STEM គឺជាកម្មវិធីសិក្សាថ្មីបំផុតសម្រាប់ការអប់រំទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
STEM គឺជាអក្សរកាត់ដែលផ្តោតទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
មុខវិជ្ជាទាំងនេះគឺគ្របដណ្ដប់នៅគ្រប់ផ្នែកនៃជីវិតរស់នៅរបស់យើងនៅក្នុងសម័យទំនើបនេះ។
កម្មវិធីសិក្សាមុខវិជ្ជា STEM គឺជាវិធីសាស្ដ្រចម្រុះមួយសម្រាប់សិស្សនិស្សិតរៀនសូត្រអំពីមេរៀនជាក់ស្តែងរបស់ពិភពលោកដែលមានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សិស្សនិស្សិតឲ្យពង្រឹងសមត្ថភាពរបស់ពួកគេដើម្បីប្រកួតប្រជែងនៅក្នុងយុគសម័យសេដ្ឋកិច្ចថ្មី។
ជាទូទៅ STEM គឺជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សានៅទូទាំងពិភពលោក។ ចំណុចដ៏សំខាន់បំផុតនៃកម្មវិធីសិក្សាលើមុខវិជ្ជា STEM គឺដើម្បីរៀបចំសិស្សនិស្សិតនៅថ្ងៃនេះសម្រាប់អាជីពការងារនៅថ្ងៃអនាគត។ ជាប្រភេទការងារដែលផ្តោតលើការវិភាគស៊ីជម្រៅនៃជំនាញវិជ្ជាជីវៈ និងបង្កើនទំនុកចិត្តលើខ្លួនឯងដែលជាកត្តាចាំបាច់។ STEM គឺជំរុញការដោះស្រាយបញ្ហាតាមរយៈចំណេះដឹងការច្នៃប្រឌិត និង សមត្ថភាពក្នុងការវិភាគហេតុផល។
ខ្លឹមសានៃកម្មវិធីសិក្សា STEM នៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍របស់យើងគឺផ្តោតលើវិធីសាស្ត្រសិក្សា និងកម្មវិធីជំនាញ STEM ថាតើវាមានន័យដូចម្តេច? ហេតុអ្វីបានជាវាមានសារៈសំខាន់? តើអ្វីជាលទ្ធផលវិជ្ជមាន?
តើ STEM ត្រូវអនុវត្តនៅតាមស្ថាប័នសិក្សាផ្សេងៗនៅក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?
ទន្ទឹមនឹងនេះដែរក្រៅពីបង្ហាញអំពីកម្មវិធីសិក្សាមុខវិជ្ជា STEM កាសែតភ្នំពេញប៉ុស្តិ៍ក៏បានសម្ភាសជាមួយអ្នកជំនាញក្នុងឧស្សាហកម្មមួយនេះទៅតាមទស្សនៈផ្សេងៗរបស់ពួកគេជុំវិញជំនាញ STEM ដែលជួយពង្រឹងនិស្សិតនៅថ្ងៃនេះសម្រាប់ឱកាសការងារនៅថ្ងៃអនាគត។
ខណៈដែលឧស្សាហកម្មកាន់តែច្រើនមានការប្រកួតប្រជែងខ្លាំងដោយសារការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូច្នេះសិស្សនិស្សិតនាពេលបច្ចុប្បន្នត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីសម្របខ្លួនទៅនឹងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរមិនអាចចៀសរួចនៅថ្ងៃអនាគត។
វិធីសាស្ត្រដែលអនុវត្តនៅក្នុងកម្មវិធីសិក្សា STEM នឹងជួយបង្កើនសមត្ថភាពរបស់សិស្សនិស្សិតឲ្យកាន់តែរឹងមាំដើម្បីមានលទ្ធភាពទទួលបានអាជីពការងារល្អនាពេលអនាគតក៏ដូចជាដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ឆាប់រហ័ស និងដើម្បីធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយទទួលបានលទ្ធផលវិជ្ជមាននៅគ្រប់វិស័យ។
ទាំងក្រុមអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសសុទ្ធតែបានមើលឃើញអំពីឱកាសការងារកើនឡើងសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាលើជំនាញ STEM នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ការអភិវឌ្ឍនៅកម្ពុជានឹងក្លាយជាកូនសោគន្លឹះដើម្បីឆ្លើយតបឱកាសការងារដែលកំពុងកើនឡើងហើយការអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងបន្តកើនឡើងនេះនឹងជួយជុំរុញវិស័យសេដ្ឋកិច្ចឲ្យកាន់តែល្អឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។
ប្រទេសកម្ពុជាត្រូវការនិស្សិតដែលបញ្ចប់ការសិក្សាលើជំនាញ STEM ដើម្បីបំពេញគម្លាតការងារដែលកើនឡើងខ្លាំង ខណៈកម្ពុជាកំពុងរីកចម្រើនក្នុងល្បឿនមួយដ៏លឿនមិនធ្លាប់មានពីមុន។ មុខវិជ្ជា STEM និងវិធីសាស្ត្រសិក្សាជំនាញ STEM ត្រូវបានអនុវត្តដោយផ្ទាល់សម្រាប់អនាគតអាជីពការងារនៅក្នុងវិស័យមួយចំនួនដែលកំពុងអភិវឌ្ឍន៍ដូចជាវិស័យសំណង់ ផលិតកម្ម សុខភាព និងវិស័យផ្សេងៗទៀតជាច្រើន។
ការរីកចម្រើននៅក្នុងវិស័យអប់រំក៏ដូចជាកំណើនសេដ្ឋកិច្ចឌីជីថលថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានន័យថាសាលារៀនកាន់តែច្រើនឡើងៗមានសម្ភារសិក្សា និងបុគ្គលិកសិក្សាមានសមត្ថភាព ដើម្បីសម្រួលដល់កម្មវិធីសិក្សាលើជំនាញ STEM នាពេលអនាគត។ ដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពីកម្មវិធីសិក្សាជំនាញ STEM និងលទ្ធភាពទទួលបានឱកាសការងារសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាលើជំនាញ STEM សូមអាននៅទំព័រខាងក្នុងជាមួយកាសែតភ្នំពេញប៉ុស្តិ៍ថ្ងៃនេះ៕