លោក ឡាយ ប៊ុន គឺជាបុរសពោះម៉ាយម្នាក់ដែលរស់នៅភូមិដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ឆ្នាំង។ គាត់បានបាត់បង់ប្រពន្ធរបស់គាត់ដោយសារតែពស់ចឹក អំឡុងពេលដែលប្រពន្ធរបស់គាត់សម្រាលកូន។ ផ្លូវលំដែលតភ្ជាប់ផ្ទះរបស់គាត់ទៅផ្លូវធំស្ថិតក្នុងស្ថានភាពមិនល្អ និងលិចទឹកនៅរដូវវស្សា។
«ពួកយើងមិនអាចធ្វើដំណើរតាមផ្លូវដើម្បីនាំប្រពន្ធខ្ញុំទៅកាន់មណ្ឌលសុខភាព។ មិត្តភក្តិរបស់ខ្ញុំបានជួយដឹកប្រពន្ធខ្ញុំក្នុងអង្រឹងឆ្លងកាត់ទឹកលិចនៅពេលដែលនាងស្លាប់។ ប្រសិនបើផ្លូវមានសភាពដូចថ្ងៃនេះ ខ្ញុំប្រាកដថា ខ្ញុំនឹងអាចសង្គ្រោះភរិយារបស់ខ្ញុំបានជាក់ជាមិនខាន”។
ផ្លូវនេះត្រូវបានសាងសង់ឡើងវិញនៅលើច្រាំងខ្ពស់ៗ និងត្រូវបានកែលម្អឲ្យប្រសើរឡើងតាមរយៈកម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជា-អាល្លឺម៉ង់។ លោកស្រី ព្រំ សុហ្វីយ៉ា ជាគិលានុបដ្ឋាយិកាដែលបានចុះបញ្ចី និងមានការអនុវត្តបម្រើការងារឯកជនតាមសហគមន៍ក្នុងគម្រោងរហូតមកបានថ្លែងថា៖ «ចាប់តាំងពីការកែលម្អផ្លូវយើងឃើញថា គ្មានមរណភាពមាតា និងការស្លាប់ដោយសារពស់ខាំទៀតទេ»។
ស្ថិតិថ្មីៗនៃការទទួលបានសេវាសុខភាពឃើញថាមានការកើនឡើងដែលនៅក្នុងនោះមានអត្រាចាក់វ៉ាក់សាំងកុមារកើនឡើងរហូតដល់ ១០០ ភាគរយ។
ការកែលម្អផ្លូវថ្នល់ដើម្បីអាចធ្វើដំណើរបានពេញមួយឆ្នាំនាំឱ្យមានការចុះឈ្មោះចូលរៀននៅសាលាវិទ្យាល័យ។ មេភូមិបានរាយការណ៍ថាមុនពេលការសាងសង់ផ្លូវឪពុកម្តាយទាំងឡាយមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបញ្ជូនកូនស្រីរបស់ពួកគាត់ទៅអនុវិទ្យាល័យដោយសារពួកគេមិនអាចធ្វើដំណើរត្រឡប់មកផ្ទះវិញនៅរដូវវស្សា។ មេភូមិនៃឃុំដែលស្ថិតនៅក្នុងគម្រោងក្នុងខេត្តកំពង់ឆ្នាំងបាននិយាយថា ការចុះឈ្មោះរបស់ក្មេងស្រីអាយុ ១២-១៧ ឆ្នាំនៅអនុវិទ្យាល័យមានការកើនឡើង ៥០ ភាគរយ។
កម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែកទីផ្សារសាលារៀនមណ្ឌលសុខភាព និងសេវាកម្មសាធារណៈទូទាំងប្រទេសពេញមួយឆ្នាំដែលជួយប្រជាជនឱ្យចៀសផុតពីភាពក្រីក្រ។ រហូតមកដល់បច្ចុប្បន្នរដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ដែលបានសាងសង់ផ្លូវជាង ២ ០០០ គីឡូម៉ែត្រ ស្ពានចំនួនជាង ៧០ សាលារៀនចំនួន ៥០ និង ១១ ទីផ្សារ។
តាមរយៈនេះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់-កម្ពុជា បានធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារជនបទជាងមួយលាននាក់មានភាពប្រសើរឡើង។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងជាង ៥០ ភាគរយនៅក្នុងតំបន់ដែលស្ថិតនៅក្នុងគម្រោង ដោយសារថ្លៃដឹកជញ្ជូនមានការធ្លាក់ចុះទីផ្សារកាន់តែអំណោយផលដល់កសិករ។
ស្ថិតនៅក្នុងគម្រោងបានរាយការណ៍ថាមុនពេលស្តារផ្លូវថ្នល់ពីមុនមានតែឈ្មួញម្នាក់ប៉ុណ្ណោះដែលទិញស្រូវពីពួកគាត់ជាប្រចាំ និងអោយតម្លៃទាប។ ឥឡូវនេះមានឈ្មួញលក់ស្រូវចំនួន ១០ នាក់ដែលឧស្សាហ៍មកទិញស្រូវពីកសិករដែលនាំឱ្យតម្លៃស្រូវកើនឡើងពី ៥០ ទៅ ៧០ ភាគរយ។
លោកស្រី សុខ សុផល អាជីវករលក់ស្រូវខ្នាតមធ្យមបានប្រាប់ឲ្យដឹងថាផលិតកម្មស្រូវធ្លាប់មានឧបសគ្គដោយសារការវិនិយោគមានកំណត់។ ចាប់តាំងពីការធ្វើផ្លូវរួចរាល់ហើយ គាត់អាចរកទិញស្រូវបានច្រើនជាងមុន។
លោកស្រីមានប្រសាសន៍ថា៖ «ផលិតកម្មស្រូវមានការកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ភាពប្រសើរឡើងនៃប្រព័ន្ធផ្លូវថ្នល់នេះ អាចជួយឱ្យយុវជនទៅធ្វើការតាមរោងចក្រដែលនៅជុំវិញនោះ។ ប្រាក់ចំណូលបន្ថែមនៃគ្រួសារត្រូវបានប្រើប្រាស់ដើម្បីទិញម៉ាស៊ីនភ្ជួររាស់ជីបន្ថែមទៀត និងគ្រាប់ពូជដែលមានគុណភាពល្អ»។
បន្ទាប់ពីការស្ថាបនាផ្លូវ លោកស្រី ព្រំសុហ្វីយ៉ា និងស្វាមីរបស់គាត់ឈ្មោះ សាវុធ ចាប់ផ្តើមដាំអំពៅ។ គាត់បញ្ជាក់ថា៖ «ឥឡូវយើងលក់អំពៅនៅផ្សារធំមួយនៅរមាស។ គម្រោងបន្ទាប់របស់ខ្ញុំគឺដាំក្រូច ស្វាយ និងដូង»។
ភាពអំណោយផលនៃទីផ្សាក៏ធ្វើឱ្យលោកស្រី ជុន លាង និងស្វាមីរបស់គាត់ លោក ចាន់ណា ចាប់ផ្តើមធ្វើចម្ការផ្សិតតូចមួយលើដីរបស់ពួកគាត់។ លោក ចាន់ណា បានបណ្តុះបណ្តាលក្រុមគ្រួសារដើម្បីឱ្យជួយក្នុងការដាំផ្សិតហើយពួកគេបានប្រមូលផលដំណាំដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧៕