ប្រជាជន​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ប្រើប្រាស់ Bitcoin និង​រូបិយប័ណ្ណ​ឌីជីថល​ផ្សេងៗ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​ការអនុវត្ត​ទូលំ​ទូលាយ​នៃ​រូបិយប័ណ្ណ​ប្រភេទ​ថ្មី​នេះ បើ​ទោះបី​ជា​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​ព្យាយាម​រារាំង​ចរាចរណ៍​នៃ​រូបិយប័ណ្ណ Crypto ដោយ​នៅក្នុង​ពេល​តែ​មួយ​នេះ​ស្ថាប័ន​ទាំងអស់​នោះ​គាំទ្រ​បច្ចេកវិទ្យា​ដែល​បង្កើត​ប្រភេទ​រូបិយបណ្ណ​នេះ​ឡើង​។

លោក In Mean (​អ៊ិន មាន​) បិតា​ស្ថាបនិក​នៃ​មូលនិធិ Khmer Crypto (Khmer Crypto Foundation) ជា​សមាគម​ក្នុង​ស្រុក​មួយ​ដែល​មាន​ការវិនិយោគទុន​ពី​វិនិយោគិន​រូបិយប័ណ្ណ Crypto និង​អ្នក​ចង់​ប្រឡូក​ចូលក្នុង​ចរាចរណ៍​រូបិយប័ណ្ណ Crypto ជាង​ ១០០ ​នាក់​បាន​មាន​ប្រសាសន៍​ថា លោក​ចាំបាច់​ត្រូវ​តែ​ធ្វើ​អ្វីៗ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ពីព្រោះ​ភាព​ស្រប​ច្បាប់​នៃ​រូបិយប័ណ្ណ Crypto នៅ​ប្រទេស​កម្ពុជា​គឺ​មិន​ទាន់​មាន​ភាពច្បាស់លាស់​នៅ​ឡើយ​។

រដ្ឋាភិបាល​បាន​បដិសេធ​ទទួល​ស្គាល់​រូបិយប័ណ្ណ Crypto ជា​ផ្លូវការ​ហើយ​បាន​ចាត់វិធានការ​ដើម្បី​រារាំង​ប្រជាជន​កម្ពុជា​មិន​ឲ្យ​ធ្វើការ​ដោះដូរ​កាក់​ឌីជីថល​វិមជ្ឈការ​ដូចជា bitcoin ethereum និង litecoin ជាដើម​។ យ៉ាងណា​មិញ​រដ្ឋាភិបាល​មិន​ទាន់​បាន​ចេញ​ច្បាប់​ដែល​កំណត់​ថា ការកាន់កាប់ រូបិយប័ណ្ណ Crypto គឺជា​រឿង​ខុស​ច្បាប់​នៅ​ឡើយ​ទេ​។

គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) បាន​ព្រមាន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការជួញដូរ ឬ​ការវិនិយោគ​ទៅ​លើ​រូបិយបណ្ណ Crypto ក្នុង​ករណី​គ្មាន​ក្របខ័ណ្ឌ​ច្បាប់​ត្រឹមត្រូវ​។ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាន់​ខ្ជាប់​ជំហរ​រឹងមាំ​ដោយ​ការចេញ​សេចក្តី​បង្គាប់​ក្នុង​ខែ​ធ្នូ​ដែល​ហាមឃាត់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ពី​ការជួញដូរ ឬ​ផ្សព្វផ្សាយ​រូបិយប័ណ្ណ Crypto​។ ជា​លទ្ធផល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​បាន​រារាំង​អតិថិជន​មិន​ឲ្យ​ប្រើប្រាស់​គណនី​របស់​ពួកគេ​ដើម្បី​ទិញ ឬ​លក់​កាក់​ឌីជីថល ឬ​ថូខឹន​ (tokens) ​នោះ​ទេ​។

លោក មាន បាន​មាន​ប្រសាសន៍​ថា​៖ «​វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ការគ្រប់គ្រង​រូបិយបណ្ណ Crypto នៅ​ប្រទេស​កម្ពុជា​ជា​កាតព្វកិច្ច​របស់​អ្នក​ណា​។ ភារកិច្ច​នេះ​អាច​ធ្លាក់​ទៅ​លើ NBC ឬ SECC ប៉ុន្តែ​វា​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​អ្នក​ណា​ជា​អ្នក​កាន់​ឲ្យ​ប្រាកដ​នោះ​»​។

លោក​បន្ត​ថា សូម្បីតែ​គម្រោង KHCoin របស់​លោក​ដែល​បាន​ចាប់​ដំណើរការ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ជា​រូបិយបណ្ណ Crypto ដំបូង​គេ​ដែល​បាន​អភិវឌ្ឍ​នៅ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ដែន​ច្បាប់​ដែល​នៅ​មិន​មាន​ភាព​ច្បាស់លាស់​នៅឡើយ ថា​ស្រប​ច្បាប់ ឬ​មិន​ស្រប​ដែល​កត្តា​នេះ​បាន​រារាំង​ការ​ចម្រាញ់​យក​ប្រាក់​ចំណេញ​ពី KHCoin​។

លោក​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ឲ្យ​កាក់​ទៅ​កាន់​មនុស្ស​ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ប្រជាជន​ថា វា​គ្មាន​តម្លៃ​អ្វី​ទេ គឺ​អ្វីៗ​ទាំងអស់​ផ្អែក​លើ​ការយល់ឃើញ​»​។ លោក​បាន​បន្ត​ថា គម្រោង KHCoin មាន​គោលបំណង​ក្នុង​ការ​ធ្វើ​ជា​ឧបករណ៍​អប់រំ និង​មិនមែន​ជា​ទ្រព្យសកម្ម​សម្រាប់​វិនិយោគ​ទេ​។

លោក មាន បាន​បង្កើត​កាបូប​ឌីជីថល​សម្រាប់ KHCoin ក៏ដូចជា​វេទិកា​ដោះដូរ​កាក់​ឌីជីថល​នេះ​ក្នុង​ស្រុក​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ប្រហែល ៥,០០០ ​នាក់​ដែល​កាន់ KHCoin ធ្វើការ​ដោះដូរ​យក bitcoin ឬ altcoin​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ការជួញដូរ​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការសាកល្បង​ដំណាក់កាល​បេតា​ (​មិន​ប្រាកដ​) អស់​រយៈពេល​ជាច្រើន​ខែ ហើយ​កំពុង​រង់ចាំ​ក្របខណ្ឌ​គតិយុត្តិ​ច្បាស់លាស់​មួយ​ស្តីពី​ប្រតិបតិ្តការ​រូបិយប័ណ្ណ Crypto ដែល​នឹង​អនុញ្ញាត​ឲ្យ​ការដោះដូរ​រូបិយបណ្ណ​នេះ​ដំណើរការ​ដោយ​ស្រប​ច្បាប់​។

លោក​បាន​សារភាព​ថា៖ «​ខ្ញុំ​មាន​បញ្ហា​ក្នុង​ការ​ស្ថាបនា​វេទិកា​ជួញដូរ​ឌីជីថល​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ប្រើប្រាស់​ប្រាក់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ហើយ​បាន​ខាតបង់​រាប់ពាន់​ដុល្លារ​ដល់​ពួក Hacker ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​ប្រឡូក​ក្នុង​វិស័យ​នេះ ព្រោះ​ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា ប្រទេស​កម្ពុជា​ក៏​អាច​មាន​រូបិយបណ្ណ Crypto ប្រចាំ​ប្រទេស​ដែរ​»​។

ខណៈ​ពេល​ដែល​លោក​សង្កត់ធ្ងន់​ថា​លោក​មិន​គាំទ្រ​ការវិនិយោគ​ដោយ​ប្រថុយប្រថាន​ក្នុង KHCoin នោះ​ទេ លោក មាន បាន​សារភាព​ថា លោក​ចង់​ឃើញ​តម្លៃ​របស់ KHCoin កើនឡើង​ហើយ​នៅ​ពេល​ដែល​វា​មាន​តម្លៃ​ខ្ពស់​លោក​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា នេះ​ជា​ផលិតផល​របស់​ប្រទេស​កម្ពុជា​។

លោក​បាន​និយាយ​ថា​មនុស្ស​កំពុង​ជួញដូរ KHCoin ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​ពួកគេ​ថា «​កុំ​​ឲ្យ​ទិញ​កាក់​ច្រើន​ជាង​ ១០ ​ដុល្លារ​» ដែល​នេះ​​ជា​តម្លៃ​គុណ​ ១០០០ ​លើស​ពី​តម្លៃ​សព្វ​ថ្ងៃ​។

ការចូល​មក​ដល់​នៃ Entapay

KHCoin មិនមែន​ជា​រូបិយប័ណ្ណ Crypto តែ​មួយ​គត់​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កាក់​កម្ពុជា​នោះ​ទេ​។

Entapay ជា​រូបិយប័ណ្ណ Crypto ដែល​ស្ថាបនិក និង​អ្នក​ផ្តល់​មូលនិធិ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដែល​មាន​ការ​ប្រកាស​តាមរយៈ​សហគមន៍ Crypto អន្តរជាតិ​កាលពី​ដើម​ខែ​នេះ​ថា​ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្តីពី Blockchain មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ហាក់​ដូចជា​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ២ ខែ​មីនា​បាន​ណែនាំ​ពី​គម្រោង Entapay និង​មាន​ចំណង​ជើង​ថា «​ប្រទេស​កម្ពុជា​អាច​នឹង​អនុម័ត​រូបិយប័ណ្ណ Crypto ស្រប​ច្បាប់​របស់​ខ្លួន​បន្ទាប់ពី​ប្រទេស​វ៉េណេស៊ុយអេឡា​» បាន​បញ្ឆេះ​ប្រព័ន្ធ​ព័ត៌មាន​ជាច្រើន​រាយការណ៍​ខុស​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួន​បញ្ចេញ​រូបិយប័ណ្ណ Crypto ជាតិ​ស្រដៀង​ទៅ​នឹង​រូបិយប័ណ្ណ Petro របស់​វ៉េណេស៊ុយអេឡា​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ប្រកាស​ថា៖ «​បន្ទាប់ពី​ការនាំ​មុខ​របស់​វេណេស៊ុយអេឡា ប្រទេស​ដទៃ​ទៀត​កំពុង​ព្យាយាម​អនុម័ត​រូបិយ​មាត្រា​នៃ​ការ​ការដោះដូរ​រូបិយប័ណ្ណ​ឌីជីថល​ស្រប​ច្បាប់​រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​»​។ សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​បន្ថែម​ថា ប្រព័ន្ធ​ទូទាត់​ប្រាក់ Blockchain របស់ Entapay ក៏​មាន «​សក្តានុពល​ក្នុង​ការ​ជំនួស VISA ក្នុង​នាម​ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ដែល​មាន​ភាព​ពេញនិយម​បំផុត​»​។

លោក Richard Lee ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ Entapay បាន​បង្ហាញ​នូវ​ភាព​ស្ទាក់ស្ទើរ​នៃ​មតិ​បន្តិចបន្តួច​នៅពេល​ដែល​លោក​ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​ធ្វើ​សុពលកម្ម​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​មិន​ដែល​និយាយ​ថា យើង​មាន​ការ​គាំទ្រ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​តែ​ម្តង​ណា​ទេ​។ យើង​គ្រាន់​តែ​និយាយ​ថា យើង​មាន​ការ​គាំទ្រ​របស់​ពួកគេ​»​។

ការបើក​ដំណើរការ​របស់​ក្រុមហ៊ុន Entapay នៅ​ថ្ងៃទី​ ៧ ខែ​មីនា​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​គ្នា​ជាមួយ​នឹង​ការសម្ពោធ​នៃ​សមាគម​អភិវឌ្ឍន៍​ឧស្សាហកម្ម Blockchain កម្ពុជា (CBIDA) ដែល​ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​ឯកជន​មួយ​ដែល​កកើតឡើង​ដោយ​អ្នក​ផ្សព្វផ្សាយ Blockchain ជនជាតិ​ចិន ហើយ​មាន​បំណង​ក្នុង​ការ​ក្លាយ​ជា «​មជ្ឈមណ្ឌល​តែ​មួយ​គត់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​បាន​សេវា blockchain»​។

លោក Weibin Deng ជា​ប្រធាន​នៃ CBIDA បាន​និយាយ​ថា Entapay គឺជា​គម្រោង​ដំបូង និង​គម្រោង​តែ​មួយ​គត់​របស់​សមាគម​ខ្លួន​។ លោក​បន្ត​ថា Entapay មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា ទោះបី​ជា​វា​មិន​ទាន់​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ផ្លូវការ​ណា​មួយ​ក៏ដោយ​។

លោក​បាន​មាន​ប្រសាសន៍​តាមរយៈ​អ្នក​បកប្រែ​ថា៖ «​យើង​ចង់​គាំទ្រ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា blockchain ហើយ CBIDA គឺ​មាន​សមត្ថភាព និង​ស្ថិត​នៅក្នុង​កាលៈទេសៈ​ត្រឹមត្រូវ​ក្នុង​ការ​បង្កើន​ការប្រើប្រាស់​បច្ចេកទេស​នេះ​»​។ «​យើង​មិន​មាន​អាជ្ញាប័ណ្ណ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន Entapay នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​នឹង​ទទួល​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ប្រហែល​ជា​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​»​។

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​មិន​ទាន់​បាន​ទាក់ទង​ជាមួយ NBC ឬ SECC ឬមួយ​ក៏​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បន្ត​ដំណើរ​ការដាក់​ពាក្យ​សុំ​នោះ​ទេ​។

តែ​ទាំង​នេះ​មិន​បាន​ធ្វើឲ្យ​មាន​ការ​បង្អាក់​ផែនការ​ដើម្បី​រៀបចំ​ការប្រគល់​កាក់​ជា​លើក​ដំបូង (ICO) សម្រាប់​ថូខឹន Entapay ដោយ​មាន​គេហទំព័រ​ផ្សាយ​ផ្ទាល់​ដែល​កំពុង​តែ​រាប់​ថយក្រោយ​រហូត​ដល់​ថ្ងៃ​លក់​ថូខឹន​ជា​លើក​ដំបូង​នៅ​ថ្ងៃទី​ ៣១ ខែ​មីនា​ខាង​មុខ​នេះ​។ ការលក់​ជា​មុន​បាន​ចាប់​ផ្តើម​ហើយ​ដោយ​បាន​ណែនាំ​វិនិយោគិន​ឲ្យ​ដាក់​ប្រាក់ ethereum នៅក្នុង​វេបសាយ Entapay ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ Enta Diamond ដែល​អាច​ប្រើប្រាស់​បាន​ដើម្បី​ទិញ​ថូខឹន Entapay​។

ប្រទេស​ចិន​បាន​ហាមឃាត់​មិន​ឲ្យ​មាន ICOs កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​យ៉ាង​មុតមាំ​មួយ​ដែល​ដាក់​នាម​ការលក់​ថូខឹន​ថា​ជា «​អំពើ​ខុស​ច្បាប់ និង​បង្ក​ការរំខាន​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។ ការហាមឃាត់​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​អភិវឌ្ឍន៍​រូបិយប័ណ្ណ Crypto ចិន​ស្វែងរក​កន្លែង​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស​ដែល​ប្រហែល​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ Entapay មក​ជ្រើសរើស​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​។

ការតភ្ជាប់​ប្លុក​នីមួយៗ

Blockchain គឺជា​បច្ចេកវិទ្យា​មូលដ្ឋាន​នៅ​ពី​ក្រោយ bitcoin និង​រូបិយប័ណ្ណ Crypto ដទៃទៀត​។ វា​ដំណើរការ​ក្នុង​ទម្រង់​ជា​បញ្ជី​ចំណាយ​ចំណូល​ឌីជីថល​ផ្សព្វផ្សាយ​ដែល​តាមដាន​ការជួញដូរ​រវាង​ភាគី​ទាំង​ពីរ​នៅក្នុង​បញ្ជី​នៃ​កំណត់ត្រា​ដែល​ហៅ​ថា ប្លុក​ (Block) ​។ ប្លុក​នៃ​ប្រតិបត្តិការ​ថ្មី​នីមួយៗ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ប្លុក​មុន និង​ត្រូវ​បាន​ធានា​សុវត្ថិភាព​ដោយ​ការប្រើ ​cryptography ហើយ​បង្កើត​ជា​ខ្សែសង្វាក់​នៃ​ការកត់ត្រា​។

ខណៈ​ពេល​ដែល​បច្ចេកវិទ្យា blockchain មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​កម្ពុជា ដោយ​មាន NBC អនុវត្ត​គម្រោង Blockchain ឯកជន​មួយ​ដើម្បី​សម្រួល​ដំណើរការ​ផ្ទៃ​ក្នុង​របស់​ខ្លួន រីឯ​គម្រោង Blockchain សាធារណៈ​ជាទូទៅ​ប្រើប្រាស់​កាក់​ដើម ឬ​ថូខឹន​ដើម្បី​ផ្តល់​រង្វាន់​ដល់​អ្នក​រុករក​ដែល​ធានា​សុវត្ថិភាព​បណ្តាញ និង​ដំណើរការ​រាល់​ប្រតិបត្តិការ​ទាំងអស់​។

អ្នក​អភិវឌ្ឍន៍ Blockchain នៅ​កម្ពុជា​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ផ្តល់​រង្វាន់​ដល់​អ្នក​រុករក​ជាមួយ​រូបិយប័ណ្ណ Crypto កំពុង​តែ​ស្វែងរក​វិធី​ជំនួស ដើម្បី​រក្សា​បណ្តាញ​របស់​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព និង​ដំណើរ​ការបន្ត​ទៅ​មុខ​ទៀត​។

លោក Rithy Thul ដែល​ជា​សហគ្រិន​បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​និយាយ​ថា៖ «​ខ្ញុំ​កំពុង​ធ្វើការ​លើ​គម្រោង Blockchain ដើម្បី​ជួយ​គ្រប់គ្រង​ការទូទាត់​ប្រាក់​ពី​ការផ្ទេរ​ប្រាក់ ប៉ុន្តែ​យើង​មិន​ដឹង​ពី​របៀប​ដែល​ធ្វើឲ្យ​ការកាន់កាប់​របស់​យើង​មាន​សុវត្ថិភាព​នៅ​ឡើយ​ទេ​»​។ លោក​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​វិធី​មួយ​ដើម្បី​ធ្វើ​វា​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​រូបិយប័ណ្ណ​ Crypto»​។

ប៉ុន្តែ​លោក Pierre-Marie Riviere សហស្ថាបនិក​នៃ​ក្រុមហ៊ុន blockchain ថ្មីថ្មោង​មួយ​ឈ្មោះ daPACT គិត​ថា​គឺ​វា​មិន​ទំនង​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «​រូបិយប័ណ្ណ Crypto ត្រូវការ​បច្ចេកវិទ្យា blockchain ហើយ blockchain ត្រូវការ​រូបិយប័ណ្ណ Crypto គឺ​របស់​ទាំង​ ២ ​នេះ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ ប្រសិន​បើ​ប្រទេស​កម្ពុជា​បន្ត​រុញច្រាន Crypto បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​បាន​រុញច្រាន​ដែរ​»​។

យ៉ាង​ណា​មិញ​លោក Riviere បាន​ថ្លែង​ថា​លោក​អាច​យល់​បាន​ថា ហេតុអ្វី​ធនាគារ​កណ្តាល និង SECC បាន​បង្ហាញ​ពី​កង្វល់​ទៅ​លើ​រូបិយប័ណ្ណ Crypto នៅពេល​ដែល​មាន​គម្រោង​បោកប្រាស់​បែប Ponzi ជាច្រើន​ករណី ការលួចបន្លំ​ក្នុង​ការវិនិយោគ និង​ការ​ឆបោក​ដែល​ទាក់ទង​នឹង​រូបិយប័ណ្ណ Crypto​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​អ្វី​ដែល​ពួកគេ​កំពុង​និយាយ​គឺ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​មិន​ប្រើប្រាស់​លុយ​ដើម្បី​ទិញ​កាក់​ដែល​អ្នក​មិន​ដែល​ឮ បើ​មិន​អ៊ីចឹង​ទេ​អ្នក​នឹង​បាត់បង់​ប្រាក់​»​។ លោក​បន្ត​ថា៖ «​ប៉ុន្តែ​ភាពភ័យខ្លាច​កំពុង​រារាំង​រដ្ឋាភិបាល​ពី​ការព្យាយាម​គ្រប់គ្រង​រូបិយប័ណ្ណ Crypto»៕