ចំណាប់អារម្មណ៍របស់វិនិយោគិនម៉ាឡេស៊ីទៅលើសេដ្ឋកិច្ចកម្ពុជាមិនបានបង្ហាញសញ្ញាថមថយនោះទេ បន្ទាប់ពីបានចូលមកវិនិយោគអស់រយៈពេល ៣០ ឆ្នាំមកហើយនោះ។ ផ្ទុយទៅវិញចំណាប់អារម្មណ៍នៃការធ្វើអាជីវកម្មនៅកម្ពុជា ជាពិសេសក្នុងចំណោមប្រជាជនម៉ាឡេស៊ីជំនាន់ថ្មីនៅតែបន្តមាន។
ភាពងាយស្រួលនៃការធ្វើអាជីវកម្ម និងភាពជឿជាក់លើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនម៉ាឡេស៊ីអស់ជាច្រើនទសវត្សរ៍មកហើយ។
ចំពោះវិសាលភាពអាជីវកម្ម ការវិនិយោគរបស់ម៉ាឡេស៊ីគ្របដណ្តប់លើវិស័យជាច្រើនរាប់ចាប់តាំងពីវិស័យម្ហូបអាហារ និងភេសជ្ជៈ បដិសណ្ឋារកិច្ច ពន្ធ និងហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ផ្សេងៗ។
លើសពីនេះទៀតទេពកោសល្យរបស់វិនិយោគិនម៉ាឡេស៊ី ក៏កំពុងជំរុញឧស្សាហកម្មហិរញ្ញវត្ថុផងដែរ ដែលមានចាប់ពីវិស័យធនាគាររហូតដល់វិស័យធានារ៉ាប់រង។
ធនាគារកំពូលរបស់ម៉ាឡេស៊ីដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្នមានដូចជាធនាគារ Maybank ធនាគារ Public Bank ធនាគារ CIMB ធនាគារ RHB និងធនាគារ Hong Leong ជាដើម។
លើសពីនេះទៀតមានក្រុមហ៊ុន Smart Axiata Co., Ltd ក្រុមហ៊ុន edotco Cambodia Ltd (ក្រុមហ៊ុនសាងសង់បង្គោលអង់តែន) ដែលជាផ្នែកមួយនៃប្រតិបត្តិករទូរគមនាគមន៍របស់ប្រទេសម៉ាឡេស៊ី Axiata Group Bhd ក៏កំពុងដើរតួយ៉ាងសំខាន់ផងដែរ។
លោក Teh Sing ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «វិនិយោគិនម៉ាឡេស៊ីវ័យក្មេងមើល ឃើញពីភាពស៊ីចង្វាក់គ្នានៅទីនេះ (រវាងពាណិជ្ជករកម្ពុជា)។ ពួកគេមើលឃើញបរិយាកាសអាជីវកម្មដ៏អំណោយផល និងការរីកចម្រើននៅទីនេះ»។
សុទិដ្ឋិនិយមរបស់លោក Teh Sing គឺត្រូវបានគាំទ្រដោយតួលេខពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំរួមនឹងហេតុផលជាច្រើនផ្សេងទៀតដែលនៅតែបន្តទាក់ទាញសហគមន៍ធុរកិច្ចម៉ាឡេស៊ី។
យោងតាមសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០១៦ មានចំនួន ៤២៥,៦ លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើងដល់ ៤៥៥,៨ លានដុល្លារ និងក្នុងឆ្នាំ ២០១៨ កើនឡើងដល់ ៥៥៨,៦ លានដុល្លារ។ ហើយក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះតួលេខពាណិជ្ជកម្មមានចំនួន ៤២២,៦ លានដុល្លារ។
ផលិតផលនាំចេញនាំចូលសំខាន់ៗរវាងប្រទេសទាំង ២ មានដូចជា ផលិតផលគីមី អង្ករ សម្លៀកបំពាក់ និងវាយនភណ្ឌ ប្រេង ស្បែកជើង ដូងប្រេង និងគ្រឿងម៉ាស៊ីនជាដើម។
ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំង ២ គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់វិនិយោគិនម៉ាឡេស៊ីក្នុងការបន្តការវិនិយោគរបស់ពួកគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀតគោលនយោបាយរបស់កម្ពុជាស្តីពីការចូលរួមរបស់វិស័យឯកជនតាមរយៈ «យុទ្ធសាស្ត្រចតុកោណ» របស់ខ្លួនបានជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់ និងបានផ្តល់នូវទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេសផងដែរ។
«រដ្ឋាភិបាលគឺជាអ្នកគាំទ្រដល់វិស័យអាជីវកម្ម ហើយមានតែប្រទេសកម្ពុជាតែមួយគត់នៅក្នុងតំបន់អាស៊ានដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយវិស័យឯកជន ២ ដងក្នុងមួយឆ្នាំ។ ជំនួបចុងក្រោយធ្វើឡើងកាលពីខែឧសភា នៅឯវិមានសន្តិភាព»។
«កម្ពុជាទទួលបានជោគជ័យជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំអស់រយៈពេលប្រមាណ ២០ ឆ្នាំចុងក្រោយនេះ។ កំណើន ៧ ភាគរយក្នុង ១ ឆ្នាំមិនមែនទទួលបានដោយងាយៗនោះទេ ពីព្រោះវាត្រូវការផែនការជាច្រើន។ ការចូលរួមរបស់វិស័យឯកជននៅក្រោមយុទ្ធសាស្ត្រចតុកោណ»។
លោក Teh Sing ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ២៧ ឆ្នាំមកហើយនោះបានបន្ថែមថា៖ «កម្ពុជាបានធ្វើវាអស់រយៈពេលជាយូរមកហើយ ដូច្នេះទើបវិនិយោគិននៅតែមានទំនុកចិត្ត ហើយនេះក៏ជាមូលហេតុដែលវិនិយោគិនម៉ាឡេស៊ីនៅបន្តចូលមកកម្ពុជា។ នេះគឺជាកម្លាំងរបស់ប្រទេសនេះ»។
ផែនការ «យុទ្ធសាស្ត្រចតុកោណ» របស់រដ្ឋាភិបាលគឺដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅទូទាំងប្រទេស។
ប្រទេសកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីយុទ្ធសាស្ត្រនេះ។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏មានស្ថិរភាពចំនួនពលរដ្ឋមានការងារធ្វើកើនឡើង ហើយប្រជាជនដែលមានចំណូលមធ្យមក៏កំពុងកើនឡើងផងដែរ។ ចំណុចវិជ្ជមានទាំងអស់នេះត្រូវបានគេមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទំនងមិនបង្ហាញសញ្ញាថយចុះក្នុងពេលឆាប់ៗនេះទេ៕