កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​របស់​ជប៉ុន​ក្នុង​ការកសាង​ប្រទេស ​កម្ពុជា​ ឡើងវិញ ហាក់ដូចជា​មិនទាន់​បង្ហាញ​សញ្ញា​ថមថយ​នោះទេ សូម្បីតែ​វា​មាន​រយៈពេល​ជិត​ ៣០ ​ឆ្នាំ​ ទៅហើយ​ក្តី ដោយ​កំពុង​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​បន្ថែមទៀត នៅពេល​ខាងមុខ​។

ប្រទេស​ ជប៉ុន ​បាន​ផ្តល់​ជំនួយ​រាប់លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​មក​ម្ល៉េះ​ដែល​ភាគច្រើន​ជួយ​ដល់​ការសាងសង់​ និង​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ប៉ុន្តែ​ពេលនេះ​គេ​កំពុង​ផ្តោត​សន្សឹមៗ​ទៅរក​ផ្នែក​ផ្សេងៗ​ទៀត​។

កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នឹង​ក្លាយ​ជា​កម្លាំង​ជំរុញ​ដ៏សំខាន់​នៃ​ជំនួយ​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​របស់​ជប៉ុន​ដែល​ជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ បន្ទាប់ពី​គោលនយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏រឹងមាំ​របស់ខ្លួន​ដែល​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ កម្ពុជា​ ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ មក​។

តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​លោក Shinohara Yuji មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​យុទ្ធសាស្ត្រ​ថ្មី​គឺ​យើង​មិន​ត្រឹមតែ​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តោតលើ​អភិបាលកិច្ច និង​កិច្ចសហប្រតិបត្តិការ បច្ចេកទេស​ផងដែរ​»​។

ទីភ្នាក់ងារ JICA ដែល​ជា​ភ្នាក់ងារ​ប្រតិបត្តិការ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​នៅក្រៅ​ប្រទេស​បាន​រួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​ថេរ​របស់​ប្រទេស​ កម្ពុជា​។

គម្រោង​វារីវប្បកម្ម​សមុទ្រ​គាំទ្រ​ដោយ អង្គការ JICA​។

ជា​ឧទាហរណ៍​ការគាំទ្រ​របស់​ទីភ្នាក់ងារ JICA ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ជាច្រើន​ផ្នែក​ដែលមាន​ដូចជា​វិស័យ​ថែទាំ​វេជ្ជសាស្ត្រ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន វិស័យ កសិកម្ម និង​វារីវប្បកម្ម​សមុទ្រ​ជាដើម​។

លោក Yuji ថ្លែង​ថា​៖ «​គម្រោង​របស់​យើង​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​ កម្ពុជា​។ ឧទាហរណ៍​ការលុបបំបាត់​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រហូត​ដល់​ការជួសជុល​ស្តារឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​) ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត « Phnom Penh Miracle» ការជួយ​ក្រសួង​យុត្តិធម៌​ក្នុង​ការរៀបចំ​ក្រមរដ្ឋប្បវេណី និង​ការគាំទ្រ​ដល់​វិស័យ​កសិកម្ម​ជាដើម​»​។

កិច្ចសហការ​បច្ចេកទេស​គួរឱ្យ​កត់សម្គាល់​មួយទៀត​គឺ​ community police ។ អង្គការ JICA កំពុង​ធ្វើការ​ជាមួយ​ក្រសួងមហាផ្ទៃ​ដើម្បី​លើកកម្ពស់​ «community police» ​នៅ​តាម​តំបន់​ជនបទ​ដែល​ជា​គំនិត​មួយ​ត្រូវបាន​អនុវត្តតាម​ប្រព័ន្ធ​ «Koban» របស់​ជប៉ុន​។

លោក Yuji មាន​ប្រសាសន៍​ថា​៖ «​គម្រោង​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ ​នៅ​ទីក្រុង​ភ្នំពេញ​។ គ្រូបង្វឹក​ជប៉ុន និង​កម្ពុជា​ នឹង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប៉ូលិស​ និង​បណ្តុះបណ្តាល គ្រូ​បង្វិក​»​។

លោក​បាន​បន្ថែមថា វា​គឺជា​ «​ដំណើរ​ដ៏ល្អ​» ​សម្រាប់​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍​មកនេះ​ក្នុង​ការជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​។

«​វា​មាន​ការវិវត្ត​យ៉ាង​ល្អ​រាប់​ចាប់តាំងពី​ការកែលម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ផែ​ទឹកសមុទ្រ​រហូត​ដល់​វិស័យ​កសិកម្ម​»​។

លោក Yuji បន្ថែមថា​៖ «​គម្រោង​ទាំងនេះ​ត្រូវបាន​អនុវត្ត​ដោយ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន​។

អង្គការ JICA បានចាត់ទុក​ការអភិវឌ្ឍ​សមត្ថភាព​ជា​គំនិត​ដ៏សំខាន់ ដូច្នេះ​យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ការអភិវឌ្ឍ​សមត្ថភាព​គឺជា​កត្តា​សំខាន់បំផុត​ក្នុង​ការរួមចំណែក​ដល់​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព និង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​ បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​»៕