បច្ចុប្បន្ន​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​គឺ​កំពុងតែ​មាន​ការរីកចំរើន។ ជើងហោះហើរ​ដោយ​ផ្ទាល់​មកពី​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (SEA) កំពុង​កើន​ឡើង​ជា​រៀងរាល់​ខែ​តាមរយៈ​អាកាសយានដ្ឋាន​ធំៗ​ទាំង​បី​របស់​​កម្ពុជា​​គឺ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយាដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប។

ជាមួយ​នឹង​កំណើន​ទេសចរណ៍​ដែល​មាន​ល្បឿន​លឿន​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​កម្ពុជា​គឺ​មាន​ទីតាំង​ល្អ​បំផុត​ដែល​អាច​ស្រូប​ទាញ​យក​ផលប្រយោជន៍​បាន​យ៉ាង​ច្រើន​ពី​វិស័យ​អាកាសចរណ៍​ដែល​កំពុង​មាន​សន្ទុះ​យ៉ាង​ឆាប់រហ័ស​ក៏​ដូចជា​កំណើន​នៃ​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នៅ​ទូទាំង​ពិភពលោក​ដែរ។

ដោយ​ស្ថិត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​មួយ​មាន​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ជាង​មួយ​ភាគបី​នៃ​ចរាចរណ៍​ផ្លូវ​អាកាសចរណ៍​ទូទាំង​ពិភពលោក​នោះ​ធ្វើឱ្យ​កម្ពុជា​ត្រូវការ​អ្នក​បច្ចេកទេស​ និង​វិស្វករ​ជំនាញ​មក​ជួយ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ដែល​កំពុង​កើនឡើង​មិន​ធ្លាប់​មាន​ពី​មុន​នៅក្នុង​វិស័យ​មួយ​នេះ។

លោក Zorba Parer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ZPAC និង​ជា​វិស្វករ​ និង​អ្នកពិគ្រោះ​យោបល់​នៅក្នុង​វិស័យ​អាកាសចរណ៍​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន ZPAC ផ្តល់​កម្មវិធី​សិក្សា​ផ្នែក​វិស្វកម្ម​ថែទាំ​យន្តហោះ​ដល់​សិស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ប្រទេស​អូស្ត្រាលី។ ជាពិសេស​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ការអនុវត្ត​កម្មវិធី​សិក្សា​នៅឯ​វិទ្យាស្ថាន​អាកាសចរណ៍​អាមេរិក American Institute of Aeronautical and Astronautically Software ដែល​ជា​ផ្នែក​មួយ​នៃ​គណៈកម្មាធិការ​បច្ចេកទេស​ដែល​មាន​ជំនាញ​ដាក់បញ្ចូល​កម្មវិធីសិក្សា​ទៅក្នុង​មុខវិជ្ជា STEM ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើការ​សាកសួរ​លោក Parer តាមរយៈ​អ៊ីម៉ែល​ដើម្បី​ឲ្យ​លោក​បង្ហាញ​អំពី​ទស្សនវិស័យ​របស់​លោក​ចំពោះ​សារៈសំខាន់​នៃ​ជំនាញ STEM ចំពោះ​វិស័យ​អាកាសចរណ៍​ និង​វិស្វកម្ម​យន្ដហោះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តាម​ទស្សនៈ​របស់​លោក​ក្នុង​នាម​ជា​វិស្វករ​ជំនាញ​ផ្នែក​យន្តហោះ លោក Parer បាន​ពណ៌នា​អំពី​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​និស្សិតកម្ពុជា​បញ្ចប់​ការសិក្សា​លើ​មុខជំនាញ STEM ដែល​ពួកគេ​នឹង​សម្រេច​បាន។

លោក Parer បាន​ឆ្លើយ​តាមរយៈ​អ៊ីម៉ែល​ថា៖ «ការសិក្សា​លើ​មុខជំនាញ STEM អនុញ្ញាត​ឱ្យ​សិស្ស​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ពិភពលោក​ខាង​ក្រៅ​ បច្ចេកវិជ្ជា​ផ្សេងៗ និង​មូលដ្ឋានគ្រឹះ​​វិទ្យាសាស្ត្រ ហើយ​បើ​គ្មាន​គ្រឹះ​រឹងមាំ​នៅក្នុង​មុខ​ជំនាញ STEM ទេ​នោះ​មនុស្ស​ពិបាក​នឹង​យល់​អំពី​មូលដ្ឋានគ្រឹះ​នៃ​បច្ចេកវិទ្យា​ភាគច្រើន ដែល​វា​មាន​ទំនាក់​ទំនង​ជាមួយ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ STEM គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​គ្រប់គ្រង​រូប»។

លោក Parer ថ្លែង​ថា​ទាក់ទង​ទៅ​នឹង​ការរៀបចំ​និស្សិត​សម្រាប់​វគ្គ​សិក្សា​លើ​មុខវិជ្ជា​វិស្វកម្ម​យន្តហោះ​នេះ ជំនាញ STEM នឹង​បង្កើត​មូលដ្ឋានគ្រឹះ​ដែល​មិន​ត្រឹមតែ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​វិធីសាស្ត្រ​រៀនសូត្រ​ដ៏ចាំបាច់​ផងដែរ។ កម្មវិធី STEM ចំពោះ​វិស័យ​អាកាសចរណ៍​បាន​ផ្តល់​ឱ្យ​សិស្ស​នូវ​បរិបទ​ដ៏រំភើប​ដើម្បី​ស្វែងយល់​ទាំង​មូលដ្ឋានគ្រឹះ​ និង​ផ្នត់គំនិត​ស៊ីជម្រៅ​នៅក្នុង​ជំនាញ STEM ។

កម្មវិធី​វិស្វកម្ម​ថែទាំ​យន្ដហោះ​គឺជា​គុណវុឌ្ឍិ​នៃ​ជំនាញ​វិជ្ជាជីវៈ​ដែល​តំណាងឱ្យ​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ជំនាញ STEM ទាំង​សម្រាប់​សិស្ស​កម្រឹត​បឋមសិក្សា​ និង​មធ្យមសិក្សា។

នៅពេល​សាកសួរ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា និង​លទ្ធភាព​ទទួល​បាន​នូវ​វិស័យ​វិស្វកម្ម​អាកាសចរណ៍​រឹងមាំ​នៅពេល​អនាគត លោក Parer បាន​ចង្អុល​បង្ហាញ​ថា៖ « កម្មវិធី STEM គឺមាន​សារៈសំខាន់​គ្រប់គ្រាន់​ដើម្បី​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​មួយ​រីកចម្រើន​នៅក្នុង​យុគសម័យ​ទំនើប​នេះ»។

លោក​ថ្លែង​ថា៖ «ប្រទេស​កម្ពុជា​មាន​ឱកាស​ច្រើន​ពីការ​ដាក់​ចេញ​កម្មវិធី STEM ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ភ្នាក់ងារ​អន្ដរជាតិ​នានា​ជុំវិញ​ការអនុវត្ត​កម្មវិធី​មួយ​នេះ។ និយាយ​ជា​រួម បើ​គ្មាន​ការសិក្សា​លើ​មុខវិជ្ជា STEM ទេ​នោះ​ក៏​គ្មាន​ការ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ថ្មី​ និង​វិធីសាស្ត្រ​សមស្រប​ដើម្បី​សម្របសម្រួល​ ឬ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​នឹង​កើតឡើង​នៅពេល​អនាគត​បាន​ប្រសិទ្ធិភាព​ខ្ពស់​ដែរ ហើយ​ច្បាស់​ណាស់​នៅ​គ្រប់​ទីកន្លែង​នឹង​មិន​មាន​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ច្បាស់លាស់​នោះ​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា​បើ​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​គឺ​គេ​អាច​ទៅ​បម្រើ​ការងារ​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​បាន​នៅ​ទូទាំង​ពិភពលោក​ហើយ​អាច​តាម​ទាន់​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​ទំនើប​បំផុត​នៅក្នុង​វិស័យ​មួយ​នេះ​ដែល​ធ្វើឲ្យ​អាជីព​ការងារ​កាន់តែ​មាន​និរន្តភាព។ អាជីព​ការងារ​ខាង​អាកាសចរណ៍​គឺ​មាន​លក្ខណៈ​យូរអង្វែង​ ប៉ុន្តែ​ដោយសារ​បញ្ហា​អាកាសធាតុ​តម្លៃ​ប្រេងឥន្ធនៈ​ថ្លៃ​និង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អាកាសចរណ៍​នាពេល​អនាគត​អាច​ត្រូវការ​អ្នក​អភិវឌ្ឈន៍​បច្ចេកវិទ្យា​កាន់តែ​ឆាប់​រហ័ស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក៏ដូចជា​ការវិវត្តន៍​បច្ចេកវិទ្យា​កាន់តែ​ទំនើប​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

នៅពេល​និយាយ​ដល់​កម្មវិធី​វិស្វកម្ម​ថែទាំ​យន្តហោះ​របស់​ក្រុមហ៊ុន ZPAC លោក Parer បាន​គូសបញ្ជាក់​ថា និស្សិត​ដែល​ចូលរៀន​ជាមួយ ZPAC ប៉ុន្តែ​គ្មាន​ចំណេះដឹង​លើ​មុខវិជ្ជា STEM នោះ​ពួកគេ​នឹង​ពិបាក​យល់​អំពី​គោល​គំនិត​នៃ​កម្មវិធី​របស់​យើង។ ការសិក្សា​កម្មវិធី STEM គឺជា​គុណសម្បត្តិ​ដ៏សំខាន់​មួយ​សម្រាប់​សិស្ស​ដែល​កំពុង​ពិចារណា​ចាប់​យក​អាជីព​មួយ​នៅក្នុង​វិស័យ​អាកាសចរណ៍។ សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ការ​សិក្សា​​ជំនាញ STEM នេះ​គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់៕