ភ្នំពេញ៖ ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដក​ឋានន្តរស័ក្តិ​នាយនគរបាល​ថ្នាក់​ឧត្តមសេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ​ដែល​បាន​ល្មើស​នឹង​បម្រាម​នៃ​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កាលពី​យប់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។

យោងតាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃទី ១៧ ខែមេសា នេះ​ដោយ​ព្រះអង្គ​បាន​ត្រាស់បង្គាប់​ឱ្យ​ដក​ឋានន្តរស័ក្តិ​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ចាប់ពី​ថ្ងៃនេះ​តទៅ។

គួរ​រំឭក​ផងដែរ​ថា កម្លាំង​នគរបាល​ខណ្ឌមានជ័យ​នៅ​យប់​ថ្ងៃ​សុក្រ ទី ១៦ ខែមេសា បាន​ចាប់​វាយខ្នោះ​ឧត្តមសេនីយ៍ទោ ម្នាក់​ឈ្មោះ អ៊ុង ចាន់ធួក អាយុ ៤៥ ឆ្នាំ ដែលមាន​តួនាទី​ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​អ្នកពាក់ព័ន្ធ​ចំនួន ២ នាក់​ទៀត ដោយសារ​អ្នក​ទាំងនេះ​បាន​រៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មាន​ការលេង​ប៉ាត​ម្សៅ​ជាមួយ​នឹង​អ្នក​ជួល​បន្ទប់​របស់​គាត់​ជាច្រើន​នាក់​ទៀតផង។

ជាមួយ​គ្នា​នេះដែរ កម្លាំង​សមត្ថកិច្ច​នៃ​អធិការនគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បើករថយន្ត​នៅលើ​ដងផ្លូវ​ម្តុំ​វត្ត​គៀនឃ្លាំង ផ្លូវជាតិ​លេខ​ ៦A ដែល​ល្មើស​នឹង​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី ១៧ ខែមេសា នេះ​បានឱ្យ​ដឹងថា បុរស​នេះ ឈ្មោះ សៀង រង្សី អាយុ ៣៥ ឆ្នាំ បាន​ក្លែងបន្លំ​ជា​នគរបាលជាតិ និង​បើករថយន្ត​ថត​វីដេអូ​ល្មើស​នឹង​សេចក្តី​សម្រេច​បិទ​រាជធានី​ភ្នំពេញ។

បុរស​រូបនេះ ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ០៣ រសៀល​ថ្ងៃ​ដដែល​នេះ​ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់៕