ភ្នំពេញៈ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជារំពឹងថា សមយុទ្ធយោធារួមគ្នាជាមួយកម្ពុជាអាចកើតឡើងឆ្នាំក្រោយ ហើយវគ្គសិក្សាយោធាក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី (MDCP) អាចត្រូវបាននាំមកផ្ទាល់ដល់សិក្ខាកាមកម្ពុជា។
លោក Eldeen Husaini បានបង្ហាញពីផែនការនេះអំឡុងពេលជួបជុំពិសាអាហារថ្ងៃត្រង់ជាមួយអតីតនិស្សិត និងអ្នកចូលរួមមកពីកម្ពុជាដែលទៅទទួលការបណ្តុះបណ្តាលផ្នែកយោធាក្រោមកម្មវិធី MDCP នៅប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះនឹងបន្តផ្តល់សម្រាប់កម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំង ២ ពិតជាល្អណាស់។ ប៉ុន្តែមានរឿងច្រើនត្រូវការធ្វើឲ្យប្រសើរឡើង។
លោកថ្លែងបន្ទាប់ពីជជែកជាមួយឧត្តមសេនីយ៍យោធាកម្ពុជាថា៖ «ទោះបីមានកិច្ចសហការប្រតិបត្តិការ និងកិច្ចព្រមព្រៀងក៏ដោយ ក៏ខ្ញុំនៅតែឃើញសក្តានុពលសម្រាប់ធ្វើឲ្យយើងរីកចម្រើនកាន់តែប្រសើរទៀត។ នៅពេលនេះយើងមានផែនការផ្តល់វគ្គសិក្សាបន្ថែម ហើយយើងក៏បានរៀបចំផែនការ ធ្វើសមយុទ្ធយោធារួមគ្នាជាមួយកម្ពុជា។ ខ្ញុំនឹងស្នើឲ្យមានសមយុទ្ធនេះទៅកាន់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោកឧត្តមសេនីយ៍បានណែនាំខ្ញុំថា យើងត្រូវធ្វើយ៉ាងណា»។ លោកបន្តថា៖ «សមយុទ្ធយោធាត្រូវបានគេរំពឹងទុកថា នឹងកើតឡើងនៅកម្ពុជា ឬក៏អាចនឹងធ្វើឡើងនៅម៉ាឡេស៊ីនៅឆ្នាំក្រោយដោយអាស្រ័យលើការពិភាក្សាគ្នា។ អ្វីដែលយើងបានរៀបចំផែនការរួចហើយគឺថា យើងនឹងនាំគ្រូបណ្តុះបណ្តាលរបស់យើងទៅកម្ពុជាដើម្បីជួយសម្រួលឲ្យមានវគ្គសិក្សានៅកម្ពុជា។ យោធាអាចមកស្ថានទូតរបស់យើង ហើយយើងអាចរៀបចំការសិក្សានេះឲ្យ»។
លោក Eldeen Husaini បន្ថែមថា វគ្គសិក្សាក្រោមកម្មវិធី MDCP ត្រូវបានផ្តល់ឲ្យយោធាកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មក។ អំឡុងពេលនោះយោធាកម្ពុជាចំនួន ១៣៨ រូបបានទៅទទួលការបណ្តុះបណ្តាលនៅម៉ាឡេស៊ី។ ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនក្នុងការប្រាស្រ័យទាក់ទងគ្នា អំឡុងពេលសិក្សានៅម៉ាឡេស៊ី។ ដូច្នេះហើយបានជាលោកគិតអំពីការផ្តល់វគ្គសិក្សានៅស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។
វរសេនីយ៍ឯក ស៊ុន ចំរើន ជាសមាជិកយោធា នៅខេត្តកំពង់ស្ពឺបានចំណាយពេល ២ ឆ្នាំគឺ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ ដើម្បីរៀនវគ្គសិក្សាផ្នែកវិស័យការពារ។ គាត់បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីដែលធ្វើឲ្យមានកិច្ចសហប្រតិបត្តិការនេះ។
លោកថ្លែងថា៖ «វគ្គនេះបានផ្តល់ចំណេះដឹងដល់ខ្ញុំផ្នែកការទូត និងកិច្ចប្រតិបតិ្តការផ្នែកយោធារវាង អនុព័ន្ធយោធានៅស្ថានទូតនីមួយៗ។ វគ្គនេះបានបង្រៀនខ្ញុំអំពីអ្វីដែលជាវិស័យការពារជាតិ និងអ្វីដែលប្រទេសនីមួយៗត្រូវធ្វើដើម្បីរក្សាសន្តិភាពរវាងប្រទេសមួយ និងប្រទេសមួយទៀត»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា វាជាគំនិតផ្តួចផ្តើមដ៏ល្អមួយដែលទូតម៉ាឡេស៊ី ស្នើឲ្យមានសមយុទ្ធយោធារវាងម៉ាឡេស៊ី និងកម្ពុជា។ «ខណៈកម្ពុជា និងម៉ាឡេស៊ី ជាសមាជិកអាស៊ានដូចគ្នា សមយុទ្ធយោធារួមគ្នាបង្ហាញពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីដ៏ល្អក្នុងសន្តិសុខតំបន់ និងសន្តិសុខទេ្វភាគីរវាងប្រជាជាតិទាំង ២។ សមយុទ្ធយោធារួមគ្នាអាចជួយធ្វើឲ្យប្រទេសទាំង ២ ទទួលបាននូវឧតុ្តមានុវត្តន៍ពីគ្នាទៅវិញទៅមកនៅក្នុងការងារសន្តិសុខជាតិ»។ លោកថា កិច្ចសហប្រតិបត្តិការយោធារវាងប្រជាជាតិទាំង ២ មានកម្រិតមធ្យមនាពេលបច្ចុប្បន្ននេះ។
អំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាហាធៀ ម៉ូហាម៉ាដ មកកម្ពុជានាខែកញ្ញា ឆ្នាំមុនប្រជាជាតិទាំង ២ បានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិត្រូវការពង្រឹងបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាល និងចែករំលែកព័ត៌មាន។
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាឡេស៊ីដែលបានចេញកាលពីពេលនោះបានឲ្យដឹងថា មេដឹកនាំប្រទេសទាំង ២ បានលើកទឹកចិត្តមន្ត្រីរបស់ខ្លួនឲ្យស្វែងរកវិធីថ្មីៗ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការនេះ។ ការសម្របសម្រួលកាន់តែប្រសើរក្នុងលក្ខខណ្ឌសន្តិសុខត្រូវតែបង្កើតឲ្យមានឡើងរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការណ៍ផ្នែកសន្តិសុខរវាងប្រទេសទាំង ២ នេះ ជាពិសេសការរក្សាសន្តិសុខ និងស្ថិរភាពលើបញ្ហាប្រឈមសន្តិសុខ និងការគំរាមកំហែងនៅក្នុងតំបន់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសទាំងអស់ដែលមានបំណងចង់មកធ្វើសមយុទ្ធជាមួយយោធាកម្ពុជា៕