ភ្នំពេញៈ ១៧ គ្រួ​សារបាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​សាលា​ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ធ្វើការ​តវ៉ា​អំពី​អត្ត​សញ្ញាណ ជន​ជាតិ​ខ្មែរ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដែល​អាជ្ញាធរ បាន​បញ្ចូល​ឈ្មោះ​ពួក​គាត់​ជា​ជន​អន្ដោ​ប្រវេសន៍​វៀតណាម។

អ្នកស្រី ឃាង ឆេង​ណាត អាយុ ៣៧ ឆ្នាំ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៧ គ្រួសារ​នោះ បាន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​អ្នក​ស្រី​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ដោយ​មាន​សៀវភៅ​គ្រួសារ អត្ដ​សញ្ញាណ​ប័ណ្ណ លិខិត​បញ្ជាក់​ទីលំនៅ​ជា​ជន​ជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​បោះ​ឆ្នោត និង​ការ​ទទួល​ស្គាល់​របស់​អាជ្ញាធរ​មូលដ្ឋាន។

អ្នកស្រី​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ទើបតែ​ដឹងថា គ្រួសារ​ខ្ញុំ​ត្រូវបាន​ខាង​ខណ្ឌ​គេ​បញ្ចូល​ឈ្មោះ​ជា​ជន​អន្ដោ​ប្រវេសន៍​វៀតណាម​ក្នុង​ឆ្នាំ ២០១៨ ពេល​កូន​ខ្ញុំ​ត្រូវ​រៀបចំ​ឯកសារ​ដាក់​ឡើង​ថ្នាក់​ទី ៩ នៅ​អនុ​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម ហើយ​ខាង​សាលា​គេ​ឲ្យ​បញ្ជាក់​ឯកសារ​បញ្ជាក់​ថ្មី។ ខ្ញុំ​ក៏​ទៅ​ធ្វើ​ឯកសារ​ថ្មី ទើប​ខាង​ខណ្ឌ​មានជ័យ​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជាប់​ឈ្មោះ​ជា​ជន​អន្ដោ​ប្រវេសន៍​វៀតណាម ហើយ​ខាង​ខណ្ឌ​ក៏បាន​ប្រាប់​ឲ្យ​ខ្ញុំ​មក​បញ្ជាក់​ឯកសារ​ឡើង​វិញ​នៅ​ប៉ុស្ដិ៍ និង​សង្កាត់​ដែល​ខ្ញុំ​រស់​នៅ ដោយ​ឲ្យ​បញ្ជាក់​ថា គ្រួសារ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ។ ខ្ញុំ​ក៏​មក​បញ្ជាក់ មេ​ប៉ុស្ដិ៍ និង​ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ក៏បាន​បញ្ជាក់​ឲ្យ​ខ្ញុំ​ទាំង​អស់​ថា ពិតជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​ក៏​យក​ឯកសារ​បញ្ជាក់​នោះ​ទៅ​ខាង​ខណ្ឌ​ម្ដង​ទៀត ប៉ុន្ដែ​ខាង​ខណ្ឌ​នៅ​តែ​មិន​ទទួល និង​ថា ខ្ញុំ​ជា​ជន​អន្ដោ​ប្រវេសន៍ គេ​មិន​បញ្ជាក់​ឯកសារ​អ្វី​ឲ្យ​ទេ»។

អ្នកស្រី ឆេង​ណាត បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មិន​បញ្ជាក់​ឯកសារ​ផ្សេងៗ​ឲ្យ​ពួកគាត់​ហើយ អាជ្ញាធរ​ខណ្ឌ​មានជ័យ​បាន​ឲ្យ​ពួកគាត់​ទៅ​ពិនិត្យ​ឈ្មោះ​ឡើង​វិញ នៅ​ឯ​នាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍ និង​សុំ​ឯកសារ​ពី​នាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​ទៅ។

អ្នកស្រី​បន្ដថា៖«ខាង​អន្ដោប្រវេសន៍​ពេល​ខ្ញុំ​ទៅ​សួរគេៗថា បើ​យើង​ជាប់​ជា​អន្ដោ​ប្រវេសន៍​វៀតណាម​គឺ​ត្រូវ​មាន​បង្កាន់​ដៃ​បញ្ជាក់​អន្ដោ​ប្រវេសន៍ ប៉ុន្ដែ​យើង​មិន​មាន​បង្កាន់​ដៃ​អន្ដោ​ប្រវេសន៍​អី​ទេ ព្រោះ​យើង​ជា​ប្រជាជន​ខ្មែរ មាន​តែ​សៀវភៅ​គ្រួសារ និង​អន្ដ​សញ្ញាណ​ប័ណ្ណ​ជា​សញ្ជាតិ​ខ្មែរ»។

លោកស្រី សុខ ហាន អាយុ ៧៤ ឆ្នាំ ដែលមាន​បញ្ហា​នេះដែរ បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា៖ «ខ្ញុំ​មក​រស់​នៅ​ទីនេះ​តាំង​ពី​សង្គម​រាស្ដ្រ​និយម តាំង​ពី​សម័យ​សម្ដេច​ឪ​មក ហើយ​មក​ដាក់​ខ្ញុំ​ជា​ជន​អន្ដោ​ប្រវេសន៍ ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​គេ​ដាក់​ខ្ញុំ​ជា​អន្ដោ​ប្រវេសន៍​ទេ»។

ប្រជាពលរដ្ឋ​ទាំង ១៧ គ្រួសារ ដែល​បាន​បង្ហាញមុខ​នៅក្នុង​សាលា​ខណ្ឌ គ្រួសារ​នីមួយៗ​សុទ្ធ​តែ​មាន​សៀវភៅ​គ្រួសារ និង​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ។

លោក ហោ យៀវ មេភូមិ​រកា បាន​អះ​អា​ថា ប្រជាពលរដ្ឋ​ទាំង ១៧ គ្រួសារ​ពិតជា​ប្រជាជន​ខ្មែរ​និង​មាន​សញ្ជាតិ​ខ្មែរ​ពិត​ប្រាកដ​មែន។

លោក​បាន​បន្ដថា៖ «ខ្ញុំ​មិន​គាំទ្រ​ទេ ព្រោះ​វា​អត់​ត្រូវ ពួកគាត់​ជា​ប្រជាជន​ខ្មែរ ពួកគាត់​រស់​នៅ​ទីនេះ តាំង​ពី​ក្រោយ​រំដោះ​មក»។

លោក វុ​ឌ្ឍ ផូ​សារ​វ័​ន្ដ ម៉េ​ប៉ុស្ដិ៍​ចាក់អង្រែ​ក្រោម បាន​ឲ្យ​ដឹង​កាលពី​ម្សិល-មិញ​ដែរ​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រង់​ឈ្មោះ​ប្រជា​ពលរដ្ឋ​ទាំង ១៧ គ្រួសារ​នៅ​ក្នុង​បញ្ជី​ស្ថិតិ​ប្រជាពលរដ្ឋ គឺ​បាន​បញ្ជាក់​ហើយ​ថា ពួក​គាត់ ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ​ច្បាស់​លាស់។

លោក មា សុភាព អភិបាលរង​ខណ្ឌមានជ័យ​បាន​អះអាងថា រឿងនេះ​មិនមែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ទេ វា​ជា​សមត្ថកិច្ច​ជំនាញ របស់​ប៉ូលិស​អន្ដោ​ប្រវេសន៍។

លោក សុភាព ថ្លែងថា៖ «យើង គឺ​យើង​ទទួល​តែ​ទិន្នន័យ ដើម្បី​យកមក​ធ្វើការ ដើម្បី​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ទេ។ ឯ​ចំពោះ​បញ្ហា​ប្រជា​ពលរដ្ឋ​ទាំង​នោះ ជាប់​អន្ដោ​ប្រវេសន៍ ឬ​មិន​អន្ដោ​ប្រវេសន៍ វា​គឺជា​សមត្ថកិច្ច​ជំនាញ​របស់​នគរបាល​អន្ដោ​ប្រវេសន៍»។

លោក កែវ សារិន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ជាប់​ឈ្មោះ​ជា​អន្ដោ​ប្រវេសន៍ មិន​មែន​ជាប់​តែ​ផ្នែក​ពន្ធ​នោះ​ទេ ប៉ុន្ដែ​គឺ​បាន​ជាប់​ដោយ​ការចុះ​ទៅ​ធ្វើ​ជំរឿន ដោយ​បាន​ស្រាវ​ជ្រាវ​ពី​ប្រវត្ដិ ពង្ស​សាវតារ​របស់​ពួកគាត់​ច្បាស់​លាស់​ទើប​ជាប់​ឈ្មោះ​ជា​អន្ដោ​ប្រវេសន៍​បាន។

លោក​បាន​បន្ដថា៖ «ទោះជា​យ៉ាងណា​ក្ដី ការអះអាង​របស់​ប្រជាពលរដ្ឋ គឺ​ពួក​គាត់​បាន​អះអាង​បែប​នេះ ប៉ុន្ដែ​ជារួម​នៅ​ពេល​ដល់​ដំណាក់​កាល គេ​ដកហូត​ឯកសារ ដោយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​មក​នោះ គឺ​គេ​នឹង​ឲ្យ​គាត់​តវ៉ា បើ​គាត់​ជា​ខ្មែរ គឺ​ត្រូវ​មាន​សាក្សី​បញ្ជាក់ មាន​ឯកសារ​បញ្ជាក់ ថា​គាត់​ជា​ខ្មែរ គាត់​មាន​ពង្សា​វតារ​ជា​ខ្មែរ មក​ពី​ណា ត​ពី​ណា​មក​បែប​នេះ»។

លោក​បាន​បន្ថែមថា៖ «ធម្មតា​អ្នក​ដែល​ត្រូវគេ​ដក​ឯកសារ អ្នកខ្លះ​ចេះតែ​អះអាង​ថា ជា​ខ្មែរ​បែប​នេះ​ហើយ ប៉ុន្ដែ​ការងារ​នេះ ក៏​យើង​មិន​ទាន់​ដឹង​យ៉ាង​ណា​ដែរ ទាល់​តែ​អ្នក​ទទួល​បន្ទុក​ជំរឿន​នោះ​បាន​គាត់​ដឹង​ច្បាស់។ យើង​រាល់​ថ្ងៃ​នេះ កំពុង​ធ្វើ​យុទ្ធនា​ការ​ចុះ​ដក​ហូត​ឯកសារ មិន​ប្រក្រតី​ដែល​ជន​បរទេស​កាន់​កាប់។ ដែល​ហៅថា ក្រុម​ចម្រុះ​ចុះ​ដក​ហូត​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ដែល​ជន​បរទេស​កំពុង​ប្រើប្រាស់​កាន់​កាប់»៕