ក្រចេះ/រតនគិរីៈ ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ ​ដោយ​គ្រាន់​តែ​រឹបអូស​យក​មក​ទុក​ប្រើប្រាស់​ក្នុង​អង្គភាព​រដ្ឋាភិបាល​វិញ ​ក្រោយ​​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ​កាល​ពី​ថ្ងៃទី ១៣ ​ខែ សីហា​ បាន​ដុត​បំផ្លាញ​រថយន្ត​បាកុង​ចំនួន​ ១៣ គ្រឿង ​នៅ​ស្រុក​កោះញែក។

លោក ​អេង ហ៊ី អ្នក​នាំពាក្យ​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បញ្ជាក់​ កាល​ពី​យប់​​មិញ​ថា៖ «ខណៈ​នេះ ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​នាយឧត្តមសេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ និង​មាន​ការ​សម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន ២ ​រូប​ ក្នុង​នោះ​មាន​ជន​សង្ស័យ​ ឧកញ៉ា​ គង់ ក្រឹង ​និង​ឈ្មោះ ​ម៉ាត់ ណាស៊ាត​ នៅ​អាវុធហត្ថ​ខេត្ដ​ក្រចេះ»។

លោក​ថ្លែង​ថា ​យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​នៃ​ការ​ស៊ើបអង្កេត ​មន្ត្រី​នគរបាល​យុត្តិធម៌​ អាច​ឃាត់​ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា​ បាន​ចូលរួម​ក្នុង​បទ​ល្មើស​។

ជាមួយ​គ្នា​នេះ​ដែរ លោក ​ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ​​ថ្លែង​ថា ​លោក​គាំទ្រ​ចំណាត់​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព​ ប៉ុន្ដែ​លោក​មិន​គាំទ្រ​ចំពោះ​ការ​ដុត​បំផ្លាញ​រថយន្ត​ទាំង​នោះ​ទេ។ លោក​និយាយ​ថា ​អាជ្ញាធរ​គួរ​រឹបអូស​រថយន្ត ​និង​វត្ថុតាង​ផ្សេង​ទៀត ​យក​មក​ប្រើប្រាស់​នៅ​ក្នុង​អង្គភាព​រដ្ឋាភិបាល ​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ។

លោក​បន្ត​ថា ​អាជ្ញាធរ​គួរ​ងាក​ទៅ​ស៊ើបអង្កេត​ជន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទាំង​អស់​ឲ្យ​បាន​ហ្មត់ចត់ ​ដើម្បី​ចាប់​ខ្លួន​ពួក​គេ​មក​ដាក់​ពន្ធនាគារ​តាម​ច្បាប់។ ព្រោះ​ជន​ខិលខូច​ទាំង​អស់​នេះ ​បាន​ចំណេញ​ថវិកា​ពី​ការ​រក​ស៊ី​ជួញដូរ​ព្រៃឈើ​យ៉ាង​ច្រើន។ ម្យ៉ាង​វិញ​ទៀត ​ចំពោះ​មន្ត្រី​ទទួល​បន្ទុក​តាម​តំបន់ ​ក៏​មិន​អាច​លើកលែង​ឲ្យ​បាន​ដែរ ​ព្រោះ​ពួក​គេ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​មាន​បទល្មើស​ព្រៃឈើ។

លោក​បញ្ជាក់​ថា​៖ «យើង​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ ដោយ​បាន​ចំណេញ​រាប់​លាន​ដុល្លារ​ពី​ព្រៃឈើ។ ក្រៅ​ពី​ចំណេញ​ខ្លួន​គេ​ផ្ទាល់​ហើយ​ ពួក​គេ​បាន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ធ្វើ​ឲ្យ​បរទេស​បាន​ចំណេញ​ប្រាក់​យ៉ាង​ច្រើន​ពី​ព្រៃឈើ​ខ្មែរ​ថែម​ទៀត»។

លោក​មេធាវី សុក សំអឿន​ ថ្លែង​ម្សិលមិញ​ថា ​វត្ថុតាង​ទាំង​អស់​គេ​អាច​ដុត ​ឬ​បំផ្លាញ​ចោល​បាន ​លុះត្រា​តែ​មាន​ដីកា​ពី​តុលាការ​ចេញ​ជា​ស្ថាពរ ​ឬ​អនុញ្ញាត ​ប្រសិន​គេ​រក​ឃើញ​ថា​ វត្ថុតាង​ទាំង​អស់​នោះ​មាន​សារធាតុ​គីមី ​សារធាតុ​ពុល ​និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស។

លោក​បន្ត​ថា ​តុលាការ​មិន​គួរ​សម្រេច​ដុត​បំផ្លាញ​រថយន្ត​ទាំង​អស់​នោះ​ទេ​ គួរ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​រដ្ឋាភិបាល។ ​ចំពោះ​គ្រឿង​ញៀន​ក៏​មិន​គួរ​ដុត​បំផ្លាញ​វា​ដែរ ​អាជ្ញាធរ​គួរ​តែ​ប្រគល់​ឲ្យ​ទៅ​ក្រសួង​សុខាភិបាល​យក​ទៅ​ពិសោធ​សម្រាប់​ធ្វើ​ថ្នាំ​ព្យាបាល​ផ្សេងៗ​ទៀត។ លោក​បញ្ជាក់​ថា​៖ «យើង​ទុក​វា​ទៅ ព្រោះ​សារធាតុ​នោះ​ បើ​វា​មិន​ត្រូវ​ចំណុច​នេះ​ តែ​វា​គួរ​ត្រូវ​ជាមួយ​ចំណុច​នោះ ​ក៏​ថា​បាន​ដែរ ​យើង​ពិសោធ​វា​ទៅ»។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​ឃើញ​គេ​ដុត​ឈើ​ ដុត​ឡាន​នានា​ដែល​បាន​ពី​បទល្មើស ​តែ​បើ​សិន​ជា​អាវុធ ​ឬ​គ្រឿង​សម្លាប់​មនុស្ស​ដែល​បង្ក​គ្រោះថ្នាក់​ យើង​អាច​ដុត​វា​ចុះ។ យើង​អត់​ស្ដាយ​វា​ទេ​ ប៉ុន្ដែ​បើ​របស់​ទាំង​ហ្នឹង ​ច្បាប់​គេ​តម្រូវ​ឲ្យ​ដក​ហូត​មក​ទុក​ប្រើប្រាស់​ទៀត​បាន​នោះ​ យើង​គួរ​ដក​ហូត​ដាក់​ចូល​ក្នុង​បញ្ជី​រដ្ឋ​សម្រាប់​ប្រើ​ជា​ប្រយោជន៍​រួម​វិញ ​មិន​ល្អ​ជាង ​ហើយ​ចាំបាច់​ដុត​វា​ធ្វើ​អី»។

លោក ​ហែម បូណារ៉ែល ​មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ​ថ្លែង​ពី​ម្សិលមិញ​ថា​ រថយន្ដ​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ចំនួន ​១៣ គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​កាត់​ជា​កំណាត់ៗ ​ហើយ​ប្រមូល​យក​ទៅ​ដុត​ចោល​ដោយ​ប្រើ​ម្សៅ TNT​ រួចរាល់​ហើយ។ ក្រៅ​ពី​កិច្ច​ការងារ​នេះ ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​វត្ថុតាង​ជា​ច្រើន​ផ្សេង​ទៀត​ ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​តទៅ​ទៀត។

លោក​ថា​៖ «បញ្ហា​ដុត​បំផ្លាញ​វត្ថុតាង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ ​គឺ​កម្លាំង​ខ្ញុំ​នឹង​ចាត់ចែង​តាម​នីតិវិធី។ រីឯ​ការ​បិទ​ទីតាំង​សិប្បកម្ម​កែច្នៃ ​និង​ដេប៉ូ​លក់​ឈើ​ផ្សេងៗ​ទៀត ​គឺ​ជា​ការ​សម្រេច​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ»។

នៅ​ថ្ងៃទី ១៥​ ខែ សីហា ​ឆ្នាំ ២០១៩ ម្សិលមិញ​នេះ​ឧកញ៉ា គង់ ក្រឹង និង​បក្ខពួក​ម្នា​ក់ទៀត​ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ពី​បុគ្គល​ទាំង ២ រូប ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន ដើម្បី​សាកសួរ​រឿង​បទល្មើស​ព្រៃឈើ នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ ខេត្ត​ក្រចេះ។

ឧកញ៉ា គង់ ក្រឹង គឺ​ជា​បុគ្គល​រក​ស៊ី​ជំនួញ​ឈើ​ដ៏​ល្បី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​លោក​ក៏​ជា​មន្ត្រី​យោធា​ផង​ដែរ៕