ការចូលចិត្ត​រៀនសូត្រ​អំពី​ភាព​ពិតប្រាកដ​នៃ​អាជីវកម្ម និង​ការទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ធ្វើឲ្យ​លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ LyLy Food Industry Co ក្លាយ​ជា​ពាណិជ្ជករ​ដ៏ជោគជ័យ​មួយ​រូប​។

ក្រុមហ៊ុន LyLy Food Industry ផ្ដល់​អាហារ​សម្រន់​ និង​អាហារ​បំប៉ន​ផ្សេងៗ​គឺ​​ជា​ក្រុមហ៊ុន​អាហារ​លក្ខណៈ​អន្តរជាតិ​ដ៏ធំ​មួយ​។

ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​លោកស្រី កែវ មុំ ​បញ្ជាក់​ពី​ភាពជោគជ័យ​របស់​លោកស្រី​ចំពោះ​ការពិត​ដែល​ថា​លោកស្រី​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការស្វែងយល់​ដោយ​ខ្លួនឯង​ផ្នែក​ហិរញ្ញវត្ថុ និង​បាន​ក្លាយ​ជា​បុគ្គល​ដែល​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏ជ្រៅជ្រះ​មួយ​រូប​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រៀនសូត្រ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​តាម​បទពិសោធ​ក្នុង​ការរកស៊ី​ធ្វើ​អាជីវកម្ម​ជួយ​ឪពុកម្តាយ​គឺ​រៀនសូត្រ​តាម​បទពិសោធន៍​ផ្ទាល់ខ្លួន​»​។

លោកស្រី​បន្ត​ថា​៖ «​នៅពេល​យើង​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​វា​ជួយ​ដល់​អាជីវកម្ម​យើង​បាន​ច្រើន យើង​ដឹង​នូវ​ចរន្ត​សាច់ប្រាក់​របស់​យើង​ដូចជា​ចំណូល​ចំណាយ និង​ចំណេញ​ជាដើម​»​។

លោកស្រី​បញ្ជាក់​ថា​៖ «​តាមរយៈ​ការ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ប្រាក់​ដែល​យើង​ចំណាយ​ត្រួវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ ហើយ​ប្រតិបត្តិការ​សាច់ប្រាក់​របស់​យើង​ត្រូវ​បាន​គិតគួរ​យ៉ាង​ត្រឹមត្រូវ​»​។

លោក​​ ស្រីមុំ ​ថ្លែង​ថា​បើ​សិន​ជា​យើង​មិន​មាន​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ​ច្បាស់លាស់​ទេ នោះ​យើង​មិនអាច​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ ថា​ចំណាយ ចំណូល ឬ​ចំណេញ​ប៉ុន្មាន​នោះ​ទេ ហើយ​បើ​យើង​ចង់​ពង្រីក​អាជីវកម្ម យើង​ត្រូវការ​ប្រាក់កម្ចី​ប៉ុន្មាន​ត្រូវ​បង់​ការប្រាក់​ប៉ុន្មាន បង់​ទាំង​ការ​ទាំង​ដើម​អស់​ប៉ុន្មាន​? ដូច្នេះ​បើ​យើង​មិន​មាន​ចំណេះដឹង​អំពី​ការកត់ត្រា​ហិរញ្ញវត្ថុ​ច្បាស់លាស់​ទេ​នោះ​យើង​មិន​ហ៊ាន​ខ្ចីលុយ​ពី​ធនាគារ​ដើម្បី​យក​មក​ពង្រីក​អាជីវកម្ម​ទេ​។

លោកស្រី​បន្ត​ថា​៖ «​បើ​យើង​មិន​មាន​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ​ទេ​គឺ​យើង​មិនអាច​សម្រេច​បំណង​របស់​យើង​ឲ្យ​រីកចម្រើន​បានទេ​។ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ជាច្រើន​មិនមាន​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ​ទេ ដូច្នេះ​ធ្វើឲ្យ​ពួកគាត់​មិន​អាច​ពង្រីក​អាជីវកម្ម​បាន​ដោយសារ​គាត់​មិនអាច​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​របស់​គាត់​បាន ឬ​កត់ត្រា មិន​អំពី​ចរន្ត​សាច់ប្រាក់​ឲ្យ​បាន​ច្បាស់លាស់​»​។

ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​បំផុត​ជាច្រើន​មុនពេល​ទៅ​ខ្ចីលុយ​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺ​ត្រូវ​ដឹង​អំពី​ប្រាក់ចំណូល​ និង​ការចំណាយ​នៃ​អាជីវកម្ម​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​ក្នុង​បញ្ហា​នេះ​។

លោកស្រី​បន្ត​ថា​៖ « ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប​តាំងពី​ដំបូង​មក​ទោះបី​មិន​ទាន់​ចេះ​ប្រើការ​កត់ត្រា​តាម​កុំព្យូទ័រ ក៏​ខ្ញុំ​ចេះ​កត់ត្រា​ដោយ​ដៃ ប្រើ​សៀវភៅ​ដែរ​។ ហើយ​ពេលណា​អាជីវកម្ម​របស់​យើង​ត្រូវ​ពង្រីក​កាន់តែ​ធំ យើង​ត្រូវ​ចេះ​ប្រើ​កុំព្យូទ័រ ហើយ​បើ​អាជីវកម្ម​របស់​យើង​កាន់តែ​ធំ យើង​អាច​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​គណនេយ្យ​។ ដូច្នេះ​អាជីវកម្ម​មួយ​អាច​រីកចម្រើន​បាន​លុះត្រាតែ​ម្ចាស់​យល់​ដឹង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​ចំណេះដឹង​ហិរញ្ញវត្ថុ​ខ្លាំង​»​។ លោកស្រី​ កែវមុំ ​សង្កត់ធ្ងន់​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​៕