រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់កំហុស​អូស​ដំណើរ ឬក៏​ផ្លាស់ប្ដូរ​ពី​តំណែង​ដោយសារ​តែ​ករណី​ពុល​ទឹក​ព្រែក​ និង​ពុល​នំប៉័ង ផ្ទួនៗ​នៅក្នុង​ខេត្ត​ក្រចេះ​កាលពី​ដើម​ខែ​មុន​នោះ​ទេ​បើ​ទោះ​ជា​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​ ១០ ​នាក់ និង​ជនរងគ្រោះ​ប្រមាណ​ជា​ ៣០០ ​នាក់​ក៏ដោយ​។

ដោយឡែក​ចំពោះ​ការសុំ​លាលែង​ពី​តំណែង​ដោយសារ​តែ​ករណី​ទាក់ទង​អាយុ​ជីវិត​នេះ​ក៏​គ្មាន​បង្ហាញ​ពី​ភាព​ក្លាហាន​ដែរ ដែល​នេះ​ហាក់​ដូច​មិនមែន​ជា​ទម្លាប់​របស់​ខ្មែរ​ផង​ក៏​មិន​ដឹង ខណៈ​ដែល​ក្រោយ​កើតហេតុ​បាន​ត្រឹម​តែ​មាន​ការ​ព្រមាន​ដក​ចេញ​ពី​តំណែង​។

ចំណុច​នេះ​បើ​ប្រមើល​មើល​ទៅ​ពិភព​ខាង​ក្រៅ​គឺ​ខុស​ពី​ប្រទេស​ខ្លះ​ដែល​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​គឺ​ថ្នាក់ដឹកនាំ​គេ​ហ៊ាន​លាលែង​ចេញ​ពី​តំណែង​ដូចជា លោក ជុង ហ៊ុងវ៉ុន (Chung Hong-won) អតីត​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​សុខចិត្ត ចុះ​ចេញ​ពី​តំណែង​ដោយសារ​ករណី​ខ្វះ​ការទទួល​ខុសត្រូវ​ចំពោះ​ករណី​លិច​ស្រឡាង​ដែល​ដឹក​សិស្សានុសិស្ស​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​ឆ្នាំ​ ២០១៤ ​កន្លង​ទៅ​។

បើ​ទោះ​ណា​ជា​មាន​ការ​ចុះ​អន្តរាគមន៍​ដោយ​ក្រសួង​ពាក់ព័ន្ធ​នៅ​លើ​ទីតាំង​កើត​មាន​ករណី​ពុល​ជាក់ស្តែង​នៅ​ខេត្ត​ក្រចេះ​​យ៉ាង​គគ្រឹកគគ្រេង​ក៏ដោយ ក៏​ហាក់​មិន​ទាន់​បាន​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ ហើយ​អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​នៅ​តាម​ស្ថាប័ន​នីមួយៗ​ហាក់​បាន​ត្រឹម​តែ​និយាយ​យក​ត្រូវ​រៀងៗ​ខ្លួន​ពី​រឿង​សារ​ធាតុគីមី​ធ្វើឲ្យ​ពុល​ប៉ុណ្ណោះ ខណៈ​ដែល​បន្ទុក​ខ្លាំង​ជាង​គេ​គឺ​ទំនង​ជា​ក្រសួង​សុខាភិបាល​តែ​ម្ដង​។ ​

រឿង​ជួយ​សង្គ្រោះ​ភ្លាមៗ​គឺជា​បញ្ហា​មួយ តែ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ត និង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការវិវត្ត​លើ​ការជួយ​ពលរដ្ឋ​រងគ្រោះ​ក៏​ជា​បញ្ហា​ចាំបាច់​ផង​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​គណនេយ្យភាព​សង្គម​ជា​ជាង​ខំ​លាក់បាំង​នូវ​អ្វី​ដែល​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ធ្វើ​នោះ​។ កន្លង​មក​ឃើញ​ថា​អាជ្ញាធរ​បាន​ចុះ​ជីក​អណ្តូង​អនាម័យ​ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ភ្លាមៗ​ និង​បាន​បិទ​ក្រុមហ៊ុន​ជីក​រ៉ែ​មាស​ខុស​ច្បាប់​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​សារជាតិ​គីមី​​ស្យានីដ​នៅ​ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​បាត់ដំបង​ផង​ដែរ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ចំពោះ​ការព្យាយាម​បំបិទ​ព័ត៌មាន​សឹង​តែ​ជា​វប្បធម៌​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទៅ​ហើយ​ចំពោះ​រឿងរ៉ាវ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​បន្ត ដើម្បី​ស្តារនីតិសម្បទា​ចំពោះ​អ្នកភូមិ​រងគ្រោះ​ដូច​នៅ​ស្រុក​ចិត្របុរី​ជា​ទី​ដែល​កើតមាន​ករណី​ពុល​នោះ​ថា តើ​ដល់​ណា​ហើយ ខណៈ​ព័ត៌មាន​បច្ចុប្បន្នភាព​ពី​រឿង​នេះ​ក៏ដូចជា​ស្ងាត់ឈឹង​? ​ដោយ​មិន​ដឹង​ថា​អ្នក​ស្លាប់​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ និង​សប្បុរសជន​ប៉ុន្មាន​ហើយ​ជនរងគ្រោះ​ផ្សេង​ទៀត​ទទួល​បាន​អ្វី​ខ្លះ​ក្នុង​ការស្ដារ​ស្ថានភាព​ឲ្យ​ដូច​ដើម​ឡើង​វិញ​នោះ​? តែ​បើ​រឿង​លេចធ្លោ​គឺ​ច្រើន​តែ​រំលេច​ឲ្យ​ឃើញ​ពី​សកម្មភាព​ចុះ​មូលដ្ឋាន​ទៅ​វិញ បើ​ទោះបី​ជា​មិន​ទាន់​ដល់​ថ្ងៃ​ត្រូវ​ចុះ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ក៏ដោយ​។

ជាទូទៅ​ស្ថាប័ន​នីមួយៗ​ និង​អាជ្ញាធរ​ហាក់​ដូចជា​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ករណី​ពុល​នេះ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ដាក់​ជា​សំណួរ​ថា តើ ឯណា​ទៅ​ពាក្យ​គណនេយ្យភាព​សង្គម​នោះ​? ម្យ៉ាង​វិញ​ទៀត​គ្រូពេទ្យ​ខ្លះ​ដូចជា​ត្រូវ​បាន​បែងចែក​ឲ្យ​ទៅ​ជួយ​ទាញ​ប្រជាប្រិយ​ជាមួយ​នឹង​បេក្ខភាព​តំណាងរាស្ត្រ​នៅ​មណ្ឌល​ឈរ​ឈ្មោះ​តាមរយៈ​ការពិនិត្យ​សុខភាព ឬ​ព្យាបាល​ដោយ​មិន​យក​លុយ​ជាដើម​។ តាមពិត​ទៅ​ការងារ​នេះ​គឺ​ធ្វើ​ជាន់​គ្នា​ជាមួយ​ស្ថាប័ន​សុខាភិបាល​ដែល​មាន​មន្ត្រី​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពុង​ធ្វើការ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​រួច​ហើយ​។

ម្យ៉ាង​ការងារ​នេះ​ហាក់​ដូចជា​បន្ទាប់បន្សំ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ជួយ​សង្គ្រោះ​ និង​ស្តារ​ឡើង​វិញ​នូវ​នីតិសម្បទា​ដើម្បី​បន្សាំ​ទៅ​នឹង​ការរស់នៅ​របស់​ជនរងគ្រោះ​ពី​ការពុល​ក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​ជាតិគីមី ហើយ​ក្នុង​នាម​ជា​ស្ថាប័ន​អាណាព្យាបាល​គួរ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព​ជា​ជាង​ជិត​បោះឆ្នោត​ចូលរួម​ចែក​អំណោយ​ដើម្បី​សុំ​ការគាំទ្រ​ពី​ពលរដ្ឋ​នោះ​។

ម្យ៉ាង​វិញ​ទៀត​ការ​លាក់បាំង​នូវ​ព័ត៌មាន​ករណី​ដូច​ពុល​នៅ​ខេត្ត​ក្រចេះ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​បកស្រាយ​ផ្សេងៗ​គ្នា​ដែល​អាច​ធ្វើឲ្យ​មាន​ការ​យល់ច្រឡំ​ ឬ​មួយ​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ​? ឬ​ក៏​គ្មាន​ការស្រាវជ្រាវ​ស៊ើបអង្កេត​ត្រឹមត្រូវ​? បើ​ដូច្នោះ​មែន​អ្នក​ស្លាប់​បាន​ត្រឹម​តែ​ស្លាប់ ហើយ​អ្នករងគ្រោះ​ពី​ការពុល​នោះ​បាន​ត្រឹម​តែ​ឈឺ​ខាត​ពេលវេលា​។ ​ទីបញ្ចប់​បើ​កន្លែង​កើតហេតុ​នោះ​សល់​អ្វី​ដែល​ហូប​មិន​បាន ប្រើ​មិន​កើត ហើយ​បើ​នៅក្នុង​ស្រុក​ជួប​វិបត្តិ​នោះ​គឺ​មាន​តែ​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ធ្វើការ​នៅ​ស្រុក​គេ​ដើម្បី​ឲ្យ​បាន​ត្រឹម​តែ​បាន​រស់ តែ​ខ្វះ​គុណភាព​ជីវិត​។

សរុប​មក​វិញ​បញ្ហា​ពុល​នៅ​ខេត្ត​ក្រចេះ​នេះ​មិនមែន​មកពី​ប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ​នោះ​ទេ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការបំពុល​នៃ​បរិស្ថាន និង​សុខភាព​សាធារណៈ​។

ហេតុ​ដូច្នេះ​រដ្ឋ​គួរតែ​បង្ហាញ​សមិទ្ធផល​ជា​សាធារណៈ​ទាក់ទង​នឹង​ការដោះស្រាយ​ទៅ​តាម​បញ្ហា​ដែល​កើត​មាន​ឡើង​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង​ថា តើ​ចេញ​មក​ទឹក​មាន​ជាតិពុល​កម្រិត​ណា​? ​និង​ស្រា​កម្រិត​ណា​? សារជាតិ​គីមី​ណា​ខ្លះ​? ហើយ​មន្ត្រី​ជំនាញ​ត្រូវ​តែ​ព្យាបាល​ទឹក​ព្រែក​ហ្នឹង ឲ្យ​បាន​ស្អាត​សម្រាប់​ការប្រើប្រាស់​វិញ​ក្នុង​លក្ខខណ្ឌ​ដែល​ការជីក​អណ្តូង​ហើយ​ប្រើ​ទឹក​មិន​បាន ឬ​ក៏​ទឹក​មិន​​ចេញ​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com