ក្រលៀន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​សុខភាព​ប្រចាំថ្ងៃ​ហើយ​ក្រលៀន​ក៏បាន​បំពេញ​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត​។ លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដីសង្ឃឹម​បាន​ពន្យល់ថា​៖ «​ក្រលៀន​គឺជា សិរីរាង្គ​មួយ​ក្នុង​ចំណោម​សិរីរាង្គ​ច្រើន​ផ្សេងទៀត​នៃ​ប្រព័ន្ធ​តម្រងនោម​...​តួនាទី​ធំ​របស់​ក្រលៀន​គឺជា​ដំណើរការ​ច្រោះ និង​បញ្ចេញ​ចោល​នៃ​កាកសំណល់​។

ក្រលៀន​ជួយ​ផងដែរ​ដើម្បី​រក្សា​លំនឹង​តុល្យភាព​នៃ​សិរីរាង្គ​ខាងក្នុង​សម្រាប់​ការធ្វើ​មេតាបូលីស​ដ៏ល្អ​បំផុត​របស់​កោសិកា និង​ជាលិកា​»​។

ក្រលៀន​គឺ​ពិតជា​សំខាន់ ហើយ​ក្រលៀន​ក៏​ជះឥទ្ធិពល​ដល់​សម្ពាធ​ឈាម​របស់​អ្នក​ដែរ​។

ដូច្នោះ​ហេតុអ្វី​បាន​ជា​ក្រលៀន​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ម្ល៉េះ​? ទន្ទឹម​និង​មាន​តួនាទី​សំខាន់​ក្នុង​ការបញ្ចេញចោល​នូវ​កាកសំណល់​ដែល​បាន​មកពី​ការធ្វើ​មេតាបូលីស ក្រលៀន​ក៏​ជួយ​ច្រោះ​សម្អាត​ឈាម​មុន​ពេល​បញ្ជូន​វា​ត្រឡប់​ទៅ​បេះដូង​ផងដែរ​។

ក្រលៀន​ពិតជា​ទទួល​បន្ទុក​នូវ​ភារកិច្ច និង​មុខងារ​ធំ និង​សំខាន់​ជាច្រើន​នៅក្នុង​សារពាង្គកាយ ហើយ​បើ​គ្មាន​ក្រលៀន​ទេ យើង​ពិតជា​មិនអាច​រស់រាន​មាន​ជីវិត​នោះទេ​។

លោក​វេជ្ជបណ្ឌិត ឡី បញ្ជាក់​ថា​ជា​ព័ត៌មាន​​មិន​ផ្លូវការ​អំពី​ការកើនឡើង​នៃ​ជំងឺ​ក្រលៀន​នៅ​កម្ពុជា​នេះ​ដែរ គឺ «​យើង​មិន​ទាន់​មាន​ទិន្នន័យ​ទូទាំង​ប្រទេស​នៅឡើយ​អំពី​ជំងឺ​ក្រលៀន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជំងឺ​ក្រលៀន​គឺ​កំពុងតែ​កើនឡើង​ខ្លាំង​ដោយសារ​តែ​កត្តា​មួយ​ចំនួន​»​។

កត្តា​ទាំងនោះ​រួមមាន​ការព្យាបាល សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម កត្តា​តំណពូជ ការសេព​គ្រឿង​ស្រវឹង ការផ្លាស់ប្ដូរ​នៃ​ការរស់នៅ និង​កត្តា​អាយុ​នឹង​បណ្ដាល​ឲ្យ​មនុស្ស​មួយចំនួន​ជួប​បញ្ហា​នេះ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​អាច​នឹង​ជួបប្រទះ​ និង​ការថយចុះ​នៃ​មុខងារ​របស់​ក្រលៀន​ទៅ​តាម​វ័យ​របស់​ពួកគេ​។ «​ប្រសិន​បើ​យើង​ក្រឡេក​មើល​ទៅក្នុង​សហគមន៍​បច្ចុប្បន្ន​របស់​យើង កត្តា​ទាំងអស់​នោះ​កំពុងតែ​រីក​រាលដាល​យ៉ាង​ខ្លាំង​»​។

តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ល្អ​បំផុត​សម្រាប់​ការពារ​សិរីរាង្គ​ក្រលៀន​ដ៏​មាន​តម្លៃ​​ និង​សំខាន់​របស់​យើង​?

លោក​វេជ្ជបណ្ឌិត ឡី បាន​ឲ្យ​ជា​ដំបូន្មាន​ថា យើង​ត្រូវ​តែ​ផ្ដោត​ការចាប់​អារម្មណ៍​ពិសេស​ទៅលើ​កត្តា​​ទាំងអស់​ដែល​ត្រូវ​បាន​លើកឡើង​ពី​ខាង​ដើម​ពីព្រោះ​​ថា កត្តា​ទាំងនោះ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ក្រលៀន​របស់​យើង​។ «​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​ក៏​អ្នក​ដែល​មាន​ជំងឺ​បេះដូង អ្នកមាន​ប្រវត្តិ​បញ្ហា​ក្រលៀន ឬ​គ្រួសារ​ដែល​មាន​ប្រវត្តិ​ជំងឺ​ក្រលៀន​ធ្ងន់ធ្ងរ គួរតែ​ធ្វើ​តេស្ត​ពី​មុខងារ​ក្រលៀន​ឲ្យ​បាន​ជា​ប្រចាំ​»​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ឡី នៅក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​...​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​លើសពី ៤០ ​ឆ្នាំ​ត្រូវ​បាន​អញ្ជើញ​​ឲ្យ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព (​នៅ​រៀងរាល់​ក្នុង​​អំឡុង​ពេល​ ៥ ​ឆ្នាំ​ម្ដង​) ហើយ​ប្រហែល​ជា​ពិចារណា​ទៅ​លើ​ការធ្វើ​តេស្ត​ពី​មុខងារ​របស់​ក្រលៀន​។

ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​ក្រលៀន លោក​វេជ្ជបណ្ឌិត ឡី បាន​ផ្ដល់​ជា​យោបល់​ថា អ្នក​គួរតែ​ត្រួតពិនិត្យ​សម្ពាធ​ឈាម​ជាប្រចាំ ខណៈ​ដែល​សម្ពាធ​ឈាម​ខ្ពស់​អាច​ពន្លឿន​ល្បឿន​នៃ​ «​កត្តា​ធម្មជាតិ​នៃ​ជំងឺ​ក្រលៀន​ដែល​យើង​មិនដឹង​»​។

ប្រសិន​បើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម វា​ពិតជា​សំខាន់​ជាង​គេ​បង្អស់​នៅក្នុង​ការព្យាបាល​របស់​អ្នក ហើយ​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា វា​ពិតជា​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​។ បន្ទាប់មក​គឺ​ឱសថ «​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ពី​ការប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា ជាពិសេស​ពពួក​ឱសថ​បំបាត់​ការឈឺចាប់​។ ការហាត់​ប្រាណ និង​ការរក្សា​ឲ្យ​បាន​នូវ​ទម្ងន់​សមស្រប​មួយ​ក៏​ជា​គន្លឹះ​ក្នុង​ការថែរក្សា​សុខភាព​របស់​ក្រលៀន​នោះ​ដែរ​។

ដំបូន្មាន​ផ្សេងទៀត​គឺ​ការចៀសវាង​ការជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​នៅក្នុង​កម្រិត​មធ្យម​។

របប​អាហារ​ក៏​មាន​នាទី​សំខាន់​ដែរ​នៅក្នុង​សុខភាព​របស់​ក្រលៀន ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ក្រលៀន​របស់​អ្នក​កំពុង​តែ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​បំផុត​នោះ​គឺ ព្យាយាម​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន បរិភោគ​បន្លែ និង​ផ្លែឈើ និង​ចៀសវាង​ការទទួល​ទាន​ម្ហូប​កែច្នៃ និង​ម្ហូបអាហារ​ណា​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​កូលេស្តេរ៉ូល​ខ្ពស់​។ គួបផ្សំ​ជាមួយ​នឹង​ការធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ អ្នក​គួរតែ​អាច​ថែរក្សា​ក្រលៀន​របស់​អ្នក​ឲ្យ​មាន​​សុខភាព​ល្អ​។

ប្រសិន​បើ​យើង​សង្ស័យ​ថា មុខងារ​ក្រលៀន​របស់​យើង​មាន​ការ​ថយចុះ ដំបូន្មាន​របស់​លោក វេជ្ជបណ្ឌិត ឡី គឺ​ធ្វើ​យ៉ាងណា​ប្រញាប់ប្រញាល់​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

«​យើង​គួរតែ​ដឹងថា ជំងឺ​ក្រលៀន​ជាធម្មតា​តែងតែ​​វិវត្ត​ទៅមុខ​ដោយ​ស្ងាត់ៗ ហើយ​ជារឿយៗ​វា​ចាប់ផ្ដើម​បំផ្លាញ​មុខងារ​ស្ទើរតែ​ទាំងអស់​របស់​ក្រលៀន​មិន​បញ្ចេញ​ឲ្យ​ឃើញ​ពី​រោគសញ្ញា​ផ្សេង​»​។

តាមរយៈ​ការ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​វេជ្ជបណ្ឌិត​បាន​ឆាប់ អ្នក​នឹងមាន​ឱកាសល្អ​បំផុត​ក្នុង​ការរក្សា​នូវ​ជីវិត​ធម្មតា​មួយ​ទៅ​តាម​នោះដែរ​។

មាន​មធ្យោបាយ​ ២ ​ដែល​វេជ្ជបណ្ឌិត​នឹង​ធ្វើ​តេស្ត​ក្រលៀន​របស់​អ្នក​ដែល​ទី​ ១ ​គឺ​ការធ្វើ​តេស្ត​ឈាម និង​ទី​ ២ ​គឺ​ការធ្វើ​តេស្ត​ទឹកនោម​ដែល​វិធី​ទី​ ២ ​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ «​ការតាមដាន​ពី​ដំណាក់​ដំបូង​នៃ​ការ​ខូច​ក្រលៀន និង​អាច​បញ្ជាក់​ពី​ហានិភ័យ​នៃ​ការថយចុះ​នៃ​មុខងារ​របស់​ក្រលៀន​ច្រើន​ផ្សេងទៀត​» ហើយ​វិធី​ផ្សេង​ទៀត​មាន​ដូចជា ការប្រើប្រាស់​ម៉ាស៊ីន​អេកូ ម៉ាស៊ីន​កាំរស្មី​អ៊ិច និង ការ​ច្រឹប​យក​កោសិកា​ក្រលៀន​មក​ពិសោធ​តែម្ដង​។

ជំងឺ​ក្រលៀន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ «​វា​ជាធម្មតា​មិន​ត្រូវ​អាច​ព្យាបាល​ឲ្យ​បាន​ជា​សះស្បើយ​ទេ​នៅពេល​ដែល​វា​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​នោះ​។ វិធី​ល្អ​ជាងគេ​ក្នុងការ​ចៀស​ឲ្យ​ផុតពី​ជំងឺ​ក្រលៀន និង​ការថែរក្សា​ក្រលៀន​ឲ្យ​មាន​សុខភាព​ល្អ​គឺ​សម្រប​ខ្លួន​ជាមួយ​នឹង​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព​មួយ និង​ធ្វើតាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​របស់​អ្នក​»​។

ប្រសិន​បើ​មិន​ទទួល​បាន​ការព្យាបាល​នោះ​ទេ​ជំងឺ​ក្រលៀន​នឹង​វិវត្ត​កាន់តែ​អាក្រក់​ទៅៗ​តាម​ពេលវេលា​។

«​វា​ក៏​អាច​នឹង​បណ្ដាល​ទៅ​ជា​ការបាត់បង់​សមត្ថភាព និង​ការថយចុះ​មុខងារ​របស់​ក្រលៀន​ដែល​នេះ​វា​ពិតជា​មាន​គ្រោះថា្នក់​យ៉ាងខ្លាំង​ចំពោះ​អាយុជីវិត​...​ការថយចុះ​មុខងារ​របស់​ក្រលៀន​កើតឡើង​នៅពេល​ដែល​ក្រលៀន​របស់​អ្នក​អាច​ដំណើរការ​បាន​តិចតួច ឬ ក៏​គ្មាន​ដំណើរ​ទាំងស្រុង​តែម្ដង​។ បញ្ហា​នេះ​អាច​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​ការលាង​សំអាត​ឈាម ឬ ក៏​នៅក្នុង​ករណីខ្លះ អ្នក​ពិតជា​ត្រូវការ​ការវះកាត់​ដូរ​ក្រលៀន​ជា​ចាំបាច់ »​។

គុណវិបត្តិ​នៃ​ជំងឺ​ក្រលៀន​ពិតជា​មាន​សភាព​ធ្ងន់ធ្ងរ​​មែន ប៉ុន្តែ​វា​សំណាង​ដែរ​ព្រោះថា​អ្នក​ក៏​អាច​មាន​វិធី​​ច្រើន​ក្នុងការ​ថែរក្សា​សុខភាព​ក្រលៀន​របស់​អ្នក និង ការទប់ស្កាត់​នៃ​ការថយចុះ​នៃ​មុខងារ​របស់​ក្រលៀន​។ របៀប​រស់នៅ​ប្រកបដោយ​សុខភាព បង្កើន​ការធ្វើ​​លំហាត់​ប្រាណ និង​ការ​បរិភាគ​ស្អាត គឺជា​មធ្យោបាយ​ដើម្បី​ជួយ​ឲ្យ​ក្រលៀន​បំពេញ​មុខងារ​បាន​ល្អ​សម្រាប់​ពេល​អនាគត​ដ៏​វែងឆ្ងាយ​របស់​អ្នក​៕