នាអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រជាជន​កម្ពុជា​ច្រើន​ឡើងៗ​ដែល​មាន​ជំងឺ​ផ្នែក​រាងកាយ ជាពិសេស​អ្នក​ជំងឺ​ពាក់ព័ន្ធ​សាច់ដុំ កប់​សរសៃ ឬក៏​ស្ពឹក​ស្រពន់​នោះ​បាន​ចាប់ផ្តើម​ងាក​ទៅ​ស្វែងរក​ការព្យាបាល​តាមរបៀប​កាយសម្ព័ន្ធ​ដោយ​ការធ្វើ​ចលនា ការ​ចាប់​សម្រួល​សរសៃ ប្រព័ន្ធ​សាច់ដុំ ឬ​ជាទូទៅ​គេ​ស្គាល់​ថា «​ម៉ាស្សា​»​។

លោក ជា លៀប មាន​អាជីព​ជា​អ្នក​ជំនាញ​ម៉ាស្សា និង​ចាប់​សរសៃ​ប្រចាំ​ហាង​ម៉ាស្សា​ដៃ​ទេព​ ៤-២ នៅ​ខេត្ត​សៀមរាប​ដែល​បាន​បង្កើត​ឡើង​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ ​មក​ម្ល៉េះ​បាន​ពន្យល់​ថា កាលពី​ដំបូង​ឡើយ​គ្រប់​ហាង​ម៉ាស្សា និង​ចាប់​សរសៃ​មាន​អតិថិជន​ជា​ជនបរទេស​ភាគច្រើន​មែន ប៉ុន្តែ​ «​ប្រហែល​ ៤-៥ ​ឆ្នាំ​ចុងក្រោយ​នេះ​យើង​សង្កេត​ឃើញ​មាន​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ច្រើន​ជាង​វិញ​» នេះ​ទំនង​ជា​ដោយសារ​ «​ប្រជាជន​ក្នុង​ស្រុក​ទាំង​នោះ​ចាប់ផ្តើម​មាន​ការ​យល់ដឹង​អំពី​សារៈប្រយោជន៍​នៃ​ការ​ម៉ាស្សា និង​ចាប់​សរសៃ អាច​ជួយ​សុខភាព​របស់​ពួកគេ​បាន​ប្រសើរ​ឡើង​»​។

តាម​ការកត់សម្គាល់​របស់​អ្នក​ជំនាញ​ចាប់​សរសៃរ​ជាង​ ១០ ​ឆ្នាំ​រូប​នេះ​បាន​សង្កេត​ឃើញ​ថា​អតិថិជន​បរទេស​ដែល​ចូលចិត្ត​ស្វែងរក​សេវា​ម៉ាស្សា​ចាប់​សរសៃ និង​មាន​អ្នក​ខ្លះ​ពួកគេ​ម៉ាស្សា​ ២ ​ដង​ក្នុង​មួយ​ខែ​ជា​ទៀងទាត់​គឺ​ «​ប្រយោជន៍​ដើម្បី​សុខភាព​រាង្គកាយ​របស់​ពួកគេ ហើយ​ជាធម្មតា​ពួកគេ​មាន​សុខភាព​ល្អ​» រីឯ​ចំណែក​ភ្ញៀវ​ជា​ជន​កម្ពុជា​ភាគច្រើន​ទាល់តែ​ពួកគាត់​ឈឺ​រ៉ាំរ៉ៃ​ខ្លាំង​នៅ​ផ្នែក​ណា​មួយ​មាន​ន័យថា «​គាត់​មាន​ការ​ឈឺចាប់​ខ្លាំង​ផ្នែក​ណា​មួយ​នៃ​រាងកាយ ដូចជា​អ្នក​ខ្លះ​ឈឺចង្កេះ ជើង ដៃ ខ្នង ក ឬ​ត្រង់​បោះដៃផុត និង​ស្មា​ជាដើម​ទើប​បាន​គេ​មក​រក​អ្នក​ជំនាញ​ម៉ាស្សា​ឲ្យ​ជួយ​ចាប់​សរសៃ​ឲ្យ​គេ​» ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក លៀប​។

ផ្ទុយ​ទៅ​វិញ​ដោយ​ខ្លួន​ជា​ជនពិការ​ភ្នែក​ផង​នោះ​ក៏​ «​មាន​ភ្ញៀវ​ខ្លះ​គេ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​អំពី​ជំនាញ​របស់​ពួកយើង​ដែរ ប៉ុន្តែ​ដល់​ពេល​គេ​ដឹង​ពី​ទឹកដៃ​នៃ​ជំនាញ​របស់​ពួក​ខ្ញុំ​ជា​ជនពិការ​ទាំង​នេះ​អាច​ជួយ​សម្រួល​បញ្ហា​សុខភាព​របស់​ពួកគេ​បាន​ប្រសើរ ទើប​គេ​នាំ​គ្នា​ជឿ​ហើយ​ប្រើប្រាស់​សេវា​របស់​ពួកយើង​» នេះ​បើ​តាម​សម្តី​របស់​លោក លៀប​។ «​តាមពិត​ទៅ​ពួក​ខ្ញុំ​ចេះ​ចាប់​សរសៃ ឬ​ម៉ាស្សា​បែប​នេះ​ចេះ​តាមរយៈ​ការបង្ហាត់​បង្រៀន​ពី​គ្រូ​បរទេស និង​ខ្មែរ​យ៉ាង​ត្រឹមត្រូវ​ដោយ​អាច​យល់​ដឹង​ពី​ប្រព័ន្ធ​រាងកាយ​របស់​ខ្លួន​មនុស្ស​។ រៀន​នោះ​គឺ​តាំងពី​សម័យ​ក្រុម​របស់​បង ប៊ុនម៉ៅ គាត់​បើក​វគ្គ​បង្រៀន​ពី​ឆ្នាំ​ ២០០០ ​មក​ម្ល៉េះ​»​។

លោក​បន្ត​ថា​អ្វី​ដែល​ជា​ការ​គួរ​កត់សម្គាល់​ម្យ៉ាង​ទៀត​នោះ​ចំពោះ​អតិថិជន​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​គឺ​មាន «​អ្នកខ្លះ​ឈឺ​ដោយសារ​ធ្វើ​ការងារ​លើស​កម្លាំង គឺ​លើក​សែង​អ្វី​ធ្ងន់ៗ និង​អ្នក​ខ្លះ​ទៀត​ឈឺ​ដោយសារ​ការវិវឌ្ឍ​នៃ​រាងកាយ​ទៅតាម​វ័យ​របស់​មនុស្ស​យើង​ម្នាក់ៗ បញ្ហា​វ័យ​នេះ​អ្នក​ណា​ក៏​កើត​មាន​ដែរ តែ​គ្រាន់តែ​អ្នក​ខ្លះ​ឈឺ​តិច​អ្នក​ខ្លះ​ឈឺ​ខ្លាំង​»​។

មាន​ជនពិការ​ភ្នែក​មួយ​ចំនួន​ទទួល​បាន​ការងារ​ជា​អ្នក​ជំនាញ​ចាប់​សរសៃ ។ ផា លីណា

នៅក្នុង​ចំណោម​អតិថិជន​ទាំងអស់​មាន​វ័យ​ចាប់ពី​ជាង​ ៣០ ដល់​ជាង​​ ៦០ ​ឆ្នាំ​របស់​ហាង​ម៉ាស្សា​ដៃ​ទេព​ ៤-២ ​។

លោក លៀប បាន​បញ្ជាក់​ថា​ជារួម​ «​តាម​បទពិសោធ​របស់​ខ្ញុំ​ទេ គឺ​យើង​អាច​ចែក​ភ្ញៀវ​ជា​ ២ ​ប្រភេទ​ធំៗ គឺ​ក្រុម​អ្នក​មាន​អាយុ​ក្រោម ៤០ ​ឆ្នាំ​នោះ​បើ​ពួកគេ​មាន​បញ្ហា​ឈឺចាប់​សាច់ដុំ ឬ​កប់​សរសៃ​ត្រង់​កន្លែង​ណា​មួយ​នៃ​ខ្លួន​របស់​គេ​នោះ​យើង​ត្រូវការ​ចាប់​សរសៃ​ (​ធ្វើ​ម៉ាស្សា​) ​ឲ្យ​ពួកគាត់​តែ ២ ​ឬ​ ៣ ​ដង ពួកគាត់​បាន​ធូរស្រាល​ស្រួល​ខ្លួន​ឡើង​វិញ​ហើយ​» ប៉ុន្តែ​បើ​អ្នក​មាន​អាយុ​ «​លើស​ពី​ ៤០ ​ឡើង​ទៅ​នោះ​គ្រាន់តែ​ឈឺចាប់​ផ្នែក​ដៃត្រង់​ណា​មួយ​ក៏​ពួកគាត់​ត្រូវការ​ចំណាយពេល​ច្រើន​ដង​សម្រាប់​ការ​ម៉ាស្សា​ដែរ ដើម្បី​ឲ្យ​ប្រព័ន្ធ​សាច់ដុំ ឬ​ឈាម​មាន​ដំណើរការ​ល្អ​» ​ឡើង​វិញ​។

«​និយាយ​ឲ្យ​ខ្លី​ទៅ​ការចាប់​សរសៃ​ម៉ាស្សា​គឺជា​ការព្យាបាល​ជំងឺ​តាម​បែប​ចលនា ធម្មជាតិ​នៅ​លើ​ខ្លួនប្រាណ​របស់​យើង​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​លៀប​។

តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ​ដែល​វិធី​ព្យាបាល​ដោយ​ចាប់​សរសៃ ឬ​ម៉ាស្សា​នេះ​បាន​ចាក់​ប្ញ​សគល់​នៅក្នុង​សង្គម​ខ្មែរ​ជា​យូរ​រាប់រយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នក​ចេះ​វិជ្ជា​ផ្នែក​ចាប់​សរសៃ ឬ​ម៉ាស្សា​នេះ​ច្រើន​តែ​ចេះ​តៗ​គ្នា ហើយ​ធ្វើ​ការបន្ត​ចំណេះដឹង​តាមរយៈ​ពី​ឪពុកម្តាយ​ទៅ​កូនៗ ឬ​ពី​ជីដូន​ជីតា​ទៅ​ចៅៗ​តែប៉ុណ្ណោះ​។ រីឯ​ប្រជាជន​នៅក្នុង​សហគមន៍​ទៀតសោត​នោះ​ក៏​ពុំ​សូវ​យកចិត្ត​ទុកដាក់ ឬ​ជា​ឲ្យ​តម្លៃ ឬក៏​បង់ថ្លៃ​ឈ្នួល​សេវាកម្ម​ទៅ​ឲ្យ​អ្នកមាន​ជំនាញ​ចេះ​ចាប់​សរសៃ (​ឬ​ហៅថា គ្រូ​ចាប់​សរសៃរ​) ​ទាំងនោះ​ដែរ​ទេ គឺ​គេ​គ្រាន់តែ​ជូន​ជាស​គុណ ឬ​ទ្រនឹប​គ្រូ ជា​រង្វាន់​បន្តិច​បន្តួច​តាម​សទ្ធារ​របស់​អ្នកជំងឺ​ឲ្យ​ទៅ​គ្រូ​បុរាណ​ទាំង​នោះ​ប៉ុណ្ណោះ​។ ប្រការ​គួរ​ឲ្យ​សោកស្តាយ​គឺ​ចំណេះដឹង​ទាំងនេះ​ក៏​ពុំមាន​ការកត់ត្រា​ទុក ឬ​ចងក្រង​ជា​មេរៀន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែរ​។

លោក សុខ លាង អ្នកគ្រប់គ្រង​សេវាកម្ម​ម៉ាស្សា​ដៃ​ទេព​​ ២ ​មាន​ទីស្នាក់ការ​នៅ​តាម​ផ្លូវ​លេខ​ ៥៥ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ កណ្តាល​រាជធានី​ភ្នំពេញ និង​ជា​ហាង​ដែល​មាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​ម៉ាស្សា​ជាង​ ១០ ​នាក់​នោះ​បាន​ឲ្យ​ដឹងថា​៖ «​សេវា​ម៉ាស្សា​នៅ​ហាង​របស់​លោក​ក៏​ចាប់ផ្តើម​ឃើញ​មាន​ភ្ញៀវ​ជាតិ​កើនឡើង​ច្រើន​ដែរ​ហើយ​ពួកគេ​មួយ​ចំនួន​ធំ​មក​ម៉ាស្សា​ដើម្បី​ព្យាបាល​ការឈឺ​ចុកចាប់​នៃ​រាងកាយ​របស់​គេ​»​។

ម៉ាស្សា​នៅ​តាម​សាខា​ហាង​ដៃ​ទេព​នៅ​ទូទាំង​ប្រទេស​ពួកគាត់​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពួកគាត់​។ផា លីណា

លោក លាង បន្ត​ថា​អ្នក​ជំនាញ​ផ្នែក​ម៉ាស្សា​ប្រចាំ​ហាង​របស់​លោក​គឺជា​ជនពិការ​ភ្នែក​មែន​តែ​ពួកគេ​បាន​ឆ្លងកាត់​ការសិក្សា​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​តាមរយៈ​វគ្គ​បង្រៀន​របស់​សមាគម​ជនពិការភ្នែក​កម្ពុជា (ABC) នាពេល​កន្លង​មក​។ លោក​បាន​អំពាវនាវ​ថា​៖ «​អតិថិជន​ដែល​មាន​តម្រូវការ​សេវាកម្ម​ម៉ាស្សា និង​ធ្វើ​សរសៃ​គួរ​ជួយ​គាំទ្រ​ដល់​ជនពិការភ្នែក​តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ឲ្យ​ពួកយើង​ជា​អ្នក​ម៉ាស្សា​ជូន​»​។

តម្លៃ​សេវាកម្ម​ម៉ាស្សា​នៅ​តាម​ហាង​ដែល​មាន​ជនពិការភ្នែក​ជា​អ្នកជំនាញ​ផ្តល់​សេវាកម្ម​ផ្នែក​នេះ​ទាំង​នៅ​ភ្នំពេញ ខេត្ត​សៀមរាប និង​តាម​ខេត្ត​ផ្សេងៗ​ទៀត គឺមាន​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន​ទូទៅ​ដោយ​ភ្ញៀវ​កម្ពុជា​ ១ ​ម៉ោង​ថ្លៃ ៥ ​ដុល្លារ និង​ភ្ញៀវ​បរទេស​ ១ ​ម៉ោង​ថ្លៃ​ ៧ ​ដុល្លារ​។

អ្នកនាង ហាវ ធីរីរ័ត្ន បុគ្គលិក​ជាន់​ខ្ពស់​នៃ​សមាគម​ជនពិការភ្នែក​កម្ពុជា (Association Blind of Cambodia - ABC) ដែល​មាន​ប្រធាន​គឺ​លោក ប៊ុន ម៉ៅ ជា​ជនពិការភ្នែក​ដែរ​។ អ្នកនាង​បាន​ឲ្យ​ដឹង​ថា សមាគម​នៅតែ​ព្យាយាម​បើក​វគ្គ​សិក្សា​បង្រៀន​ផ្នែក​ជំនាញ​ធ្វើ​សរសៃ និង​ម៉ាស្សា​សម្រាប់​ជនពិការភ្នែក​កម្ពុជា​ទាំងអស់​ដើម្បី​ឲ្យ​ពួកគាត់​មាន​ជំនាញ​អាច​ប្រកប​ការងារ​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់​។ ប៉ុន្តែ​វគ្គ​សិក្សា​ទាំង​នោះ​អាច​ធ្វើ​ទៅ​បាន​គឺ​ «​អាស្រ័យ​ដោយ​មាន​ជំនួយ​គាំទ្រ​ពី​អង្គការ​នានា សប្បុរសជន និង​ជាពិសេស​គឺ​ត្រូវ​មាន​មហាជន​ទូទៅ​ជួយ​គាំទ្រ​ជនពិការ​តាមរយៈ​ការទទួល​យក​សេវា​ម៉ាស្សា​ដ៏សុចរិត​ពី​ពួកគាត់ (​ជនពិការភ្នែក​ទាំងនោះ​) ​ដោយ​ឲ្យ​ពួកគាត់​បញ្ចេញ​សមត្ថភាព​ចាប់​សរសៃ និង​ម៉ាស្សា​ជូន​បាន​យ៉ាង​ត្រឹមត្រូវ​»​។

អ្នកនាង​បន្ត​ថា​នា​ឆ្នាំ​កន្លង​មក​នេះ «​សមាគម ABC មាន​លទ្ធភាព​អាច​បើក​វគ្គ​បង្រៀន​ពួកគាត់​បាន​ ១ ​វគ្គ​មាន​គ្នា​ ៦ ​នាក់​ប៉ុណ្ណោះ​» ដោយ​វគ្គ​បង្រៀន​វិជ្ជាជីវៈ​ផ្នែក​នេះ​យ៉ាង​ហោចណាស់​ក៏​មាន​រយៈពេល​ ៣ ​ខែ​ដែរ​។ ចំណែកឯ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រហែល​ជា​មាន​ជនពិការភ្នែក​ច្រើន​ពាន់​នាក់​៕