គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន (ASCN) ត្រូវ​បាន​បង្កើតឡើង​នៅ​​ថ្ងៃទី​ ២៨ ខែ​មេសា ឆ្នាំ​ ២០១៨ ​ដែល​ជា​វេទិកា​រួម​គ្នា​មួយ​សម្រាប់​ទីក្រុង​របស់​សមាជិក​អាស៊ាន​ដើម្បី​ផ្លាស់ប្តូរ​ការអនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ដូចជា​ផ្តល់​ដំណោះស្រាយ​ក្នុង​ទីក្រុង​ និង​ការជំរុញ​គម្រោង​ទីក្រុង​ឆ្លាតវៃ​ឲ្យ​បាន​ជោគជ័យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​កំណើន​អ្នក​មក​រស់នៅ​ទីក្រុង​ដែល​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​។

ទីក្រុង​ចំនួន​ ២៦ ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ជាមួយ​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ (ASCN) នេះ​ដែល​ជា​បណ្តុំ​អ្នកត្រួសត្រាយ​ផ្លូវ​សម្រាប់​ទីក្រុង​នៅក្នុង​ប្រទេស​អាស៊ាន​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​។ ​

នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ស្វាគមន៍​ទីក្រុង​ចំនួន​ ៣ ​ដែល​បាន​ចូលរួម​សាកល្បង​ក្នុង​គម្រោង​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​នេះ​គឺ​មាន​ទីក្រុង​ភ្នំពេញ ទីក្រុង​បាត់ដំបង​ និង​ទីក្រុង​សៀមរាប​។ ​ទីក្រុង​ទាំង​នេះ​នឹង​ដាក់​ចេញ​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរការ​អនុវត្ត​គម្រោង​ ASCN នេះ​។

ទំនាក់ទំនង​របស់​គម្រោង ASCN នៅក្នុង​ប្រធានបទ​របស់​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រធាន​អាស៊ាន​ស្តីអំពី​កាលានុវត្តន៍​ និង​ភាពរឹងមាំ «Resilience» និង «Innovation» ដោយ​លើក​ទឹកចិត្ត​ដល់​បណ្តា​ទីក្រុង​ដែល​ជា​សមាជិក​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាជន​ជាង​ ៩០ ​លាន​នាក់​នៅក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​មក​រស់នៅ​ក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ​ ២០៣០ ​ហើយ​ទីប្រជុំជន​ជា​មធ្យម​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​នឹង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចន្លោះ​ពី​ ២០០ ០០០ ទៅ ២ លាន​នាក់​ស្មើ​នឹង​ ៤០ ​ភាគរយ​នៃ​កំណើន​ក្នុង​តំបន់​។

ជំហាន​ដំបូង​របស់​គម្រោង ASCN ត្រូវ​បាន​ដាក់​ចេញ​។

នៅក្នុង​កិច្ចប្រជុំ​សម្ពោធ​គម្រោង ASCN កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០១៨ ​មាន​កិច្ចព្រមព្រៀង​ចំនួន​ ៥ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុង​ចំណោម​ទីក្រុង​ក្នុង​គម្រោង​ទីក្រុង​ឆ្លាតវៃ​អាស៊ាន ​(ASCN) ​ជា​អ្នក​ផ្តល់​ដំណោះស្រាយ និង​ដៃគូ​ខាង​ក្រៅ​ដើម្បី​គាំទ្រ​ដល់​គោលបំណង​នៃ​បណ្តាញ​នេះ​។ ​

ដោយ​មាន​ការគាំទ្រ​ជា​បន្ត​ពី​ប្រទេស​កម្ពុជា និង​ដៃគូ​អាស៊ាន​ដទៃ​ទៀត​ប្រទេស​សិង្ហបុរី​ កំពុង​ទន្ទឹងរង់ចាំ​ការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​គម្រោង ASCN នេះ​ពី​មេដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨ ​ខាង​មុខ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីអំពី​គម្រោង ASCN សូម​ចូល​ទៅ​កាន់ ហ្វេសប៊ុក ASEAN Smart Cities Network៕

អត្ថបទ: ស្ថានទូត​សិង្ហបុរី​ក្នុង​រាជធានី​ភ្នំពេញ