ថ្ងៃ​នេះ​ខណៈ​ពេល​ដែល​ចំនួន​អ្នក​ជំងឺ​ទឹកនោមផ្អែម​កើនឡើង​កាន់តែ​ច្រើន ទាំង​នៅក្នុង​សង្គម​កម្ពុជា និង​ទូទាំង​ពិភពលោក មហាជន​ទូទៅ​បាន​ជជែក​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​មាត់ និង​តាមរយៈ​បណ្តាញ​សង្គម​ផ្សេងៗ​យ៉ាងច្រើន​អំពី​វិធីសាស្ត្រ​នៃ​ការបង្ការ និង​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។

ជា​ការពិត ​ទឹកនោមផ្អែម គឺជា​ជំងឺ​មិន​ឆ្លង​ហើយ​ឈឺ​រ៉ាំរ៉ៃ​យ៉ាង​ប្រល័យ​ហើយ​វា​ក៏​ពុំ​ទាន់​មាន​ថ្នាំ និង​គ្រូពេទ្យ​ណា​អាច​ព្យាបាល​វា​ឲ្យ​សះជា​នៅ​ឡើយ ប៉ុន្តែ​បើ​យោង​តាម​ក្រុម​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ថា «​បុគ្គល​ម្នាក់ៗ​គឺជា​អ្នក​ពូកែ​ស័ក្តិសិទ្ធិ​អាច​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ខ្លួនឯង​បាន​» យ៉ាង​ងាយ​ទៅ​វិញ​?

ថ្វី​ត្បិត​តែ​ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ឆ្លង​មែន ប៉ុន្តែ​ការប៉ាន់​ប្រមាណ​របស់​ក្រុម​អ្នក​ជំនាញ​បង្ហាញ​ថា ជំងឺ​ទឹកនោមផ្អែម​បាន​សម្លាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​ ១,៦​ លាន​នាក់​កាលពី​ឆ្នាំ​ ២០១៥ និង​ជា​ការ​គួរ​ឲ្យ​បារម្ភ​គឺ​តួលេខ​រីករាលដាល​នៅ​ពាសពេញ​ពិភពលោក​ជា​រៀងរាល់​ថ្ងៃ​នេះ​បាន​កើនឡើង​ពី​ចំនួន​ ១០៨ ​លាន​នាក់​នៅ​ក្នុង​ឆ្នាំ ​១៩៨០ ឡើង​ដល់​ចំនួន ៤២២​ លាន​នាក់ នៅក្នុង​ឆ្នាំ​ ២០១៤​។ នេះ​បើ​យោង​តាម​របាយការណ៍​នៅក្នុង​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ការកើតឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន​កត្តា​ច្រើន​ប្រភេទ ហើយ​វា​ក៏​អាច​កើត​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ដោយ​ចៃដន្យ​បាន​ដែរ ដោយ​ភាគច្រើន​បណ្តាល​មកពី​ទម្លាប់​ខុសឆ្គង​ជារឿយៗ​មួយ​ចំនួន​រួមទាំង «​ការហូបចុក​ចំណី​អាហារ កង្វះ​ការបញ្ចេញ​សកម្មភាព អត់​ធ្វើ​លំហាត់​ប្រាណ​ ឬ​លេង​កីឡា និង​ការមិន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​សុខភាព​ជាដើម​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ជួន គឹមចេង ប្រធាន​ផ្នែក​ពិគ្រោះ​ជំងឺ​ទូទៅ​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា​មូលហេតុ​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​យ៉ាង​។ ប៉ុន្តែ​ភាគច្រើន​នៃ​ការជួប​ប្រទះ​ឃើញ​វា​កើតឡើង​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា គឺ​ច្រើន​ឃើញ​មាន ៣ ​ប្រភេទ​ធំៗ​។ ប្រភេទ​ទី​ ១: គឺ​ខ្លួន​ប្រាណ​របស់​បុគ្គល​ម្នាក់ៗ​នោះ​អត់​មាន​លទ្ធភាព​បង្កើត​អាំងស៊ុយលីន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​សរីរាង្គកាយ​របស់​ខ្លួន​។ ប្រភេទ​ទី​ ២: គឺ​វា​កើតឡើង​ដោយ​កត្តា​ហ្ស៊ែន​តំណពូជ​។ និង​ប្រភេទ​ទី​ ៣: គឺ​កើតឡើង​ពី​កត្តា​នៃ​ទម្លាប់​រស់នៅ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់ៗ ហើយ​កត្តា​នេះ​ក៏​មាន​ភាគរយ​ច្រើន​ជាង​គេ​បំផុត​។ ប្រភេទ​ទី​ ៣ ​នេះ​ដែល​មាន​ភាគរយ​ច្រើន​ជាង​គេ​នោះ​តែ​ «​បុគ្គល​ម្នាក់ៗ​ក៏​អាច​បញ្ចៀស​ខ្លួន​ផុត​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​»​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត គឹមចេង​។

លោក​វេជ្ជបណ្ឌិត ជួន គឹមចេង​។ ហុង មិនា

អ្នកស្រី សួង ផល្លា វ័យ​ជាង​ ៦០ ​ឆ្នាំ​ជា​ប្រជាកសិករ​រស់​នៅឯ​ស្រុក​បាទី ខេត្ត​តាកែវ បាន​និយាយ​ថា​គាត់​ដឹង​ខ្លួន​ថា​មាន​កើត​ជំងឺ​ទឹកនោមផ្អែម​កាលពី​ឆ្នាំ​ ២០១៥ «​ហើយ​កូនៗ​របស់​ខ្ញុំ​បាន​ព្យាយាម​ស្វះស្វែង​នាំ​ខ្ញុំ ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​នៅ​ភ្នំពេញ​ជាច្រើន​កន្លែង​តែ​ជំងឺ​មិន​ជា​សះស្បើយ ឬ​ធូរស្រាល​ទេ​»​។ រហូត​ឆ្នាំ​ ២០១៧ ពេល​អស់​លុយ​ព្យាបាល​នៅ​កន្លែង​ផ្សេងៗ «​ពួក​កូនៗ​គេ​ព្យាយាម​នាំ​ខ្ញុំ​មក​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​»​។

អ្នកស្រី ផល្លា បន្ត​ថា​៖ «​សំណាង​ល្អ​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​គេ​ទទួល​ព្យាបាល​ប្រជាជន​ក្រី​ដូច​ពួក​ខ្ញុំ ហើយ​កុំ​តែ​បាន​គុណបុណ្យ​គ្រូពេទ្យ​នៅ​ពេទ្យ​សម្តេចឪ​នេះ​ពួកគាត់​យក​ចិត្ត​ទុកដាក់​ព្យាបាល​យើង​ខ្លាំង​ឲ្យ​ថ្នាំ​ល្អៗ​សម្រាប់​យើង​លេប និយាយ​ឲ្យ​ខ្លី​គឺ​គេ​ជួយ​យក​អាសារ​អ្នក​ជំងឺ​គ្រប់ៗ​គ្នា​តែម្តង​។ កុំ​អី​ប្រហែល​ជា​ខ្ញុំ​ស្លាប់បាត់​ហើយ ព្រោះ​ពេទ្យ​មុនៗ​គេ​ថា ជាតិ​ស្ករ​របស់​ខ្ញុំ​ឡើង​ជិត​ ៥០០ ​ហើយ​ហ្នឹង​»​។

អ្នកស្រី​បន្ត​ថា​ក្រោយ​ពី​ទទួល​បាន​ការព្យាបាល និង​បើក​ថ្មាំ​លេប​ជាប្រចាំ​ពី​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​ជាង​មួយ​ឆ្នាំ​មក អ្នកស្រី​មាន​សាច់ឈាម​ស្រស់​ថ្លា​ជាង​មុន រីឯ​ជាតិ​ស្ក​នៅក្នុង​ឈាម​របស់គាត់​ក៏​បាន​ថយ​ចុះ​មក​នៅ​ជា​មធ្យម​ក្រោយ​ការហូប​អាហារ​គឺ​តិច​ជាង ២០០ (A1C=7.04)​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​ដល់​ជាតិ​ស្ក​ចុះ​មក​តិច​អ៊ីចឹង​ទៅ​នៅ​ក្នុង​ខ្លួន​យើង​ដូច​មាន​កម្លាំង​កំហែង​គ្រាន់​បាន​ដើរ​ទៅ​បុណ្យទាន​នឹង​គេ​ដែរ​។ ឥឡូវ​ខ្ញុំ​មាន​សង្ឃឹម​រស់នៅ​ទៅ​ថ្ងៃ​អនាគត​បាន​តទៅ​ទៀត​»​។

លោក​វេជ្ជបណ្ឌិត គឹមចេង ពន្យល់​ថា​៖ «​ពួកខ្ញុំ​តែងតែ​ពន្យល់​ប្រាប់​ទៅ​អ្នក​ជំងឺ​ (​ទឹកនោមផ្អែម​) ​របស់​យើង​ថា ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​មិនមែន​អាស្រ័យ​ទៅ​លើ​ពេទ្យ​ និង​ថ្នាំ​ទេ​គឺ​គ្រូពេទ្យ​គ្រាន់​តែ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ផ្តល់​ផ្លូវ​ផ្តល់​ការអប់រំ​ទេ តាមពិត​ទៅ​គឺ​អ្នកជំងឺ​ទឹកនោមផ្អែម​ខ្លួនឯង​ទេ​ដែល​ជា​អ្នក​ពូកែ​ព្យាបាល​នោះ ប្រសិន​បើ​ពួកគាត់​ (​អ្នកជំងឺ​ទឹកនោមផ្អែម​)​ ​អនុវត្តតាម​ដំបូន្មាន​របស់​ក្រុម​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​»​។

ទិដ្ឋភាព​នៅ​ពី​ខាង​មុខ​ទ្វារ​ចូល​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​។ហុង មិនា

ថ្មីៗ​នេះ​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​មាន​បង្កើត​ជា​ក្រុម​គ្រូពេទ្យ​អ្នក​ផ្តល់​ការអប់រំ​ប្រឹក្សា​យោបល់ និង​មាន​ទាំង​រៀបចំ​ជា​កម្មវិធី​ឲ្យ​ (​ក្រុម​) ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ទាំង​នោះ​ពួកគាត់​ចេះ​ពន្យល់​ចែករំលែក​បទពិសោធ​ទាំង​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ និង​អ្នក​មិន​បាន​ជោគជ័យ​ក៏​ប្រាប់​ពី​ចំណុចខ្សោយ​របស់​ពួកគាត់​ផង​ដែរ ព្រោះ​ «​ធ្វើ​របៀប​នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​គាត់​អាច​យល់​ដឹង​ច្បាស់លាស់​ថា តើ​គួរ​អនុវត្ត​របៀប​ណា​ខ្លះ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ប្រសើរ​ពី​ការព្យាបាល និង​ធ្វើ​បែប​ណា​ដែល​មិនបាន​លទ្ធផល​ល្អ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត គឹមចេង ​។ «​ភាព​ជោគជ័យ​ចំពោះ​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ថយចុះ​ទាប​មក​រក​ធម្មតា​វិញ​»​។

លោក​ពន្យល់​ថា​នៅ​ពេល​ដែល​ «​អ្នកជំងឺ​យល់​ដឹង​ច្បាស់​» ហើយ​គាត់​អនុវត្ត​បាន​ត្រឹមត្រូវ​តាំង​ពី​ការ​លេបថ្នាំ ការបរិភោគ​ចំណីអាហារ និង​ការធ្វើ​លំហាត់ប្រាណ​ផង​នោះ​ទើប​ «​ការព្យាបាល​ទទួល​បាន​ប្រសិទ្ធភាព​»​។ ឧទាហរណ៍​ថា អ្នកជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រូវ​បរិភោគ​ច្រើន​ (​ឆ្អែត​) ​ជ្រុល​ទៅ​តាម​ទម្លាប់​នៅ​តាម​ពេលវេលា ​(​ហូប​ ៣​ ពេល​ក្នុង​ ១ ​ថ្ងៃ​) ​ហូប​អាហារ​នោះ​ទេ តែ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បរិភោគ​អាហារ​តិច​ល្មម​ហើយ​ត្រូវ​បង្កើន​ចំនួន​ដង​នៃ​ការហូប​វិញ​គឺ​ហូប​ញឹក​ជាង​អ្នក​ជា​ធម្មតា ហើយ​ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​ទម្លាប់​ហាត់ប្រាណ​ជា​ប្រចាំ​សម​តាម​កម្លាំង​របស់​ខ្លួន​ផង​ដែរ​៕

អំពី​មន្ទីរពេទ្យ​សម្តេចឪ​ (SHCH)

មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​បាន​ចាប់​បើក​ព្យាបាល​អ្នក​ជំងឺ​ទូទៅ​តាំងពី​ឆ្នាំ​ ១៩៩៦​។ ប៉ុន្តែ​ចាប់​តាំងពី​ឆ្នាំ​ ២០០៨ ​មក​ជំនួយ​បរទេស​ត្រូវ​បាន​កាត់បន្ថយ​។

សព្វថ្ងៃ​មន្ទីរពេទ្យ​ទទួល​ការព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ដោយ​មិន​រើសអើង​វណ្ណៈ​អ្នកមាន ឬ​អ្នកក្រ​ឡើយ ដោយ​ផ្តល់​ការពិគ្រោះ​ជំងឺ​ដោយ​ឥតគិតថ្លៃ និង​ថ្នាំ​ ឬ​សម្ភារ​បរិក្ខា​ដែល​បាន​មកពី​ជំនួយ​សប្បុរសធម៌​ទាំង​នោះ​គឺ​មិន​គិត​ថ្លៃ​ទេ​។

ដោយ​ឡែក​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ចូល​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​ក្នុង​រយៈពេល​​ ៤ ​ខែ ដើម​ឆ្នាំ​​ ២០១៨ នេះ​មាន​ចំនួន ​១០២៦ ​នាក់​ដោយ​សរុប​នៃ​ការពិនិត្យ​ព្យាបាល​មាន​ចំនួន ១៤៩៥​ លើក​។

ដោយ​ឡែក​ដើម្បី​និរន្តរភាព​របស់​មន្ទីរពេទ្យ ថ្នាំសង្កូវ ឬ​តេស្ត​សម្រាប់​វិភាគ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ អ្នក​ជំងឺ​ត្រូវ​ចូលរួម​ចំណែក​ខ្លះៗ​ទៅតាម​លទ្ធភាព​របស់​ពួកគាត់​។ ចំពោះ​អ្នក​ជំងឺ​ក្រីក្រ​គ្មាន​លទ្ធភាព មន្ទីរពេទ្យ​នៅ​តែ​បន្ត​ផ្តល់​ការព្យាបាល​គ្រប់​យ៉ាង​ដោយ​ឥតគិតថ្លៃ និង​ប្រកប​ដោយ​គុណភាព​ដូច​អ្នក​មាន​លទ្ធភាព​ដែរ​។ យុទ្ធសាស្ត្រ​នេះ​គឺជា​គន្លឹះ​ឈ្នះ​ឈ្នះ មួយ​ដើម្បី​ជួយ​ឲ្យ​មន្ទីរពេទ្យ​នៅ​បន្ត​ការព្យាបាល​ប្រកប​ដោយ​គុណភាព​ និង​ស្មើភាព​ជូន​ប្រជាជន​កម្ពុជា​ទូទៅ និង​លើក​តម្កើន​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព​នៅ​ប្រទេស​កម្ពុជា​៕