បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ត្រូវបាន​ដាក់បញ្ចូល​ជា​យុទ្ធសាស្ត្រ​គោល​នយោបាយ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ។ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន និង​កំពុង​រៀបចំ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដោយ បាន​កំណត់ គោល​ដៅ​ក្នុង ការ​បង្កើន​កម្រិត​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ផ្លូវការ ។ ដោយ​ពិនិត្យ​ឃើញ​ពី​តួនាទី​យ៉ាង សំខាន់​របស់ ស្ត្រី​នៅក្នុង ការ​អភិវឌ្ឍ​សង្គម និង សេដ្ឋកិច្ច ពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ នេះ​នឹង លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ដោយ កំណត់​គោល ដៅ​កាត់​បន្ថយ អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ។

ស្រប​ជាមួយគ្នានេះ ក្រសួង​កិច្ចការនារី បាន និង​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី ៥ (២០១៩-២០២៣) ក្នុងការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ។ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ ចំណុច អាទិភាព​មួយ គឺ​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច និង​ការ​ពង្រឹង​សហ​គ្រិនភាព​ដល់​ស្ត្រី រួមទាំង​ការ​បង្កើន​លទ្ធភាព ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ក្នុងការ​អភិវឌ្ឍ​ធុរៈកិច្ច និង​សហគ្រាស​របស់​ខ្លួន។

ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី នឹង​សហការ​ក្នុង​ភាពជា​ដៃគូ ក្នុង​គោល បំណង ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ក្រសួង​កិច្ចការ​នារី បាន​យល់​ព្រម​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគ​យល់​គ្នា​នេះ ដើម្បី កំណត់ យន្តការ និង​ភារកិច្ច​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ លើក​កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ​របស់​ស្ត្រី។

គោលបំណង៖ អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​លើក កម្ពស់ បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី តាមរយៈ​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ត្រី និង សហគ្រិន​ជា​ស្ត្រី ។

គោលដៅ៖ អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោលដៅ​ពង្រឹង និង​ពង្រីក​ចំណេះ​ដឹង ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ដើម្បី ឈាន ទៅ អភិវឌ្ឍន៍​សហគ្រិន​ជា​ស្ត្រី ក្នុង​គោល​ដៅ​ចូលរួម​ចំណែក​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម ជាតិ។

កិច្ចសហប្រតិបត្តិការ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី យល់ព្រម​សហការ​គ្នា​ដើម្បី លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី តាមរយៈ​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​សម្រប​សម្រួល​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន យុវតី ឬ​ក្រុម​ស្ត្រី។

អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ស្តីពី​ការ​ដាក់​បញ្ចូល​ចំណេះដឹង​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះដឹង​ទូទៅ ចំណេះដឹង​ហិរញ្ញវត្ថុ​គឺជា​កត្តា​គន្លឹះ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​និង និរន្តរភាព ដើម្បី រួម ចំណែក​ដល់​ការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​និង​សេដ្ឋកិច្ច​ជាតិ។ ដោយ​ឃើញ​ពី​សារៈ​សំខាន់​នេះ សម្តេច​អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ដាក់​បញ្ចូល​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា ចំណេះ​ទូទៅ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា។

ដូចគ្នានេះដែរ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ ក៏បាន​កំណត់ឱ្យ ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​កម្មវិធី​លើក​កម្ពស់​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បញ្ជ្រាប​ការយល់ ដឹង​ទៅ​ដល់ សាធារណ ជន​ទូទៅ ជាពិសេស​ការ​រៀបចំ​កម្មវិធី​សិក្សា​ទូទៅ របស់​ប្រព័ន្ធ​អប់រំ​ជាតិ។

យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​យុទ្ធសាស្ត្រ និង​ផែន ការ​អនាគត ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ ធនាគារ​ជាតិ នៃ​កម្ពុជា បាន​សហការ ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បាន​រៀបចំ​ផែនការ​សកម្មភាព​ក្នុងការ អនុវត្ត គម្រោង ដាក់​បញ្ចូល ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ជាមួយ គ្នា​នេះ​ផងដែរ ធនាគារ ជាតិ​នៃ​កម្ពុជា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​យល់​ព្រម​ចុះ អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់ ដើម្បី​កំណត់ នូវ​ភារ កិច្ច​និង​វិធាន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​ជាតិ​លើ​ការ​លើក កម្ពស់ ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ។

គោលបំណង៖ អនុស្សរណៈ​នៃ​ការ​យោគ​យល់​នេះ​មាន​គោល​បំណង​បង្កើត​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​និង​លើ​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញវត្ថុ តាមរយៈ​វិស័យ​អប់រំ យុវជន និង​កីឡា។

គោលដៅ៖ អនុស្សរណៈ​នៃ​ការយោគយល់​នេះ​មាន​គោលដៅ​បញ្ជ្រាប​ការ​យល់​ដឹង​និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​ទៅ​ដល់​សិស្សា​នុសិស្ស​និង​សាធា​រណជន​ទូទៅ ដើម្បី​ធានា​ឱ្យបាន​នូវ​ការ​ទទួល​បាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ប្រកប​ដោយ​ប្រសិទ្ធិ ភាព​និង​បរិយាប័ន្ន។

កិច្ចសហប្រតិបត្តិការ៖ ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមព្រៀង​សហការ​បញ្ចូល​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ទៅក្នុង កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា រហូត​ដល់​មធ្យម​សិក្សា។

នៅក្នុង​កិច្ចសហការ​នេះ ធនាគារជាតិ​នៃ​កម្ពុជា មាន​មុខងារ​ចម្បង​ក្នុង​ការរៀបចំ​កម្មវិធី​សិក្សា​និង សៀវភៅ សិក្សា ហិរញ្ញ វត្ថុ និង​ជួយ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​អំពី​កម្មវិធី​សិក្សា​ដែល​ខ្លួន​បាន​រៀបចំ​ឡើង។ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​មុខងារ ចម្បង​ក្នុងការ​បញ្ចូល​កម្មវិធី​សិក្សា​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា ចំណេះ​ទូទៅ និង​ជួយ សហការ និង សម្រប សម្រួលការ​រៀបចំ​កម្មវិធី​សិក្សា​និង​សៀវភៅ​សិក្សា​ហិរញ្ញវត្ថុ និង ការ​បណ្តុះ​បណ្ដាល​គ្រូ៕