វិ​ស័យ​បច្ចេក​វិទ្យា​ទំ​នាក់​ទំ​នង​ព័ត៌​មាន (ICT) ដែល​ត្រូវ​បាន​គេ​រំ​ពឹង​ទុក​ថា នឹង​ជា​ចល​ករ​ជំ​រុញ​សេដ្ឋ​កិច្ច​នា​ពេល​អនា​គត​របស់​ប្រ​ទេស​ កម្ពុជា ត្រូវ​ការ​កម្លាំង​ពល​កម្ម​ជំ​នាញ​បន្ថែម​ទៀត​ដើ​ម្បី​បំ​ពេញ​តម្រូវ​ការ​ចង់​បាន​របស់​ទី​ផ្សារ​កំ​ពុង​លូត​លាស់​។

«​ផែន​ការ​មេ​នៃ​បច្ចេក​វិទ្យា​ទំ​នាក់​ទំ​នង​ព័ត៌​មាន​កម្ពុជា​ប្រ​ចាំ​ឆ្នាំ ២០២០» បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​គោល​បំ​ណង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​រំ​កិល​ឆ្ពោះ​ទៅ​រក​ឌី​ជី​ថល​នីយ​កម្ម​។

ផែន​ការណ៍​មេ​នេះ សំ​ដៅ​កសាង​ឡើង​នូវ «​កម្ពុជា ឲ្យ​ទៅ​ជា​ប្រ​ជា​ជាតិ​ប្រ​កប​ដោយ​បញ្ញ​វន្ត និង​សម​ស្រប​សម្រាប់​ក្រុម​បញ្ញា​ជន សង្គម​បញ្ញ​វន្ត​ និង​រដ្ឋា​ភិ​បាល​បញ្ញ​វន្ត តាម​រយៈ ICT»​។

ក៏​ប៉ុន្តែ ទន្ទឹម​នឹង​នោះ កម្ពុជា​ នៅមាន​ការ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​ជំ​នាញ​សម្រាប់​ជំ​រុញវិ​ស័យ ICT ដែល​នៅ​ទី​បំ​ផុត​នឹង​ក្លាយ​ទៅ​ជា​គ្រឿង​ម៉ា​ស៊ីន​សម្រាប់​កំ​ណើន​ឧស្សា​ហ​កម្ម​។

លោក Eddie Lee ជា​អនុ​ប្រ​ធាន​សមា​គម​បច្ចេក​វិ​ទ្យា​ហិ​រញ្ញ​វត្ថុ​កម្ពុជា (Cambodia Fintech Association) បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍ ​ថា​៖ «​កម្ពុជា​ត្រូវ​ការ​បណ្តុំ​បុគ្គ​លិក​ជំ​នាញ​ដ៏​ច្រើន​ដើ​ម្បី​ជំ​រុញ​ការ​ចាប់​ផ្តើម​។ តែ​មិន​មាន​បុគ្គ​លិក​ជំ​នាញ​ច្រើន​នៅ​ពេល​​ឥឡូវ​នេះ ដូច​ជា​ អ្នក​សរ​សេរ​កម្ម​វិ​ធី​កុំ​ព្យូ​ទ័រ​ អ្នក​អភិ​វឌ្ឍ​គេ​ហ​ទំ​ព័រ ឬ​អ្នក​សរ​សេរ​កម្ម​វិធី​ទូរ​ស័ព្ទ​ចល័ត​»​។

លោក​បន្ថែម​ថា​៖ «​មាន​តម្រូវ​ការ​យ៉ាង​ខ្ពស់​សម្រាប់​កម្លាំង​ពល​កម្ម​ប្រ​កប​ទៅ​ដោយ​ទេព​កោ​សល្យ​នៅ ក្នុង​ទី​ផ្សារ​ឌី​ជី​ថល ហើយ​ប្រ​សិន​ជា​ក្នុង​ស្រុក​មាន​កម្លាំង​ពល​កម្ម​ជំ​នាញ​ច្រើន ក្រុម​ហ៊ុន​បរ​ទេស​បន្ថែ​ម​ទៀត​នឹង​ចូល​មក​បើក​បណ្តា​ហាង​នៅ​ប្រ​ទេស​កម្ពុជា ហើយ​កត្តា​នេះ​នឹង​បង្កើត​ការ​ងារ​ជា​ច្រើន​។ ប្រ​សិន​ជា​មិន​មាន​កម្លាំង​ពល​កម្ម​ជំ​នាញ​ទេ នោះ​​ពិត​ជា​ពិ​បាក​ណាស់​ក្នុង​ការ​នាំ យក​ក្រុម​ហ៊ុន​បរ​ទេស​ធំ​ៗ មក​កាន់​ប្រ​ទេស​ កម្ពុជា​»​។

កង្វះ​ខាត​នៃ​បណ្តា​អ្នក​ជំ​នាញ​វិជ្ជា​ជីវៈ អាច​នឹង​ជា​ឧប​សគ្គ​មួយ​សម្រាប់​គោល​បំ​ណង​របស់​ប្រ​ទេស​ កម្ពុជា ​ដើ​ម្បី​ក្លា​យ​ខ្លួន​ជា​សេដ្ឋ​កិច្ច​ឌី​ជី​ថល​មួយ​នៅ​ត្រឹម​ឆ្នាំ​ ២០២៣ ហើយ​ថែម​ទាំង​អាច​ព​ន្យឹ​ត​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា ដែល​កំ​ពុង​តែ​លូត​លាស់​​ក្នុង​អត្រា​ជា​មធ្យម ៧ ភាគ​រយ​នោះ​ថែម​ទៀត​ផង​។

ចាប់​តាំង​ពី​សន្តិ​សុខ​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណិត ពា​ណិជ្ជ​កម្ម​អេ​ឡិ​ច​ត្រូ​និក ខ្លោដ (Cloud) ខួរ​ក្បាល​សិប្ប​និ​ម្មិត រហូត​មក​ដល់​ប្រ​ព័ន្ធ​ទូ​ទាត់​អេ​ឡិ​ច​ត្រូ​និក គឺ​សុទ្ធ​តែ​ត្រូវ​ការ​បុគ្គ​លិក​ដែល​មាន​ទេព​កោ​សល្យ និង​វិ​ជ្ជា​ជីវៈ​ពិត​ប្រា​កដ ខណៈ​ដែល​ប្រ​ជា​ជាតិ​កំ​ពុង​តែ​រំ​កិល​ខ្លូន​ឆ្ពោះ​ទៅ​រក​សេដ្ឋ​កិច្ច​ឌី​ជី​ថល​។

ថ្លែង​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ យុ​វ​ជន និង​កី​ឡា បាន​ឲ្យ​ដឹង​ថា «​កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ដើ​ម្បី​ចាប់​យក​ជំ​នាញ​ថ្មី​ៗ​នៅ​ក្នុង​បច្ចេក​វិ​ទ្យា ដើ​ម្បី​ត​ទល់​នឹង​បញ្ហា​ប្រ​ឈម​នៅ​ពេ​ល ​អនា​គត​»​។

លោក​បាន​មាន​ប្រ​សាសន៍​ថា​៖ «​នៅ​ក្នុង​ពិ​ភព​ឌី​ជី​ថល ចំ​ណេះ​ដឹង​កំ​ពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​ ហើយ​យើង​ត្រូ​វ​ការ​បង្កើត​ជំ​នាន់​ថ្មី​មួយ​នៃ​ប្រ​ជា​ជន​កម្ពុជា​»​។

(​លោក​រដ្ឋ​មន្ត្រី​កំ​ពុង​ថ្លែង​ក្នុង​ពិ​ធី​ប្រ​គល់​ពាន​រង្វាន់​ទៅ​ឲ្យ​បណ្ដា​ជយ​លា​ភី​នៃ​កម្ម​វិ​ធី​អភិ​វឌ្ឍន៍​និ​ស្សិត​សា​ក​ល​វិទ្យា​ល័យ SmartEduc (SmartEduc University Student Development Program) ដែល​ត្រូវ​បាន​ប្រា​រព្ធ​ឡើង​នៅ​ថ្ងៃទី ១ ខែ ធ្នូ​)។

របាយ​ការណ៍​មួយ​ដែល​មាន​ចំ​ណង​ជើង​ថា «​ទស្សន​វិ​ស័យ​ការ​ងារ​កម្ពុជា​» ចេញ​ដោយ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​របស់​ក្រ​សួង​ការ​ងារ​បាន​ឲ្យ​ដឹង​ថា ជំ​នាញ​វិជ្ជា​ជីវៈ​ព័ត​មាន​វិទ្យា​កំ​ពុង​តែ​មាន​ភាព​សំ​ខាន់​ឡើង​ៗ នៅ​ក្នុ​ង​ទី​ផ្សារ​ការ​ងារ​ដោយ​សារ​តែ​ការ​ងើប​ឡើង​ខ្ពស់​នៃ​ឌី​ជី​ថល​​​ នីយ​កម្ម​។

របាយ​ការណ៍​នេះ​សរ​សេរ​ថា​៖ «​បណ្តា​ជំ​នាញ​ព័ត៌​មាន​វិទ្យា មាន​តម្រូវ​ការ​នៅ​ទូ​ទាំង​ទី​ផ្សា​រកា​រងារ​។ ជា​ពិ​សេស ជំ​នាញ​ព័ត៌​មាន​វិទ្យា មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ត្រូវ​ការ​ក្នុង​វិ​ស័យ​បច្ចេក​វិ​ទ្យា​ទំ​នាក់​ទំ​នង​ព័ត៌​មាន (ICT) ​ប៉ុ​ណ្ណោះ​នោះ​ទេ គឺ​ថែម​ទាំង​នៅ​ក្នុង​សេ​វា​កម្ម​ហិ​រញ្ញ​វត្ថុ​ និង​ធុរ​កិច្ច ឧស្សា​ហ​កម្ម​រោង​ចក្រ ព្រមទាំង​សេ​វា​ម្ម​ពា​ណិជ្ជ​កម្ម និង​សារ​ធា​រណៈ​ថែម​ទៀត​ផង​»​។

របាយ​ការណ៍​បន្ថែម​ទៀត​ថា​៖ «អ្នក​បច្ចេក​ទេស​គាំ​ទ្រ​អ្នក​ប្រើ​ប្រាស់ ICT អ្នក​អភិ​វឌ្ឍ​ប្រ​ព័ន្ធ និង​កម្ម​វិ​ធី​កុំ​ព្យូ​ទ័រ អ្នក​វិ​ភាគ​ប្រ​ព័ន្ធ​ និង​ស្ថាប​ត្យករ​ព័ត៌​មាន​វិទ្យា អ្នក​រចនា​ក្រា​ហ្វិក និង​ពហុ​មេ​ឌា អ្នក​បច្ចេក​ទេស​ប្រតិ​បត្តិ​ការ ICT គឺ​ជា​ការ​ងារ​មួយ​ចំ​នួន​ដែល​កំ​ពុង​តែ​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ក៏​ប៉ុន្តែ​ ដើ​ម្បី​បំ​ពេញ​កា​រងារ​នេះ​បាន យើង​ត្រូវ​តែ​មាន​ចំ​ណេះដឹង និង​បទ​ពិ​សោធ​ច្បាស់​លាស់ ក្នុង​ការ​អភិ​វឌ្ឍ​ប្រ​ព័ន្ធ និង​កម្ម​វិធី​កុំ​ព្យូ​ទ័​រ​»៕