កណ្តាលៈ ​យ៉ាងហោចណាស់​មាន​មនុស្ស​ ៤ ​នាក់​ បាន​រងរបួស​ធ្ងន់​ និង​ស្រាល​ ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នៅ​ចំណុច​ភូមិ​សំរោងក្អែរ​-២ ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ​កាលពី​វេលា​ម៉ោង ១ ​និង​ ៣០ ​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៤ ​ខែ​ វិច្ឆិកា ​ឆ្នាំ​ ២០១៩​។

លោក វង សែ អធិការរង​ស្រុក​កៀនស្វាយ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា គ្រោះ​អគ្គិភ័យ​នេះ​បាន​ផ្ដើមចេញ​ពី​ «​ភាព​ធ្វេសប្រហែស​» របស់​ម្ចាស់ផ្ទះ​លក់​ហ្គាស ដែល​បាន​ដាំទឹក​នៅ​ក្បែរ​ធុង​បញ្ចូល​ហ្គាស​ធំ​មួយ​ធ្វើឲ្យ​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​ពី​ចង្ក្រានហ្គាស រាលដាល​ទៅ​ឆេះ​ទុយោ​ដែល​តភ្ជាប់​ពី​ធុង​ហ្គាស​នោះ​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ឡើង​ផ្អើល​អស់អ្នក​ភូមិ និង​សមត្ថកិច្ច​ទាំងយប់​។

លោក​បន្តថា​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ យ៉ាន់ នាង អាយុ​ ៣៥ ​ឆ្នាំ និង​បុរស​ជា​ប្ដី​ឈ្មោះ ស៊ិន សុខា អាយុ​ ៤៥ ​ឆ្នាំ​ព្រម​ទាំង​កូនប្រុស​ឈ្មោះ មឿន សុភា អាយុ​ ១៨ ​ឆ្នាំ និង​ចៅប្រុស​ម្នាក់​ឈ្មោះ ស៊ុន វិសាល អាយុ​ ៣ ​ឆ្នាំ​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ត្រូវ​បាន​សាច់ញាតិ​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​។

លោក​បន្តថា​៖ «​នៅក្នុង​គ្រោះ​អគ្គិភ័យ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​ការឆេះ​រាលដាល​ដល់​លំនៅឋាន​អ្នកដទៃ​នោះ​ទេ ដោយសារ​អ្នកភូមិ​នៅក្បែរ​នោះ​បាន​ជួយ​អន្តរាគមន៍​បូមទឹក​បាញ់​ពន្លត់​ទាន់ពេល​»​។

ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ធុង​ហ្គាស​ធុន​មធ្យម​ចំនួន​ ៣ ក្នុង​ចំណោម​ធុង​ហ្គាស​សរុប ៧១ ធុង​នៅក្នុង​ផ្ទះ​ខាងលើ​ត្រូវ​បាន​ផ្ទុះ​ឆេះ ដោយសារ​ការឆាបឆេះ​ភ្លើង​ពី​ចង្ក្រានហ្គាស​ដែល​ពួកគេ​បានដាក់​ដាំ​ទឹកក្ដៅ​នៅក្បែរ​នោះ​។

ដោយឡែក​កាលពី​រសៀល​ថ្ងៃ​ពុធ​ក៏មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​ពេល​ដាំ​ស្ល​ផង​ដែរ ដែល​យ៉ាងហោច​ណាស់​បាន​បង្ក​ឲ្យ​បុរស​ជនជាតិ​ចិន​ ២ ​នាក់​ដែល​បម្រើការ​នៅក្នុង​បន្ទប់​ធ្វើ​ម្ហូប​នៃ​អាហារដ្ឋាន​ជនជាតិ​ចិន​ «​ចឺជាំង​» នៅក្នុង​សង្កាត់​វាលវង់​ខណ្ឌ​ ៧ ​មករា រងរបួស​ស្រាល​។ នេះ​បើតាម​លោក ក្រេត សការីន អធិការរង​ខណ្ឌ​៧​មករា​។

បើតាម លោក ង៉ែត សាម៉ុន ប្រធាន​ការិល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ ២៥ ​រាជធានី​-ខេត្ត​ទូទាំង​ប្រទេស​ កម្ពុជា ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១៥ ខែ វិច្ឆិកា ​ឆ្នាំ ២០១៨ មកដល់​ថ្ងៃទី​ ១៤ ​ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៦៣៩ ​លើក​ ដោយ​បាន​បង្ក​ការខូចខាត​ផ្ទះ​តូច-ធំ និង ផ្ទះល្វែង​សរុប ៥៩១ ​ខ្នង​ តូប​លក់ដូរ​តូច-ធំ​សរុប ៣១១ ​តូប​ ស្លាប់​មនុស្ស​ ១៣ ​នាក់ និង​ ៨៧ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល និង​បាន​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​។ «​ស្ទើរតែ​ទាំងអស់​នៃ​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​គឺ​បណ្ដាល​មកពី​ម្ចាស់ផ្ទះ ឬ​ម្ចាស់​ទីតាំង​លក់ដូរ​មិន​បាន​បិទ​ ឬ​ពន្លត់ភ្លើង (​អគ្គិសនី និង​ភ្លើងចង្ក្រាន​) ​មុន​ពេល​ និង​ក្រោយពេល​ដាំ​ស្ល ឬ ចាកចេញ​ពី​លំនៅឋាន​»៕