អតិថិជន សាធារណជន និង​មេធាវី​ក្នុងប្រទេស​ កម្ពុជា​ មិនត្រូវ​បាន​បំពាក់​ដោយ​ចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ភាពស្មុគស្មាញ​ខ្លាំង​ពាក់ព័ន្ធ​នឹង​ច្បាប់​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ កម្ពុជា ទេ។

​លោក លី តៃសេង ដែលជា​មេធាវី​ជាន់ខ្ពស់​ឯកទេស​លើ​បញ្ហា​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុព្វហេតុ​មួយ​ក្នុងចំណោម​បុព្វហេតុ​ធំ​ដែល​នាំ​ឲ្យ​មាន​វិវាទ​និង​ការ​ឆបោក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​គឺ​ដោយសារ​ការខ្វះ​ចំណេះដឹង​ និង​ការ​មិន​យល់​ច្បាស់​អំពី​ពាក្យ​បច្ចេកទេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ក្នុងចំណោម​សាធារណជន ព្រមទាំង​សមាជិក​មួយ​ចំនួន​នៃ​អ្នកជំ​នាញ​ច្បាប់។

​លោក​បាន​ថ្លែងថា​៖ «​កម្រិត​នៃ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាជន​កម្ពុជា​តាម​ជនបទ គឺ​នៅមានកម្រិត​ទាប​នៅឡើយ​។ ប្រជាជន​កម្ពុជា​ជាច្រើន​មានការ​លំបាក​ក្នុងការ​យល់ដឹង​អំពី​ផលិតផល​ហិរញ្ញវត្ថុ​ដែល​កំពុងផ្តល់​ឲ្យ​ដោយ​ធនាគារ​និង​គ្រឹះស្ថាន​ផ្សេងៗ»។

​លោក​បាន​ថ្លែងបន្តថា​៖ «​ភាព​រីកចម្រើន​យ៉ាង​​លឿន​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បាន​ធ្វើ​ឲ្យ​មនុស្ស​នានា​សូម្បីតែ​មេធាវី និង​អ្នក​ជំនាញ​ច្បាប់​ដទៃៗ​ទៀត​មានការ​ភាន់​ច្រឡំ​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​និង​របៀប​ដែល​ផលិតផល​ហិរញ្ញវត្ថុ​នានា​ប្រព្រឹត្ត​ទៅ»។

​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ចំណេះដឹង​ហិរញ្ញវត្ថុ​ទាំង​ក្នុងចំណោម​អតិថិជន​ និង​អ្នកជំនាញ​ច្បាប់ លោក តៃសេង បានស្នើ​ឲ្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ធនាគារជាតិ​នៃ​កម្ពុជា​គួរ​ចាប់ផ្តើម​ការបណ្តុះបណ្តាល​រួមគ្នា​អំពី​ច្បាប់​ធនាគារ​និង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​មេធាវី​និង​ចៅក្រម​។ «​ការ​បណ្តុះ​បណ្តាល​​អាចធ្វើ​ឡើងជា​លក្ខណៈ​សិក្ខាសាលា​ឬ​សន្និសីទ​លើ​ប្រធានបទ​ជាក់លាក់​។ ជម្រើស​មួយទៀត​គឺ​ត្រូវមាន​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ឬ​មធ្យម​នៅ​សាលា​ភូមិន្ទ​ចៅក្រម ព្រមទាំង​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​មេធាវី​នៃ​គណៈ​មេធាវី»។

​លោក តៃសេង បាន​ថ្លែងថា​៖ «​ជាង​នេះទៀត ខ្ញុំ​គិតថា ធនាគារជាតិ​នៃ​កម្ពុជា​ក៏​អាច​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែមទៀត​លើ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ធនាគារ​សម្រាប់​អ្នកអនុវត្ត ដោយសារ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា​កំពុង​ត្រូវបាន​អភិវឌ្ឍ​និង​អនុម័ត​ជា​ញឹកញាប់»។

​លោក​ក៏បាន​ថ្លែង​ផងដែរ​ថា មិនមាន​ការបណ្តុះបណ្តាល​ឬ​កម្មវិធី​អប់រំ​ច្រើន​ដែល​ពន្យល់​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទៅ​ប្រជាជន​សាមញ្ញ​ទេ​។ នេះ​រួមផ្សំ​បន្ថែម​ទៀត​មកពី​លទ្ធភាព​មាន​កម្រិត​ក្នុងការ​ទទួលបាន​ព័ត៌មាន​ហិរញ្ញវត្ថុ​និង​មេ​គ្គុ​ទេស​ក៍​ណែនាំ​សម្រាប់​អតិថិជន​ឬ​សាធា​រណជន។

​បើតាម​លោក លី តៃសេង បាន​ឲ្យ​ដឹងថា ការភាន់ច្រឡំ​ជាច្រើន​ផ្តើមចេញ​មកពី​ប្រជាជន​ជាទូទៅ​ខ្វះ​ការយល់ដឹង​ស៊ីជម្រៅ​អំពី​ពាក្យ​បច្ចេកទេស​ដែល​ប្រើប្រាស់​នៅក្នុង​កិច្ចព្រមព្រៀង​កម្ចី​និង​ឯកសារ​សុវត្ថិភាព។

​លោក​បន្តថា​៖ «​ការខ្វះ​ដំបូន្មាន​សមស្រប​និង​ម​គ្គុ​ទេស​គ៍​គ្រប់គ្រាន់​អំពី​ភាពស្មុគស្មាញ​នៃ​បទ​ប្បញ្ញត្តិ​ក្នុង​កិច្ចសន្យា និង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​អ្វីដែល​ផ្តល់​ទៅ​អតិថិជន​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាច្រើន។

អតិថិជន​អាច​នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​កិច្ចសន្យា​ដែល​ពួកគេ​បាន​ចុះហត្ថលេខា​ជាមួយ​អ្នកផ្តល់​កម្ចី​មាន​ភាព​ឆ្លាត​វៃ​ជាង​មុន​និង​ដែល​ទទួលបាន​ដំបូន្មាន​ប្រសើរ​ជាង​មុន​ពី​មេធាវី​របស់​ខ្លួន។

​លោក លី តៃសេង បាន​បន្ថែមថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​សំខាន់​ណាស់​សម្រាប់​អតិថិជន​ និង​សាធារណជន​ទាំងមូល​។ ប្រសិនបើ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ឬ​ដំបូន្មាន​សមស្រប​ពី​មេធាវី អតិថិជន​អាច​មាន​គុណវិបត្តិ​នៅពេល​ចុះ​កិច្ចព្រមព្រៀង​កម្ចី​ជាមួយ​អ្នកផ្តល់​កម្ចី​។ «​ជាង​នេះ​ទៀត មនុស្ស​ធម្មតា​នឹង​ស្ថិត​នៅក្នុង​ភាព​ងងឹត​អំពី​របៀប​ការពារ​អត្ថប្រយោជន៍​ស្របច្បាប់​របស់​ពួកគេ​។ អ្នកផ្តល់​កម្ចី​ខ្លះ​អាច​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​សុចរិត​ល្អ ប៉ុន្តែ​អ្នកខ្លះ​អាច​ដើរ​ខ្សែលើ​ចំពោះ​ភាព​មិន​ដឹង​របស់​អតិថិជន​។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​អតិ​ថ​ជន​ចៀស​ផុតពី​អ្នកផ្តល់​កម្ចី​ដែល​មិនមាន​ភាពស្មោះត្រង់ ចៀស​ផុតពី​ការ​បោក​ប្រាស់​​ឬ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ។

​លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ ជាមួយ​នឹង​​បច្ចេកវិទ្យា​ជឿនលឿន និង​ភាពស្មុគ​ស្មាញ​ខ្លាំង​ឡើង​នៃ​ផលិតផល​ហិរញ្ញវត្ថុ វា​កាន់តែ​ងាយ​រងគ្រោះ​ជាង​មុន​ចំពោះ​អតិថិជន​ដែល​មិនបាន​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយនឹង​សេចក្តីលម្អិត​ស្មុគស្មាញ​នៃ​ពាក្យ​ហិរញ្ញវត្ថុ​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​ពួកគេ​បាន​ចុះ»។

លោក តៃសេង បាន​បន្ថែមថា លោក​ជា​ញឹកញាប់​ទទួលបាន​ករណី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការយល់​ខុស​ឬ​ភាពខុសគ្នា​នៅ​ក្នុង​ការ​បក​ស្រាយ​ពាក្យពេចន៍​ឬ​ប្រការ​នៅក្នុង​កិច្ចសន្យា។

​លោក​បន្តថា​៖ «​ករណី​មួយចំនួន​ក្នុងចំណោម​ករណី​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការខ្វះ​ចំណេះដឹង​របស់​អតិថិជន​។ ទោះជា​យ៉ាងណាក្តី មាន​ករណី​ដែល​អ្នកផ្តល់​កម្ចី​មិន​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​ឬ​ការពន្យល់​សមស្រប​អំពី​ពាក្យ​បច្ចេកទេស​នៃ​កិច្ចសន្យា»។

​លោក លី តៃសេង បាន​ថ្លែងថា ដោយ​សារតែ​អ្នកផ្តល់​កម្ចី​ជា​អ្នកជំនាញ ពួកគេ​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការផ្តល់​ការពន្យល់​អំពី​ពាក្យ​បច្ចេកទេស​នៅក្នុង​កិច្ចសន្យា រួមទាំង​បច្ច័យ​ហិរញ្ញវត្ថុ​និង​ត្រូវ​ប្រព្រឹត្ត​នៅក្នុង​ភាព​សុចរិត​នៅពេល​ធ្វើ​កិច្ចសន្យា​ជាមួយ​អតិថិជន។

​ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ចំណេះដឹង​ផ្នែក​ហរិញ្ញវត្ថុ​គឺជា​ការធានា​ល្អ​បំផុត​ដើម្បី​មិន​ឲ្យ​មាន​ការ​បោក​ប្រាស់៕