L''attrait គឺជា​អគារ​ខុនដូ​លំនៅឋាន​ដ៏ទំនើប​ ​និង​មាន​គុណភាព​ខ្ពស់​បំផុត​រចនា​ឡើង​តាម​ស្តង់ដា​ជប៉ុន និង​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ប្រណីត​ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​បច្ចេកវិទ្យា​ជប៉ុន​។

គម្រោង​អគារ​ខុនដូ​នេះ​ជា​របស់​ក្រុមហ៊ុន​ L''attrait Property Development Inc ដែល​មាន​មូលដ្ឋាន​ដើម​នៅ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​លោក​ មុត ចាន់ដារិទ្ធ ប្រធាន​គ្រប់គ្រង​គម្រោង​អគារ​ខុនដូ​នេះ​ដែល​បាន​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដឹង​កាលពី​សប្តាហ៍​មុន​។

តើ​អគារ​ខុនដូ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ចាប់​តាំងពី​ពេលណា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ណា?

យើង​បាន​ចាប់ផ្តើម​សាងសង់​អគារ​ខុនដូ​នេះ​​ចាប់​តាំងពី​ចុង​ឆ្នាំ​ ២០១៧ ​ហើយ​រហូត​មក​ដល់​​ពេល​នេះ​យើង​សាងសង់​បាន​ប្រមាណ​ ៣០% ​ហើយ​។ បច្ចុប្បន្ន​យើង​សាងសង់​ដល់​ជាន់​ទី​ ៤ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០២០ ​ខាង​មុខ​។

តើ​លោក​អាច​ប្រាប់​បាន​ទេ​ថា តើ​ក្រុមហ៊ុន​មាន​ការផ្តល់​ជូន​អ្វី​ជាពិសេស​ដល់​អតិថិជន​ដែល​ចាប់​អារម្មណ៍​ទិញ​ខុនដូ​នេះ​ដែរ​ឬ​ទេ​?

បាទ​ពិតណាស់​គឺ​យើង​មាន​ការផ្តល់​ជូន​ពិសេស​ដល់​អតិថិជន​របស់​យើង​ចាប់​តាំងពី​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​រហូត​ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ (១៤ ខែ​មេសា​) ​ឆ្នាំ​ ២០១៩​។ យើង​ផ្តល់​ជូន​ការបញ្ចុះ​តម្លៃ​តាម​ប្រភេទ​បន្ទប់ ហើយ​បន្ទប់​ខ្លះ​អាច​បញ្ចុះ​តម្លៃ​រហូត​ដល់​ ១ ​ម៉ឺន​ដុល្លារ​។

តើ​អ្វី​ជា​លក្ខណពិសេស​របស់​អគារ​ខុនដូ L''attrait?

លក្ខណ​ពិសេស​របស់​យើង​គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ជប៉ុន​គិត​លើ​បញ្ហា​គុណភាព​ជា​ចម្បង​។

រហូត​មក​ដល់​ពេល​នេះ តើ​លក់​បាន​ប៉ុន្មាន​យូនីត​ហើយៗ​តើ​អ្នក​ណា​ជា​អតិថិជន​ចម្បង?

រហូត​មក​ដល់​ពេល​នេះ​យើង​លក់​បាន​ប្រមាណ​ ៨០ ​ភាគរយ​ហើយ​នៃ​យូនីត​សរុប​ទាំងអស់​ចំនួន​ ១៤៩ ​យូនីត​។ ៩០% នៃ​អថិជន​របស់​យើង​​គឺជា​ជនបរទេស​ហើយ​អតិថិជន​ខ្មែរ​មាន​ត្រឹមតែ​ ១០% ​ប៉ុណ្ណោះ​។

តើ​លោក​អាច​បញ្ជាក់​លម្អិត​បន្តិច​បាន​ទេ​អំពី​ស្ថាបត្យកម្ម និង​ការ​រចនា​ម៉ូដ​អគារ​ខុនដូ​នេះ​?

ចំពោះ​គំនិត និង​ផែនការ​មេ​គឺ​មកពី​អ្នក​ជំនាញ​​ជប៉ុន​ហើយ​អ្នក​សាងសង់​គឺ​ក្រុមហ៊ុន CMED​ ​ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​ប៉ុន្តែ​វិស្វករ​ភាគច្រើន​គឺជា​​ជនបរទេស​។ ចំពោះ​កញ្ចក់​វិញ​គឺ​មាន​កម្រាស់​ ២ ​ជាន់​ដែល​ជួយ​កាត់​បន្ថយកម្តៅ និង​សំឡេង​​រំខាន​ពី​ខាងក្រៅ​។ ​យើង​ក៏​នឹង​ដំឡើង​ជណ្តើរយន្ត​​ម៉ាក Hitachi ​ចំនួន​ ៣ ​ប្រអប់​ផង​ដែរ​ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នករ​ស់នៅ​ក្នុង​អគារ​ខុនដូ​នេះ​។

តើ​ក្នុង​យូនីត​នីមួយៗ​មាន​ទំហំ​ប៉ុន្មាន?

អគារ​ខុនដូ​នេះ​មាន​ ២៦ ​ជាន់​ស្ថិត​នៅ​លើ​ផ្ទៃដី​សាងសង់​សរុប​ចំនួន​ ៩,៣៦០ ​ម៉ែត្រការ៉េ​។

ចំពោះ​បន្ទប់​ប្រភេទ​ស្ទូឌីយោ​មាន​ទំហំ​ចាប់ពី​ ២៧ ​ដល់​ ៣៦ ​ម៉ែត្រការ៉េ​។ ប្រភេទ​បន្ទប់​គេង​មួយ​មាន​ទំហំ​ចាប់ពី ៤០ ​ទៅ​ ៥២ ​ម៉ែត្រការ៉េ និង​ប្រភេទ​បន្ទប់​គេង​ ២ ​មាន​ទំហំ​ចាប់ពី​ ៦៨ ​ដល់​ ៧៦ ​ម៉ែត្រការ៉េ និង​ប្រភេទ​ផេនហៅស៍ មាន​ទំហំ​ចាប់ពី​ ១៤៣ ​ដល់​ ១៥៣ ​ម៉ែត្រការ៉េ​។

ហេតុអ្វី​បាន​ជា​អតិថិជន​សម្រេច​ចិត្ត​ទិញ​ខុនដូ​នេះ​?

ក្រុមហ៊ុន​របស់​យើង​ជា​ក្រុមហ៊ុន​ដ៏គួរ​ជឿ​ទុកចិត្ត​។ អគារ​ខុនដូ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​លំនៅឋាន​ដ៏ល្អ​ប្រណីត​ចំ​កណ្តាល​សង្កាត់​បឹងកេងកង​ ១​។ យើង​ផ្តោត​សំខាន់​លើ​ការរចនា និង​គុណភាព​ហើយ​ងាយស្រួល​ក្នុង​ការថែទាំ​។ លើស​ពី​នេះ​ទៀត​មាន​បំពាក់​ដោយ​គ្រឿងសង្ហារិម និង​គ្រឿង​អេឡិចត្រូនិក​គ្រប់គ្រាន់ និង​ប្រណីត​។ ​របៀប​នៃ​ការបង់ប្រាក់​មាន​ភាព​ទាក់ទាញ ហើយ​អតិថិជន​ក៏​អាច​ទទួល​កម្ចី​ទិញ​រហូត​ដល់ ៥០% ​ផង​ដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត​អតិថិជន​អាច​ទាក់ទង​មក​ក្រុមហ៊ុន​យើង​បាន​គ្រប់​ពេលវេលា​៕