នៅពេល​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ​មក​ដល់​ហើយ​កំពុង​រីកចម្រើន​​ និង​ដំណើរការ​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នោះ ការប្រើប្រាស់​មនុស្សយន្ត និង​ Cyber-Physical Systems​ (CPS) ​ជាដើម​បាន​និង​កំពុង​​ចាប់ផ្តើម​ពី​ Version4.0 ទៅ​ហើយ​។

ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក៏​កំពុង​ពេញនិយម​ផង​ដែរ​ក្នុង​ចំណោម​យុវវ័យ​ជាច្រើន​តាម​បណ្ដា​ប្រទេស​នានា​ដែល​អាច​ដំណើរការ​បាន​តាមរយៈ​អ៊ីនធឺណិត​។ រីឯ​នៅ​កម្ពុជា​ហាក់​ដូចជា​ងាយ​ទទួល​យក​មក​ប្រើប្រាស់​ដោយសារ​មាន​តម្លៃថោក​តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ទិញ​ ១ ​ដុល្លារ​ដូរ​បាន​តម្លៃ​ ១០០ ​ដុល្លារ​ដែល​នៅ​ទីណា​ក៏​អាច​បើក​មើល​បាន​ដែរ​ឲ្យ​តែ​មាន​សេវា​ទូរស័ព្ទ​ទៅ​ដល់​។

តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នៅ​លើ​ទូរស័ព្ទ​នេះ​គឺ​ទទួល​បាន​នូវ​ព័ត៌មាន​ដ៏សម្បូរបែប ទាំង​ល្អ ទាំង​អាក្រក់​តាម​​កម្មវិធី អ៊ីនធឺណិត យូធូប YouTube និង​បណ្តាញ​សង្គម​ហេ្វសប៊ុក Facebook ជាដើម​។

ផល​វិជ្ជមាន​ចំពោះ​ការប្រើ​នោះ​គឺ​សម្រួល​រាល់​ដំណើរការ​កិច្ចការងារ ការស្រាវជ្រាវ និង​ព័ត៌មាន​ទាន់​សភាពការណ៍ ប៉ុន្តែ​ក៏​មាន​បញ្ហា​អវិជ្ជមាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្គម​​ផងដែរ ជាពិសេស​យុវជន​ដូចជា សកម្មភាព ប្រើ​អំពើហិង្សា​ដ៏ឃោរឃៅ ឃាតកម្ម អត្តឃាត និង​រូបភាព និង​វីដេអូ​អាសអាភាស ជាដើម​។

ផ្ទុយ​ទៅ​វិញ​ការធ្វើ​អន្តរាគមន៍ និង​ការទប់ស្កាត់​អំពើ​ការចាប់រំលោភ​សេពសន្ថវៈ និង​អំពើហិង្សា​លើ​ស្រី្ត និង​កុមារី​នាពេល​​សព្វ​ថ្ងៃនេះ​គឺ​ដើរ​មិន​ទាន់​សម័យ​ឌីជីថល​ទេ ដោយសារ​ការទប់ស្កាត់ ការអប់រំ និង​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រី្ត និង​កុមារ​ពី​ថ្ងៃ​ទី​ ២៥ ​វិច្ឆិកា​ដល់​ ១០ ​ធ្នូ​ជា​រៀងរាល់​ឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី និង​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​យេនឌ័រ​គឺ​ធ្វើ​ជុំៗ​គ្នា​តែ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទី​រួម​ខេត្ត​តែ​ប៉ុណ្ណោះ ដូចជា ការបំពាក់​បូ​ពណ៌​ស និង​ការ​រាំ​ម៉ាឌីហ្សុន​ដដែលៗ​នោះ​។

ចំណែកឯ​សមត្ថកិច្ច​វិញ​ទាល់​តែ​មាន​ករណី​ហិង្សា និង​ករណី​រំលោភ​សេពសន្ថវៈ​ ឬ​រំលោភ​ហើយ​សម្លាប់​​កើតឡើង​ទើប​បាន​ខ្នះខ្នែង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត ហើយ​ពេល​ចាប់​បាន​ក៏​ឱ្យ​ជនសង្ស័យ​ឲ្យ​ធ្វើ​ត្រាប់​តាម​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​រួច​ទើប​បញ្ជូន​ទៅ​​តុលាការ​ឱ្យ​កាត់ទោស​តាម​ច្បាប់​។

ដូចជា​ករណី​យុវជន​ម្នាក់​បាន​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​កុមារី​ ២ ​នាក់​បងប្អូន​ក្នុង​ផ្ទះ​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​កាលពី​សប្តាហ៍​មុន​គឺ​កំពុង​កា្លយ​ជា​បញ្ហា​ក្តៅគគុក​ទូទាំង​ប្រទេស​នៅ​ឡើយ​ដែល​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ត្រាប់​ពី​របៀប​រំលោភ​ និង​សម្លាប់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​លើ​កុមារី​ទាំង​ ២ ​នាក់​បងប្អូន​។

ម្យ៉ាង​វិញ​ទៀត​ឪពុកម្តាយ​សម័យ​ថ្មី​នេះ​គឺ​ខំប្រឹង​ធ្វើ​ការងារ​បាត់ៗ​ពី​ផ្ទះ ​ដូចជា ទៅ​ធ្វើជា​កម្មករ-កម្មការិនី​​ តាម​​រោងចក្រ​ដោយ​ខ្លះ​ក៏​ធ្វើ​បន្ថែម​ម៉ោង​ និង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ​ដោយ ទុក​ឲ្យ​កូនៗ​នៅ​ផ្ទះ និង​​ទៅ​សាលារៀន ហើយ​ខ្លះ​បើ​ទោះបី​ជា​ការបែកបាក់​គ្រួសារ​រស់​ក៏ដោយ ក៏​ឪពុកម្តាយ​យក​កូន​តូចៗ​ទៅ​ផ្ញើ​នឹង​យាយ​តា​ ឬ​ក៏​ពូ​មីង​ឬ​ក៏​អ៊ំ​ជាដើម​។

បើ​ធ្វើការ​នៅ​ជិត​ក៏​ឪពុកម្តាយ​ត្រូវ​ចាកចេញ​ពី​ផ្ទះ​ពី​ព្រលឹម​រហូត​ដល់​ព្រលប់​ដែរ​ទើប​បាន​មក​ផ្ទះ​វិញ​ជួប​មុខ​កូនៗ​ដែល​សកម្មភាព​នេះ​ធ្វើឲ្យ​កូនៗ​ខ្វះ​ភាពកក់ក្តៅ​ហើយ​ខ្លះ​ក៏​បាន​ទៅ​រៀន តែ​ខ្លះ​ក៏​មិន​បាន​ទៅ​រៀន​ដែរ​។

បញ្ហា​ភាព​ក្រីក្រ​របស់​ឪពុកម្តាយ​មួយ​ចំនួនធំ​គឺ​មកពី​ខ្វះ​ចំណេះដឹង និង​ការទទួល​កេរមរតក​ពី​ឪពុកម្តាយ​ពួកគេ​បាន​​តិចតួច​ ឬ​ក៏​អត់​មាន​តែ​ម្តង​ដូចជា ដីស្រែ ដី​ផ្ទះ និង​ការរកស៊ី​បន្ត​ពី​ឪពុកម្តាយ​ជាដើម​។ អ៊ីចឹង​ហើយ​ដំណោះស្រាយ​គឺ​មាន​តែ​លក់​កម្លាំង​ពលកម្ម​ដើម្បី​ទ្រទ្រង់​ជីវភាព​គឺ​ការ​មក​ធ្វើការ​រោងចក្រ​នៅ​ទីក្រុង​ ឬ​ទីប្រជុំជន និង​ធ្វើ​ចំណាកស្រុក បើ​ទោះបី​ជា​ជួប​ការលំបាក​ប្រៀប​ដូច​ទាសករ​ក៏ដោយ​​ក៏​សុខចិត្ត​ដែរ ពោល​គឺ​មកពី​អស់​ជម្រើស​។

លក្ខខណ្ឌ​ចន្លោះ​ប្រហោង​ទាំង​ ២ ​នេះ​​ពោល​គឺ​ភាព​ងាយស្រួល​ដល់​យុវជន​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​នូវ​រូប​អាសអាភាស​តាមរយៈ​ឌីជីថល និង​ការធ្វើ​ចំណាកស្រុក​របស់​ឪពុកម្តាយ​ដែល​ខំប្រឹង​ធ្វើការ​ដោយ​ទុក​កូនតូចៗ​ផ្ញើ​នឹង​សាច់ញាតិ​នេះ​ហើយ ដែល​ធ្វើឲ្យ​កុមារី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដែល​ជនល្មើស​អាច​ឆ្លៀត​ឱកាស​ចាប់​រំលោភ​សេពសន្ថវៈ​បាន​ងាយស្រួល​។

ដូច​ករណី​រំលោភ និង​សម្លាប់​កុមារី​ ២ ​នាក់​បងប្អូន​នៅ​ខេត្ត​កំពង់ឆ្នាំង​ជាដើម​គឺ​ម្តាយ​បាន​មក​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ រីឯ​ឪពុក​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ហើយ​ផ្ញើ​កូន​ជាមួយ​ពូ​បង្កើត​ដែល​ការគ្រប់គ្រង​បែប​នេះ​មិន​បាន​ពេញលេញ​ដូច​ឪពុកម្តាយ​បង្កើត​ទេ​។

រីឯ​ការអនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ក៏​មិន​ទាន់​ដំណើរការ​បាន​ល្អ​ដែរ​ពោល​គឺ​នៅ​ខ្វះ​ចំណុច​មួយ​ចំនួន​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។

ជាង​នេះ​ទៀត​ការផ្សព្វផ្សាយ​ពី​អំពើ​ហិង្សា​លើ​ស្រី្ត និង​កុមារ​ដោយ​ក្រុម​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​ស្ត្រី​ និង​កុមារ​ថ្នាក់ឃុំ និង​ស្រុក​ក៏​មិន​ទាន់​ជ្រួតជ្រាប​ដល់​សហគមន៍​ទូលំទូលាយ​ដែរ​ពោល​គឺ​ឲ្យ​តែ​អញ្ជើញ​ចូលរួម​គឺ​ភាគច្រើន​អ្នកភូមិ​មក​តែ​ស្ត្រី​ទេ រីឯ​បុរស និង​យុវជន​តែងតែ​គេចវេះ​មិន​ចង់​ចូលរួម​ឡើយ​។

ហេតុ​ដូច្នេះ​ទាំង​ក្រសួង​កិច្ចការនារី និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​ថ្នាក់ស្រុក និង​ឃុំ និង​អង្គការ​ដៃគូ​ដែល​ធ្វើការ​ជាមួយ​សិទ្ធិ​ស្ត្រី និង​កុមារ​គួរតែ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មីៗ​ឱ្យ​សមស្រប​នឹង​សម័យ​ឌីជីថល​ក្នុង​ការ​ទប់ស្កាត់​ការចាប់រំលោភ​សេពសន្ថវៈ​ស្ត្រី និង​កុមារី​​បើ​ទោះបី​ជា​ប្រព័ន្ធ​ឌីជីថល​នេះ​មិន​​ត្រូវ​បាន​ផ្តល់​ជា​អាទិភាព​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ផែនការ​សកម្មភាព​ជាតិ​​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ឆ្នាំ​ ២០១៤ ​ដល់​ ២០១៨ ​នេះ​ក៏ដោយ​។

រីឯ​ថវិកា​យេនឌ័រ​ (Gender Budget) ​ក៏​ត្រូវ​បន្ថែម​មក​គណៈកម្មការ​ទទួល​បន្ទុក​ស្ត្រី និង​កុមារ​នៅ​ថ្នាក់ស្រុក និង​ឃុំ​ផង​ដែរ​ដោយសារ​នៅ​ជិត​ពលរដ្ឋ​ដើម្បី​ងាយស្រួល​ផ្សព្វផ្សាយ​ទាំង​តាម​មូលដ្ឋាន ទាំង​ប្រព័ន្ធ​ឌីជីថល ដូចជា ការដាក់​បញ្ចូល​សារ​អប់រំ​តាម​ហ្វេសប៊ុក ​(Boost) ​និង​ការបង់លុយ​បញ្ជ្រាប​បញ្ចូល​សារ និង​រូបភាព​អប់រំ​តាម​ឌីជីថល​ក្នុង​យូធូប ឬ​ក៏​ក្នុង​អត្ថបទ​សារព័ត៌មាន​ជាដើម​។

ជាង​នេះ​ទៅ​ទៀត​គឺ​ការបង្កើន​ទំនាក់​ទំនង​គ្នា​ឲ្យ​ល្អ​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ប្រសិន​បើ​មាន​ពលរដ្ឋ​ចំណាកស្រុក​ក៏​គួរតែ​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ដឹង​ហើយ​សហគមន៍​គួរតែ​ចងក្រង​ជា​ក្រុម​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ក្នុង​ការ​ផ្ញើ​សារ​អប់រំ​ទៅ​បុរស និង​យុវជន​ចំពោះ​ការប្រើ​អំពើហិង្សា និង​ការចាប់​រំលោភ​សេពសន្ថវៈ​នេះ ព្រោះ​ករណី​នេះ​ឃាតករ​ភាគច្រើន​គឺជា​បុរស​ ឬ​យុវជន​ដែល​រស់នៅ​​ក្នុង​ភូមិ​ជាមួយ​ជនរងគ្រោះ​តែ​ម្តង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com