត្រូវ​របួស​ទាំងអស់​ផង​ដែរ ប៉ុន្តែ​ខាង​សម្តេច​ក្រុមព្រះ​រងរបួស​ធ្ងន់​ជាង​...​សម្តេច​ក្រុមព្រះ និង​អ្នកម្នាង​ជិះ​នៅ​ខាង​ក្រោយ​»​។

លោក អភិបាលខេត្ត​ក៏​មាន​ចម្ងល់​ផង​ដែរ ខណៈ​ដែល​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​អ្នកម្នាង​ដែល​ជិះ​នៅ​ខាង​ក្រោយ​បែរ​ជា​ត្រូវ​ស្លាប់​ និង​រងរបួស​ធ្ងន់ ខណៈ​អ្នក​បើកបរ​នៅ​ខាង​មុខ​បែរ​ជា​រួច​ផុត​ជីវិត​ទៅ​វិញ​។

រថយន្ត​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ រូបថត ហ្វេសប៊ុក

លោក​បន្ថែម​ថា​៖ «​ក្រោយ​ហេតុការណ៍​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ពេល​ឃើញ​ឡាន​នៅ​ផ្នែក​ខាង​ក្រោយ​ (​មិន​ឃើញ​បុក​ដូច​ខាង​មុខ​) មិន​គួរ​អ្នក​នៅ​ខាង​ក្រោយ​រងរបួស​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង ដោយសារ​មិន​មាន​ប៉ះ​អី​នៅ​ពី​ក្រោយ ប៉ុន្តែ​ ប៉ះ​នៅ​ខាង​មុខ​ខ្លាំង តែ​អ្នក​បើកបរ​អត់​អី​ទៅ​ជា​អី​អ្នកម្នាង​ និង​ព្រះអង្គ​ទៅវិញ​ដែល​នៅ​ក្រោយ​»​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក​ យន្ត មីន បញ្ជាក់​ថា​នេះ​គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ជា​រឿង​នយោបាយ​ដូច​ការសង្ស័យ​របស់​អ្នក​ខ្លះ​នោះ​ទេ​។

លោក​បន្ថែម​ថា៖ «​វា​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទេ​...​ខ្ញុំ​មិន​គិត​ថា​ជា​រឿង​នយោបាយ​ទេ​។ ខ្ញុំ​គិត​ថា​ស្រុក​ខ្មែរ​មិន​មាន​រហូត​ដល់​ថ្នាក់​កាប់សម្លាប់​គ្នា និង​នយោបាយ​ធ្វើឃាត​គ្នា គ្មាន​ទេ​។ ស្រុក​ខ្មែរ យើង​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ ហើយ​វា​កម្រ​ណាស់​រឿង​អ៊ីចឹង​នោះ​ដល់​ថ្នាក់​យក​ឡាន​បុក​បែប​នេះ​មិន​អាច​ទេ​»​។

អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​ ញេប ប៊ុនជិន បាន​ថ្លែង​ថា ព្រះអង្គម្ចាស់ រណឫទ្ធិ កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ហើយ​ក្រៅពី​នេះ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ថ្មី​ទេ​។

លោក​បន្ត​ថា​៖ «​សម្តេច​ក្រុមព្រះ គាត់​នៅ​ដឹង​ព្រះកាយ​ទេ​...​។ ហេតុអ្វី​ក៏​វា​ចៃដន្យ​អី​ត្រូវ​តែ​ព្រះអង្គ​ និង​អ្នកម្នាង​...​យើង​ឃើញ​តៃកុង​ឡាន​គាត់​កាន់​កាបូប​ឲ្យ​លោក និង​បី​លោក​ចេញ​ពី​ឡាន​ទៅ​ដាក់​ឡាន​មួយ​ទៀត​។ សម្តេច​ត្រូវ​របួស​ចំ​ជើង​ឆ្វេង យើង​ភ័យ​ស្លន់ស្លោ​គ្រប់​តែ​គ្នា​»​។

បើ​តាម​លោក​ ប៊ុនជិន សព​របស់​អ្នកម្នាង​ ផល្លា ប្រហែល​ជា​យក​ទៅ​បូជា​នៅ​មុខ​វត្ត​បទុមវតី​។

លោក រុណ រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា​កំណើន​យ៉ាងច្រើន​នៃ​យានយន្ត​បាន​ធ្វើឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​ឡើង​ទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ក៏ដោយ ខណៈ​អ្នក​បើកបរ​មួយ​ចំនួន​មិន​គោរព​ច្បាប់​។ លោក​បញ្ជាក់​ថា​៖ «​ដោយសារ​ការគោរព​ច្បាប់​យើង​នៅ​មាន​កម្រិត អ្នក​គោរព​ចេះ​តែ​គោរព​ទៅ អ្នក​មិន​គោរព​នៅ​តែ​ល្មើស​អ៊ីចឹង​ទៅ​»​។

លោក​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​កត្តា​ល្បឿន អ្នក​បើកបរ​ស្រវឹង ការ​វ៉ា​ជែង​មិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម​។

បើ​តាម​លោក រ័ត្នវាសនា នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ ២០១៨ នេះ ក្នុង​មួយ​ថ្ងៃ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​តិច​បំផុត​ ៣ ​នាក់ និង​ច្រើន​បំផុត​រហូត​ដល់ ៧ នាក់​ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​មាន​អ្នក​ស្លាប់​ ៥ ​នាក់​។ ​«​តួលេខ ៣ ទៅ ៤ -៥ និង​ទៅ ៦ និង​ ៧...​។ ប្រសិន​បើ​គ្មាន​ការចូលរួម​ទេ កំណើន​គ្រោះថ្នាក់​នឹង​មិន​អាច​ថយចុះ​ទេ ដោយសារ​ការ​ព្រហើន និង ការ​មិន​គោរព​ច្បាប់​»​។

អធិការរង​ស្រុក​ព្រៃនប់​ម្នាក់​ដែល​បដិសេធ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​តាក់ស៊ី ឈ្មោះ វុល សារ៉េត អាយុ ៣៤ ឆ្នាំ​ដែល​ក៏​រងរបួស​ដែរ​នោះ​ត្រូវ​បាន​នាំ​ខ្លួន​ពី​មន្ទីរពេទ្យ​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​គ្រូពេទ្យ​រុំ​មុខ​របួស​រួច​។

បើ​តាម​អធិការរង​រូប​នេះ​គ្រោះថ្នាក់​នេះ​បណ្ដាល​មកពី​រថយន្ត​តាក់ស៊ី Highlander បើក​បុក​ព្រះទីនាំង​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ នៅ​វេលា​ម៉ោង​ជិត ៩ ព្រឹក ខណៈ​ដែល​ព្រះអង្គ​យាង​ទៅ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​។ «​ឡាន Highlander ដែល​ធ្វើ​ដំណើរ​ចេញ​មកពី​ខេត្ត​ព្រះសីហនុ​បាន​រេ​ចង្កូត​មក​ឆ្វេង​ហើយ​បាន​បុក​ឡាន​របស់​សម្តេច​ក្រុមព្រះ BMW ហើយ​ឡាន Highlander បុក​ពេញ​ទំហឹង​បង្ក​ឲ្យ​របួស​ចំនួន ៧ នាក់ ស្រី ២ នាក់​...»​។

សូម​បញ្ជាក់​ថា​នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដែល​ព្រះអង្គម្ចាស់ រណឫទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​ព្រះអង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​ ១ កាល​ថ្ងៃទី​ ២៥ ខែ​មេសា ឆ្នាំ​ ២០១៥ នៅក្នុង​ឃុំ​ខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​ដែល​កាល​នោះ​បណ្ដាល​ឲ្យ​អ្នកម្នាង អ៊ុក ផល្លា រងរបួស​ភ្នែក​ជា​ទម្ងន់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​៕