ធនាគារ Prince Bank Plc បាន​បង្ហាញ​ផែនការ​របស់​ខ្លួន​ក្នុង​ការលើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​នឹង​យុទ្ធនាការ​របស់​ខ្លួន​ដែល​ហៅថា «​ខ្ញុំ​ និង​ប្រាក់​របស់​ខ្ញុំ​» ដែល​ជា​វីដេអូឃ្លីប​អប់រំ​ជា​បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​គំនិត​នៃ «​ការរក​ប្រាក់ ការ​សន្សំ ការចំណាយ និង​ការផ្ដល់​កម្ចី​» ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។

លោក Honn Sorachna នាយក​ប្រតិបត្តិ​របស់​ធនាគារ Prince Bank បាន​ឲ្យ​ដឹងថា ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បាន​មើលឃើញ​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ដោយសារ​តែ​លំហូរ​ចូល​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​កាន់តែ​ច្រើន​ដែល​ធ្វើឲ្យ​សេវា​ហិរញ្ញវត្ថុ​ និង​ផលិតផល​កាន់តែច្រើន​អាច​រក​បាន​សម្រាប់​ប្រជាជន​កម្ពុជា​។

ដោយសារ​តែ​ការអភិវឌ្ឍ​នេះ​លោក Sorachna បាន​ឲ្យ​ដឹងថា ការយល់ដឹង​ពី​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់​ដើម្បី​ប្រជាជន​កម្ពុជា ក្នុងការ​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​វិស័យ​នេះ និង​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ការជាប់​បំណុល​វ័ណ្ឌក ឬ​ការ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​ការឆបោក និង​ការ​កេងប្រវ័ញ្ញ​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​ប្រជាជន​កម្ពុជា​មិន​ដឹង​ពី​របៀប​ប្រើប្រាស់​ផលិតផល​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ ពួកគេ​មិន​អាច​ប្រើប្រាស់​វា​ក្នុង​ទិសដៅ​ត្រឹមត្រូវ​បាន​ទេ​។ វា​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​តិច ធ្វើឲ្យ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ដែល​ទីបំផុត​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​»​។

លោក​បន្ត​ថា​៖ «​វា​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការលើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដើម្បី​ធ្វើឲ្យ​ពួកគេ​យល់ដឹង​ពី​ចំណេះដឹង​មូលដ្ឋាន​អំពី​ហិរញ្ញវត្ថុ​»​។

លោក Sorachna ឲ្យ​ដឹងថា វីដេអូឃ្លីប​ជា​បន្តបន្ទាប់​នឹង​ត្រូវ​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​ធនាគារ និង​ទំព័រ​ហ្វេសប៊ុក ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​រៀនសូត្រ​អំពី​មូលដ្ឋាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ យុទ្ធនាការ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​នេះ​នឹង​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ដល់​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​។

គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារ Prince Bank ស្រប​ជាមួយ​នឹង​ផែនការ​របស់​ធនាគារ​កណ្ដាល​របស់​ប្រទេស​កម្ពុជា​សំដៅ​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ នៅពេល​នេះ​ធនាគារ Prince Bank ក្លាយ​ជា​ធនាគារ​ដៃគូ​យុទ្ធសាស្ដ្រ​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ជា​ការងារ​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រជាជន​កម្ពុជា​មាន​ចំណេះដឹង​ទាប​តាម​ការអង្កេត​របស់ Global FinLit កាលពី​ឆ្នាំ ២០១៥ ដែល​ជា​ការវាស់ស្ទង់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏ទូលំទូលាយ​ដោយ​ក្រុមហ៊ុន Standard & Poor’s ដោយ​មាន​ ១៨ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ដែល​បាន​អង្កេត​អាច​ឆ្លើយ​សំណួរ​បាន​ ៣ ឬ ៤ អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​។ ៤០ ​ភាគរយ​ក្នុង​ចំណោម​អ្នកឆ្លើយ​សំណួរ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ឆ្លើយ​សំណួរ​ដែល​ជាប់​ទាក់ទង​នឹង​ការ​គណនា​អត្រា​ការប្រាក់​ងាយស្រួល និង​រួមបញ្ចូល​គ្នា​ដែល​មាន​សារៈសំខាន់​ក្នុងការ​យល់ដឹង​ពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កម្ចី ខណៈ​ដែល​ ២១ ​ភាគរយ​អាច​ឆ្លើយ​សំណួរ​មួយ​អំពី​ការវិនិយោគ​ផ្សេងៗ​គ្នា​។

វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADBI) បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៧ ​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​សម្រេច​បាន​ចំណាត់​ថ្នាក់ទាប ទោះបី​ជា​កម្រិត​នៃ​ការយល់ដឹង​អំពី​ផលិតផល​ហិរញ្ញវត្ថុ​ដែល​អាច​រក​បាន​មាន​ចំនួន​ច្រើន​ក៏ដោយ​។

ADBI បាន​ធ្វើ​ការអង្កេត​នៅក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម​ដើម្បី​វាស់វែង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​តាម​ផ្នែក​ផ្សេងៗ​របស់​ប្រជាជន ដោយ​បែងចែក​លទ្ធផល​តាម​ក្រុម កម្រិត​ប្រាក់ចំណូល និង​ការអប់រំ​។ ប្រទេស​កម្ពុជា បាន​ទទួល​ពិន្ទុសរុប ១១,៥ ក្នុង​ចំណោម​លទ្ធភាព​ដែល​អាច​ទទួល​បាន​ ២១ ខណៈ ដែល​វៀតណាម​បាន​ពិន្ទុ ១២​។ នេះ​បើ​យោង​តាម​របាយការណ៍​។

ប៉ុន្តែ​លោក Sorachna បាន​ឲ្យ​ដឹង​ថា​ការយល់ដឹង​អំពី​វិស័យ​ហិរញ្ញវត្ថុ​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​នេះ​ពី​ធនាគារ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាច្រើន​។

ធនាគារកណ្ដាល​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ជា​បន្តបន្ទាប់​មាន​បំណង​អប់រំ​ក្មេងៗ​អំពី​មូលដ្ឋាន​នៃ​គំនិត​សន្សំ​ប្រាក់​អត្រា​ការប្រាក់ និង​ការគ្រប់គ្រង​ការចំណាយ​ប្រចាំថ្ងៃ​ដូចជា​ការចែកចាយ​សៀវភៅ​រឿង​កំប្លែង​មាន​ចំណងជើង​ថា តោះ​និយាយ​ពី​លុយ បង្កើត​កម្មវិធីសិក្សា​ដើម្បី​បង្រៀន​សិស្ស​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​បង្កើត​កម្មវិធី «​ការអប់រំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC-Edu)» ដែល​អាច​រក​បាន​នៅក្នុង​កម្មវិធី app stores នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​សិក្សា​ឧបករណ៍​ហិរញ្ញវត្ថុ​មូលដ្ឋាន​នៅលើ​ទូរស័ព្ទ iPhone និង​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ Android ។

ក្រៅពី​វិធីសាស្ដ្រ​ដែល​មាន​ស្រាប់​នេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គួរតែ​បង្កើត​ព្រឹត្តិការណ៍ និង​យុទ្ធនាការ​បន្ថែម​ទៀត​ដើម្បី​បង្កើន​ការយល់ដឹង ដោយសារ​តែ​មាន​ជំនឿ​ថា​ប្រជាជន​ទទួល​ព័ត៌មាន​កាន់តែ​ច្រើន ពួកគេ​ចេះ និង​យល់ដឹង​កាន់តែ​ច្រើន​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​ប្រជាជន​បានឮ​ព័ត៌មាន​កាន់តែ​ច្រើន​ពេល​ពួកគេ​ទៅ​ទីកន្លែង​ណា​មួយ​ពួកគេ​ចងចាំ ហើយ​វា​នៅ​តែ​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​ពួកគេ ដូច្នេះ​ចំណេះដឹង​នឹង​កើនឡើង​»៕