នៅ​ម្តុំ​ខាង​លិច​ផ្សារ​ដើមគ​នា​កណ្តាល​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក មាន​សាលាបឋមសិក្សា​បឹងសាឡាង សាលា​នេះ​ជា​របស់​រដ្ឋ​សម្រាប់​កុមារៗ​នៅក្នុង​សហគមន៍​នេះ​ទៅ​ចូល​រៀន​ដោយ​មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ​កម្រិត​ខ្ពស់​រហូត​ដល់​កម្រិត​បឋមសិក្សា​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៦ ហើយ​ជា​ការ​គួរ​ឲ្យ​មោទនៈ​របស់​សិស្ស និង​គ្រូ​នៅ​ទី​នោះ​គឺ​សាលា​បឋមសិក្សា​បឹងសាឡាង​នេះ​ក៏​ស្ថិត​ក្នុង​កម្រង​សាលា​កុមារ​មេត្រី​ដែរ​។ ប៉ុន្តែ​សាលា​នេះ​ហាក់​ពុំ​សូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សុះសាយ​ដូច​សាលា​ធំៗ​ជាច្រើន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​។

ស្ថិត​នៅ​លើ​ទីធ្លារ​ទំហំ​ជិត​ ២ ​ហិកតា​នៃ​បរិវេណ​សាលា​នេះ​មាន​អគារ​ ៤ ​ខ្នង​សម្រាប់​ជា​ថ្នាក់រៀន និង​ ១ ​អគារ​ទៀត​ជា​ទីចាត់ការ សាលពិព័រណ៍ និង​បណ្ណាល័យ ក្រៅពី​នោះ​គឺជា​សួនច្បារ សួន​សម្រាប់​កុមារ​តូចៗ សួន​បន្លែ និង​ទីធ្លារ​យ៉ាងធំ​ទូលាយ​មួយ​នៅ​ព័ទ្ធ​ជុំវិញ​ដងទង់​ជាតិ​សម្រាប់​សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​គោរព​ទង់ជាតិ​។

លោក លាង ហៃកែវ នាយករង​សាលាបឋមសិក្សា​បឹងសាឡាង​បាន​ឲ្យ​ដឹងថា​សិស្សានុសិស្ស​សរុប​ចំនួន​ ១៧១៨ ​នាក់ សិស្សស្រី​មាន​ចំនួន​ ៨១៥ ​នាក់ និង​សិស្ស​ទើប​ចូលរៀន​នៅ​ថ្នាក់​ទី​ ១ ចំនួន​ ៣០៩ ​នាក់​ក្នុង​នោះ​ស្រី​ ១៣៣ ​នាក់​។ សិស្ស​ទាំងអស់​នោះ​ពួកគាត់​សុទ្ធសឹង​ជា​កូន​ប្រជាសហគមន៍​នៅ​ជុំរិញ​ទីនេះ​។

ដោយ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​សាលាកុមារ​មេត្រី «​សាលា​មាន​ថ្នាក់រៀន​មួយ​ចំនួន​ធំ​គឺជា​ថ្នាក់រៀន​សម្រាប់​សាលា​កុមារមេត្រី​» ហើយ​ថ្នាក់​ផ្សេងៗ​ទៀត​ទាំង​គ្រូ និង​សិស្ស​ក៏​កំពុង​ប្រឡង​ប្រជែង​គ្នា​ដើម្បី​បាន​ជាប់​ជា​ថ្នាក់រៀន​សាលា​កុមារមេត្រី​ដែរ​ដោយ​ក្នុង​នោះ​ត្រូវ​គោរព​តាម​សមាសភាគ​ទាំង​ ៦ ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

នៅពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឈាន​ជើង​ចូល​ដល់​ក្នុង​ថ្នាក់រៀន​ ១ កុមារ​ប្រុស​ស្រី​តូចៗ​មាន​អាយុ​រវាង​ ៩-១២ ​ឆ្នាំ​បាន​ក្រោកឈរ​ស្រុះគ្នា​ត្រង់​ខ្លួន​ឡើង​ដោយ​លើកដៃ​សំពះ​ជម្រាម​សួរ និង​ពោល​ពាក្យ​ថា៖ «​ខ្ញុំ​សូម​ជម្រាប​សួរ​លោកពូ​!»​។ ពួកគាត់​នៅ​តែ​បន្ត​ឈរ និង​លើកដៃ​សំពះ​ជានិច្ច​ជាមួយ​នឹង​ទឹកមុខ​ងឿង​ឆ្ងល់​ជា​ខ្លាំង​។ ប្រហែល​ជា​ ២-៣ ​នាទី​ក្រោយ ទើប​លោកគ្រូ​របស់​ពួកគាត់​ប្រាប់​ឲ្យ​អង្គុយ​ចុះ ទើប​ពួកគាត់​នាំ​គ្នា​អង្គុយ​ចុះ​រួច​បន្ត​ការអាន​មេរៀន​របស់​ពួកគាត់​ជាធម្មតា​។

ខណៈ​ពេល​ដែល​សិស្សស្រី​ម្នាក់​កំពុង​ឈរ​អាន​មេរៀន​អំពី ​«​សំបុត្រ​ឯកជន​» នោះ សិស្ស​ឯទៀត​ផ្ចង់​អារម្មណ៍​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ប្រហែល​ជា​លប​អាន​ខ្សឹបៗ​ជានិច្ច​ផង ដើម្បី​ត្រៀម​ខ្លួន​ឡើង​អាន​បន្ត​នៅ​ពេល​ដែល​លោកគ្រូ​របស់​ពួកគាត់​ចុច​ចំឈ្មោះ​ឲ្យ​ក្រោកឈរ​អាន​បន្ត​។ ដូច​ទម្លាប់​សព្វ​មួយ​ដង​លោកគ្រូ ឈុំ សុជា ឲ្យ​សិស្សស្រី​ដែល​កំពុង​ឈរ​អាន​នោះ​ឲ្យ​ឈប់​អាន​ហើយ​អង្គុយ​ចុះ​រួច​ហើយ​លោកគ្រូ​រូប​នេះ​ក៏​ចង្អុល​ទៅ​រក​សិស្ស​ប្រុស​ម្នាក់​ទៀត​ឲ្យ​ឡើងឈរ​ហើយ​អាន​បន្ត​មែន​។

លោកគ្រូ ឈុំ សុជា កំពុង​ពន្យល់​មេរៀន​ទៅ​សិស្ស​របស់​គាត់​។ មឿន ញាណ

នៅក្នុង​ថ្នាក់​រៀន​ជាន់​ក្រោម​ជាប់​ផ្ទាល់​ដី​នេះ​មាន​បង្អួច​ធំៗ​ម្ខាង​ ២ ​សម្រាប់​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​ដោយ​បរិបូរណ៍ និង​អាច​ចោល​ភ្នែក​ទៅ​ខាង​ក្រៅ​មើល​ឃើញ​ដើម​ចេក និង​រុក្ខជាតិ​ផ្សេងៗ​ពណ៌​ខៀវស្រងាត់​នៅ​ក្បែរ​នោះ ចំណែក​នៅតាម​ជញ្ជាំង​មាន​តាំង​លម្អ​ដោយ​រូបគំនូរ​ពណ៌​ធម្មជាតិ​ផ្សេងៗ​គ្នា​ទំនង​ជា​គូរ​ដោយ​ស្នាដៃ​កុមារ​នៅ​ក្នុង​ថ្នាក់​នេះ​តែ​ម្តង​មាន​បដា​ពាក្យ​ស្លោក​មាន​ផ្ទាំង​គំនូរ​ផូស្ទ័រ​បោះពុម្ព​បង្ហាញ​ពី​ព្យញ្ជនៈ និង​ស្រៈ​នៃ​អក្សរសាស្ត្រ​ខ្មែរ តារាង​លេខនព្វន្ត​នៃ​ក្បួន​គណិតវិទ្យា និង​មាន​ទូ​តាំង​សម្ភារ​សិក្សា មាន​ដាក់​របស់របរ​ហត្ថកម្ម និង​កញ្ចប់​មាន​ស្លាក​សញ្ញា​ថ្នាំពេទ្យ​ ១ ​កញ្ចប់ ​(FirstAdd) ​ផងដែរ​។

ងាក​ទៅ​មើល​នៅ​ក្បែរ​ជញ្ជាំង​ខាង​មុខ មាន​តុ​គ្រូ តារាងបញ្ជី​ឈ្មោះ និង​ចំណាត់ថ្នាក់​ប្រចាំខែ និង​មាន​ព្យួរ​ក្តារខៀន​ធំៗ​ ២ ​ព្យួរ​នៅ​លើ​ជញ្ជាំង​នោះ ដែល​ស្ថិត​នៅ​ពីក្រោម​ព្រះឆាយាល័ក្ខណ៍​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចតា សម្តេច​យាយ មាន​រំលេច​អក្សរ​ឆ្លាក់​ធំៗ​ ២ ​បន្ទាត់​នៅ​ខាង​លើ «​ព្រះរាជាណាចក្រ​កម្ពុជា - ជាតិ សាសនា ព្រះមហាក្សត្រ​»​។

លោក យឹម ចំរើន នាយក​សាលា​បឋមសិក្សា​បឹងសាឡាង និង​មាន​អាជីព​ជា​គ្រូបង្រៀន​ចាប់​តាំងពី​ឆ្នាំ​ ១៩៨៤ មក​ទល់​បច្ចុប្បន្ន​នេះ​បាន​ធ្វើការ​កត់សម្គាល់​ថា៖ «​កម្មវិធី​អប់រំ​កម្រិត​បឋមសិក្សា​នា​ពេល​បច្ចុប្បន្ន​មាន​វិវត្ត​ជឿនលឿន​ច្រើន​។ របៀប​បង្រៀន​ក៏​កែប្រែ​ច្រើន​ដែរ​ដូចជា​ការបង្រៀន​ត្រូវ​ឲ្យ​សិស្សានុសិស្ស​មាន​សកម្មភាព​ច្រើន ស្វែងយល់​ច្រើន ការអនុវត្ត​ច្រើន ហើយ​លោកគ្រូ-អ្នកគ្រូ​នៅចាំ​ជួយ​តម្រង់ ឬ​កែតម្រូវ​សិស្ស​ជាដើម​»​។

ថ្មីៗ​នេះ​ក្រសួង​អប់រំ​ក៏​បាន​ធ្វើការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​របស់​យើង​ឲ្យ​សមស្រប​ជាមួយ​នឹង​ប្រទេស​នៅក្នុង​តំបន់​ (​អាស៊ាន​) និង​ប្រទេស​ជឿនលឿន «​ដើម្បី​ប្រយោជន៍​ឲ្យ​សិស្សានុសិស្ស​របស់​យើង​ពួកគាត់​មាន​សមត្ថភាព​ចំណេះដឹង​ប្រហាក់​ប្រហែល​កូនសិស្ស​នៃ​ប្រទេស​ជិតខាង​ដែរ​»​។

លោក​បន្ត​ថា​ថ្មីៗ​ (១-២ ​ឆ្នាំ​) ​នេះ​ក្រសួង​អប់រំ «​ទើប​បាន​បង្កើត​ជា​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស​ថ្មី​មួយ​របស់​ជាតិ​សម្រាប់​កម្រិត​បឋមសិក្សា​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​កាលវិភាគ​ប្រចាំ​សប្តាហ៍​ក៏​មាន​ម៉ោង​សម្រាប់​សិក្សា​រៀនសូត្រ​ភាសា​អង់គ្លេស​ដែរ​។ ដូចជា​នៅ​សាលា​របស់​ពួក​ខ្ញុំ​ (​សាលា​បឋមសិក្សា​បឹងសាឡាង​) ​យើង​មាន​កម្មវិធី​រៀន​ភាសា​អង់គ្លេស​ចំនួន​ ៣ ​ម៉ោង​ក្នុង​ ១ ​សប្តាហ៍​គឺជា​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍​» ចំណែក​នៅ​សាលា​ផ្សេងៗ​អាច​ខុស​វេន​គ្នា គឺ​ទៅ​តាម​លទ្ធភាព​គ្រូ​នៅ​តាម​សាលា​របស់​គេ​។

សិស្សានុសិស្ស​នៅ​ក្នុង​ថ្នាក់​មួយ​នៃ​សាលាបឋមសិក្សា​បឹងសាឡាង ក្រោក​ឈរ​ជម្រាបសួរ​នៅ​ពេល​មាន​ភ្ញៀវ​ចូល​ទៅ​ក្នុង​ថ្នាក់​របស់​ពួកគាត់​។មឿន ញាណ

«​សព្វ​ថ្ងៃ​នេះ​លោកគ្រូ​អ្នកគ្រូ​វ័យ​ចំណាស់ៗ​គឺ​លោក​មាន​កម្រិត​ក្នុង​ការ​បង្រៀន​ភាសា​អង់គ្លេស រីឯ​សិស្សានុសិស្ស​ (​តូចៗ​) ​របស់​យើង​ពួកគេ​ចេះ​ភាសា​អង់គ្លេស​ច្រើន​ជាង​លោកគ្រូ-អ្នកគ្រូ​ទៅ​វិញ​ទេ ព្រោះ​គ្រូ​សម័យ​មុន​ (​គ្រូ​ចាស់ៗ​) ​យើង​អត់​បាន​រៀន​ភាសា​អង់គ្លេស​ទេ​»​។

លោក ចំរើន បាន​បន្ថែម​ថា ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​​ «​បន្ទាប់ពី​មាន​ការ​កែទម្រង់​រឹតបន្តឹង​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ និង​ការប្រឡង​ផ្សេងៗ​ទៀត​នោះ​បាន​ធ្វើឲ្យ​សិស្សានុសិស្ស​គ្រប់​ភូមិ​សិក្សា រួមទាំង​មាតាបិតា​របស់​សិស្ស​ក៏​មាន​ការ​ភ្ញាក់រឭក​យ៉ាង​ផុលផុស​ងាក​មក​ឲ្យ​តម្លៃ​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សិស្ស រីឯ​លោកគ្រូ​អ្នកគ្រូ​ក៏​ត្រូវ​បាន​គេ​គោរព​ឲ្យ​តម្លៃ​ជាង​មុន​ជា​បណ្តើរ​ផង​ដែរ ហើយ​ពួកយើង​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​ខំប្រឹង​បង្ហាត់​បង្រៀន​ដែរ​»​។

លោក​បញ្ជាក់​ថា​ការ​ប្រឡង​ជាប់ និង​ប្រឡង​ជាប់​បាន​និទ្ទេស​ល្អ​នៅពេល​បញ្ចប់​ថ្នាក់​ទី​ ១២ ​នោះ «​គឺ​ពុំ​មែន​អាច​បាន​ជោគជ័យ​សម្រាប់​តែ​អ្នក​ខំប្រឹង​សិក្សា​តែ​នៅ​ថ្នាក់​ទី​ ១២ ​នោះ​ទេ ដូច្នេះ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​ប្រឹងប្រែង​រៀនសូត្រ​នៅ​គ្រប់​កម្រិត គ្រប់​ថ្នាក់​ទាំងអស់​»៕