ក្នុងឱកាសពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival) យើងប្រារព្ធខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនលើកទី ៧១។
នៅថ្ងៃដ៏ពិសេស និងស្រស់បំព្រងសមាជិកទាំងអស់នៃសមាគមពាណិជ្ជកម្ម អាណិកជនចិនហុងកុង និងម៉ាកាវនៅកម្ពុជា និងរូបខ្ញុំសូមជូនពរដោយស្មោះអស់ពីដួងចិត្តចំពោះប្រទេសរបស់យើងឱ្យកាន់តែរីកចម្រើនរុងរឿង និងសូមជូនពរប្រជាជនយើងឱ្យរស់នៅដោយក្តីសុខដុមរមនា! សូមជូនពរជនរួមជាតិហុងកុង ម៉ាកាវ និងប្រជាជនចិននៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវក្តីសុខ និងសប្បាយរីករាយក្នុងឱកាសបុណ្យសែនព្រះខែ។
ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ មកគឺមានការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងរយៈពេល ៧១ ឆ្នាំមកនេះដែលបានអនុញ្ញាតឱ្យពិភពលោកមើលឃើញពីសម្ទុះនៃការរីកចម្រើនរបស់ប្រទេសចិនចាប់តាំងពីការបិទ និងអន់ថយរហូតដល់បើកចំហ និងរីកចម្រើនដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុននៅលើឆាកអន្តរជាតិ។
ចាប់តាំងពីក្រីក្ររហូតដល់ក្លាយជាប្រទេសមហាអំណាចមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ នៅលើពិភពលោក ប្រទេសចិនបានចំណាយពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះដើម្បីបញ្ចប់ដំណើរការឧស្សាហូបនីយកម្មដែលប្រទេសអភិវឌ្ឍន៍ជាច្រើនបានឆ្លងកាត់រាប់រយឆ្នាំ។
ដោយស្មារតី និងឆន្ទៈដ៏មោះមុតប្រជាជនចិនបានកសាងប្រទេសចិនឱ្យក្លាយទៅជាប្រទេសមហាអំណាចដ៏អស្ចារ្យ និងទំនើបមួយ ហើយប្រជាជាតិចិនកំពុងឈរនៅលំដាប់ខ្ពស់ក្នុងចំណោមប្រជាជាតិនានាលើពិភពលោក។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ប្រទេសចិន និងពិភពលោក។
ការផ្ទុះឡើងភ្លាមៗនៃជំងឺកូវីដ១៩ បណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាតិទាំងអស់។
បន្ទាប់ពីការតស៊ូដ៏លំបាក និងការលះបង់ដ៏ធំធេងអស់រយៈពេលជាង ២ ខែនៅទីបំផុតប្រទេសចិនបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងជំងឺរាតត្បាតមួយនេះ និងបានផ្តល់នូវជំនួយដ៏មានតម្លៃសម្រាប់ការការពារ និងទប់ស្កាត់ជំងឺរាតត្បាតមួយនេះសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។
ក្រឡេកមើលអតីតកាលវិញ, យើងបានដើរជាមួយសម្ទុះដ៏ខ្លាំងក្លាហើយគ្រប់ជំហាននីមួយៗ គឺពោរពេញទៅដោយទុក្ខលំបាក។
ចំពោះថ្ងៃអនាគត យើងនៅតែអាចប្រឈមនឹងហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ប៉ុន្តែយើងតែងតែជឿជាក់ថា មិនថាមានភ្លៀងខ្យល់ ឬឧបសគ្គបែបណានោះទេ គឺមិនអាចបញ្ឈប់ប្រជាជនចិនពីការធ្វើដំណើរឆ្ពោះទៅមុខដើម្បីស្វែងរកជីវិតដ៏ប្រសើរ និងសម្រេចក្តីសុបិននៃការកសាងឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិនបានទេ។
អបអរសាទរខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន!
សូមឱ្យចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជាស្ថិតស្ថេរជានិរន្តរ៍ និងមិនប្រួលប្រែ។
លោក Yum Sui Sang ប្រធានសមាគមពាណិជ្ជកម្ម អាណិកជន ចិនហុងកុង និងម៉ាកែវនៅកម្ពុជា