ភ្នំពេញៈ មាន​សំណាក​ថ​និក​សត្វ​តូចៗ​ចំនួន ២០ ០០០ សំណាក​ទូទាំង​ប្រទេស​ត្រូវ​បាន​ប្រមូល និង​គ្រោង​ធ្វើការ​ស្រាវជ្រាវ អំពី​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​មក​មនុស្ស​តាមរយៈ​ប៉ារ៉ាស៊ីត​របស់​ពួក​ថនិក​សត្វ ប្រចៀវ និង​ជ្រឹង និង​សត្វ​ផ្សេង​ទៀត។នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។

បញ្ហា​នេះ​ត្រូវ​បាន​លើក​យក​ពិភាក្សា កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០១៩ រដ្ឋបាល​ព្រៃឈើ និង​អគ្គនា​យកដ្ឋាន​បសុ​សត្វ និង​គ្រឹះស្ថាន​វេជ្ជសាស្ត្រ អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៥០ នាក់ បាន​សហការ​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ឆ្នាំ​ទី ៣ និង​ផែនការ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​ទី ៤ របស់​គម្រោង​សិក្សា​ស្រាវជ្រាវ​អំពី​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​មក​មនុស្ស​ពី​ប៉ារ៉ាស៊ីត​របស់​ពពួក​ថនិក​សត្វ​ខ្លួន​តូចៗ ប្រចៀវ និង​ជ្រឹង នៅ​សណ្ឋាគារ ភ្នំពេញ។

លោក ឈាង ដា​នី ​អនុប្រធាននាយកដ្ឋាន​សត្វព្រៃ​និង​ជីវៈចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រមូល​សំណាក បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០១៧ ហើយ​បាន​រក​និង​ប្រមូល​ពី ១៥០ ទីតាំង​ជាង​នៅ​តាម​តំបន់​នៃ​ខេត្ត​ស្ទើរ​តែ​ទាំង​អស់​បាន​ចំនួន ២០ ០០០ សំណាក ដែល​ភាគ​ច្រើន​ជា ប្រចៀវ កណ្តុរ កំប្រុក ជ្រឹង រីឯ​មួយ​ផ្នែក​ទៀត​យក​សំណាក​ពី​អ្នក​ដែល​លក់​សាច់​កណ្ដុរ និង​អ្នក​ដែល​ប្រមូល​អាចម៍​ប្រចៀវ។ ចំពោះ​សំណាក​ទាំង​នោះ ត្រូវ​បាន​យក​ពី​តំបន់​ធម្មជាតិ។

លោក​បញ្ជាក់ថា៖ «យើង​ទៅយក​សំណាក​ពី​តំបន់​ធម្មជាតិ​ដូចជា​ប្រចៀវ​និង​កណ្តុរ យើង​ទៅ​ដាក់​សំណាញ់​ទាក់​វា​នៅ​ក្នុង​ព្រៃ​ឬ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល»។

លោក ឈាង ដា​នី បាន​អះអាង​ថា៖ «ដោយយោង​តាម ការសិក្សា​ស្រាវជ្រាវ​នេះ គឺជា​ការ​ស្រាវ​ជ្រាវ​លក្ខណៈ​ប្រព័ន្ធ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នៅ​ក្នុង​ស្រុក​ខ្មែរ​វា​ជា​គម្រោង​ទី ១ តែ​ម្តង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ យើង​មិន​មែន​អនុវត្ត​តែ​ក្រសួង​យើង​ទេ យើង​មាន​ខាង​ព្រៃឈើ ពេទ្យ​សត្វ អគ្គនា​យក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​យើង​ក៏មាន​សាកល​វិទ្យាល័យ​ឧសថ​របស់​សហរដ្ឋ​អាមេរិក សាកល​វិទ្យាល័យ​ជាតិ​សង្ហបុរី យើង​មាន​អ្នក​ធ្វើការ​នៅ​ក្នុង​ហ្នឹង​ច្រើន»។

លោក​បញ្ជាក់ថា៖ «យើង​កំពុង​ប្រមូល​នូវ​សំណាក​សត្វ ពពួកសត្វ​តូចៗ ថនិក​សត្វ​តូច​ដូចជា​ប្រចៀវ ជ្រឹង ហើយពាក់​កណ្តាល​ឆ្នាំ​ហ្នឹង ឬ​ចុង​ឆ្នាំ​ហ្នឹង យើង​នឹង​អាច​បាន​លទ្ធផល​ខ្លះ ព្រោះ​ការ​សិក្សា​មួយៗ​យើង​ត្រូវការ​បញ្ជាក់​ជា​ច្រើន​កន្លែង»។

លោក ឈាង ដា​នី​បាន​ថ្លែងថា ការសិក្សា​ស្រាវជ្រាវ​នេះ គឺជា​អំណះ​អំណាង សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​ទទួល​ទាន​សាច់​សត្វ​ព្រៃ​ដោយសារ មនុស្ស ភាគ​ច្រើន​ចូលចិត្ត​ទទួល​ទាន​ខ្លាំង​ណាស់។

លោក​បញ្ជាក់ថា៖ «បើ​គាត់​ធូរធារ​គាត់​ចង់​ញ៉ាំ​សាច់​ល្អ ប៉ុន្តែ​ដោយសារ​ជីវភាព​គាត់​ខ្វះខាត គាត់​ត្រូវ​ប្រើប្រាស់​សាច់​ពី​ព្រៃ ដោយសារ​វា​មិន​ចាំបាច់​ត្រូវការ​ចំណាយ​ថវិកា ជា​ជម្រើស​របស់​គាត់ គាត់​អត់​មាន​លុយ​ទិញ បង្គា ក្តាម សាច់​គោ​ទេ។ វា​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​ពួក​គាត់ មិន​មែន​យើង​បន្ទោស​គាត់​ទេ»។

លោក​បញ្ជាក់ថា៖ «លទ្ធផល​អាច​ចុងឆ្នាំ ២០១៩ យើង​ចង់បង្ហាញ​ជា​តឹកតាង​មួយ (ថា) ការ​ទទួល​ទាន​សត្វ​ព្រៃ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​វា​អាច​មាន​ការ​ឆ្លង​ជំងឺ នេះ​វា​ជា​ការងារ​អប់រំ​ផ្សផ្វផ្សាយ​ឲ្យ​ប្រជាជន​មាន​ការ​ប្រយ័ត្ន​ប្រយែង ពេល​ខ្លះ​គាត់​ទៅ​ចាប់​សត្វ​យក​មក​ទទួល​ទាន​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន សត្វ​ព្រៃ​វា​អាច​មាន​មេរោគ សុំ​ឲ្យ​ប្រុង​ប្រយ័ត្ន យើង​យក​លទ្ធផល​បង្ហាញ​គាត់។ មួយ​ទៀត​ការ​រៀបចំ​ការ​ឆ្លើយ​តប​បើសិន​ជា​មាន​ការ​ផ្ទុះ​ជំងឺ​ពី​សត្វ​ព្រៃ យើង​ត្រូវមាន​វិធានការ​និង​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេល​វេលា»។

លោក ដា​នី បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា៖ «នៅពេលដែល​សំណាក​ទាំងនោះ​ត្រូវបាន​រក​ឃើញ​ថា​មាន​ការ​ចម្លង​ជំងឺ​ប៉ារ៉ាស៊ីត​ត្រូវ​យក​ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេង​ទៀត អាច​ទៅ​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ក្នុង​ប្រទេស​ថៃ ប្រទេស​សង្ហបុរី ឬ​ប្រទេស​អូស្ត្រាលី បើសិន​ជា​យើង​រក​ឃើញ​វិជ្ជមាន​នៃ​មេរោគ​ណាមួយ យើង​ត្រូវការ​ផ្ទៀង​ផ្ទាត់​សិន មុន​យើង​ចង់​បញ្ជាក់​ថា អា​ហ្នឹង​វា​មាន​ការ​ឆ្លង​សាហាវ វា​អាច​ប៉ះពាល់ (ដល់​មនុស្ស) អ៊ីចឹង»៕