ជា​មួយ​នឹ​ង​ការ​ចូល​មក​បន្ថែម​ទៀត​របស់​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​កម្ម​ហៅ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​ក្នុង​ទី​ផ្សារ​ក្នុង​ស្រុក ក្រុម​ហ៊ុន Exnet Taxi Cambodia ដែល​ជា​ប្រតិ​បត្តិ​ករ​ដំ​បូង​គេ​បំ​ផុត​នៅ​ប្រ​ទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​របស់​ខ្លួន​បាន​រង​ផល​ប៉ះ​ពាល់ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ការ​ប្រ​កួត​ប្រ​ជែង ហើយ​ក្រុម​ហ៊ុន​ត្រូវ​ការ​គំ​រូ​ពា​ណិជ្ជ​កម្ម​ថ្មី​មួយ ដើ​ម្បី​រក្សា​វត្ត​មាន​រប​ស់​ខ្លូន​នៅ​ក្នុង​​វិ​ស័យ​នេះ​។

លោក ហ៊ ដា​លុ​ច្យ ជា​ស្ថាប​និក​ក្រុ​ម​ហ៊ុន Exnet Taxi Cambodia បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ក្រុម​ហ៊ុន​របស់​លោក​មា​ន​គម្រោង​ណែ​នាំ​នូវ​ប្រ​ព័ន្ធ​ថ្មី​មួយ​សម្រាប់​បណ្តា​អ្នក​បើក​បរ ដែល​មិន​គិត​ថ្លៃ និង​អត្រា​ទាប​ជាង​មុន​ទៅ​ដល់​បណ្តា​អ្នក​ដំ​ណើរ​ដែល​ប្រើ​ប្រាស់​កម្ម​វិធី​ទូរ​ស័ព្ទ​របស់​ក្រុម​ហ៊ុន​។

ប្រតិ​បត្តិ​ករ​យក​កម្រៃ​ជើង​សា​ពី​បណ្តា​អ្នក​បើក​បរ ចន្លោះ​ពី ២០ ទៅ ២៥ ភាគ​រយ ពី​ការ​ចំ​ណាយ​សរុប​ទៅ​លើ​ការ​ជិះ​របស់​អ្នក​ដំ​ណើរ​។

លោក ដា​លុ​ច្យ ឲ្យ​ដឹង​ទៀត​ថា លោក​កំពុង​តែ​ស្វែង​រក​ប្រ​ភព​ចំ​ណូល​ថ្មី​មួយ​សម្រាប់​ក្រុម​ហ៊ុន ក្រៅពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ការ​គិត​កម្រៃ​ជើង​សា​ពី​បណ្តា​អ្នក​បើក​បរ ដូច​ជា​ការ​បង្កើត​ចំ​ណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​ក​ម្ម្ បាន​មក​ពី​បណ្តា​ក្រុម​ហ៊ុន​ដែល​ចង់​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ទៅ​លើ​​ផលិត​ផល និង​សេ​វា​កម្ម​របស់​ពួក​គេ​។

លោក​និយាយ​ថា​៖ «​ទិដ្ឋ​ភាព​ដ៏​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រ​កួត​ប្រ​ជែង លែង​អាច​ឲ្យ​ប្រតិ​បត្តិ​ករ​ផ្តល់​សេ​វា​កម្ម​ហៅ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ ពឹង​ផ្អែក​តែ​លើ​កម្រៃ​ជើង​សា​ពី​អ្នក​បើក​បរ​បាន​ទៀត​ហើយ​។ ប្រតិ​បត្តិ​ការ​ទាំង​ឡាយ​ណា​ដែល​មិន​ចេះ​បត់​បែន និង​មិន​អាច​ស្វែង​រក​គំរូ​ពា​ណិជ្ជ​កម្ម​ថ្មី​ណា​មួយ​ប្រ​ហែលជា​នឹង​អាច​បាត់​ខ្លួន​ពី​ទី​ផ្សារ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​ឥឡូវ​នេះ​កំ​ពុ​ង​តែ​ស្ថិត​នៅ​ក្នុង​ ស្ថាន​ការណ៍​ដ៏​លំ​បាក​មួយ​ដោយ​សារ​តែ​​ការ​ប្រ​កួត​ប្រ​ជែង​។ ដើម្បី​រស់​រាន​បន្ត យើង​ចាំ​បា​ច់​ត្រូវ​បង្កើត​គំរូ​ពា​ណិជ្ជ​កម្ម​ថ្មី​។

នៅ​ពេល​ដែល​គំរូ​ពា​ណិជ្ជ​កម្ម​របស់​យើង​ត្រូវ​បាន​លេច​ឡើង​ជា​រូប​ភាព យើង​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​អ្នក​បើក​បរ​ប្រ​កប​ដោយ​គុណ​ភាព និង​សី​ល​ធ​ម៍ ព្រោះ​ពា​ណិជ្ជ​កម្ម​​របស់​យើង​នឹង​ផ្តល់​អត្ថ​ប្រ​យោជន៍​ទៅ​ឲ្យ​អ្នក​បើក​បរ ហើយ​ពួក​គេ​អាច​ផ្តល់​សេ​វា​កម្ម​ល្អ​ទៅ​ឲ្យ​ភ្ញៀវ​»​។

តាម​ការ​ឲ្យ​ដឹង​របស់​លោក​ដា​លុ​ច្យ ក្រុម​ហ៊ុន Exnet Taxi មាន​អ្នក​បើក​បរ​​ចុះ​ឈ្មោះ​ចំ​នួន​ប្រ​មាណ ២,០០០ នាក់ ហើយ​ភាគ​ច្រើន​នៃ​ពួក​គាត់​គឺ​ជា​អ្នក​បើក​បរ​រថ​យន្ត ឯ​ចំ​ណែក​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ទាញ​យក​កម្ម​វិ​ធី​របស់​ក្រុម​ហ៊ុន​នៅ​លើ​ទូរ​ស័ព្ទ​ដៃ មាន​ជាង ២ ម៉ឺន​នាក់​។

លោក​និ​យាយ​ថា ដៃ​គូ​សក្តា​នុ​ពល​របស់​ក្រុម​ហ៊ុន​លោក​សម្រាប់​គំ​រូ​ពា​ណិជ្ជ​កម្ម​ថ្មី​នេះ អាច​ជា​បណ្តា​ក្រុម​ហ៊ុន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ក្នុង​មធ្យោ​បាយ​ទូ​ទាត់​ប្រាក់ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​នោះ​កំ​ពុង​តែ​ពង្រីក​បណ្តាញ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិ​ទ្យា​ទំ​នើប​ជា​គោល​។

បណ្តា​ក្រុម​ហ៊ុន​ដ​ទៃ​ទៀត​ដែល​កំ​ពុ​ង​តែ​លើក​កម្ពស់​ម៉ាក​ផលិត​ផល​របស់​ពួក​គេ ក៏​ជា​គោល​ដៅ​របស់​ក្រុម​ហ៊ុន Exnet ផង​ដែរ​។

លោក ដា​លុ​ច្យ បាន​ស្មាន​ទុក​ជាមុន​នូវ​បញ្ហា​ប្រ​ឈម​ជា​ច្រើន​សម្រាប់​ការ​អនុ​វត្ត​គំរូ​ពា​ណិជ្ជ​កម្ម​របស់​លោក ដូច​ជា ការ​ពិ​បាក​ក្នុងការ​បញ្ចុះ​ប​ញ្ចូល​បណ្តា​អ្នក​បើក​បរ​ ឲ្យ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ហ៊ុន​របស់​លោក ដោយ​សារ​តែ​ពួក​គាត់​អាច​នឹង​ត្រូវ​បាន​គំ​រាម​ដោយ​ប្រតិ​បត្តិ​ករ​ដទៃ​ទៀត​ ថា​នឹង​ផ្តាច់​ពួក​គាត់​ពី​បណ្តាញ​របស់​ពួក​គេ ​ប្រ​សិន​បើ​ពួក​គាត់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ហ៊ុន Exnet​។

លោក​ថ្លែង​ថា​៖​ «​យើង​មើល​ឃើញ​ទុក​ជា​មុន នូវ​បញ្ហា​ប្រ​ឈម​ជា​ច្រើន ក្នុង​ការ​អនុ​វត្ត​គំ​រូ​ពា​ណិជ្ជ​កម្ម​ថ្មី​របស់​យើង ប៉ុន្តែ​យើង​នឹង​ព្យា​យាម​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ នៅ​ខណៈ​ដែល​យើង​កំ​ពុង​តែ​ដើរ​ឈាន​ទៅ​មុខ​»​។

ទន្ទឹម​នឹង​នេះ​ដែរ លោក ដា​លុ​ច្យ ក៏​កំ​ពុ​ង​តែ​ស្វែង​រក​បណ្តា​ដៃ​គូ​វិ​និ​យោគ មាន​ក្រុម​ហ៊ុន​មូល​ធន​ជា​ដើម​ ដើ​ម្បី​ប្រ​មូល​ថ​វិ​កា​សម្រាប់​ពង្រឹង​ប្រតិ​បត្តិ​ការ​របស់​ក្រុម​ហ៊ុន ដើ​ម្បី​រក្សា​ភាព​ប្រ​កួត​ប្រ​ជែង​នៅ​ក្នុង​ទី​ផ្សារ​។

ស្រប​ពេល​ដែល​មាន​ក្រុម​ហ៊ុន​កម្ម​វិ​ធី​ហៅ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ ប្រ​មាណ ១០ កំ​ពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​កម្ពុជា​នៅ​ពេល​បច្ចុ​ប្បន្ន​នេះ លោក ដា​លុ​ច្យ បាន​ព្យា​ក​រ​ថា នៅ​ថ្ងៃ​អនា​គត មាន​តែ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ធំ​ៗ តែ​ប៉ុណ្ណោះ​ដែល​នឹង​ត្រួត​ត្រា​ទី​ផ្សារ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​នោះ​មាន​សមត្ថ​ភាព​ហិ​រញ្ញ​វត្ថុ និង​ជំ​នាញ​ការ​បច្ចេក​ទេស​ខ្ពស់​។

ក្រុម​ហ៊ុន​ទាំង​នេះ​អាច​ទាក់​ទាញ​អ​តិ​ថិ​ជន​បាន តាម​រយៈ​ការ​ណែ​នាំ​ នូវ​គំ​និត​អា​ជីវ​កម្ម​ថ្មីៗ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ ដូច​ជា​ការ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជា​ដើម​។

លោក​បន្ថែម​ថា ដើ​ម្បី​ធា​នា​ឲ្យ​បាន​ថា ក្រុម​ហ៊ុន​ផ្តល់​សេ​វា​កម្ម​ហៅ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ នៅ​តែ​អាច​ស្វែង​រក​ប្រាក់​ចំ​ណេញ និង​បន្ត​រក្សា​វត្ត​មាន​របស់​ខ្លួន​នៅ​ក្នុង​ទី​ផ្សារ​បាន រដ្ឋា​ភិ​បាល​ត្រូ​វតែ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ចាំ​បាច់ ដើ​ម្បី​គាំ​ទ្រ និង​ការ​ពារ​ប្រតិ​បត្តិ​ករ​ក្នុ​ង​ស្រុក នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​៕