វិធីសាស្ត្រ Reggio Emilia ត្រូវបានយកមកអនុវត្តនៅថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិកាណាដា (CIS) ភ្នំពេញ ដើម្បីលើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាងកុមារ និង គ្រូ និងរវាងគ្រូជំនួយ និងកុមារឲ្យកាន់តែមានភាពរស់រវើក។ នាយកសាលាមត្តេយ្យ លោកស្រី Karen Holmes បានឲ្យដឹងថា កុមារកើតមកមានអត្តចរិតពីកំណើត ហើយចរិតរបស់ពួកគេគឺការចង់ដឹង ចង់ឃើញ និងចង់រៀនសូត្រ។
លោកស្រីថ្លែងថា៖ «អ្វីដែលយើងកំពុងធ្វើតាមរយៈ (សកម្មភាព) លេងកម្សាន្តនេះ គឺកំពុងផ្តល់ឱ្យពួកគេនូវឱកាសជាច្រើន (ដើម្បីរៀនសូត្រ) ដែលសកម្មភាពទាំងនោះប្រហែលមិនមាននៅផ្ទះរបស់ពួកគេទេ។ កុមារមានឥរិយាបថខុសៗគ្នាបើធៀបទៅនឹងមនុស្សពេញវ័យ»។
លោកស្រី Holmes បន្តថា៖ «បើមនុស្សពេញវ័យយើងបណ្តុះបណ្តាលនៅក្នុងសាលាតាមលក្ខណៈផ្សេងដោយគ្រូគ្រាន់តែផ្តល់ការណែនាំហើយពួកគេធ្វើតាម។ នៅឯសាលា CIS យើង ផ្តោតលើសកម្មភាពជាក់ស្តែង ដើម្បីធានាថា គ្រូដឹងអំពីអ្វីដែលត្រូវធ្វើ ដើម្បីឱ្យកុមារចូលរួមនៅក្នុងការលេង»។
លោកស្រីបញ្ជាក់ទៀតថាគ្រូទាំងអស់ដែលបង្រៀនថ្នាក់មត្តេយ្យនៅសាលា CIS គឺសុទ្ធតែមានបរិញ្ញាបត្រ ឬសញ្ញាបត្រក្នុងការបង្រៀនដល់កុមារតូចៗ។ គ្រូទាំងអស់ទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ដែលយល់ដឹងអំពីរបៀបប្រាស្រ័យទាក់ទងជាមួយកុមារ។
យើងដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការមានទំនាក់ទំនងផ្ទាល់ជាមួយកុមារដើម្បីលើកទឹកចិត្តពួកគេឲ្យមានការគិតស៊ីជម្រៅ។ គ្រួជំនួយធ្វើការជាមួយកុមារដោយចាប់ផ្តើមការសន្ទនាទៅវិញទៅមក។
ថ្លែងអំពីវិធានការសុវត្ថិភាព លោកស្រី Holmes បញ្ជាក់ថាគ្រូម្នាក់មើលការខុសត្រូវចំពោះកុមារចំនួន ៤ នាក់។ នៅពេលពួកគេមានអាយុ ៤ ឬ ៥ ឆ្នាំ វិធីសាស្ត្រនេះត្រូវបានប្តូរ គឺគ្រូម្នាក់ទទួលខុសត្រូវមើលកុមារចន្លោះពី ៨ ទៅ ៩ នាក់។
ឧទាហរណ៍នៅឯសាខា Bassac Garden យើងមានកាមេរ៉ាសុវត្ថិភាពបំពាក់នៅកន្លែងកុមារលេងកម្សាន្តនៅអាងហែលទឹក និងថ្នាក់រៀន។
ចំពោះការបង្រៀន យើងមានវិធីសាស្ត្រ «scaffolding» ជាវិធីសាស្ត្រមួយដែលគ្រូត្រូវបង្ហាញអំពីរបៀបដោះស្រាយបញ្ហាដល់សិស្ស ហើយឲ្យសិស្សអនុវត្ត និងផ្តល់ការគាំទ្រនៅពេលពួកគេត្រូវការ។
«មិនមែនកុមារទាំងអស់ស្ថិតនៅក្នុងកម្រិតដូចគ្នានោះទេ ដូច្នេះហើយការបែងចែកជាក្រុមតូចៗដើម្បីអនុវត្តវិធីសាស្ត្រគឺមានសារៈសំខាន់ណាស់។ លោកស្រី Holmes លើកឡើងថា៖ «ប្រសិនបើយើងដឹងថាកុមារនោះមិនដែលប្រើកន្រៃ្តពីមុន នោះយើងនឹងបង្រៀនគាត់មួយទល់មួយ ដើម្បីបង្ហាញគាត់ពីរបៀបកាន់កន្រៃ្ត។
លោកស្រីបន្ថែមថា សាលា CIS ធ្វើការជាមួយគ្រូដែលបានធ្វើការស្រាវជ្រាវយ៉ាងច្រើន ហើយបានអានឯកសារស្តីពីការអភិវឌ្ឍខួរក្បាល។
«គ្រូក៏ត្រូវបង្ហាញអំពីកម្រិតនៃការគិតខុសៗគ្នានៅក្នុងការរៀបសាជីរាងពីរ៉ាមីតផងដែរ។ វាត្រូវបែងចែកតាមប្រភេទនៃការគិតពីកម្រិតទាបឡើងទៅហើយដំបូងសិស្សត្រូវទន្ទេញ ឬចងចាំ ដែលជាវិធីធ្វើងាយស្រួលបំផុត»។
«យើងប្រើកំណត់ត្រាស៊ីជម្រៅដើម្បីតាមដាន និងពិនិត្យមើលការវិវឌ្ឍរបស់កុមារ។ យើងក៏ព្យាយាមមើលពីតម្រូវការរបស់កុមារម្នាក់ៗ និងផ្តល់ឱ្យពួកគេនូវអ្វីដែលត្រូវពង្រីកការគិត និងការចង់ដឹងចង់ឃើញរបស់ពួកគេផងដែរ»។
វិធីសាស្ត្រ Reggio Emilia គឺជាទស្សនវិជ្ជាអប់រំផ្តោតលើការអប់រំនៅថ្នាក់មត្តេយ្យ និងបឋមសិក្សា។ វាជាគរុកោសល្យដែលផ្តោតលើការច្នៃប្រឌិត និងអនុវត្តផ្ទាល់របស់សិស្សនៅក្នុងបរិយាកាសដែលជំរុញដោយទំនាក់ទំនង។
កម្មវិធីនេះគឺផ្អែកលើគោលការណ៍នៃការគោរព ការទទួលខុសត្រូវ និងសហគមន៍តាមរយៈការស្វែងរកពីកម្មវិធីសិក្សាដែលអនុវត្តដោយខ្លួនឯង៕