ភ្នំពេញៈ អ្នកវិភាគ និង​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​យល់ថា លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ផ្ទៃក្នុង​បក្ស​នោះ​បញ្ជាក់​ច្បាស់​ពី​ការបែកបាក់​​ផ្ទៃក្នុង​នៃ​អតីត​បក្សប្រឆាំង​។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ដោយ​ខ្លួនឯង​នៅក្រៅ​ប្រទេស​កាលពី​ថ្ងៃទី​ ២៧ មករា បានចេញ​លិខិត​អំពាវនាវ​មួយ​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឲ្យ​មាន​ឯកភាព​ផ្ទៃក្នុង​បក្ស​។ លោក​ក៏​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​រក្សា​គោលជំហរ​រឹងមាំ និង​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ជាទីបំផុត ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ទោះជា​យ៉ាងណា​ក៏ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ចុង​ឆ្នាំ​ ២០១៧ ដោយ​ទោស​ក្បត់ជាតិ​។

លោក រង្ស៊ី បាន​លើក​ឡើង​នូវ​គោលជំហរ​របស់​លោក ៣ ចំណុច​ដោយ​រួមមាន​ការរក្សា​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​គ្រប់រូប គ្រប់​ក្រុម និង​គ្រប់​ប្រទេស ចូលរួម​ប្រជុំ និង​វេទិកាសាធារណៈ ឬ​ឯកជន​ទាំង​ទ្រង់ទ្រាយ​តូច​ និង​ធំ​ជាមួយ​អ្នកប្រជាធិបតេយ្យ​ដូច​លោក​នឹង​គាំទ្រ​ពាក្យស្លោក «​សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែមួយ​»​។ នៅ​ចំណុច​ទី​ ៣ លោក​សរសេរថា​៖ «​ខ្ញុំ​នៅតែ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ខិតខំ​ធ្វើ​សកម្មភាព​រួមគ្នា​បើ​អាច​ធ្វើ​ទៅបាន​ដើម្បី​ពង្រឹង​ឯកភាព​គណបក្ស​យើង ពីព្រោះ​ឯកភាព​​គណបក្ស​យើង​ជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ឲ្យ​គណបក្ស​យើង​ឈាន​ទៅ​ដឹកនាំ​ប្រទេស នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខនេះ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ខេត្តតាកែវ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី អំពី​ឯកភាព​​ផ្ទៃក្នុង​បក្ស​នេះ «​វា​យឺត​បន្តិច​ហើយ​» ដោយសារ​តែ​បក្ស​នេះ​បាន​បែក​ជាច្រើន​ចម្រៀក​រួចទៅហើយ​។ លោក​ថា​បន្ទាប់ពី​យុទ្ធនាការ​ ៩ វិច្ឆិកា ឆ្នាំ​មុន​ដែល​លោក​ប៉ុនប៉ង​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​បាន​ធ្វើឲ្យ​មន្ត្រី​មូលដ្ឋាន​របស់ CNRP ជាប់គាំង​នៅ​ប្រទេស​ថៃ ហើយ​ពេល​នេះ​ពួកគេ​បាត់បង់​ទឹកចិត្ត​មិន​ដឹង​ត្រូវ​ទៅ​ទីណា ហើយ​ធ្វើ​អ្វី​ទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​មើលឃើញ​រូបភាព​នេះ ទិដ្ឋភាព​នេះ​តាំងពី​ឆ្នាំមុន​ថា វា​នឹងមាន​លទ្ធផល​បែបនេះ​ចំពោះ​មន្ត្រី​ដែល​រត់​ចេញ​ពី​ប្រទេស​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ ខ្ញុំ​ថា​គង់តែ​ដល់​ថ្ងៃនេះ​ទេ​។ ព្រោះ​គាត់​មិនអាច​ទទួល​បាន​ការគាំទ្រ​ពី​បងប្អូន​នៅ​ក្រៅ​ប្រទេស ឬ​ពី​អង្គការ​ផ្សេងៗ​សម្រាប់​ការរស់នៅ​របស់​មនុស្ស​រាប់រយ​នាក់​ដែល​អត់​មាន​ធ្វើ​អ្វី​ក្រៅតែពី​គេចខ្លួន​ពួន​អាត្មា ហើយ​រង់ចាំ​ទទួល​ការឧបត្ថម្ភ​ពី​ក្រៅ​ទេ​»​។

លោក ច័ន្ទរ័ត្ន បាន​ថ្លែង​ទៀតថា​៖ «​ការអំពាវនាវ​របស់​លោក​នេះ​ហាក់​ដូចជា​យឺត គឺ​យឺត​មែនទែន​។ មិន​ដឹងថា លោក​ដឹង​ពី​ការបែកបាក់​នោះ​យូរ​ហើយ​ ឬ​នៅ ឬ​ក៏​ទើបតែ​ចាប់ផ្ដើម​ភ្ញាក់ខ្លួន​ថា​ឥឡូវ​មាន​ការបែកបាក់​ផ្ទៃក្នុង​។ យើង​ឃើញ​មាន​ឫសគល់​ ២ ​ពី​សិទ្ធិ​មនុស្សនិយម និង​ សម រង្ស៊ី​ និយម​បាន​បាចទឹក វាយប្រហារ​គ្នា​យូរហើយ មិនមែន​ទើប​ឥឡូវ​ទេ​។ ខ្ញុំ​យល់ថា សារ​នេះ​វា​យឺត​បន្តិច មិនមែន​បន្តិច​ទេ គឺ​វា​ចង់​ជ្រុល​ទៅ​ហើយ ព្រោះ​ការបែកបាក់​វា​ចេះតែ​ធំ​ទៅៗ​ស្ទើរ​គ្រប់​ចម្រៀក​ទៅហើយ លោក​ទើប​តែ​អំពាវនាវ​កុំ​ឲ្យ​មាន​ការបែកបាក់​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា លិខិត​របស់​លោក សម រង្ស៊ី គឺជា​ការបញ្ជាក់​ច្បាស់​អំពី​ការបែកបាក់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​បញ្ហា​ផ្ទៃក្នុង​រួចស្រេច​ទៅហើយ​។

លោក​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យ​ទិដ្ឋភាព​ជារួម គឺ​សង្គ្រោះជាតិ​បាន​បែកខ្ញែក​ជា​ ៤ ​ចំណែក ទី​ ១ ​គឺ​ទៅ​ក្រុម​លោក សម រង្ស៊ី ១ ​ទៀត​ទៅ​ក្រុម​លោក កឹម សុខា ១​ ក្រុម​ទៀត​ទៅ​បង្កើត​បក្ស​រៀងៗ​ខ្លួន ហើយ​ ១ ​ចំណែក​ទៀត​គឺ​ទៅ​ចូលរួម​គណបក្ស​ផ្សេងទៀត​។ នេះ​យើង​មិនទាន់​គិត​ដល់​ក្រុម​ដែល​គាត់​មិន​ខ្វល់​អ្វី​ទាំងអស់​»​។

លោក​បន្តថា ការបែកបាក់​នេះ​ជាក់ស្ដែង​គឺ​លោក សម រង្ស៊ី ខ្លួនឯង​ធ្វើ​សកម្មភាព និង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​មាន​ការបែកបាក់​ផ្ទៃក្នុង​ដោយ​ខ្លួនឯង​។ លោក​ថា​លោក សម រង្ស៊ី តែង​លើកឡើងថា CPP ជា​អ្នក​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ តែ​ជាក់ស្ដែង​គឺ​ក្រុម​បក្សប្រឆាំង​ខ្លួនឯង​ទេ​ដែល​បំបែកបំបាក់​ខ្លួនឯង​៕