ក្រៅពី​ការជួយ​រក្សា​កម្លាំង​បេះដូង និង​ការ​បំប៉ន​កោសិកា ពងត្រី​ឆៅ ឬ​ហៅថា Caviar ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ថា មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត និង​បញ្ហា​អារ​។

CAVIAR ឬ​ពងត្រី​ឆៅ​ប្រហែល​ជា​មិនមែន​ជា​អាហារ​ដំបូង​ដែល​អ្នក​នឹក​ឃើញ​នៅពេល​អ្នក​គិត​អំពី​ការរស់នៅ​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ​អាហារ​ឆ្ងាញ់​ដ៏ល្បីល្បាញ​មួយ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន​ជាច្រើន​ដូចជា ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ហ្វ្លូរីន សូដ្យូម និង​ជាតិ​ដែក​។

ហើយ​ខណៈ​ពេល​ដែល​ពង​ត្រី​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​តម្លៃ​ថ្លៃ ជាពិសេស​នៅក្នុង​ប្រទេស​មួយ​ដូចជា​ប្រទេស​កម្ពុជា មនុស្ស​តែងតែ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​តម្លៃ​ដែល​តាមពិត​សមរម្យ​ជាពិសេស​នៅពេល​ដែល​ញ៉ាំ​តិចតួច​។

លោក Bernard Matter ជនជាតិ​បារាំង​បាន​បង្កើត​ជា​បេសកកម្ម​ផ្ទាល់​ខ្លួន ដើម្បី​ណែនាំ​ពី​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ Caviar នៅ​កម្ពុជា​ចាប់​តាំងពី​ការ​មក​ដល់​ទីក្រុង​ភ្នំពេញ​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​មក​ម្ល៉េះ ដើម្បី​ស្ថាបនា​សណ្ឋាគារ Bougainvillier ដែល​ជា​សណ្ឋាគារ​ប៊ូទិក​នៅ​ម្តុំ​មាត់ទន្លេ​។

ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ ២ ​នាក់​របស់​លោក​គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន និង​លោក​ អេត្យេនចេនេវីយ៉េ លោក Matter បាន​បើក​ហាង Caviar & Traditions នៅ​ឆ្នាំ​ ២០១៧ ដោយ​ផ្តល់​ជូន​នូវ​សេវា​ដឹកជញ្ជូន​ពងត្រី​ឆៅ​ទៅ​ដល់​ផ្ទះ​របស់​អតិថិជន​។

នៅក្នុង​ប្រវត្តិសាស្ត្រ​ពាក្យ​ថា​ Caviar សម្ដៅ​ទៅលើ​ពងត្រី​ដែល​បាន​មកពី​ត្រី​ពូជ sturgeon ដែល​ភាគច្រើន​ត្រូវ​បាន​នេសាទ​នៅ​សមុទ្រ​កាសព្យែន (Caspian) និង​សមុទ្រ​ខ្មៅ (Black Seas) ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ខុស​បច្ចេកទេស ហើយ​យក​វា​ទៅ​ហៅ​ពង​នៃ​ត្រី​ផ្សេងៗ​គ្នា​ជាច្រើន​រួមទាំង​ត្រី​សាល់ម៉ុន និង trout ផង​ដែរ​។

ខណៈ​ពេល​ដែល​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​រុស្ស៊ី​ជា​អ្នក​ផលិត​ធំ​បំផុត​នៃ​អាហារ​ដ៏​មាន​ឱជារស​មួយ​នេះ ប្រទេស​ចិន​បច្ចុប្បន្ន​គឺជា​អ្នក​គ្របដណ្ដប់​លើ​ឧស្សាហកម្ម​នេះ​ដែល​ពួកគេ​ផលិត​ប្រមាណ ៦០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​របស់​ពិភពលោក​។

ប៉ុន្តែ​នៅ​ពេល​និយាយ​អំពី​គុណភាព អ្នក​ផលិត​តាម​បែប​ប្រពៃណី​នៅ​តែ​នាំ​មុខ​នៅក្នុង​ទីផ្សារ​ដដែល​។

បច្ចេកទេស​ក្នុង​ការ​រៀបចំ​វា មិន​បាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​ណាស់​ណា​ទេ​នា​អំឡុង​សតវត្សរ៍​ចុងក្រោយ​នេះ​។ អូវែ របស់​វា​ត្រូវ​បាន​យក​ចេញ​ពី​ត្រី​ញី​ប្រភេទ sturgeon ហើយ​ពង​របស់​វា​ត្រូវ​បាន​លាង ដើម្បី​សម្អាត​កាកសំណល់​កខ្វក់​។ របៀប​ទាំង​នេះ​ក៏​ក្លាយ​ទៅ​ជា Caviar ជាមួយ​នឹង​ការបន្ថែម​អំបិល​សម្រាប់​រសជាតិ និង​ការថែរក្សា​ទុក​បាន​ត្រឹមត្រូវ​។

បន្ទាប់​មក​ពងត្រី​ត្រូវ​បាន​អ្នក​ជំនាញ​ភ្លក្ស​រសជាតិ ដើម្បី​កំណត់​គុណភាព ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ប្រអប់​សំណប៉ាហាំង ដោយ​លាប​ស្រា​នៅ​លើ​គម្រប​ដើម្បី​លក់​ទៅ​ឲ្យ​អតិថិជន​។

ការយក​ចិត្ត​ទុកដាក់​ទៅលើ​ផលិតផល​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​គុណភាព​ពី​រោងចក្រ​រហូត​ទៅ​ដល់​លើ​តុ​អាហារ​។ លោក Matter បាន​និយាយ​ថា​ផលិតផល Caviar & Traditions ទាំងអស់​ត្រូវ​បាន​បញ្ជូន​តាម​ផ្លូវ​អាកាស​មក​កាន់​ប្រទេស​កម្ពុជា​។

«​ចាំបាច់​ត្រូវ​ទុក​វា​ក្នុង​សីតុណ្ហភាព​ត្រជាក់​ជានិច្ច ប៉ុន្តែ​អត់​បង្កក​វា​ទេ​។ រក្សា​វា​ឲ្យ​ត្រជាក់​ជាពិសេស​នៅ​ពេល​ផ្លាស់​ទី​វា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត និង​នៅពេល​យក​វា​ដាក់​លើ​ចាន​» នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅលើ​គេហទំព័រ​របស់​ខ្លួន​។

ការសិក្សា​បាន​បង្ហាញ​ថា ការទទួលទាន​តែ​ ១ ​ក្រាម​នៃ caviar ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើឲ្យ​សុខភាព​មាន​ភាពប្រសើរ​ឡើង​។ អាស៊ីត​ដែល​មាន​នៅក្នុង​អាហារ​មួយ​នេះ​ជួយ​កាត់​បន្ថយ​ការ​កកឈាម ការពារ​សរសៃឈាម​អារទែ​ពី​ការ​ឡើង​រឹង ហើយ​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​មិន​ឲ្យ​កើត​មាន​ដំណើរ​រាំងស្ទះ​សរសៃឈាម​ជាដើម​។

សារធាតុ Selenium នៅក្នុង Caviar ក៏​ត្រូវ​បាន​ផ្សំ​ជាមួយ​វីតាមីន E ធម្មជាតិ ដើម្បី​ការពារ​កោសិកា​ពី​ការខូចខាត​ដែល​បណ្តាល​មកពី​រ៉ាឌីកាល់​សេរី និង​សមាសធាតុ​ផ្សំ​ដទៃ​ទៀត​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​គាំទ្រ​ដល់​ការលូតលាស់​របស់​កោសិកា​ទាំងមូល​។

Caviar ក៏​ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ផង​ដែរ​ថា​វា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ជំងឺ​បាក់​ទឹកចិត្ត និង​ព្យាបាល​ភាព​អារ​ (​អត់​មាន​កូន​)​។

ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​មនុស្ស​ភាគច្រើន​ទៅ​កាន់ Caviar នោះ​គឺ​រសជាតិ​របស់​វា ហើយ​នៅ​ក្នុង​ផ្នែក​នេះ Caviar & Traditions នឹង​មិន​ធ្វើឲ្យ​អ្នក​ខក​បំណង​នោះ​ឡើយ​។

ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា៖ «​ជំនាញ​របស់​យើង​នៅក្នុង​ម្ហូបអាហារ​បារាំង​អាច​ឲ្យ​យើង​ជ្រើស​យក​ពងត្រី sturgeon ដែល​ល្អ​បំផុត​សម្រាប់​ជា​អាហារ​ដ៏ឈ្ងុយឆ្ងាញ់​ចំពោះ​អតិថិជន​នេះ​ជា​បទពិសោធ​របស់​យើង​»៕