ស្ថានភាពហិរញ្ញវត្ថុនៃសេដ្ឋកិច្ចណាមួយអាចត្រូវបានថ្លឹងថ្លែងដោយមធ្យោបាយក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ខ្លួន និងរបៀបក្នុងការវាយតម្លៃសមត្ថភាពក្រុមហ៊ុន រដ្ឋាភិបាល និងបុគ្គល ដើម្បីឆ្លើយតបនឹងការទូទាត់ប្រាក់ដើម និងអត្រាការប្រាក់លើបំណុលរបស់ពួកគេ។
ដូច្នេះសារៈសំខាន់ និងតួនាទីរបស់ទីភ្នាក់ងារចែករំលែកព័ត៌មានឥណទាន ដូចជាការិយាល័យឥណទានកម្ពុជា (CBC) នៅក្នុងសេដ្ឋកិច្ចគឺនឹងជួយមិនអោយមានតម្លៃហួសហេតុខ្លាំងពេក នៅពេលវាយតម្លៃហានិភ័យលើការវិនិយោគមូលធននោះទេ។
ស៊ីប៊ីស៊ី អនុវត្តភារកិច្ចសំខាន់ៗទាំងអស់នេះដោយធ្វើឲ្យប្រាកដថា ទាំងក្រុមវិនិយោគិន និងអតិថិជននៅក្នុងសេដ្ឋកិច្ចក្នុងស្រុកត្រូវបានផ្តល់ព័ត៌មានសំខាន់ៗមុនពេលផ្ដល់ប្រាក់កម្ចី។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ីបានផ្តល់កិច្ចសម្ភាសន៍ដល់កាសែតភ្នំពេញប៉ុស្ដិ៍អំពីសកម្មភាព និងផែនការរបស់ក្រុមហ៊ុនមួយនេះ ក៏ដូចជាការបង្កើនតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។
លោកថ្លែងថា៖ «ក្នុងឆ្នាំ ២០១៩ ស៊ីប៊ីស៊ី នឹងបន្តគោលនយោបាយនៃការធានាសន្ដិសុខទិន្នន័យ និងសេវាបម្រើអតិថិជនរបស់ខ្លួនឲ្យកាន់តែប្រសើរដើម្បីសម្រេចឲ្យបានតាមការចង់បានពីសមាជិក និងបន្តយុទ្ធសាស្ដ្រផ្ដោតលើកត្តាជំរុញអាជីវកម្មរបស់យើង ហើយនឹងបន្តបង្កើនភាពខ្លាំងរបស់យើង ដើម្បីអភិវឌ្ឍវេទិកាថ្មីៗដែលជួយសម្រួលដល់សមាជិករបស់យើងក្នុងការសម្រេចបាននូវគោលដៅរបស់ពួកគេ និងដើម្បីរួមចំណែកដល់ស្ថិរភាពកំណើនឧស្សាហកម្មមួយនេះ»។
លោក សុធារ័ត្ន ក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗដែល ស៊ីប៊ីស៊ី បានអនុវត្តប្រកបដោយជោគជ័យដែលជាសារៈសំខាន់ក្នុងការធានាលំហូរប្រតិបត្តិការដោយរលូននៅក្នុងបរិយាកាសអាជីវកម្មដែលរីកចម្រើនយ៉ាងរហ័សក្នុងពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «គ្រឹះស្ថានហិរញ្ញវត្ថុនានាកំពុងស្ថិតក្រោមសម្ពាធនៃការប្រកួតប្រជែងទីផ្សារ ខណៈពួកគេកំពុងធ្វើដំណើរឆ្ពោះទៅមុខ ហើយប្រព័ន្ធឌីជីថលគឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីទទួលបានប្រសិទ្ធភាព។ នវានុវត្តន៍ និងដំណោះស្រាយដ៏ប្រសើរគឺជាអ្វីៗដែលយើងទទួលបានជោគជ័យក្នុងការចូលរួមជាមួយទីផ្សារនេះ»។
ដើម្បីសម្រេចបានទិសដៅនេះលោកឲ្យដឹងថា ស៊ីប៊ីស៊ី កំពុងសម្លឹងឆ្ពោះទៅមុខ ដើម្បីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុន ការពង្រីកសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុទូទាំងប្រទេស និងការណែនាំពីសេវាត្រួតពិនិត្យរបាយការណ៍ឥណទានសម្រាប់ការងារដល់សមាជិករបស់ខ្លួន។
« ស៊ីប៊ីស៊ី នឹងចាប់ផ្ដើមស្វែងរកលទ្ធភាពក្នុងការធ្វើពិពិធកម្ម ប្រភពទិន្នន័យរបស់យើង។ នេះរួមមានទិន្នន័យវិស័យសាធារណៈ និងទិន្នន័យនៅក្នុងវិស័យជាប់ពាក់ព័ន្ធផ្សេងទៀត។ ក្រៅពីការធ្វើឲ្យកាន់តែមានសុវត្ថិភាព យើងនឹងស្វែងរកការពង្រីកបណ្ដាញឌីជីថលរបស់យើង ដែលរួមមានកម្មវិធីទូរស័ព្ទចល័ត និងអនឡាញហើយនឹងបន្ថែមមុខងារ និងជម្រើសសេវាបម្រើដោយខ្លួនឯងថ្មីៗ ដើម្បីលើកកម្ពស់បន្ថែមទៀតដល់ឧបករណ៍ឌីជីថលទាំងនេះ»។
លោកឲ្យដឹងទៀតថានៅឆមាសទី ១ ឆ្នាំ ២០១៩ សមិទ្ធផលរបស់ ស៊ីប៊ីស៊ី រួម ទាំងសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុត្រូវបានដាក់ពង្រាយប្រកបដោយជោគជ័យនៅតាមសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារអេស៊ីលីដានៅគ្រប់ទីរួមខេត្ត ក្រុងទាំង ២៥ ខេត្តក្រុង ។
លោកបន្ថែមថា៖ «ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុន គឺជាការផ្ដោតដ៏សំខាន់របស់យើងហើយយើងបានធ្វើការងារនេះជាមួយសមាជិករបស់យើងរយៈពេលជាង ១ ឆ្នាំ។ ការអភិវឌ្ឍប្រព័ន្ធទាំងអស់ត្រូវបានបញ្ចប់ និងការសាកល្បងដែលអាចទទួលយកបាន។ ដោយមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ប្រព័ន្ធនេះនឹងប្រតិបត្តិការនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១៩»។
លោក សុធារ័ត្ន បានលើកឡើងថាអត្ថប្រយោជន៍នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននេះ មិនគ្រាន់តែផ្ដល់ផលប្រយោជន៍ដល់វិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមអ្នកសម្រេចចិត្តនៅក្នុងវិស័យជាច្រើនដែលមិនជាប់ទាក់ទងនឹងឥណទានប្រើប្រាស់លក្ខណៈបុគ្គលផងដែរ ដែលរួមមានបុគ្គលផ្ទាល់ខ្លួន ម្ចាស់ក្រុមហ៊ុន ឬនិយោជក ក្រុមហ៊ុនធានារ៉ាប់រង ទូរគមនាគមន៍ ក្រុមហ៊ុនបោះដុំ អ្នកជួលអចលនទ្រព្យ និងអ្នកប្រមូលពន្ធ។
លោកថ្លែងថា៖ «ដើម្បីសម្រេចបានទិសដៅឆ្នាំ ២០១៩ អាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនរបស់យើងនឹងទៅដល់សាធារណជនទូទៅ ដែលអាចទទួលបានលទ្ធភាពទទួលបានរបាយការណ៍ឥណទានបុគ្គលរបស់ពួកគេកាន់តែងាយស្រួល និងកាន់តែរហ័ស។ ស៊ីប៊ីស៊ី នឹងកែលម្អបណ្ដាញឌីជីថល ដើម្បីសម្រេចបានទិសដៅនេះដែលរួមទាំងការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តរបស់យើង។
យើងនឹងបន្តការចូលរួមជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកការធ្វើពិពិធកម្មទិន្នន័យ ដែលអាចរួមបញ្ចូលជាមួយការិយាល័យឥណទាន និងការបន្ថែមតម្លៃដល់ប្រជាជនដែលអាចទទួលបានហិរញ្ញវត្ថុទោះបីពួកគេមិនដែលដាក់ពាក្យស្នើសុំកម្ចីពីមុនក៏ដោយ»។
ទាក់ទងការអប់រំសាធារណជនអំពីសារៈសំខាន់នៃរបាយការណ៍ឥណទាន លោក សុធារ័ត្ន បានឲ្យដឹងថា ស៊ីប៊ីស៊ី នឹងផ្ដល់អាទិភាពឲ្យអតិថិជនយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ពួកគេទាក់ទងនឹងការរាយការណ៍ឥណទានតាមរយៈកម្មវិធីចំណេះដឹងហិរញ្ញវត្ថុស្ដីពីរាយការណ៍ឥណទានបុគ្គលនៅក្នុងទម្រង់នៃសិក្ខាសាលានៅតាមសាកលវិទ្យាល័យ សកម្មភាពតាមស្ដង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ និងបណ្ដាញឌីជីថលរបស់ខ្លួនជាដើម។
លោកក៏បានបញ្ជាក់ដែរថា៖ «វាមានសារៈសំខាន់ណាស់សម្រាប់អតិថិជនក្នុងការទាក់ទងជាមួយស្ថាប័នសំខាន់ៗអំពីសារៈសំខាន់នៃរបាយការណ៍ឥណទាន និងទិដ្ឋភាពផ្សេងទៀតនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទំនើប»។
លោកបន្តថា៖ «របៀបវារៈនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយពួកគេទទួលបានហិរញ្ញប្បទានកាន់តែរហ័ស។ របៀបវារៈនេះផ្តល់ឲ្យពួកគេនូវចំណេះដឹងដែលនឹងជួយធនាគារឲ្យធ្វើការសម្រេចចិត្តលើឥណទានរបស់ខ្លួនកាន់តែងាយស្រួល”៕