ក្រចេះ: ​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៣​ នាក់​បាន​ស្លាប់​ និង​ប្រមាណ​ ៦០ ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​គេ​ជឿ​ថា​ពួកគេ​បាន​ផឹក​ស្រាស​ក្នុង​ស្រុក​ស្នួល​ដែល​នេះ​គឺជា​ករណី​ពុល​ថ្មី​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម​មួយ​នេះ​។

លោក លី សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ ៣ នាក់​បាន​ស្លាប់ និង​ ៦០ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែ​កក្កដា ម្សិលមិញ​។ ក្នុង​នោះ​មាន​មនុស្ស ១១ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពួកគេ​បាន​ផឹក​ស្រាស​ជាមួយ​គ្នា​នៅក្នុង​ភូមិ​ហើយ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ភូមិ​មិន​អាច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាន់ ខណៈ​ ២ ​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​»​។

លោក​បន្ត​ថា​ ពលរដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​ត្រូវ​បាន​ធ្វើ​បុណ្យ​ហើយ​ពលរដ្ឋ​ដែល​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​នោះ​បាន​ផឹក​ស្រាស​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៤៨ ​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ ប៉ុន្តែ​មិន​មាន​ការគំរាម​កំហែង​ដល់​ជីវិត​ទេ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​។

លោក សុវណ្ណ បាន​ថ្លែង​ថា​អ្នក​ដែល​បាន​ស្លាប់ និង​ឈឺ​មាន​ប្រវត្តិ​ផឹក​ស្រាស និង​មាន​រោគសញ្ញា​នៃ​ការពុល​ស្រាស បើ​ទោះបី​ជា​ការ​ធ្វើ​តេស្ត​លទ្ធផល​នៃ​សំណាក​មិន​ទាន់​បញ្ចប់​ក៏ដោយ​។ លោក​បន្ត​ថា​៖ «​រោគសញ្ញា​របស់​ពួកគេ​មាន​ដូចជា ព្រិល​ភ្នែក ពិបាក​ដកដង្ហើម និង​បាត់បង់​ស្មារតី ដូច្នេះ​យើង​ដឹង​ថា ជា​ការ​ពុល​ស្រាស​។ ​សម្រាប់​ការធ្វើ​តេស្ត​សំណាក​វា​បាន​មក​ដល់​ភ្នំពេញ​រួចហើយ​ដោយ​នៅ​កំពុង​ធ្វើ​តេស្ត​នៅ​ឡើយ​»​។

បើ​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៥ ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ ២ ​នាក់​បាន​ស្លាប់​នៅ​ថ្ងៃទី​ ១៣ ខែ​កក្កដា និង​បុរស​ម្នាក់​អាយុ ៥៧ ឆ្នាំ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា​។

ករណី​ពុល​ស្រាស​នេះ​ គឺជា​ការផឹក​ជុំ​គ្នា​នៅ​ថ្ងៃទី​ ១២ ខែ​កក្កដា​ដែល​ប្រជាពលរដ្ឋ ១២ នាក់​បាន​ផឹក​ស្រាស ហើយ ៩ នាក់​បាន​ឈឺ និង​ ៣ ​នាក់​បាន​ស្លាប់​។ នៅ​ថ្ងៃទី​ ១៣ ខែ​កក្កដា​ប្រជាពលរដ្ឋ ៤៨ នាក់​បាន​ផឹក​ស្រាស​នៅ​ពិធី​បុណ្យសព​ដោយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ៤៨ នាក់​នោះ​បាន​ឈឺ​ហើយ​នៅ​ថ្ងៃទី​ ១៣ ខែ​កក្កដា​ប្រជាពលរដ្ឋ​ ១៤​ ​នាក់​បាន​ផឹក​ស្រាស ប៉ុន្តែ​មាន​តែ ៣ ​នាក់​បាន​ឈឺ​។

លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ថ្លែង​ថា​អ្នកភូមិ​ជាង ៥០ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក និង​មន្ទីរពេទ្យ​ខេត្ត​នៅ​ថ្ងៃទី​ ១៣ ខែ​កក្កដា​។ «​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ​។ មនុស្ស​មួយ​ចំនួន​កំពុង​មាន​ស្ថានភាព​ប្រសើរ​ឡើង​»​។

លោក វណ្ណ ឌឿន មេឃុំ​ស្នួល​បាន​ថ្លែង​ថា​៖ «​ស្ត្រី​ដំបូង​បាន​ស្លាប់​ដោយ​មិន​បាន​ទៅ​មន្ទីរពេទ្យ​។ មនុស្ស​ ២ ​នាក់​ទៀត​ដែល​បាន​ស្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ ស្ត្រី​ទី​ ១ ធ្វើការ​នៅ​ក្នុង​ចម្ការ​ដំឡូងមី​ចម្ងាយ​ប្រមាណ​ ៤០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​ហើយ​បាន​ផឹកស្រា​នៅ​ទី​នោះ​។ បន្ទាប់មក​គាត់​បាន​ឈឺ​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​ផ្ទះ​របស់​គាត់​»​។ «​ដំបូង​គ្មាន​នរណា​ម្នាក់​ដឹង​។ ប្រជាពលរដ្ឋ​បាន​រៀបចំ​ពិធី​បុណ្យសព​។ ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ជាមួយ​ស្ត្រី​នោះ​បាន​យក​ស្រាស​ទៅ​ឲ្យ​គ្រួសារ​នោះ​ចំនួន ២០ លីត្រ​ដោយ​ឲ្យ​ទៅ​ពិធីបុណ្យ ហើយ​បន្ទាប់​មក​មនុស្ស​ ២ ​នាក់​ដែល​បាន​ចូលរួម​ពិធីបុណ្យ​សព​នេះ​បាន​ស្លាប់​បន្ថែម​ទៀត ហើយ​អ្នក​ដែល​ពុល​ស្រាស​គឺ​មាន​ចំនួន​ជាង ៥០ ​នាក់​»​។

លោក គង់ កែមនី អភិបាលស្រុក​ស្នួល​ថ្លែង​ថា​ប្រជាពលរដ្ឋ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព ហើយ​បន្ទាប់​មក​ផឹក​ស្រាស​ក៏​ធ្វើឲ្យ​ពួកគេ​ក្អួតចង្អោរ រាករូស និង​ព្រិល​ភ្នែក​។ «​ស្ត្រី​ទី​ ១ ​បាន​ស្លាប់​ហើយ​បន្ទាប់​មក​មនុស្ស​ ២ ​នាក់​ទៀត​ដែល​បាន​ចូលរួម​ពិធី​បុណ្យសព​ដែល​បាន​ផឹកស្រាស​នៅ​ទី​នោះ​ក៏​បាន​ស្លាប់​ដែរ​។ យើង​សង្ស័យ​ការពុល​ស្រា ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ប្រាកដ​ទេ ដោយសារ​ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​។ ពួកគេ​នៅ​ពិធី​បុណ្យសព​ដើម្បី​កំដរ​បុណ្យសព​ ដូច្នេះ​ពួកគេ​ផឹក ដូច្នេះ​យើង​សង្ស័យ​»​។

លោក​បន្ត​ថា ​ឥឡូវ​នេះ​ អាជ្ញាធរ​កំពុង​តែ​ស្វែងរក​អ្នក​ដែល​លក់​ស្រា ហើយ​យក​សំណាក និង​ស្វែងរក​ថា​តើ​ស្រា​នោះ​មាន​ប្រភព​មកពី​ណា​?

គួរបញ្ជាក់​ផង​ដែរ​ថា​ កាលពី​ខែ​ឧសភា ​កន្លង​ទៅ ​អ្នកភូមិ​ស្រែនន​ក្នុង​ឃុំ​កន្ទួត ខេត្ត​ក្រចេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ពុល​ទឹក​ព្រែក ឬ​ពុល​ស្រា​ស្លាប់​ជាង ១០ នាក់ និង​ប្រមាណ ១០០ នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ​៕ PS