មណ្ឌលគិរីៈ ឯកអគ្គរដ្ឋ​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា លោកស្រី Angela Corcoran បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​មណ្ឌ​ល​​​គិរី និង​រតនគិ​រី​រយៈ​ពេល​ ៣​ ថ្ងៃ​ ចាប់ពីថ្ងៃ​ទី​ ២៤​ ដល់​ ២៦ ខែ​ មិថុនា ខណៈ​​ប្រទេស​ អូស្ត្រាលី បាន​ផ្តល់​ជំនួយ​តាម​រយៈ​អង្គ​ការ​​សង្គម​ស៊ីវិល ​​ដើម្បីជួយ​​អភិវឌ្ឍ​ដល់​សហគមន៍​ជនជាតិ​​ដើម​ភាគ​តិច​នៅ​​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​ភាគ​ឦសាន។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រា​លី​​ប្រចាំ​កម្ពុជានៅថ្ងៃចន្ទ​​ម្សិល​មិ​ញ​ ​បាន​ឱ្យ​ដឹង​ថា លោក​ស្រី Angela Corcoran ជួប​ជា​មួយ​លោក ស្វាយ សំអ៊ាង អភិ​បា​ល​ខេត្ត​មណ្ឌល​គិរី លោ​ក ថង សាវុ​ន អភិបាល​ខេត្ត​រតនគិរី និង​អង្គ​​ការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​នៅ​ខេត្ត​រតនគិរី។

បើ​យោង​តាម​សេចក្តី​ប្រកា​ស​​​ព័ត៌មាន លោក​ស្រី Angela Corcoran នឹង​ជួប​មន្ត្រី​អង្គការ​នានា​ ដែល​កំពុង​អនុវត្តកម្ម​វិធី​ជំនួយ​អូស្ត្រាលី​ នៅ​ក្នុង​ខេត្ត​ទាំង​ ២ នេះ​។ ប្រទេស​ អូស្រ្តាលី​ កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចដែល​រស់​នៅ​តំបន់​ដាច់ស្រយាល​នៅ​ក្នុង​ខេត្ត​ភាគ​ឦ​​សាន​នៃ​​​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ការ​អប់រំ​ពហុភាសា និង​កា​រអភិវឌ្ឍ​សហគមន៍ និង​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​ពួកគេ។

លោក​ស្រី​ Angela Corcoran បានថ្លែង​តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការ​គាំ​ទ្រ​របស់​ប្រទេស​អូស្រ្តាលី​ក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​គឺ​ដើម្បី​ធ្វើឱ្យ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ភាពប្រសើរ​ឡើង ដោយ​ផ្តោត​សំខា​ន់​​​លើការ​ធានាឱ្យ​មាន​ការ​រអភិវ​ឌ្ឍ​​ប្រកប​ដោយ​បរិយាប័ន្ន​ចំពោះ​សហគមន៍​ជន​ជាតិ​ដើម​នៅ​ក្នុង​តំបន់»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ជំនួយ​ប្រទេស​អូស្រ្តាលី​បាន​ចូល​រួម​កែលម្អ​សេវា​សុខ​ភាព និង​ការ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ ការអភិវឌ្ឍ​កុមារ​តូច និង​ការគាំ​ទ្រ​សហគមន៍​ដែល​ពុំមាន​លទ្ធ​ភា​ព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅ​មណ្ឌល​គិរី និង​រតនគិរី។

លោក ស្វាយ សំអ៊ាង អភិបា​ល​​​​ខេត្ត​មណ្ឌល​គិរី និងលោក ថង សាវុន អភិបាល​ខេត្ត​រតនគិរី មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

ប៉ុន្តែលោក នាង​ សំអាត អ្នក​នាំពាក្យ​ខេត្ត​រតនគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា លោក​មិន​ទាន់​បាន​ទទួល ព័ត៌មាន​អ្វី​ច្បា​ស់​​​លាស់​នៅ​ឡើយ​ទេ លោក​គ្រាន់​តែ​បាន​ឃើញ​លិខិត​មួយ​ពី​ក្រសួ​ង​មហាផ្ទៃ​ ដើម្បី​ជូន​ជ្រាប​ជា​ព័ត៌មាន។

លោកបញ្ជាក់​ថា តាម​លិខិត​នេះ លោកស្រី​ Angela Corcoran នឹង​មក​បំពេញ​ទស្ស​​​​ន​​កិច្ច​នៅ​ខេត្ត​តំបន់​ភូមិ​ភាគ​ឦ​សា​​ន មានខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី ២៥ និង​ ២៦ ខែ​ មិថុនា។

លោកបាន បញ្ជាក់​ថា​៖ «មិន​ទាន់​មាន​កម្មវិ​​ធី​​លម្អិ​ត​​​ទេគ្រាន់​តែមាន​លិខិត​ជូន​ដំណឹ​ង​ប៉ុណ្ណឹង។ តាម​កម្មវិធី​ លោកស្រី​អគ្គរ​ដ្ឋ​ទូត (មិនដឹង) អញ្ជើញ​ចុះ​ទៅ​ណាខ្លះទេ។ គ្រា​ន់​តែ​មក​ខេត្ត​ហ្នឹង​គឺសុំ​ជួប​ថ្នា​ក់ដឹក​នាំ​ខេត្ត។ ក្នុង​ការ​ជួប​នេះ​គឺ​គ្រាន់​តែ​ជួប​ដើម្បី​បដិ​សណ្ឋារកិច្ច​ សម្តែង​ការ​គួរសម»។

យោង​តាម​គេហទំព័រ​ ក្រសួង​ការបរទេស ​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ឱ្យ​ដឹង​ថា ប្រទេ​ស​​ អូស្ត្រាលី គឺជាប្រទេស​ផ្តល់​ជំនួយ​ទ្វេភាគី​ឈាន​មុខ នៅ​ក្នុង​ប្រទេស ​កម្ពុជា។ ពី​ឆ្នាំ​ ២០១៨ ដល់ ២០១៩ អូស្រ្តាលី​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ប្រមា​ណ ៧៩,៧ លានដុល្លារ ដល់​ប្រទេ​ស​ កម្ពុជា។ ក្នុង​នោះ​ថវិកា​ចំនួន​ប្រមាណ ៥៦,១ លាន​ដុល្លារ ដែល​ជាមូល​និធិទ្វេ​ភាគី ត្រូវ​បាន​ផ្តល់​ដល់​កម្ពុជា​តាម​រយៈ​ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី ។

គេហទំព័រ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ការ​ផ្តល់​ជំនួ​យ​របស់​អូស្ត្រាលី​ផ្តល់​អាទិភាព​លើ​វិស័យ ៣ គឺ ទី១ ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ហេដ្ឋា​រចនា​​សម្ព័ន្ធ ទី២ ការ​បង្កើន​ផលិតភាព​កសិកម្ម និងទី៣ ការ​កែលម្អ​វិស័យ​សុខភាព និង​អប់រំ។

គេហទំព័រ​បញ្ជាក់​ថា​៖ «យើង​នឹង​ផ្តោត​លើ​កម្មវិធី​ទាំង​អស់​របស់​យើង​ក្នុង​ការជួយ​គាំទ្រឱ្យ​មាន​វិបុល​ភាព និងស្ថិរភាព ​ជាពិសេស​តាម​រយៈ​ការ​ចូល​រួម​ប្រកប​ដោយ​បរិយា​ប័ន្ន អភិបាល​កិច្ច ការផ្តល់​សិទ្ធិ​អំណា​ច​ដល់​ស្ត្រី និង​ពិការភាព»។

គេហទំព័រ​បន្ត​ថា៖ «ការ​គាំទ្រ​របស់​យើងនឹង​ផ្តល់​អាទិ​ភាព​លើវិធី​សាស្រ្ត​ថ្មីៗ​ក្នុង​ការ​ផ្តល់​ជំនួយ​ដែល​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯក​ជន ដើម្បី​ជំរុញ​កំណើន និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ ហើយ​នឹង​រួម​ចំណែក​ដល់ការសម្រេច​បាន​នូវ​ជំនួយ​រួម​របស់​អូស្ត្រា​លី​សម្រាប់​គោល​ដៅ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ ២០២០»៕