ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) លោក Teh Sing ដែលបានមកកាន់ទីក្រុងភ្នំពេញតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ នោះបានមើលឃើញការប្រែប្រួលរបស់កម្ពុជាក្រោយភាពវឹកវរនៅក្នុងប្រទេសរហូតបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំមួយនៅក្នុងតំបន់អាស៊ាន។ នៅក្នុងបទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្ត៍ អ្នកជំនួញជើងចាស់រូបនេះបានចែករំលែកដំណើរដ៏វែងឆ្ងាយអំពីការរួមចំណែករបស់ម៉ាឡេស៊ីចំពោះសេដ្ឋកិច្ចកម្ពុជា។
តើ MBCC បានចូលរួមចំណែកដូចម្តេចខ្លះក្នុងការអភិវឌ្ឍវិស័យធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា?
MBCC ប្រតិបត្តិការជាសមាគមដែលមិនស្វែងរកប្រាក់ចំណេញ និងមិនប្រកាន់និន្នាការនយោបាយ។ គោលបំណងចម្បងរបស់យើងគឺលើកកម្ពស់ និងលើកទឹកចិត្តដល់ធុរកិច្ចម៉ាឡេស៊ីឲ្យបង្កើត និងរក្សាអាជីវកម្ម ការគ្រប់គ្រង និងការអនុវត្តវិជ្ជាជីវៈឲ្យមានស្តង់ដាខ្ពស់បំផុត ដើម្បីលើកកម្ពស់មុខមាត់ប្រទេសម៉ាឡេស៊ី។
លើសពីនេះ យើងផ្តល់នូវវេទិកាសម្រាប់ការប្រជុំ ការពិភាក្សាប្រចាំខែសំរាប់ធុរកិច្ចម៉ាឡេស៊ី និងបុគ្គលិករដ្ឋាភិបាលនៅកម្ពុជា។ MBCC នៅតែបន្តលើកទឹកចិត្តដល់ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា និងពង្រឹងទំនាក់ទំនងល្អជាមួយសហគមន៍ធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តើស្ថានភាពអាជីវកម្មបានផ្លាស់ប្តូរយ៉ាងដូចម្តេចនៅក្នុងប្រទេសកម្ពុជាចាប់តាំងពី MBCC បង្កើតឡើង? សូមលោករៀបរាប់អំពីប្រវត្តិខ្លះៗ។
ទិដ្ឋភាពអាជីវកម្មបានរីកចម្រើនជាលំដាប់គិតចាប់តាំងពីឆ្នាំ ១៩៩៣។ ឧទារណ៍ ១ គឺអាជីវកម្ម ផលិតស្រាបៀរ។ នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុន Cambrew Limited គឺជាក្រុមហ៊ុនម៉ាឡេស៊ីដែលដំណើរការក្រុមហ៊ុនផលិតស្រាបៀរតែ ១ គត់នៅកម្ពុជា។ សព្វថ្ងៃមានក្រុមហ៊ុនផលិតស្រាបៀរច្រើនជាង ៦ រួចហើយ។ ឧទាណ៍ ១ ទៀតគឺឧស្សាហកម្មធនាគារ។ នៅក្នុងឆ្នាំ ១៩៩៣ ធនាគារពាណិជ្ជមានតិចជាង ១០ ប៉ុន្តែសព្វថ្ងៃធនាគារពាណិជ្ជមានចំនួន ៥១។
តាមការប៉ាន់ស្មាន បច្ចុប្បន្នក្រុមហ៊ុនម៉ាឡេស៊ីទាំងធំ និងតូចប្រមាណ ៨០០ កំពុងប្រតិបត្តិការនៅកម្ពុជា ដោយមានការគាំទ្រពីពលរដ្ឋម៉ាឡេស៊ីប្រមាណ ៣ ០០០ នាក់ដែលរស់នៅទីនេះ។
តើអ្វីដែលជំរុញក្រុមហ៊ុនម៉ាឡេស៊ីទាំងនោះឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា?
វាបានចាប់ផ្តើមជាមួយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរបស់យើងគឺលោក Tun Mahathir Mohamad ដែលបានណែនាំគោលនយោបាយវិបុលភាពអ្នកជិតខាង (Prosper thy neighbours policy) នៅពេលដែលលោកបានដឹកនាំវិនិយោគិនម៉ាឡេស៊ី ១ ក្រុមដំបូងគេមកកាន់ប្រទេសកម្ពុជា។ បន្ថែមជាមួយនឹងគោលនយោបាយគាំទ្រអាជីវកម្មរបស់រដ្ឋាភិបាលកម្ពុជា អាជីវកម្មថ្មីៗរបស់ម៉ាឡេស៊ីជាច្រើនក៏ត្រូវបានទាក់ទាញឱ្យមកវិនិយោគនៅកម្ពុជា។
យុវជនម៉ាឡេស៊ីជំនាន់ថ្មីកំពុងចូលទៅក្នុងយុគអាជីវកម្មថ្មីរាប់ចាប់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឌីជីថលរហូតដល់សេវាកម្មវិជ្ជាជីវៈ។ តើលោកមើលឃើញនិន្នាការដែលកំពុងកើនឡើងនេះយ៉ាងដូចម្តេច?
ប្រាកដណាស់គឺការរីកចម្រើនកាន់តែខ្លាំង។
ប្រជាជនម៉ាឡេស៊ីជាច្រើនកំពុងកាន់មុខតំណែងកំពូលៗនៅក្នុងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនអន្តរជាតិ ជាពិសេសនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ? តើប្រជាជនម៉ាឡេស៊ីកំពុងនាំចេញជំនាញវិជ្ជាជីវៈរបស់ពួកគេឬ?
ទាក់ទងវិស័យធនាគារ និងហិរញ្ញវត្ថុ ធនាគារកម្ពុជាសាធារណៈ គឺជាធនាគារម៉ាឡេស៊ីដំបូងគេដែលប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ ១៩៩២ ហើយធនាគារនេះចាប់ផ្តើមដោយមានសាខាតែ ១ ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃធនាគារនេះមាន ៣១ សាខា ដែលដឹកនាំដោយប្រជាជនកម្ពុជា។ នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការនាំចេញជំនាញវិជ្ជាជីវៈរបស់ម៉ាឡេស៊ី។
តើលោកអាចចែករំលែកអំពីការវិវឌ្ឍនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសនៅក្នុងកម្រិតវិស័យឯកជនបានដែរឬទេ?
ម៉ាឡេស៊ីគឺជាអ្នកវិនិយោគធំជាងគេនៅទីនេះអស់រយៈពេលជាង ១ ទសវត្សរ៍ រហូតដល់ចិនចូលមកជំនួសតំណែងនេះ។ ធុរកិច្ចម៉ាឡេស៊ីត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍ធុរកិច្ចកម្ពុជានៅទីនេះ។ ទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អរវាងប្រទេសទាំង ២ កាន់តែរីកចម្រើនល្អប្រសើរឡើងជាលំដាប់ ហើយបច្ចុប្បន្នយើងមានឯកអគ្គរាជទូតម៉ាឡេស៊ីដ៏សកម្ម (ឯកឧត្តម Eldeen Husaini) ដែលកំពុងខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងនេះ។
ទាក់ទងបញ្ហាយកពន្ធត្រួតគ្នា គឺកំពុងស្ថិតនៅលើតុចរចា។ តើនៅពេលណាដែលលោកគិតថាវានឹងសម្រេច ហើយតើវាមានសារៈសំខាន់យ៉ាងណាសម្រាប់សហគមន៍ធុរកិច្ចម៉ាឡេស៊ី?
ពិតណាស់គឺវាមានសារៈសំខាន់ណាស់ និងផ្តល់អត្ថប្រយោជន៍សម្រាប់សហគមន៍ធុរកិច្ចម៉ាឡេស៊ីរបស់យើងនៅទីនេះ។ ទោះយ៉ាងណាជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ ២០២០ ខ្ញុំមិនអាចប៉ាន់ស្មានបានទេថាវានឹងសម្រេចពេលណា។
ជាចុងក្រោយ តើលោកមានដំបូន្មានអ្វីសម្រាប់សហគ្រិនម៉ាឡេស៊ីផ្សេងទៀត ភ្ជាប់ជាមួយនឹងទិវាបុណ្យជាតិម៉ាឡេស៊ីខួបលើកទី ៦៣?
ដោយបានមកកាន់ទីនេះចាប់តាំងពីឆ្នាំ ១៩៩២ ដំបូន្មានរបស់ខ្ញុំគឺឲ្យពួកគេមកទីនេះក្នុងរយៈពេលវែង មិនមែនមកក្នុងរយៈពេលខ្លីនោះទេ ហើយពិតណាស់អ្នកនឹងទទួលបានជោគជ័យចេញពីកិច្ចខិតខំប្រឹងប្រែងនេះ៕